ប្រទេសអ៊ីរ៉ង់បាននិយាយថា សាលក្រមមួយត្រូវបានចេញនៅក្នុងការកាត់ក្តីលោក Jason Rezaian ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានឱ្យសារព័ត៌មាន Washington Post។ បុរសដែលមានសញ្ជាតិពីរគឺ ស.រ.អា. និងអ៊ីរ៉ង់រូបនេះ ត្រូវបានចាប់ខ្លួនកាលពី១៥ខែមុននេះ ពីបទធ្វើចារកម្មនិងពីបទចោទប្រកាន់ផ្សេងៗទៀត។
គ្មានសេចក្តីលម្អិតអំពីសាលក្រមនេះទេ ក៏ប៉ុន្តែលោក Gholamhossein Mohseni Ejehi អ្នកនាំពាក្យតុលាការបាននិយាយថា សេចក្តីសម្រេចរបស់តុលាការនេះអាចតវ៉ាឡើងឧទ្ធរណ៍បាន។
លោក Rezaian បានធ្វើការឱ្យសារព័ត៌មាន Washington Post នៅក្នុងប្រទេសអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ២០១២មក នៅមុនពេលលោកត្រូវបានចាប់ឃុំឃាំងកាលពីខែកក្កដា ឆ្នាំ២០១៤ ជាមួយភរិយាលោកគឺអ្នកស្រី Yaganeh “Yegi” Salehi និងមនុស្សពីរនាក់ទៀត។
អ្នកស្រី Salehi ដែលជាអ្នកសារព័ត៌មានដែរនោះត្រូវបានដោះលែង ក៏ប៉ុន្តែលោក Rezaian បានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារនៅឡើយ។
លោក Martin Baron បណ្ណាធិការប្រតិបត្តិនៃសារព័ត៌មាន Wasington Post បាននិយាយថា សារព័ត៌មានលោកបានដឹងអំពីសេចក្តីប្រកាសរបស់អាជ្ញាធរអ៊ីរ៉ង់អំពីសាលក្រមមួយ។ លោកបានហៅសាលក្រមនោះថា «មានភាពស្រពិចស្រពិលនិងនាំឱ្យមានការងឿងឆ្ងល់៕»