អ៊ីស្រាអែល​ពង្រីក​ការវាយ​ប្រហារ​នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា

រថក្រោះ​យោធា​អ៊ីស្រាអែល​ត្រូវបាន​បើក​នៅក្បែរ​ព្រំប្រទល់​តំបន់​ហ្កាហ្សាស្ទ្រីព​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣ ចំពេល​ការប្រយុទ្ធ​មាន​ជា​បន្ត​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស។

កង​កម្លាំង​អ៊ីស្រាអែល​បាន​ប្រយុទ្ធនឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) ដោយ​បង្កើន​ការ​ផ្ដោត​លើ​ផ្នែក​ភាគ​ខាង​ត្បូង​នៃ​តំបន់​នេះ ស្រប​ពេល​ដែល​អង្គការ​ផ្ដល់​ជំនួយ​អន្តរជាតិ​នានា​បង្ហាញ​ក្ដី​បារម្ភ​ថា​ ជន​ស៊ីវិល​មិន​អាច​គេច​ចេញ​ដោយ​សុវត្ថិភាព​ពី​សង្គ្រាម​នេះ។

អ៊ីស្រាអែល​បាន​ចល័ត​រថក្រោះ​និង​ទាហាន​របស់​ខ្លួន​ចូល​ទៅ​ជិត​ទីក្រុង Khan Younis ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​នៃ​តំបន់​ហ្កាហ្សា​ស្ថិត​នៅ​ភាគ​ខាង​ត្បូង និង​វាយ​ប្រហារ​តាម​អាកាស​លើ​ផ្នែក​ភាគ​ខាង​ត្បូង​នៃ​តំបន់​នេះ។

យោធា​អ៊ីស្រាអែល​បាន​ជូន​ដំណឹង​ព្រមាន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ឱ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​រស់នៅ​ជា​ច្រើន​ក្នុង​ទីក្រុង Khan Younis ភៀសខ្លួន​ចេញ​ដើម្បី​សុវត្ថិភាព ដោយ​បាន​បញ្ជា​ឱ្យ​ពួកគេ​ធ្វើ​ដំណើរឆ្ពោះ​ចុះ​ទៅ​ភាគ​ខាង​ត្បូង​កាន់តែ​ឆ្ងាយ។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) បាន​បញ្ជាក់​ថា មនុស្ស​ប្រមាណ ១,៨​ លាន​នាក់​បាន​ភៀសខ្លួន​នៅ​ក្នុង​រង្វង់​តំបន់​ហ្កាហ្សា ចំណែក​ឯ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​វិញ​ថា មនុស្ស​ជិត​មួយ​លាន​នាក់​កំពុង​ជ្រកកោន​បណ្ដោះអាសន្ន​នៅ​តាម​កន្លែង​ជ្រកកោន​របស់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា។

ជនជាតិប៉ាឡេស្ទីនដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Nasser បន្ទាប់ពីការវាយប្រហាររបស់​អ៊ីស្រាអែលទៅលើសាលារៀន Ma'an នៅភាគខាងកើតនៃទីក្រុង Khan Younis ចំពេលជម្លោះមាន​ជាបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីព​នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

មនុស្ស​ជា​ច្រើន​បាន​ភៀសខ្លួន​ចេញ​ពី​ផ្នែក​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​ទៅ​ភាគ​ខាង​ត្បូង​នៅ​ក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​សង្គ្រាម​នេះ នៅ​ពេល​ដែល​អ៊ីស្រាអែល​ផ្ដោត​លើ​យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​នៅ​តាម​តំបន់​នានា​ដូចជា​ទីក្រុង​ហ្កាហ្សា​ជាដើម។

អ្នកស្រី Lynn Hastings អ្នក​សម្របសម្រួល​ផ្នែក​មនុស្សធម៌​សម្រាប់​តំបន់​ហ្កាហ្សា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា លំហ​សម្រាប់ធ្វើ​ប្រតិបត្តិការមនុស្សធម៌​នៅ​ក្នុង​តំបន់​ហ្កាហ្សា «កាន់តែ​រួម​តូច​ទៅ» និង​ថា​បរិមាណ​គ្រឿង​ផ្គត់ផ្គង់​ដែល​បាន​ចូល​ដល់​តំបន់​ហ្កាហ្សា​មាន «ការ​ខ្វះខាត​យ៉ាង​ខ្លាំង»។

អ៊ីស្រាអែល​បាន​ចាប់ផ្ដើម​យុទ្ធនាការ​យោធា​របស់​ខ្លួន​ដើម្បី​បញ្ចប់​ការ​ត្រួតត្រា​របស់​ក្រុម​ហាម៉ាស់​លើ​តំបន់​ហ្កាហ្សា បន្ទាប់ពី​ពួក​យុទ្ធជន​នៃ​ក្រុម​នេះ​បាន​ឆ្លង​ព្រំដែន​វាយ​ប្រហារ​លើ​ខ្លួន​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា។

មនុស្ស​យ៉ាង​តិច ១៥.៨៩០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ហ្កាហ្សា ដោយ ៧០% នៃ​អ្នក​ទាំង​នោះ​ជា​ស្ត្រី​និង​កុមារ។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

​អាមេរិក​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ​នៅ​អ៊ីរ៉ាក់

នៅ​ក្នុង​ការវិវត្ត​មួយ​ទៀត​ កង​កម្លាំង​សហរដ្ឋ​អាមេរិក​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ ៥ នាក់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ពេល​ដែល​ជន​ទាំង​នោះ​ត្រៀមវាយ​ប្រហារ​ដោយ​ដ្រូន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ហេតុការណ៍​នេះ​បាន​កើតឡើង ស្រប​ពេល​ដែល​ការ​វាយ​ប្រហារ​លើ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​កើន​ដល់ ៧៦ ដង​តាំងពី​ពាក់​កណ្ដាល​ខែ​តុលា​មក។

អ្នក​នាំពាក្យ​រង​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​អ្នកស្រី Sabrina Singh បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា កង​កម្លាំង​សហរដ្ឋ​អាមេរិក​បាន​ឃើញ​ជន​សកម្ម​ប្រយុទ្ធ​ទាំង​នោះ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​ជន​ទាំង​នោះ​ត្រៀម​វាយ​ប្រហារ​ដោយ​ប្រើ​ដ្រូន ហើយ​បន្ទាប់មក​កង​កម្លាំង​សហរដ្ឋ​អាមេរិក​បាន​ប្រើ​ដ្រូន​បាញ់​តម្រង់​គោលដៅ​ដើម្បី​កម្ទេច​ពួកគេ។

ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ពីរ​ដង​ដោយ​ប្រើ​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​លើ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ស៊ីរី​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ដោយ​ការ​វាយ​ប្រហារ​មួយ​លើក​សំដៅ​លើ​មូលដ្ឋាន​យោធា Rumalyn Landing Zone របស់​សហរដ្ឋ​អាមេរិក ហើយ​ការ​វាយ​ប្រហារ​មួយ​លើក​ទៀត​សំដៅ​លើ​កង​កម្លាំង​នៅ​ក្នុង​តំបន់ Shadaddi។ ការ​វាយ​ប្រហារ​ទាំង​នេះ​មិន​បាន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ឬ​ក៏​រង​របួស​ឬ​ក៏​ធ្វើ​ឱ្យ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ណា​មួយ​ទេ។

ការ​វាយ​ប្រហារ​ថ្មី​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​នេះ​បាន​កើតឡើង​នៅ​ចំ​ពេល​ដែល​ក្រុម​បះបោរ​ហ៊ូធី (Houthi) ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​យេមែន​បាន​ប្រើ​មីស៊ីល​វាយ​ប្រហារ​លើ​នាវា​ពាណិជ្ជកម្ម ៣ គ្រឿង​នៅ​សមុទ្រ​ក្រហម​កាលពី​ថ្ងៃ​អាទិត្យ។ ការ​វាយ​ប្រហារ​នេះ​របស់​ក្រុម​ហ៊ូធី​នេះ​អាច​ជា​ការ​រីក​រាលដាល​បន្ថែម​ទៀត​នូវ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​សមុទ្រ​នៅ​តំបន់​មជ្ឈិម​បូព៌ា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សង្គ្រាម​ជិត ២ ខែ​កន្លង​មក​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas)៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។