អ៊ីរ៉ង់​ព្រមាន​អាមេរិក​ពី​លទ្ធភាព​នៃ​ការ​វាយប្រហារ​ដោយ​កាំជ្រួច​មីស៊ីល ប្រសិន​បើ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត

មេបញ្ជាការ​ឆ្មាំ​ល្បាត​ លោក Mohammad Ali Jafari ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២។

ប្រធាន​ឆ្មាំ​បដិវត្តន៍​ដ៏​មាន​អានុភាព​របស់​អ៊ីរ៉ង់​កំពុង​តែ​ព្រមាន​ដល់​មូលដ្ឋាន​យោធា​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ថា​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​វាយប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​អ៊ីរ៉ង់ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់។ ​

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មាន​គម្រោង​នឹង​ប្រកាស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ថា អ៊ីរ៉ង់​មិន​អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥ ដែល​បង្ក្រាប​សព្វាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ប៉ុន្តែ​ក្រោយ​មក លោក​បាន​ទុក​ពេល​ដល់​សភា​រយៈពេល​៦០​ថ្ងៃ ដើម្បី​សម្រេច​ថា​តើ​គួរ​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ឬ​យ៉ាង​ណា។

ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​អ៊ីរ៉ង់​បាន​ស្រង់​សម្តី​របស់​មេបញ្ជាការ​ឆ្មាំ​ល្បាត​ លោក Mohammad Ali Jafari ចំពោះ​ការ​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រសិនបើ​នឹង​មាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​មែន​នោះ សហរដ្ឋអាមេរិក​នឹង «ត្រូវ​ផ្លាស់ប្ដូរ​មូលដ្ឋាន​ទ័ព​ថ្នាក់​តំបន់​របស់​ពួកគេ​ទៅ​ចម្ងាយ​២០០០​គីឡូម៉ែត្រ​ពី​កាំជ្រួច​មីស៊ីល​របស់​អ៊ីរ៉ង់»។​

មូលដ្ឋាន​យោធា​អាមេរិក​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​បារ៉ែន អ៊ីរ៉ាក់ អូម៉ង់ និង​អាហ្វហ្គានីស្ថាន ហើយ​មូលដ្ឋាន​ទាំង​នោះ​សុទ្ធ​តែ​ស្ថិត​ក្នុង​ចម្ងាយ​៥០០​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​របស់​អ៊ីរ៉ង់៕