សហរដ្ឋអាមេរិកកំពុងពង្រឹងការផ្តោតការយកចិត្តទុកដាក់លើការប្រឆាំងភេរវកម្មរបស់ខ្លួនក្នុងប្រទេសសូម៉ាលី បន្ទាប់ពីគោលដៅដែលល្បីឈ្មោះកាន់តែខ្លាំងជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងការងើបឡើងវិញនៃក្រុមភេរវកររដ្ឋអ៊ីស្លាមបង្កើតមូលដ្ឋានរបស់ខ្លួននៅឧបទ្វីបសូម៉ាលីក្នុងតំបន់អាហ្វ្រិកខាងកើត។
មន្ត្រីអាមេរិកមានការព្រួយបារម្ភថា ក្រុមរដ្ឋអ៊ីស្លាម-សូម៉ាលី ដែលជាឈ្មោះសាខាមួយត្រូវគេស្គាល់ក្នុងតំបន់ បានផ្លាស់ប្តូរពីការក្លាយជាស្នូលដ៏សំខាន់នៅក្នុងបណ្តាញហិរញ្ញវត្ថុសកលរបស់រដ្ឋអ៊ីស្លាម ក្លាយជាអ្នករៀបចំទទួលមេដឹកនាំកំពូលរបស់ក្រុមនេះ។
មេដឹកនាំកំពូលក្រុម រដ្ឋអ៊ីស្លាម «ចាត់ទុកទ្វីបអាហ្រ្វិកជាកន្លែងដែលពួកគេគួរតែវិនិយោគ ជាកន្លែងដែលពួកគេមានការអនុញ្ញាត និងអាចធ្វើប្រតិបត្តិការបានប្រសើរជាងមុន និងដោយសេរី ហើយពួកគេចង់ពង្រីកខ្លួន»។
នេះបើយោងតាមមន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលបញ្ជាក់បន្ថែមថា៖ «ដូច្នេះ ពួកគេបាននាំការគ្រប់គ្រងបែបអ៊ីស្លាមទៅកាន់តំបន់នោះ»។
ការវាយតម្លៃរបស់សហរដ្ឋអាមេរិកធ្វើឡើងបន្ទាប់ពីមានការលេចចេញនូវពាក្យចចាមអារ៉ាមជាច្រើនពីប្រទេសសូម៉ាលីថា មេដឹកនាំរដ្ឋអ៊ីស្លាម Abu Hafs al-Hashemi al-Qurashi បានធ្វើដំណើរពីប្រទេសស៊ីរី ឬអ៊ីរ៉ាក់ បន្ទាប់មកឆ្លងកាត់ប្រទេសយេម៉ែនទៅកាន់តំបន់ Puntland ពាក់កណ្តាលស្វយ័តនៃប្រទេសសូម៉ាលីនៅភាគឦសានរបស់ប្រទេស។
ការណ៍នេះក៏កើតឡើងក្រោយការព្រមានពីមន្ត្រីសន្តិសុខសូម៉ាលីជាច្រើននាក់ដែលថាក្រុមរដ្ឋ អ៊ីស្លាម សូម៉ាលី បានកើនឡើងកាន់តែខ្លាំង ដោយសារតែមួយផ្នែកដោយសារលំហូរចូលនៃក្រុមយុទ្ធជន និងប្រតិបត្តិករពីប្រទេសយេម៉ែន៕