កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារដ៏កម្រមួយនៅថ្ងៃអង្គារនេះនៅក្នុងតំបន់កាហ្សា ដែលបានសម្លាប់មេបញ្ជាការកំពូលម្នាក់របស់ក្រុមសកម្មប្រយុទ្ធជីហាដឥស្លាម។
សេចក្ដីថ្លែងការណ៍មួយចេញដោយការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានឲ្យដឹងថា លោក Bahaa Abu el-Atta ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនិងការបាញ់រ៉ុក្កែតជាច្រើនទៅលើអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយមានបំណងនឹងធ្វើការវាយប្រហារនានាក្នុងពេលឆាប់ៗនេះទៀតផង។
ក្រុមជីហាដឥស្លាមបានឲ្យដឹងថា ការវាយប្រហារនោះក៏បានសម្លាប់ភរិយារបស់លោក Abu el-Atta និងបានធ្វើឲ្យកូនៗរបស់ពួកគេរងរបួសផងដែរ។
ក្រុមជីហាដឥស្លាមនេះបានប្ដេជ្ញាថានឹងធ្វើការសងសឹកវិញ ហើយនិយាយថា ប្រទេសអ៊ីស្រាអែលនឹងត្រូវទទួលខុសត្រូវចំពោះលទ្ធផលនៃការវាយប្រហារនេះ។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីស្រាអែលវិញតាមរយៈការបាញ់រ៉ុក្កែត។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋក្នុងប្រទេសស៊ីរីក៏បានរាយការណ៍ថា មានការវាយប្រហារមួយរបស់អ៊ីស្រាអែលទៅលើអគារស្នាក់នៅមួយក្នុងទីក្រុងដាម៉ាស ដែលជាកន្លែងស្នាក់នៅរបស់មេបញ្ជាការជីហាដឥស្លាមម្នាក់ទៀតផងដែរ៕