អ៊ីរ៉ង់​និង​អឺរ៉ុប​សាកល្បង​ការទូត​ពេល​អាណត្តិ​ទី​ពីរ​របស់​លោក Trump ជិត​ចាប់ផ្តើម

  • ​Reuters

រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​អ៊ីរង៉ង់​នៅ​អង្គការសហប្រជាជាតិ​លោក Majid Takht Ravanchi ថ្លែង​នៅ​ទីស្នាក់ការកណ្តាល​របស់ អ.ស.ប.​នៅទីក្រុង​ញូវយ៉ក​កាលពីថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៩។

អ្នកការទូត​អឺរ៉ុប​និង​អ៊ីរ៉ង់​បាន​ជួប​គ្នា​កាលពី​ថ្ងៃសុក្រ​ដើម្បី​ពិភាក្សា​អំពី​ថាតើ​ពួកគេ​អាច​ប្រឡូក​ក្នុង​ការ​ចរចា​ម៉ឺងម៉ាត់​ឬ​ក៏​អត់ ដែល​ក្នុង​នោះ​រួមទាំង​ការ​ចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ផងដែរ មុន​ពេល​លោក Donald Trump ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ម្តងទៀត​នៅ​ខែ​មករា​ខាងមុខ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

កិច្ច​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ហ្សឹណែវ​នៃ​ប្រទេស​ស្វីស​នេះ ដែល​ជា​កិច្ចប្រជុំ​លើក​ដំបូង​តាំងពី​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មក បាន​ធ្វើឡើង​បន្ទាប់ពី​អ៊ីរ៉ង់​ខឹង​នឹង​សេចក្តីសម្រេច​មួយ​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប​កាលពី​សប្តាហ៍​មុន​ដែល​បាន​រិះគន់​អ៊ីរ៉ង់​ថា​មិន​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​ល្អ​ជាមួយ​ក្រុម​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ។

លោក Majid Takhtravanchi ដែល​ជា​អនុ​រដ្ឋមន្រ្តី​ការបរទេស​របស់​អ៊ីរ៉ង់​និង​ជា​អ្នកចរចា​ជាន់ខ្ពស់​ខាង​នុយក្លេអ៊ែរ បាន​ជួប​អ្នកសម្របសម្រួល​របស់​សហភាព​អឺរ៉ុប​លោក Enrique Mora កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​និង​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​អ្នកការទូត​កំពូល​មកពី​ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​បារាំង។

លោក Mora បាន​និយាយ​ថា ការ​ពិភាក្សា​គ្នា​នោះ​គឺ «ស្មោះត្រង់» និង​ផ្តោត​លើ​ការ​គាំទ្រ​ផ្នែក​យោធា​របស់​អ៊ីរ៉ង់​ចំពោះ​រុស្ស៊ី ស្ថានការណ៍​នៅ​មជ្ឈិម​បូព៌ា និង​បញ្ហា​នុយក្លេអ៊ែរ។

លោក Takhtravanchi ថា​បញ្ហា​ទាំង​បី​នេះ «ប្រទាក់​ក្រឡា​គ្នា»។

មន្ត្រី​ជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន Reuters ថា នៅ​សប្តាហ៍ក្រោយ​អ៊ីរ៉ង់​នឹង​ជូន​ដំណឹង​ដល់​ប្រទេស​រុស្ស៊ី​និង​ចិន​អំពី​ការ​ពិភាក្សា​គ្នា​នេះ។ រុស្ស៊ី​និង​ចិន​គឺជា​ប្រទេស​ហត្ថលេខី​មិន​មែន​បស្ចិម​ប្រទេស​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

ក្នុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​កាលពី​អាណត្តិ​មុន លោក Trump បាន​បោះបង់​ចោល​កិច្ច​ព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​នេះ ហើយ​បន្ទាប់ពី​នោះ​មក លោក​បាន​ប្រើ​គោល​នយោបាយ​ដាក់ «សម្ពាធ​ជា​អតិបរមា» ដើម្បី​កម្ចេច​សេដ្ឋកិច្ច​អ៊ីរ៉ង់។ ក្នុង​អាណត្តិ​ថ្មី​របស់​លោក​លើក​នេះ លោក​កំពុង​ជ្រើសរើស​មន្ត្រី​ណា​ដែល​មាន​វោហារសាស្ត្រ​រិះគន់​អ៊ីរ៉ង់៕