អ៊ីស្រាអែល​បន្ត​ប្រតិបត្តិការ​នៅ​មន្ទីរពេទ្យ​ហ្កាហ្សា​ ខណៈ​អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​​ផ្អាក​ដើម្បី​មនុស្ស​ធម៌​ជា​បន្ទាន់

ទាហានអ៊ីស្រាអែល​ធ្វើប្រតិបត្តិការមួយនៅទីតាំងដែលត្រូវបានកំណត់ថាជាតំបន់ហ្កាហ្សា ក្នុងរូបភាពដែលត្រូវបានដកស្រង់ចេញពីវីដេអូ​ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Israel Defense Forces/Handout via REUTERS)

ទាហាន​អ៊ីស្រាអែល​កំពុង​បន្ត​ប្រតិបត្តិការ​នៅ​ក្នុង​និង​ជុំវិញ​មន្ទីរពេទ្យ Shifa នៃ​តំបន់​ហ្កាហ្សា (Gaza) ដែល​ខ្លួន​បាន​ឆ្មក់​វាយ​ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ដើម្បី​តាម​កម្ទេច​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas)។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​ទាហាន​អ៊ីស្រាអែល​បាន​ព្រមាន​មន្ត្រី​ក្រសួង​សុខាភិបាល​នៅ​តំបន់​ហ្កាហ្សា​អំពី​ប្រតិបត្តិការ​ដែល​ជិត​កើតឡើង​នេះ។

កង​កម្លាំង​ការពារ​អ៊ីស្រាអែល​បាន​ហៅ​ប្រតិបត្តិការ​របស់​ខ្លួន​ថា «ជាក់ច្បាស់​និង​ចំ​គោលដៅ»។ អ៊ីស្រាអែល​ថា ក្រុម​ហាម៉ាស់​បាន​ប្រើ​មន្ទីរពេទ្យ​នេះ​ជា​បញ្ជាការដ្ឋាន​និង​ប្រើ​អ្នក​ជំងឺ​និង​បុគ្គលិក​មន្ទីរពេទ្យ​ជា​ខែល​ការពារ។ ក្រុម​ហាម៉ាស់​និង​មន្ត្រី​សុខាភិបាល​តំបន់​ហ្កាហ្សា​បាន​ច្រានចោល​ការ​អះអាង​របស់​អ៊ីស្រាអែល​នេះ។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​ហៅ​ការ​វាយ​ឆ្មក់​របស់​កង​កម្លាំង​ការពារ​អ៊ីស្រាអែល​លើ​មន្ទីរពេទ្យ Shifa នេះ​ថា «មិន​អាច​ទទួល​យក​បាន​ដាច់​ខាត»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចោទ​ក្រុម​ហាម៉ាស់​ថា​ធ្វើ​ប្រតិបត្តិការ​ពីបញ្ជាការដ្ឋាន​នៅ​ឯ​មន្ទីរពេទ្យ Shifa ដែល​លោក​បាន​ហៅថា​ជា «ឧក្រិដ្ឋកម្ម​សង្គ្រាម»។

ស្រប​ពេល​នេះ​ដែរ កាលពី​យប់​ថ្ងៃ​ពុធ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​ដោយ​អំពាវនាវ​ឱ្យ​មាន «ការ​ផ្អាក​ជា​បន្ទាន់​និង​ក្នុង​រយៈពេល​យូរ​ដើម្បី​មនុស្សធម៌» នៅ​ក្នុង​តំបន់​ហ្កាហ្សា៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer និង​ប្រធាន​ការិយាល័យ VOA ប្រចាំ​សេតវិមាន​អ្នកស្រី Patsy Widakuswara រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។