កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បន្ត​វាយ​ប្រហារ​ទៅ​លើ​យោធា​រដ្ឋ​អ៊ីស្លាម​ក្នុង​ក្រុង Tikrit

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​និង​សម្ព័ន្ធ​មិត្ត​ Shiite រៀបចំ​វាយ​ប្រហារ​ក្រុម​រដ្ឋ​អ៊ីស្លាម​ជ្រុល​និយម​នៅ​ក្នុង​ក្រុង Tikrit ចម្ងាយ​១៣០គ.ម​ ភាគ​ខាង​ជើង​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សុក្រ​ កងកម្លាំង​សន្តិសុខរដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ជម្រុញ​ការ​វាយ​លុក​ធំ​របស់​ពួកគេ​ដើម្បី​វាយ​យក​ក្រុង​ Tikrit មក​វិញ​ ដែល​នៅ​ទី​នោះ​គេ​រាយការណ៍​ថា​ក្រុម​យុទ្ធជន​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចាប់ផ្តើម​បាត់បង់​ដែនដី​ហើយ។​

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ក្រុង​បាកដាដ (Baghdad) នៅ​តែ​សម្តែង​ការ​ទុកចិត្ត​តទៅ​ទៀត​ថា​ក្នុង​ពេល​ឆាប់ៗ​នេះ​ពួក​គេ​នឹង​វាយ​យក​ក្រុង​នេះ​បាន​ទាំង​ស្រុង​មក​វិញ។ ក្រុង Tikrit មានតម្លៃ​ខាង​យុទ្ធសាស្ត្រ​និង​ខាង​និមិត្តរូប​ ពីព្រោះ​វា​ជា​ក្រុង​កំណើត​របស់​អតីត​មេដឹកនាំអ៊ីរ៉ាក់ ឈ្មោះ​ Saddam Hussein។​

មាន​ក្រុម​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ក្រុម​ជីវពល Shi'ite គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ាក់​បាន​ទ្បោមព័ទ្ធ​ក្រុង​នេះ​ហើយ​វាយ​យក​បាន​តំបន់​មួយ​ចំនួន​ដែរ​ ទោះណា​ជា​គេ​មិន​បាន​ដឹង​ច្បាស់​លាស់​ថា​កងកម្លាំង​ទាំង​នេះ​បាន​ទៅ​ដល់​ចម្ងាយ​ប៉ុន្មាន​ហើយទេ។​

ការ​វាយ​លុក​លើ​រណសិរ្ស​ជា​ច្រើននេះ​ ដែល​នៅ​ពេល​នេះ​បាន​ចូល​ក្នុង​អាទិត្យ​ទីពីរ​ហើយ​នោះ​ មាន​ដំណើរ​ការ​យឺត​ដោយ​ក្រុម​អ្ន​ក​លប​បាញ់​និង​ដោយសារ​អន្ទាក់​របស់​ក្រុម​យុទ្ធជន​រដ្ឋ​អ៊ីស្លាម។ ​កាលពី​ថ្ងៃសុក្រ​ គេ​បាន​រាយការណ៍​ថា​ទាហាន​៦​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ក្នុង​ទ្បាន។​

នៅ​ពេល​ជាមួយ​គ្នា​នេះ នៅ​ក្នុង​ប្រទេស​តួកគី (Turkey)​ រដ្ឋាភិបាល​បាន​និយាយ​ថា​ជនជាតិឥណ្ឌូនេស៊ី​១៦​នាក់ ដែល​ភាគ​ច្រើន​ជា​កុមារ បានត្រូវ​ចាប់ខ្លួន​នៅ​ពេល​ប៉ុនប៉ង​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ទៅ​ចូល​រូមជា​មួយ​ក្រុមរដ្ឋ​អ៊ីស្លាម។ ​លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគី​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រថា​កងកម្លាំង​សន្តិសុខ​កំពុង​ស្វែង​រក​ជនជាតិឥណ្ឌូនេស៊ី​១៦​នាក់​ទៀត​ដែល​បាន​ត្រូវ​រាយការណ៍​ថា​បាត់​ខ្លួន​ក្នុង​ប្រទេស​តួកគី៕