យុទ្ធនាការប្រឆាំងការជួញដូរគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដោយសារវាជារឿងដែលជាប់ព័ន្ធនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការលើជនសង្ស័យបទល្មើសគ្រឿងញឿន។ ក្រុមសិទ្ធិមនុស្សប្រឆាំងយ៉ាងខ្លាំងចំពោះ «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់រដ្ឋបាលលោក Duterteនេះ ដោយរិះគន់ថា ការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនបែបនេះគ្រាន់តែជាលេសសាកល្បងទប់ស្កាត់បញ្ហាគ្រឿងញៀនតាមរយៈការសម្លាប់ប្រជាជនតូចតាចនៅក្នុងសង្គមប៉ុណ្ណោះ។
លោកប្រធានាធិបតី Duterte ធ្លាប់បានសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអំឡុងឆ្នាំ២០១៦ ថា នឹងលុបបំបាត់ឧក្រិដ្ឋកម្មគ្រឿងញៀនក្នុងរយៈពេលត្រឹមតែ៣ខែ។
អាជ្ញាធរប្រឆាំងគ្រឿងញៀនហ្វីលីពីន រាយការណ៍ថា មានជនសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀន៤.៩៤៨នាក់ស្លាប់អំឡុងពេលប៉ូលិសបើកប្រតិបត្តិការបង្ក្រាបចាប់ពីខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ចំណែកជនរងគ្រោះបាត់បង់ជីវិតក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនចំនួន ២២.៩៨៣នាក់ផ្សេងទៀតគឺជា «ករណីឃាតកម្មដែលជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ» នេះបើយោងតាមរបាយការណ៍ពិភពលោកប្រចាំឆ្នាំ២០១៩ របស់ក្រុមតស៊ូមតិប្រចាំទីក្រុងញូវយ៉កនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)។ រដ្ឋាភិបាលបស្ចិមប្រទេស និងស្ថាប័នសិទ្ធិមនុស្សអ.ស.ប. បានប្រតិកម្មប្រឆាំងនឹងការសម្លាប់ជីវិតមនុស្សបែបនេះ និងរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកប្រធានាធិបតី Duterte។
ក្រុមអ្នកវិភាគជឿថា បច្ចុប្បន្ននេះ ប៉ូលិស និងអាជ្ញាធរប្រឆាំងគ្រឿងញៀន មានការប្រុងប្រយ័ត្នខ្លាំងអំឡុងពេលចុះវាយឆ្មក់បង្ក្រាបដើម្បីជៀសវាងប្រតិកម្មពីប្រជាជនហ្វីលីពីន ដោយប្រើយុទ្ធសាស្ត្រថ្មីៗដើម្បីបញ្ឈប់ការជួញដូរគ្រឿងញៀន។
លោក Ramon Casiple នាយកប្រតិបត្តិនៃក្រុមតស៊ូមតិមួយឈ្មោះថា វិទ្យាស្ថានកំណែទម្រង់នយោបាយ និងការបោះឆ្នោតបាននិយាយថា៖
«ចំនួនជនរងគ្រោះថយចុះ ប៉ុន្តែគោលការណ៍នៅដដែល និងការអនុវត្តគោលការណ៍នោះទៀតសោតនៅតែតឹងរ៉ឹងដដែល»។
ចំណែកឯការពាក់ព័ន្ធទៅនឹងការសម្លាប់មនុស្សវិញ លោកបានបន្តថា៖
«ខ្ញុំគិតថា ពីមុនមានចំនួនច្រើនក្រៃលែង ប៉ុន្តែវាធ្លាក់ចុះបន្តិចនៅពេលមានការរិះគន់ពីអន្តរជាតិ»។
អាជ្ញាធរប្រឆាំងគ្រឿងញៀនរាយការណ៍ថា មានប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនជាច្រើនក្នុងខែកញ្ញានេះ ក្រុមមន្ត្រីនៃទីភ្នាក់ងារព័ត៌មានរបស់រដ្ឋហ្វីលីពីនផ្សព្វផ្សាយថា ការជួញដូរគ្រឿងញៀននេះកើតមាននៅតាមច្រកអាកាសយានដ្ឋាន និងកំពង់ផែក្នុងប្រទេសនេះជាង១.២០០កន្លែង។ អាជ្ញាធរប្រឆាំងគ្រឿងញៀនដដែលនេះ ក៏បានបញ្ជាក់ពីការកើនឡើងនៃអ្នករត់សំបុត្របញ្ញើក្នុងប្រទេសហ្វីលីពីនចូលដៃជាមួយក្រុមហ៊ុនអន្តរជាតិជួញដូរគ្រឿងញៀនផ្តាច់មុខផងដែរ។
ការកាត់បន្ថយការជួញដូរគ្រឿងញៀន
ក្រុមបញ្ញវន្តក្នុងប្រទេសហ្វីលីពីននិយាយថា ប៉ូលិស និងអាជ្ញាធរបង្ក្រាបគ្រឿងញៀននៅតែបន្តការសម្លាប់ជនសង្ស័យ ប៉ុន្តែមន្ត្រីមានសមត្ថកិច្ចទាំងអស់នេះមានការប្រុងប្រយ័ត្នខ្លាំងជាងមុនធៀបនឹងឆ្នាំ២០១៧ ស្របពេលប្រជាជនមិនសូវចាប់អារម្មណ៍ពីរឿងហ្នឹងផងដែរ។ ប្រជាជនគាំទ្រយ៉ាងខ្លាំងលើគោលការណ៍សង្គ្រាមប្រឆាំងគ្រឿងញៀនេះ ប៉ុន្តែចង់ឃើញមានការសម្លាប់តិចតួចជាងនេះវិញ នេះបើតាមសម្តី លោកស្រី Maria Ela Atienza សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ University of the Philippines Diliman។
ការគាំទ្រពីសាធារណជនលើយុទ្ធនាការប្រឆាំងគ្រឿងញៀនបានកើនដល់៨២ភាគរយក្នុងឆមាសទី១ក្នុងឆ្នាំ២០១៩នេះ ដែលជាកម្រិតមួយដ៏ខ្ពស់ចាប់តាំងពីឆ្នាំ២០១៦ នេះបើយោងតាមការអង្កេតដោយស្ថាប័នស្រាវជ្រាវមានមូលដ្ឋានក្នុងរដ្ឋធានីម៉ានីល ដែលមានឈ្មោះថា Social Weather Stations។ ប្រជាជនហ្វីលីពីនភាគច្រើនគិតថាការបង្ក្រាបបែបនេះ ធ្វើឱ្យសហគមន៍របស់ពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន។
លោកស្រី Rhona Canoy នាយកសាលាអន្តរជាតិមួយនៅប៉ែកខាងត្បូងហ្វីលីពីន និងជាសមាជិកនៃក្រុមអ្នកនយោបាយក្នុងប្រទេសនេះ បាននិយាយថា អង្គភាពប្រឆាំងគ្រឿងញៀនទាំងឡាយ កំពុងព្យាយាមបញ្ចៀសការចាប់អារម្មណ៍លើប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលបណ្តាលឲ្យការបាត់បង់ជីវិតមនុស្សណាមួយ។ ចំនួនក្មេងជំទង់ៗដែលត្រូវបានគេបាញ់ស្លាប់កាលពីឆ្នាំ២០១៧ បង្កឱ្យមានបាតុកម្មប្រឆាំងតវ៉ាលើដងផ្លូវ។ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ត្រូវបានគេបាញ់ស្លាប់អំឡុងពេលវាយឆ្មក់បង្ក្រាបក្នុងខែកក្កដា ដែលបង្កឱ្យមានការជជែកដេញដោលក្នុងព្រឹទ្ធសភា។
លោកស្រី Canoy បានបន្តថា៖
«ក្រុមអាជ្ញាធរ ដូចជាដឹងខ្លូនខ្លះៗពីបញ្ហាបាញ់សម្លាប់មនុស្សហើយ ប្រហែលដោយសារតែសារព័ត៌មានរាយការណ៍ពីទង្វើអាក្រក់របស់ពួកគេ ហើយនៅពេលមានការស្លាប់បាត់បង់ជីវិតមនុស្ស រឿងហ្នឹងតែងតែមានចុះផ្សាយនៅលើសារព័ត៌មាន។ នេះហើយជាភាពខុសគ្នាយ៉ាងខ្លាំងចន្លោះពីឆ្នាំ២០១៧ និងបច្ចុប្បន្ន»។
អ្នកប្រើប្រាស់គ្រឿងញៀន ក៏អាចនឹងដឹងខ្លួនច្រើនជាងមុនផងដែរ។ លោកស្រី សាស្ត្រាចារ្យ Atienza បាននិយាយថា៖
«ប្រហែលជាប្រជាជនចាប់ផ្តើមមានអារម្មណ៍ខ្លាចរអា ប្រុងប្រយ័ត្នខ្លាំងលើរឿងនេះ ដូច្នេះពួកគេភ័យខ្លាចរឿងប៉ូលិសចាប់ខ្លួន នេះក៏ជាវិធីមួយដែលធ្វើឱ្យមានសន្តិភាពជាងមុន ប៉ុន្តែការរីកសាយភាយគ្រឿងញៀនមិនទាន់ឈប់នៅឡើយទេ»។
លោកស្រីសាស្ត្រាចារ្យបានបន្តថា ក្រុមអាជ្ញាធរថ្មីៗនេះបាននឹងកំពុងស៊ើបអង្កេតក្រុមមន្ត្រីប៉ូលិសដែលគប់គិតជាមួយអ្នកលក់គ្រឿងញៀន។
លោក Canoy បាននិយាយថា កិច្ចប្រឹងប្រែងនេះ បានសម្រេចជោគជ័យ និងមានការគាំទ្រនៅប៉ែកខាងត្បូងប្រទេស។
លោកស្រី Atienza និយាយថា ទោះជាយ៉ាងនេះក៏ដោយ «មេខ្លោងជួញដូរគ្រឿងញៀនធំៗ» នៅតែបន្តរួចខ្លួន ខណៈពេលដែលអ្នកប្រើប្រាស់គ្រឿងញៀន និង «អ្នកជួញដូរគ្រឿងញៀនតូចតាច» ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់៕
ប្រែសម្រួលដោយកោះ សុគន្ធី