បទឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស់​ និង​ការដោះលែង​ចំណាប់ខ្មាំង​និង​អ្នកទោស​ត្រូវ​បាន​ពន្យាពេល

មនុស្សម្នាដើរនៅពីមុខរូបភាពចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយពួកសកម្មប្រយុទ្ធហាម៉ាសនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល អំឡុងពេលការតវ៉ាដើម្បីសុំឱ្យមានការដោះលែងពួកគេនៅទីក្រុង Tel Aviv នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រទេស​កាតា​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា ​សេចក្តី​ប្រកាស​អំពី​ការចាប់ផ្តើម​ការផ្អាក​ការបាញ់គ្នា​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់ ​និង​ការដោះលែង​ចំណាប់ខ្មាំង ​អាច​ធ្វើឡើង​នៅ​ថ្ងៃនេះ ​បន្ទាប់ពី​មាន​ការពន្យាពេល​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ដែល​ធ្វើឡើង​ដើម្បី​ជួយ​ក្នុង​ការធ្វើ​ឱ្យ​ជំនួយ​មនុស្សធម៌​ទៅ​ដល់​តំបន់​ហ្កាហ្សា។

«កិច្ចព្រមព្រៀង​ឈប់បាញ់​ដែល​បាន​យល់ស្របគ្នា ​នឹង​ធ្វើឡើង​នៅពេល​ប៉ុន្មានម៉ោង​ខាងមុខ​នេះ‍»។ នេះ​បើ​តាម​សម្តី​របស់​លោក Majed Al-Ansari ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​នៃ​ប្រទេស​កាតា។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​ប្រទេស​អ៊ីស្រាអែល ​លោក Tzachi Hanegbi ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃពុធ​ថា ​ការចចា​កំពុង​បន្ត ​ហើយ​ថា​ចំណាប់​ខ្មាំង​ដំបូង​ដែល​ពួកហាម៉ាស់​បាន​ចាប់​ទុក​ក្នុង​តំបន់​ហ្កាហ្សា​នឹង​មិនទាន់​ដោះលែង ​រហូតដល់​យ៉ាង​ហោច​ណាស់​ថ្ងៃសុក្រ។

នៅក្រោម​កិច្ចព្រមព្រៀង​នោះ ​អ៊ីស្រាអែល​នឹង​ផ្អាក​ការវាយប្រហារ​លើ​តំបន់​ហ្កាហ្សា​ចំនួន​៤ថ្ងៃ ក្រុមហាម៉ាស់​នឹង​ដោះលែង​ស្ត្រី​និង​កុមារ​ចំនួន​៥០​នាក់ ​ដែល​ខ្លួន​បានចាប់​ក្នុង​ការវាយប្រហារ​មួយ​លើ​អ៊ីស្រាអែល ​កាលពី​ខែតុលា ​ហើយ​អ៊ីស្រាអែល​រំពឹងថា​នឹង​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ចំនួន​ ១៥០​នាក់។

គេ​នៅមិនទាន់​ដឹង​ថា​តើ​ក្រុមហាម៉ាស់​នឹង​ដោះលែង​អ្នកណា​ខ្លះ​នៅឡើយ​ទេ ​ប៉ុន្តែ​ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា ​ពួកគេ​ជឿ​ថា ​ចំណាប់​ខ្មាំង​សញ្ជាតិ​អាមេរិកាំងខ្លះ​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ចំនួន​៩នាក់​ដែល​ពួកហាម៉ាស់​ចាប់ឃុំ​នោះ ​នឹង​ស្ថិត​ក្នុង​ចំណោម​អ្នកដែល​នឹង​ត្រូវ​ដោះលែង។

យោធា​អ៊ីស្រាអែល​បាន​ឱ្យដឹង​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​វាយប្រហារ​តាមដែន​អាកាស​លើ​ទីតាំង​ក្រុម​ហាម៉ាស់​ចំនួន​ ៣០០ ​កាលពី​ថ្ងៃពុធ ​ដែល​មាន​រួម​ទាំង​រូង​ក្រោមដី ​ឃ្លាំង​ដាក់​ទំនិញ ​និង​ទីតាំង​បាញ់រថក្រោះ ​ដែល​ពួក​ក្រុមជីវពល​បាន​ប្រើប្រាស់។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ​បាន​ប្តេជ្ញា​ថា​នឹង​ធានា​ថា​ពួកហាម៉ាស់​នឹង​លែង​មាន​សមត្ថិភាព​ដើម្បី​វាយប្រហារ​អ៊ីស្រាអែល​ទៅ​ថ្ងៃអនាគត។ លោក​បានថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ ​កាលពី​យប់​ថ្ងៃពុធ​ថា ​ក្រោយ​បទ​ឈប់បាញ់ ​បញ្ចប់​ យោធា​អ៊ីស្រាអែល​នឹង​បន្ត​យុទ្ធនាការ​របស់ខ្លួន​ឡើងវិញ ​ក្នុង​តំបន់​ហ្កាហ្សា៕​

ព័ត៌មាន​ខ្លះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press, Agence France-Presse និង​Reuters