ប្រទេសអ៊ីស្រាអែលបានទទូចឱ្យប្រជាជនដែលរស់នៅក្នុងផ្នែកមួយនៃទីក្រុងធំជាងគេបង្អស់ទីពីរនៅតំបន់ហ្កាហ្សា (Gaza) ឱ្យភៀសខ្លួនចេញនៅថ្ងៃចន្ទនេះ ស្របពេលដែលទាហានអ៊ីស្រាអែលធ្វើការប្រយុទ្ធតាមផ្លូវគោកនិងវាយប្រហារតាមផ្លូវអាកាសសំដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas)។
យោធាអ៊ីស្រាអែលបានប្រាប់ប្រជាជននៅក្នុងតំបន់រស់នៅនានានៅភាគឦសាននៃទីក្រុង Khan Younis ឱ្យចាកចេញដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ដោយបានបញ្ជាឱ្យពួកគេចាកចេញទៅកាន់ទិសខាងត្បូងដែលឆ្ងាយពីទីក្រុងនោះ។
ទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា។ នៅទីនោះ ជនស៊ីវិលជាច្រើនបានភៀសខ្លួននៅពេលដែលអ៊ីស្រាអែលបានចាប់ផ្ដើមយុទ្ធនាការប្រឆាំងនឹងក្រុមហាម៉ាស់នៅភាគខាងជើងនៃតំបន់នេះ។
ស្របពេលដែលអ៊ីស្រាអែលបានជូនដំណឹងព្រមានជាច្រើនដងឱ្យប្រជាជនភៀសខ្លួនចេញពីតំបន់នានាដែលក្រោយមកបានរងការវាយប្រហារ ប្រទេសនេះប្រឈមផងដែរនឹងការរិះគន់ពីមន្ត្រីអង្គការសហប្រជាជាតិដែលនិយាយថាស្ថានការណ៍នៅក្នុងតំបន់ហ្កាហ្សាដែលមានអគ្គិសនីនិងអ៊ីនធឺណិតមិនសូវល្អធ្វើឱ្យប្រជាជនមានការលំបាកក្នុងការទទួលបានព័ត៌មាន។
អង្គការសហប្រជាជាតិក៏មានព្រមានផងដែរអំពីស្ថានការណ៍មនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សាដោយមនុស្សប្រហែល ៨០% បានភៀសខ្លួនពីផ្ទះសម្បែងហើយមនុស្សជាច្រើនកំពុងរស់នៅក្នុងកន្លែងស្នាក់នៅបណ្ដោះអាសន្នដែលមានមនុស្សណែនណាន់តាន់តាប់។
យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួនបានវាយប្រហារលើគោលដៅក្រុមហាម៉ាស់ ២០០ កន្លែងកាលពីយប់មិញ ដោយក្នុងនោះខ្លួនបានបំផ្លាញទីតាំងប្រតិបត្តិការសកម្មប្រយុទ្ធដែលស្ថិតនៅក្នុងសាលារៀននានានៅភាគខាងជើងតំបន់ហ្កាហ្សា។
អ៊ីស្រាអែលបានចោទក្រុមហាម៉ាស់ថាបានបោះទីតាំងជ្រកពួននៅខាងក្នុងនិងក្រោមមន្ទីរពេទ្យនានានិងកន្លែងស៊ីវិលផ្សេងៗ និងថាក្រុមនេះបានប្រើជនស៊ីវិលជាខែលការពារដោយលើកទឹកចិត្តពួកគេឱ្យធ្វើព្រងើយកន្ដើយចំពោះការជូនដំណឹងព្រមានរបស់អ៊ីស្រាអែលដែលចង់ឱ្យជនស៊ីវិលទាំងនោះភៀសខ្លួនចេញមុនការវាយប្រហារតាមអាកាស។ ក្រុមហាម៉ាស់បានច្រានចោលការចោទប្រកាន់នេះ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។