នៅថ្ងៃទី១នៃឆ្នាំ២០២៥ កិច្ចសន្យារវាងអ៊ុយក្រែនជាមួយនឹងក្រុមហ៊ុន Gazprom របស់រដ្ឋរុស្ស៊ីនឹងឈានដល់ទីបញ្ចប់ ដែលនឹងបិទច្រកឧស្ម័នធម្មជាតិដ៏សំខាន់មួយរបស់រុស្ស៊ីទៅកាន់អឺរ៉ុប។
ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលរុស្ស៊ីថ្លែងថាខ្លួនត្រៀមខ្លួនរួចរាល់ដើម្បីបន្តកិច្ចព្រមព្រៀងនេះ ដោយជំរុញឱ្យអឺរ៉ុបបញ្ចុះបញ្ចូលឱ្យអ៊ុយក្រែនបន្តកិច្ចសន្យា ប៉ុន្តែអ៊ុយក្រែនច្រានចោល។
ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរុស្ស៊ីជាគ្រឹះដ៏សំខាន់នៃសន្តិសុខថាមពលអឺរ៉ុបនៅមុនការឈ្លានពានខែកុម្ភៈ ឆ្នាំ២០២២ របស់រុស្ស៊ី។ ពេលនោះមានការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័ន៨០ពាន់លានម៉ែត្រគូបទៅកាន់អឺរ៉ុប ដើម្បីជាការឆ្លើយតបនិងការតវ៉ាលើការទូទាត់ប្រាក់។
ការផ្ដាច់កិច្ចព្រមព្រៀងគឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអឺរ៉ុបដែលនៅតែបន្តប៉ះពាល់ដល់ឆ្នាំ២០២៤។ នេះបើយោងតាមការវិភាគរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ។
ទោះជាយ៉ាងនេះក្តី តាំងពីឆ្នាំ២០២១មក អឺរ៉ុបរកបានអ្នកផ្គត់ផ្គង់ផ្សេងទៀតសម្រាប់ឧស្ម័នធម្មជាតិ ដែលការនាំចូលរបស់រុស្ស៊ីតាមរយៈអ៊ុយក្រែនធ្លាក់ចុះពី១១ភាគរយដល់៥ភាគរយ។ នេះបើយោងតាមក្រុមហ៊ុន Rystad Energy ដែលជាក្រុមហ៊ុនវិភាគថាមពលមួយមានមូលដ្ឋាននៅទីក្រុង Oslo។
ពួកអ្នកសង្កេតការណ៍ថ្លែងថា ប្រទេសអឺរ៉ុបមួយចំនួនចាត់ទុករឿងនេះជារឿងសំខាន់ជាងប្រទេសមួយចំនួនផ្សេងទៀត។ ឧទាហរណ៍ អាល្លឺម៉ង់ សាធារណរដ្ឋឆែក បានវិនិយោគខ្លាំងទៅលើឧស្ម័នធម្មជាតិរាវ។ នេះបើយោងតាមអ្នកស្រី Olga Khakova នាយិការងផ្នែកសន្តិសុខថាមពលអឺរ៉ុបនៅឯក្រុមប្រឹក្សាអាត្លង់ទិកដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកស្រី Khakova ថ្លែងទៀតថា អ្នកវិភាគផ្សេងទៀតប្រកែកថា សហភាពអឺរ៉ុបគួរបញ្ជូនសញ្ញាច្បាស់មួយទៅកាន់ក្រុមហ៊ុននានាថាឧស្ម័នថោករបស់រុស្ស៊ីនឹងមិនមានទៀតនោះទេ។ ជាមួយនឹងគោលដៅដែលអាចអនុវត្តបានពីសហភាពអឺរ៉ុបដើម្បីបញ្ឈប់បំពង់ឧស្ម័នរុស្ស៊ី ក្រុមហ៊ុនទាំងនោះនឹងត្រូវវិនិយោគក្នុងគម្រោងប្រកួតប្រជែងដើម្បីផ្គត់ផ្គង់ដល់អតិថិជនអឺរ៉ុបដែលគួរឱ្យទុកចិត្តបាន៕