ក្រុម​រដ្ឋ​ឥស្លាម​បាត់​បង់​ទឹក​ដី​នៅ​ភូមិ​ចំនួន​បី​​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី

រូបឯកសារ៖ ទាហាន​ដែល​កំពុង​វាយ​រំដោះ​យក​​ក្រុង ​Raqqa ពី​ក្រុម​រដ្ឋ​ឥស្លាម​កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៦។

កង​កម្លាំង​ស៊ីរីដែល​គាំទ្រ​ដោយ​អាមេរិក ​បាន​រំដោះ​ភូមិ​៣​ទៀត​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ ចេញ​ពី​ការ​ត្រួតត្រា​របស់​ពួក​រដ្ឋ​ឥស្លាម ដោយ​បាន​រុញ​ច្រាន​ពួក​រដ្ឋ​ឥស្លាម​ឱ្យ​ចេញ​ឆ្ងាយ​ថែម​ទៀត​ពីដែន​ដី​ដែលពួក​គេបាន​កាន់​កាប់​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។​

អ្នកយក​ព័ត៌មាន​ម្នាក់​របស់​វីអូអេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ Herbel ភូមិ​ Um Hosh និង​ភូមិ Um Qurra ដែល​នៅ​ពេល​នេះឋិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​ហៅ​កាត់ថា​ SDF ​ដែល​ជា​សម្ព័ន្ធភាព​មួយ​នៃក្រុម​យុទ្ធជន ​Kurde​ និង​អារ៉ាប់​គាំទ្រ​ដោយ​ស.រ.អា.។

ពួក​រដ្ឋ​ឥស្លាម​ បាន​ដក​ថយ​ទៅ​កាន់​ភូមិ​នៅ​ជិត​ខាង​ទីនោះ​ ហើយ​កង​កម្លាំង​ SDF​បាន​ដេញ​តាម​ពួក​យុទ្ធជន​នៃ​ក្រុម​ជ្រុល​និយម​នេះ។​

លោក ​Mahmud​ ដែល​ជា​មេ​បញ្ជាការ​ម្នាក់​នៃ​កង​កម្លាំង ​SDF​ ដែល​ចង់​ប្រើ​តែ​ឈ្មោះ​ផ្ទាល់​ខ្លួន​លោក​បាន​និយាយ​ថា៖ «ការ​ប្រយុទ្ធ​គ្នា​នៅ​មាន​ធ្វើ​តទៅ​ទៀត​នៅ​ក្នុង​ភូមិ​នៅ​ជិត​ខាង​ទីនោះ។ គោល​ដៅ​របស់​យើង​គឺ​បណ្តេញ​ពួករដ្ឋ​ឥស្លាម​ឱ្យ​ចេញ​ទាំង​អស់​ពី​ទីនេះ»។

កង​កម្លាំង​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ បាន​ជម្រុល​ទៅ​មុខ​នៅ​ពេល​ដែល​កង​យន្ត​ហោះ​ចម្បាំង​ស.រ.អា.​បាន​វាយ​ប្រហារ​លើ​ទី​ដៅ​របស់​ពួក​ជ្រុល​និយម​នៅ​ក្នុង​តំបន់​នោះ។ ​ផ្នែក​នេះ​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​មាន​សារៈ​សំខាន់​ខាង​យុទ្ធសាស្ត្រសម្រាប់​ពួក​រដ្ឋ​ឥស្លាម​ ដោយសារ​វា​ឋិត​នៅ​លើ​ផ្លូវ​ពាណិជ្ជកម្ម​សំខាន់​មួយ​នៅ​ចន្លោះ​ព្រំដែន​នៃ​ប្រទេស​តួកគី និង​ក្រុង ​Raqqa ​ដែល​ពួក​រដ្ឋ​ឥស្លាម បាន​ប្រកា​សថា​ជារដ្ឋធានី​របស់ពួក​គេ៕