យោធាអ៊ីស្រាអែលថាខ្លួនបានបើកការវាយប្រហារកាលពីថ្ងៃចន្ទដោយដៅលើទីតាំងរបស់ក្រុមហាម៉ាស់នៅទូទាំងតំបន់ហ្កាហ្សា។ ការវាយប្រហារនេះបានធ្វើឡើងចំខួបមួយឆ្នាំនៃការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល។ ការវាយប្រហាររបស់ក្រុមហាម៉ាស់នោះបានញ៉ាំងឱ្យមានសង្គ្រាមមួយដែលរួមបញ្ចូលទាំងការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់និងនាំឱ្យមានការបារម្ភអំពីជម្លោះរាលដាលនៅក្នុងតំបន់ផងដែរ។
គោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទនោះគឺរួមមានទាំងទីតាំងបាញ់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ផងដែរ។ ក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបាញ់រ៉ុក្កែតដាក់ទីក្រុង Tel Aviv ដែលជាទីក្រុងធំជាងគេទីពីររបស់អ៊ីស្រាអែល ព្រមទាំងតំបន់ក្បែរច្រកព្រំដែនជាច្រើនក្នុងប្រទេសអ៊ីស្រាអែលប៉ែកខាងត្បូងផងដែរ។
ចំណែកឯយោធាអ៊ីស្រាអែលវិញបានបញ្ជាក់ថា ខ្លួនបានបាញ់លើគោលដៅដែលក្រុមសកម្មប្រយុទ្ធហេសបូឡាបានប្រើនៅក្នុងប្រទេសលីបង់ រួមទាំងការវាយប្រហារលើទីក្រុងបេរូតនិងតំបន់ខ្លះនៅប៉ែកខាងត្បូងលីបង់និងជ្រលងភ្នំ Bekaaផងដែរ។
គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡាបានត្រូវចំទីក្រុង Haifa ប៉ែកខាងជើងអ៊ីស្រាអែល ដែលនៅទីនោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថាមនុស្សយ៉ាងតិច ១០ នាក់បានរងរបួស។ ក្រុមហេសបូឡាថា ខ្លួនបានដៅលើមូលដ្ឋានយោធាអ៊ីស្រាអែលមួយកន្លែងនៅប៉ែកខាងត្បូងក្រុង Haifa។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងធានាថាពលរដ្ឋរបស់ខ្លួននឹងវិលត្រឡប់មកកាន់មាតុភូមិវិញដោយសុវត្ថិភាព និងថាអ៊ីស្រាអែលនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីធានាថាចំណាប់ខ្មាំងដែលត្រូវបានចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សានឹងវិលត្រឡប់ទៅអ៊ីស្រាអែលវិញ៕