ប្រទេសចិន និងសហរដ្ឋអាមេរិកទើបតែអនុម័តកិច្ចព្រមព្រៀងមួយនៅក្នុងខែមករាដែលអនុញ្ញាតឱ្យមានការផ្អាកសង្គ្រាមពាណិជ្ជកម្មជាបណ្តោះអាសន្ន។ ប្រទេសចិន និងសហរដ្ឋអាមេរិកបានធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាអស់រយៈពេលពីរឆ្នាំមកហើយ។ សម្រាប់ប្រទេសវៀតណាម ដែលជាប្រទេសដ៏សំខាន់មួយក្នុងចំណោមប្រទេសផ្សេងៗទៀតដែលស្ថិតនៅកណ្តាល តើការផ្អាកជាបណ្តោះអាសន្ននេះជាព័ត៌មានល្អ ឬអាក្រក់សម្រាប់ខ្លួន?
មនុស្សជាច្រើននៅក្នុងពិភពលោកសង្ឃឹមថា នឹងមានការបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំៗទាំងពីរជារៀងរហូត។ សង្គ្រាមពាណិជ្ជកម្មនេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ២០១៩ ធ្លាក់ចុះនៅសល់តែ៣% ដែលខុសពីការរំពឹងទុកថានឹងមានកំណើន៣,៨%។ នេះបើយោងតាមមូលនិធិហិរញ្ញវត្ថុអន្តរជាតិ។ មនុស្សដែលសង្ឃឹមដូចនេះរួមមានទាំងពលរដ្ឋវៀតណាមផងដែរ។ ទោះជាយ៉ាងនេះក្តី នៅមានមូលហេតុមួយចំនួនទៀត ដែលការបន្តមានសង្គ្រាមពាណិជ្ជកម្មនេះអាចជារឿងល្អសម្រាប់ប្រទេសវៀតណាម។
មូលហេតុទី១ ដែលគេមើលឃើញយ៉ាងច្បាស់នោះគឺ ពន្ធគយរបស់សហរដ្ឋអាមេរិកទៅលើការនាំចេញរបស់ចិនធ្វើឱ្យក្រុមហ៊ុននានាចេញពីប្រទេសចិន ប្តូរទៅកាន់ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់ចិន ដើម្បីចៀសវាងពន្ធគយទាំងនោះ។ ជាលទ្ធផល ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់២៨% នៅក្នុង៣ត្រីមាសដំបូងនៅក្នុងឆ្នាំ២០១៩។
មូលហេតុទី២គឺថា សហរដ្ឋអាមេរិកអាចនឹងជាប់ប្រយុទ្ធនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលនេះអាចជាផលប្រយោជន៍សម្រាប់វៀតណាម ដោយសារតែការនាំចេញរបស់វៀតណាមនឹងមិនត្រូវបានគេយកទៅពិភាក្សាជារឿយៗនោះទេ។
លោក Fred Burke ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនមេធាវី Baker & McKenzie Vietnam បាននិយាយកាលពីចុងឆ្នាំមុនថា «ប្រទេសវៀតណាមសង្ឃឹមថា ចិននឹងធ្វើឱ្យសហរដ្ឋអាមេរិកចំណាយពេលច្រើនក្នុងការចរចាជាមួយពួកគេ»។
បើនិយាយឲ្យចំទៅគឺថា ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាប់រវល់ចរចាជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង នោះសហរដ្ឋអាមេរិកនឹងមានពេលវេលា និងធនធានតិចតួចប៉ុណ្ណោះ ដើម្បីចរចាជាមួយនឹងរដ្ឋាភិបាលក្រុងហាណូយ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានហៅខ្លួនលោកថាជា «បុរសពន្ធគយ» បានបង្ហាញពីគោលបំណងចង់ដាក់ពន្ធគយបន្ថែមទៀតទៅលើទំនិញនាំចេញរបស់វៀតណាម ប៉ុន្តែឥឡូវនេះលោកផ្តោតលើបញ្ហាពាក់ព័ន្ធនឹងពាណិជ្ជកម្មរបស់ប្រទេសចិនតែប៉ុណ្ណោះ។
ចំណុចសំខាន់ដែលលោកប្រធានាធិបតី ត្រាំ មិនពេញចិត្តចំពោះប្រទេសវៀតណាមគឺថា វៀតណាមមានពាណិជ្ជកម្មយ៉ាងច្រើនលើសតម្រូវការជាមួយនឹងសហរដ្ឋអាមេរិក ដែលនេះប្រហែលជាហេតុផលធ្វើឲ្យអ្នកប្រើប្រាស់អាមេរិកាំងចង់ទិញទំនិញវៀតណាម។ ហេតុផលនេះហើយដែលធ្វើឲ្យលោក ត្រាំ ចង់ដាក់ពន្ធគយបន្ថែមលើទំនិញវៀតណាម។
ប្រទេសវៀតណាមត្រូវមានការប្រុងប្រយ័ត្ន។ កាលពីអតីតកាល សហរដ្ឋអាមេរិកបានយកពន្ធគយលើការនាំចេញអាហារសមុទ្រ និងដែកថែបវៀតណាមរួចទៅហើយ។ នៅពេលខ្លះ សហរដ្ឋអាមេរិកអាចនឹងចាត់ទុកប្រទេសវៀតណាមជាអ្នកអុកឡុកតម្លៃរូបិយប័ណ្ណ និងធ្វើឱ្យសហរដ្ឋអាមេរិកមានហេតុផលក្នុងការដាក់ទណ្ឌកម្មពាណិជ្ជកម្មកាន់តែខ្លាំងប្រឆាំងនឹងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ទោះជាយ៉ាងនេះក្តី ក្រសួងហិរញ្ញវត្ថុអាមេរិកបានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា សហរដ្ឋអាមេរិកនឹងដាក់ប្រទេសវៀតណាម ក្នុងចំណោមប្រទេសផ្សេងទៀត នៅក្នុងបញ្ជីតាមដានសម្រាប់ការអុកឡុកតម្លៃរូបិយប័ណ្ណ ដូច្នេះវៀតណាមសម្រាប់ពេលនេះអាចគេចផុតពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ជាការឆ្លើយតប ធនាគាររដ្ឋវៀតណាម ដែលជាធនាគារកណ្តាលបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា ខ្លួននឹងធ្វើការជាមួយក្រសួងរហិរញ្ញវត្ថុអាមេរិក «ដោយអនុលោមតាមតុល្យភាពម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍទីផ្សារ និងគោលដៅគោលនយោបាយហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណាមិនបង្កើតឱ្យមានផលប្រយោជន៍ពីការប្រកួតប្រជែងពាណិជ្ជកម្មអន្តរជាតិដែលមានមិនស្មើភាពគ្នា»។
សហរដ្ឋអាមេរិកបានព្រមានថា ប្រទេសនានាអាចរក្សារូបិយប័ណ្ណរបស់ខ្លួនឱ្យនៅទាប ដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួនមានតម្លៃទាប ដូច្នេះការនាំចេញរបស់ខ្លួនមានភាពងាយស្រួល។
មូលហេតុមួយទៀតដែលសហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មលើវៀតណាមគឺពាក់ព័ន្ធនឹងការបន្លំពាណិជ្ជកម្ម នោះមានន័យថាប្រសិនបើវៀតណាមអនុញ្ញាតឱ្យក្រុមហ៊ុននានាដឹកជញ្ជូនទំនិញនាំចេញរបស់ចិនកាត់តាមប្រទេសខ្លួន និងធ្វើឱ្យគេយល់ថា វាជាការនាំចេញរបស់វៀតណាមដើម្បីគេចពន្ធ។ ការធ្វើបែបនេះត្រូវបានគេហៅថាជាការប្តូរទិសដៅនៃការដឹកជញ្ជូនទំនិញ។
ក្រុមហ៊ុន ING ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ និងធនាគារ បាននិយាយថា វាជារឿងគួរឱ្យចាប់អារម្មណ៍ដែលថា ក្រសួងហិរញ្ញវត្ថុអាមេរិកមិនបានរិះគន់ប្រទេសវៀតណាមចំពោះការប្តូរទិសដៅនៃការដឹកជញ្ជូននៅក្នុងរបាយការណ៍របស់ខ្លួន។
លោក Chris Turner និងលោក Francesco Pesole ដែលជាអ្នកយុទ្ធសាស្ត្រនៃក្រុមហ៊ុន ING បានសរសេរនៅក្នុងការវាយតម្លៃរួមគ្នាទៅលើរបាយការណ៍ស្តីពីការអុកឡុកតម្លៃរូបិយប័ណ្ណរបស់សក្រសួងហិរញ្ញវត្ថុអាមេរិកថា «ជំហរទន់ភ្លន់ចំពោះវៀតណាមអាចបង្ហាញថា រដ្ឋាភិបាលអាមេរិកមានផលប្រយោជន៍តិចតួចក្នុងការរំខានដល់សង្វាក់ផ្គត់ផ្គង់របស់អាស៊ីទៅឱ្យក្រុមហ៊ុនអាមេរិកាំង។ សហរដ្ឋអាមេរិកហាក់ដូចជាពេញចិត្តជាមួយនឹងកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មបោកប្រាស់»។
អ្នកយុទ្ធសាស្ត្រទាំងពីររូបស្ថិតក្នុងចំណោមមនុស្សជាច្រើនទៀតដែលជឿថា ប្រសិនបើសហរដ្ឋអាមេរិកពិតជាកាត់បន្ថយសង្គ្រាមពាណិជ្ជកម្មជាមួយនឹងចិនមែននោះ គោលដៅបន្ទាប់ដែលសហរដ្ឋអាមេរិកនឹងផ្តោតលើគឺទ្វីបអឺរ៉ុប។ ពួកគេនិយាយថា ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មពាណិជ្ជកម្ម យ៉ាងហោចណាស់នៅពេលនេះវៀតណាមមិនទាន់មានគ្រោះថ្នាក់នៅឡើយទេ ។ ពិតណាស់មិនមានអ្នកណាម្នាក់ដឹងថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងបញ្ចប់ជាផ្លូវការនៅពេលណានោះទេ៕