ទាហានអ៊ីស្រាអែលបានវាយឆ្មក់មន្ទីរពេទ្យShifa នៅក្នុងតំបន់ហ្កាហ្សានៅព្រឹកថ្ងៃពុធនេះម៉ោងនៅក្នុងស្រុកដើម្បីស្វែងរកពួកសកម្មប្រយុទ្ធហាម៉ាស់បន្ទាប់ពីផ្តល់ការព្រមានដល់ពួកមន្ត្រីសុខាភិបាលប៉ុន្មាននាទីមក។
កងកម្លាំងការពារជាតិអ៊ីស្រាអែលឬIDFបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា«ផ្អែកលើព័ត៌មាននៃការស៊ើបការណ៍សម្ងាត់និងភាពចាំបាច់នៃកិច្ចប្រតិបត្តិការ កងទ័ពIDFនឹងធ្វើកិច្ច ប្រតិបត្តិការជាក់លាក់ប្រឆាំងនឹងពួកហាម៉ាស់នៅក្នុងតំបន់ជាក់លាក់មួយនៅក្នុងមន្ទីរពេទ្យ Shifa»។ សេចក្តីថ្លែងការណ៍នោះបានជំរុញឱ្យអ្នកប្រយុទ្ធហាម៉ាស់ទាំងអស់ចុះចេញ។
កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយទៀតថាកងទ័ពរបស់ខ្លួនមាន«ក្រុមវេជ្ជសាស្ត្រនិងអ្នកនិយាយភាសាអារ៉ាប់ដែលបានទទួលការហ្វឹកហាត់ជាក់លាក់ដើម្បីប្រុងប្រៀបសម្រាប់បរិយាកាសស្មុគ្រស្មាញនិងសាំញ៉ាំនេះ ដោយមានគោលបំណងមិនធ្វើឱ្យគ្រោះថ្នាក់ដល់ជនស៊ីវិលទេ»។
អគ្គនាយកនៃក្រសួងសុខាភិបាលហ្កាហ្សា លោកវេជ្ជបណ្ឌិត Munir al-Burshបានប្រាប់ទូរទស្សន៍Al Jazeera ថាកងទ័ពអ៊ីស្រាអែលបានវាយឆ្មក់ផ្នែកខាងលិចនៃបរិវេណមន្ទីរពេទ្យនេះ។
នៅពេលមុននេះ សហរដ្ឋអាមេរិកបានគាំទ្រការអះអាងរបស់អ៊ីស្រាអែលថាក្រុមហាម៉ាស់ដែលសហរដ្ឋអាមេរិកចាត់ទុកជាក្រុមភេរវកម្មកំពុងប្រើប្រាស់មន្ទីរពេទ្យជាជម្រកសម្រាប់ពួកអ្នកប្រយុទ្ធរបស់ខ្លួន។ អ៊ីស្រាអែលនិយាយថាមន្ទីរពេទ្យ Shifa មានមជ្ឈមណ្ឌលបញ្ជាការនៅក្រោមនោះ។
អ៊ីស្រាអែលមិនបានផ្តល់រូបថតឬវីដេអូដើម្បីគាំទ្រការអះអាងរបស់ខ្លួនអំពីពួកសកម្មប្រយុទ្ធហាម៉ាស់នៅឯមន្ទីរពេទ្យ Shifa ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានចែករំលែករូប ភាពរបស់ជនសកម្មប្រយុទ្ធដែលប្រតិបត្តិការនៅក្នុងសង្កាត់ដែលមានពួកអ្នកស្រុករស់នៅហើយបានដាក់រ៉ុក្កែតនិងអាវុធនៅជិតសាលារៀននិងវិហារឥស្លាម។
ក្រុមហាម៉ាស់និងមន្ទីរពេទ្យបានបដិសេធការចោទប្រកាន់នេះ៕
អ្នកឆ្លើយឆ្លងព័ត៌មានអង្គការសហប្រជាជាតិ អ្នកស្រីMargaret Besheer និងប្រធានការិយាល័យព័ត៌មានសេតវិមាន អ្នកស្រីPatsy Widakuswara បានចូលរួមចំណែកក្នុងរបាយការណ៍នេះ។ ព័ត៌មានមួយចំនួនសម្រាប់អត្ថបទនេះបានមកពី ទីភ្នាក់ងារសារព័ត៌មានThe Associated Press, Reuters និង Agence France-Presse ។