អ៊ីស្រាអែល​សម្លាប់​មេដឹកនាំ​ហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា​ដែល​ជា​ស្ថាបនិក​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាលពី​ខែ​តុលា​ឆ្នាំ​មុន

រូប​ឯកសារ៖ មេដឹកនាំ​ក្រុម​ហាម៉ាស់​លោក Yahya Sinwar លើក​ដៃ​នៅ​ក្នុង​ការ​ជួប​ប្រជុំ​មួយ​ប្រឆាំង​នឹង​អ៊ីស្រាអែល​នៅ​ក្រុង​ហ្កាហ្សា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១។

អ៊ីស្រាអែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ ខ្លួន​បាន​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​លោក Yahya Sinwarដែល​ជា​ស្ថាបនិក​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី៧ តុលា​របស់​ក្រុម​សកម្មប្រយុទ្ធ​ដែល​បាន​បណ្តាល​ឱ្យ​មាន​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា។

កងទ័ព​អ៊ីស្រាអែល ដែល​ទំនង​ជា​ចៃដន្យ​និង​មិន​បាន​ដឹង​ពី​ទីកន្លែង​របស់​លោក Sinwar បាន​ជួប​ប្រទះ​លោក​និង​ជន​សកម្មប្រយុទ្ធ​២នាក់​ទៀត​នៅ​ក្នុង​អគារ​មួយ​កន្លែង​នៅ​តំបន់​ហ្កាហ្សា​ភាគ​ខាង​ត្បូង​ហើយ​បាន​បើក​ការ​បាញ់​ប្រហារ។ អ៊ីស្រាអែល​ស្ទើរ​តែ​សង្ស័យ​ភ្លាមៗ​ថា​ខ្លួន​បាន​សម្លាប់​លោក Sinwarអាយុ​៦១ឆ្នាំ ក៏ប៉ុន្តែ​បាន​បញ្ជាក់ការ​សម្លាប់​នេះ ក្រោយ​ការស៊ើបអង្កេត​រាប់​សិប​ម៉ោង រួម​ទាំង​ការ​ពិនិត្យ DNAនិង​លទ្ធផល​នៃ​ធ្មេញ​របស់​ជន​នោះ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោកIsrael Katzបាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖​«ឃាតករ​សម្លាប់​មនុស្ស​ដ៏​ច្រើន Yahya Sinwarដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​រង្គាល​និង​អំពើ​ព្រៃផ្សៃ​នៃ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៧ តុលា បាន​ត្រូវ​សម្លាប់​នៅ​ថ្ងៃ​នេះ​ដោយ​ទាហាន​អ៊ីស្រាអែល»។

លោក Katzបាន​ហៅ​ការ​សម្លាប់​លោក Sinwarថា​ជា៖ «សមិទ្ធផល​ខាង​យោធា​និង​សីលធម៌​សម្រាប់​កងទ័ព​អ៊ីស្រាអែល»។

លោក​បាន​និយាយ​ទៀត​ថា៖ «ឃាតកម្ម Sinwarនឹង​ធ្វើ​ឱ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់​នូវ​ចំណាប់ខ្មាំង​ហើយ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ដែល​នឹង​នាំ​ឱ្យ​មាន​តថភាព​ថ្មី​មួយ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ ដែល​មានន័យ​ថា​គ្មាន​ក្រុម​ហាម៉ាស់​និង​គ្មាន​ការត្រួតត្រា​របស់​អ៊ីរ៉ង់»។

ក៏ប៉ុន្តែ ផលប៉ះពាល់​ភ្លាមៗនៃ​ការស្លាប់​របស់​លោក Sinwarនៅ​មិន​ប្រាកដ​នៅ​ឡើយ​ទេ។ ការពិភាក្សា​ការឈប់បាញ់​គ្នា​នៅ​ក្នុង​ការប្រយុទ្ធ​នៅ​តំបន់​ហ្កាហ្សា​បាន​នៅ​ជាប់​គាំង​អស់​ជា​ច្រើន​ខែ ដោយ​ទាំង​ក្រុម​ហាម៉ាស់​និង​អ៊ីស្រាអែល​ប្រឆាំង​នឹង​សេចក្តី​លម្អិត​នៅ​ក្នុង​ការបញ្ឈប់​ជម្លោះ​នោះ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahuនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​វីដេអូ​ដែល​ត្រូវ​បាន​ថត​ទុក​ជា​ភាសា Hebrew បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក Sinwar បាន​ប្រាប់​ពួក​អ្នក​ស្រុក​ហ្កាហ្សា​ថា «លោក Sinwarបាន​បំផ្លាញ​ជីវិត​របស់​យើង» ដោយ​លោក​និយាយ​ថា​វា​ជា​ឱកាស​របស់​ពួកគេ​ដើម្បី​កម្ចាត់​របប​កំណាច​ផ្តាច់ការ​របស់​ជន​នេះ៕