ការឈប់ចាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុម Hamasបានចាប់ផ្ដើមនៅថ្ងៃសុក្រនេះ វេលាម៉ោង២ ទៀបភ្លឺ ម៉ោងនៅក្នុងស្រុក ដែលធ្វើឲ្យប្រទេសអ៊ីស្រាអែល និងតំបន់ Gazaវិលត្រឡប់ទៅកាន់ភាពស្ងប់ស្ងាត់មិនប្រាកដប្រជាមួយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់លោកកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានយល់ព្រមទៅ «ការឈប់បាញ់គ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ» ជាមួយក្រុមHamas។
ក្រុមHamas បានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ចេញពីតំបន់ Gaza ចូលក្នុងទីក្រុងមួយចំនួនរបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី១០ ខែឧសភាមកចំពោះអ្វីដែលក្រុមនេះបាននិយាយថាជាការរំលោភបំពានសិទ្ធិដែលធ្វើឡើងដោយអ៊ីស្រាអែលទៅលើពលរដ្ឋប៉ាឡេស្ទីននៅក្នុងទីក្រុហ្ស៊េរុយសាឡិម (Jerusalem)។
អ៊ីស្រាអែលបានសងសឹកវិញដោយបាញ់គ្រាប់កាំភ្លើងធំនិងវាយប្រហារតាមអាកាសសំដៅមេដឹកនាំក្រុមHamas និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមនេះ។ អ៊ីស្រាអែលបានរងការថ្កោលទោសពីមជ្ឈដ្ឋានអន្តរជាតិចំពោះការកម្ទេចអគារខ្ពស់ៗ និងការវាយប្រហារលើជំរំជនភៀសខ្លួននិងគោលដៅផ្សេងៗទៀតដែលបង្កឲ្យមានការស្លាប់ជនស៊ីវិលជាច្រើននាក់។
លោកBiden លើកឡើងថា «យើងបានធ្វើការពិភាក្សាកម្រិតខ្ពស់» ដែលលោកហៅថា «កិច្ចការការទូតបែបស្ងៀមស្ងាត់» របស់សហរដ្ឋអាមេរិក ដើម្បីឈានដល់ការព្រមព្រៀងបាញ់គ្នានេះ។
លោកប្រធានាធិបតី Biden បានបញ្ជាក់ថា អាជ្ញាធរប៉ាឡេស្ទីនដែលត្រួតត្រាតំបន់ West Bank និងប្រទេសជាច្រើនទៀតនៅតំបន់មជ្ឈិមបូព៌ាក៏បានទាក់ទិននៅក្នុងការពិភាក្សានេះដែរ។
មន្ត្រីសុខាភិបាលនិងអាជ្ញាធរនៅទីនោះ បានបញ្ចាក់ថា ចំនួនមនុស្សស្លាប់មកពីការប្រយុទ្ធគ្នាក្នុងរយៈពេល១១ថ្ងៃមានចំនួន២៣០នាក់នៅក្នុងតំបន់ Gaza រួមមានកូនក្មេង៦៥នាក់និងមនុស្ស១២នាក់ទៀតនៅក្នុងប្រទេសអ៊ីស្រាអែល។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនជាង៧២.០០០នាក់ គ្មានទីកន្លែងរស់នៅក្នុងតំបន់ Gaza៕