យោធាអ៊ីស្រាអែលបាននិយាយថាដ្រូនមួយគ្រឿងរបស់អ៊ីរ៉ង់ដែលបានវាយប្រហារកណ្តាលក្រុង Tel Aviv មុនថ្ងៃរះកាលពីថ្ងៃសុក្របានសម្លាប់មនុស្សម្នាក់និងធ្វើឱ្យមនុស្សយ៉ាងតិចណាស់ក៏៨នាក់ដែររងរបួសនោះ ជាដ្រូនធ្វើនៅប្រទេសអ៊ីរ៉ង់ហើយបានបាញ់ចេញពីប្រទេសយេម៉ែន។
នៅឯសន្និសីទកាសែតតាមទូរទស្សន៍មួយ អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Daniel Hagari បាននិយាយថាការស៊ើបអង្កេតពីដំបូងដែលបានធ្វើឡើងនៅកន្លែងនៃការវាយប្រហារនោះបង្ហាញថាដ្រូននោះជាដ្រូនធុន Samad-3របស់អ៊ីរ៉ង់ដែល«ទំនងធ្វើឱ្យទំនើបដើម្បីពង្រីកវង់ប្រតិបត្តិការរបស់វា»។
លោកបាននិយាយទៀតថាយោធាជឿថាដ្រូននោះចេញពីប្រទេសយេម៉ែនដែលស្ថិតនៅចម្ងាយជាង១ពាន់៦រយគីឡូម៉ែត្រ។
ក្រុមហ៊ូធីដែលមានទីតាំងនៅប្រទេសយេម៉ែនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
លោក Hagari បាននិយាយនៅពេលប្រហាក់ប្រហែលដែលការវាយប្រហារនៅក្រុង Tel Aviv ថាដ្រូនមួយគ្រឿងទៀតមកពីទិសខាងកើតត្រូវបានបាញ់ទម្លាក់នៅជិតព្រំ ដែនអ៊ីស្រាអែល។ លោកនិយាយទៀតថាយោធាកំពុងស៊ើបអង្កេតពីការជាប់ទាក់ទិនរវាងការវាយប្រហារទាំង២។
មន្ត្រីយោធាម្នាក់របស់អ៊ីស្រាអែលបាននិយាយថាដ្រូនដែលវាយប្រហារទីក្រុង Tel Aviv ត្រូវបានរកឃើញដោយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល ក៏ប៉ុន្តែ មិនត្រូវបានស្ទាក់ចាប់បានបណ្តាលមកពី«កំហុសរបស់មនុស្ស»។
អ្នកនាំពាក្យយោធាក្រុមហ៊ូធីលោក Yahya Saree បាននិយាយនៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ថាការវាយប្រហារនោះត្រូវបានធ្វើឡើងដោយសមត្ថភាពដ្រូនថ្មីដោយបញ្ចៀសប្រព័ន្ធបាញ់ស្ទាក់បាន៕