អ៊ីរ៉ាក់ និង​សហរដ្ឋ​អាមេរិក​ស៊ើប​អង្កេត​លើ​ការ​កើន​ឡើង​នៃ​ការ​ស្លាប់​របស់​ជន​ស៊ីវិល​ក្នុង​ទីក្រុង Mosul

ផ្សែង​កំពុង​លេចឡើង​នៅ​ពេល​ដែល​ជនជាតិ​អ៊ីរ៉ាក់​រង់ចាំ​ទទួល​ចំណី​អាហារ​ខណ​ដែល​កងកម្លាំង​អ៊ីរ៉ាក់ប្រយុទ្ធជាមួយ​នឹង​យុទ្ធជន​ក្រុមរដ្ឋឥស្លាមភាគ​ខាងលិច​ទីក្រុង​មូស៊ុល​ ប្រទេសអ៊ីរ៉ាក់កាល​ពី​ថ្ងៃទី​២៧ មីនា ២០១៧។

យោធា​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​ស្លាប់​របស់​ជន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Mosul ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ គឺ​ជា «សោកនាដកម្ម​ដ៏​សាហាវ​មួយ»។ យោធា​សហរដ្ឋ​អាមេរិក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​សម្លាប់​ជន​ស៊ីវិល​រហូត​ដល់ ១ រយ​នាក់​នៅ​ក្នុង​ទីក្រុង Mosul កាល​ពី​ដើម​ខែ​នេះ។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​ដំណាក់កាល​ដំបូង​បាន​បង្ហាញ​ថា យន្តហោះ​របស់​ក្រុម​សម្ព័ន្ធមិត្ត​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ថ្ងៃ​ទី ១៧ ខែ​មិនា នៅ​ឯ​ទីតាំង​ដែល​ត្រូវ​នឹង​ការ​ចោទ​ប្រកាន់​ថា​មាន​ជន​ស៊ីវិល​ស្លាប់ នៅ​ក្នុង​ទីក្រុង​ចាស់​ស្ថិត​នៅ​ភាគ​ខាង​លិច​ទីក្រុង Mosul។

ទិន្នន័យ​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រចាំ​ថ្ងៃ​របស់​ក្រុម​សម្ព័ន្ធ​មិត្ត ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បង្ហាញ​ថា មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ថ្មីៗ​នេះ​ចំនួន ៧ ដង នៅ​ក្នុង​ទីក្រុង Mosul កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

យោធា​អ៊ីរ៉ាក់​មាន​ការ​សង្ស័យ​ចំពោះ​ការ​ស្ដី​បន្ទោស​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ស្លាប់​របស់​ជន​ស៊ីវិល​នៅ​ថ្ងៃ​ទី ១៧ ខែ​មិនា ដោយ​បាន​ដកស្រង់​ភស្តុតាង​ថ្មី ដែល​យោធា​អ៊ីរ៉ាក់​ខ្លួន​ឯង​បាន​បញ្ជាក់​ថា បាន​បង្ហាញ​ពី​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​ដាក់​គ្រឿង​ផ្ទុះ​នៅ​ឯ​កន្លែង​នោះ។

ជន​ស៊ីវិល​ច្រើន​ជាង ៥ សែន​នាក់ ត្រូវ​គេ​ជឿជាក់​ថា កំពុង​រស់នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ទីក្រុង Mosul។ ជន​ស៊ីវិល​ទាំង​នោះ​ភាគ​ច្រើន ត្រូវ​បាន​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​ប្រើប្រាស់​ដើម្បី​ធ្វើ​ជា​របាំង​ការពារ ពេល​ដែល​កងកម្លាំង​អ៊ីរ៉ាក់​មាន​សន្ទុះ​ខ្លាំង​វាយ​ប្រហារ​ចូល​មក៕