កងទ័ពអ៊ីរ៉ាក់កំពុងប្រយុទ្ធដើម្បីត្រួតត្រាស្ពានមួយកន្លែងដែលឆ្លងកាត់ទន្លេ Tigris ក្នុងទីក្រុង Mosul នៅពេលដែលជនស៊ីវិលបន្តរត់គេចខ្លួនពីផ្នែកភាគខាងលិចនៃទីក្រុងនោះ។
ការកាន់កាប់ស្ពានដែលភ្ជាប់សង្កាត់ Old City របស់ទីក្រុង Mosul ជាមួយផ្នែកខាងកើត នឹងផ្តល់ឲ្យកងទ័ពអ៊ីរ៉ាក់នូវការត្រួតត្រាស្ពាន៣ក្នុងចំណោមស្ពានដែលឆ្លងកាត់ទន្លេ Tigris ទាំងអស់។
កងទ័ពអ៊ីរ៉ាក់បានចាប់ផ្តើមយុទ្ធនាការដើម្បីដណ្តើមទីក្រុង Mosul ពីក្រុមរដ្ឋឥស្លាមមកវិញនៅខែតុលា។ ពួកគេបានកាន់កាប់ផ្នែកខាងកើតនៃទីក្រុងនោះមកវិញ មុនពេលចាប់ផ្តើមកិច្ចប្រតិបត្តិការនៅថ្ងៃទី៩ ខែកុម្ភៈ ដើម្បីកាន់កាប់ទីក្រុង Mosul ភាគខាងលិចដែលមានពលរដ្ឋរស់នៅច្រើនមកវិញ។
នៅពេលដែលមានការបាញ់ផ្តក់និងការបាញ់ប្រហារ ចរន្តជនភៀសខ្លួនកំពុងរត់គេចចេញពីសង្កាត់នានានៅភាគលិចដើម្បីចូលរួមជាមួយមនុស្ស៨ម៉ឺននាក់ដែលបានចាកចេញចាប់តាំងពីការប្រយុទ្ធដើម្បីដណ្តើមយកតំបន់នោះមកវិញដែលបានចាប់ផ្តើមកាលពីខែមុន។
កងទ័ពអ៊ីរ៉ាក់ បានផ្តាច់ទីក្រុង Mosul ចេញពីផ្នែកនានានៃទឹកដីដែលត្រួតត្រាដោយក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
ការបាត់បង់ទីក្រុង Mosul ជាការបរាជ័យដ៏ធ្ងន់ធ្ងររបស់ក្រុមរដ្ឋឥស្លាម។
យោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានប្រាប់ឲ្យដឹងថា ជនស៊ីវិលប្រហែល៦សែននាក់នៅតែស្ថិតនៅក្រោមការត្រួតត្រារបស់ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងតំបន់នៃទីក្រុង Mosul។ អង្គការ IOM បានប្រាប់ឲ្យដឹងទៀតថា ការប្រយុទ្ធនៅក្នុងតំបន់នៃទីក្រុង Mosul បានធ្វើឲ្យមនុស្សជិត២សែន៤ម៉ឺននាក់គ្មានទីកន្លែងរស់នៅ៕