លំហូរ​សាច់​ប្រាក់​របស់​ក្រុម​រដ្ឋ​ឥស្លាម​បាន​ធ្លាក់ ប៉ុន្តែ​នៅ​តែ​មាន​ចំនួន​ច្រើន

សកម្ម​ប្រយុទ្ធ​របស់​ក្រុម Kurd បង្ហាញ​ពី​ទំហំ​នៃ​ការ​ខូចខាត​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ក្រុង Kobani ប្រទេស​ស៊ីរី។

ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​ផ្អឹប​ទ្រព្យសម្បត្តិ​របស់​ក្រុម​រដ្ឋ​ឥស្លាម​កំពុង​មាន​ការ​ជឿនលឿន​ទៅ​មុខ​យ៉ាង​ល្អ ក៏ប៉ុន្តែ​មិន​ទាន់​ដល់​ធ្វើ​ឲ្យ​ជាប់​គាំង​ដល់​ហិរញ្ញវត្ថុ​របស់​ក្រុម​នោះ​ទេ ​នេះ​យោង​តាម​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក។

​លោក Daniel Glaser ឧបការីរង​រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​អំឡុងពេល​នៃ​ការ​ពិភាក្សា​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ឯ​មូលនិធិ​សម្រាប់​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ថា «ក្រុម​រដ្ឋ​ឥស្លាម ​កំពុងទទួល​រងការ​ប៉ះពាល់​ខាង​ហិរញ្ញវត្ថុ​ហើយ​មួយ​ផ្នែក​ធំ​បណ្តាល​មក​ពី​ការ​ខំ​ប្រឹងប្រែង​ដែលយើង​នៅ​ក្នុង​ក្រុម​ចម្រុះ​បានចាត់​វិធានការ‍»។

ការ​រីក​ចម្រើន​ដែល​គួរឲ្យ​កត់​សម្គាល់​បំផុត​គឺ​ការ​ប្រឆាំង​ការ​រក​ស៊ី​ប្រេង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដែល​បាន​ផ្តល់​ប្រាក់​ប្រហែល​៥រយ​លានដុល្លា​ក្នុង​មួយ​ឆ្នាំ។

​ការិយាល័យ​ភេរវកម្ម​ និង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ​ជឿ​ជាក់​ថា ប្រាក់​ចំណូល​បាន​មក​ពី​ប្រេង ​បាន​ត្រូវកាត់​បន្ថយ​ចំនួន​ពាក់​កណ្តាល​មក​នៅ​ប្រហែល​២រយ​៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​បណ្តាល​មក​ពីការវាយ​ប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​ដើម្បី​ទប់ទល់​ការ​ខំ​ប្រឹងប្រែង​រត់​ពន្ធ​ និង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ទូទាំង​សាកលលោក។

មន្រ្តី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ម្នាក់ ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយ​ថា វា​ជា​ការ​ពិត​ដែល​ក្រុម​រដ្ឋ​ឥស្លាម ​កំពុង​មាន​អារម្មណ៍​ទទួល​រង​នូវ​ការ​គាប​សង្កត់​ពីការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​ខ្លួន​ និង​ឃ្លាំង​ស្តុក​ទុក​ប្រាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី​ដែល​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង៕