អ៊ីរ៉ង់​និយាយ​ថា​លិខិត​របស់​ព្រឹទ្ធសភា​ស.រ.អា.​នាំ​ឲ្យ​គេ​យល់​ថា​ស.រ.អា.​មិន​គួរ​ឲ្យ​ទុក​ចិត្ត

លោក​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​ លោក Mohammad Javad Zarif មាន​ប្រសាសន៍​ជាមួយអ្នក​កាសែត​នៅ​មុន​ពេល​កិច្ច​ប្រជុំ​មួយ​ជាមួយលោក​រដ្ឋមន្រ្តី​ការ​បរទេស​​សហរដ្ឋ​អាមេរិក​ John Kerry នៅ​ទីក្រុង​ហ្សឺណែវ​ កាលពីថ្ងៃទី​១៤ ខែ​មករា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​រដ្ឋមន្ត្រី​ការ​បរទេសអ៊ីរ៉ង់ ​(Iran) ​បាន​និយាយ​ថា ​លិខិត​មួយ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធ​សភា​មួយ​ក្រុម​ខាង​គណបក្ស​សាធារណរដ្ឋ ​ដែល​ព្រមាន​ថា​ កិច្ច​ព្រម​ព្រៀង​ខាង​បរមាណូមួយ​ដែល​អាច​មាន​ជា​មួយ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង​ (Teheran)​ អាច​ត្រូវ​លប់​ចោល​នៅ​ពេល​ណា​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ចេញ​ពី​តំណែង​នោះ​ នាំ​ឲ្យ​មាន​ការ​យល់​ថា ​គេ​មិន​ត្រូវ​ទុក​ចិត្ត​ស.រ.អា.ទេ។

នៅ​ក្នុង​ក្រុង​តេហេរ៉ង​ លោក Mohammad Javad Zarif បាន​មាន​ប្រសាសន៍​ប្រាប់​សភា​និង​ក្រុមអ្នកជំនាញការ​ដែល​ជា​អង្គការ​កំពូល​នៃបព្វជិត​អ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ង់​ថា​ លិខិត​មក​ពី​សមាជិក​សភា​ស.រ.អា.​ ៤៧​នាក់​នោះ​ «ជា​ការ​មិន​ធ្លាប់​មាន​ពី​ពេល​មុន​ទេ​ ហើយ​មិន​ត្រឹម​ត្រូវ​តាម​ការទូត​ទ្បើយ។ ​ជា​ការពិត​ សំបុត្រ​នេះ​និយាយ​ប្រាប់​យើង​ថា​ យើង​មិន​អាច​ទុក​ចិត្ត​ស.រ.អា.​បាន​ទេ»។

លិខិតរបស់​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ទាំង​នេះកាលពី​ថ្ងៃ​ច័ន្ទ​ បាន​ព្រមានក្រុម​មេដឹកនាំអ៊ីរ៉ង់​ថា ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ដែល​លោក​អូបាម៉ា​ធ្វើការ​ចរចា​ជា​មួយ​រដ្ឋាភិបាល​ក្រុងតេហេរ៉ង​ អាច​មាន​សុពលភាព​ត្រឹម​តែ​ពេល​ណា​លោក​នៅ​កាន់​តំណែង​រហូត​ដល់​ដើម​ឆ្នាំ​២០១៧​តែ​ប៉ុណ្ណោះ។

ទំនាក់​ទំនង​ការ​បរទេស​របស់​ស.រ.អា.​ជាមួយ​រដ្ឋាភិបាល​ឯទៀតៗត្រូវ​បាន​ធ្វើ​ឡើងសឹងតែ​ទាំង​អស់​ដោយ​ប្រធានាធិបតី​របស់​ប្រទេស​ទាំង​នោះ​និងអ្នក​ការ​ទូត​អាមេរិកាំង ហើយ​អន្តរាគមន៍​ដោយ​ផ្ទាល់​របស់​សមាជិក​សភា​ទាំង​នេះ​ជាមួយ​លិខិត​នោះ​បាន​នាំ​ឲ្យ​លោក​អូបាម៉ា​ខឹង​សម្បារ។

កាល​ពី​ពេល​មុន​នេះ​ លោក ​Zarif ​បាន​មាន​ប្រសាសន៍​ថា​ លិខិត​របស់​ពួក​សាធារណរដ្ឋ​ទាំង​នេះ​«គ្មាន​តម្លៃ​ខាង​ផ្លូវ​ច្បាប់​ទេ​ ហើយ​ភាគ​ច្រើន​ជា​ឧបាយកល​ឃោសនា​មួយ»។ លោក​បាន​និយាយ​ថា ​ប្រសិន​បើ​រដ្ឋបាល​ស.រ.អា.​លើក​ក្រោយ​លប់​ចោល​កិច្ច​ព្រមព្រៀង​ណា​មួយ​ជាមួយ​ប្រទេសអ៊ីរ៉ង់ ​ប្រទេស​អាមេរិក​«នឹង​រំលោភ​ជាក់​ស្តែង​លើ​ច្បាប់​អន្តរជាតិ»៕