អាជ្ញាធរក្នុងប៉ែកខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា ជន សកម្ម ប្រយុទ្ធរដ្ឋឥស្លាមរាប់រយនាក់បានធ្វើការវាយប្រហារមុនពេលថ្ងៃរះ កាលពីថ្ងៃអាទិត្យនៅនឹងប៉ុស្តិ៍សន្តិសុខជួរមុខសំខាន់ៗ ក្នុងតំបន់ដាច់ស្រយាលមួយជាប់ព្រំដែន។
អាជ្ញាធរបាននិយាយថា នេះជាការវាយលុកដ៏ធំមួយ ដែលក្រុមបះបោរនេះបានធ្វើការប្រឆាំងនឹងកងកម្លាំងជាតិអាហ្វហ្គានីស្ថាន ដែលបានកើតមានឡើងជាច្រើនខែក្រោយមានរបាយការណ៍ថាក្រុមជ្រុលនិយមនេះ មានឥទ្ធិពលខ្លាំងជាងមុននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ការប្រយុទ្ធគ្នានេះបានកើតមានឡើងនៅក្នុងស្រុក Achin ក្នុងតំបន់ភ្នំ ក្នុងខេត្តNangarhar ដែលមានព្រំដែនជាប់ជាមួយប្រទេសប៉ាគីស្ថាន។ សេចក្តីរាយការណ៍មានខុសៗគ្នាអំពីចំនួនមនុស្សស្លាប់ ដោយអាជ្ញាធរបាននិយាយថាមានជនសកម្មប្រយុទ្ធ៨៥នាក់ស្លាប់ ហើយមានប៉ូលីសបីនាក់បាត់បង់ជីវិត។លោក Haji Ghalib Mujahid អភិបាលស្រុក Achin បាននិយាយប្រាប់ VOA ថាក្រុមជនសកម្មប្រយុទ្ធដែលមានអាវុធភាគច្រើនជាពលរដ្ឋប៉ាគីស្ថាន។
អភិបាលស្រុករូបនេះបានថ្លែងថា «មានមនុស្សស្លាប់ច្រើនក្នុងចំណោមក្រុមយុទ្ធជន Daesh ដែលជាឈ្មោះតាមភាសាអារ៉ាប់សម្រាប់សម្គាល់ក្រុមរដ្ឋឥស្លាម ហើយការណ៍នេះបានបង្ខិតបង្ខំឱ្យក្រុមនេះដកថយ។»
លោកបាននិយាយដែរថា កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានចូលត្រួតត្រាជាថ្មី លើប៉ុស្តិ៍សន្តិសុខដែលក្រុមបះបោរបានវាយយកបាននៅក្នុងការវាយប្រហារកាលពីព្រឹកព្រលឹម។ លោកបាននិយាយបន្ថែមថា ការប្រយុទ្ធគ្នានៅមានធ្វើតទៅទៀតក្នុងកន្លែងខ្លះ៕