ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ លោក Lacy Swing និយាយថា វិបត្តិជនភៀសខ្លួននិងជនចំណាកស្រុកនៅក្នុងទ្វីបអឺរ៉ុបបានក្លាយជាបញ្ហាចំណាកស្រុកពិភពលោក។ លោកបន្តថា នៅទីបំផុតពិភពលោកបានចាប់អារម្មណ៍នឹងអ្វីដែលលោកហៅថាការផ្លាស់ទីលំនៅរបស់មនុស្សគឺជានិន្នាការដ៏ធំមួយនាពេលបច្ចុប្បន្ន។
លោកបានកត់សម្គាល់ថា បច្ចុប្បន្នក្នុងចំណោមមនុស្ស៧នាក់ មានម្នាក់ជាជនចំណាកស្រុក។ ក្នុងចំណោមមនុស្សទាំងអស់ មានប្រជាជន២៣២លាននាក់ជាជនចំណាកស្រុកអន្តរជាតិ និង៣៤០លាននាក់ទៀត ជាជនចំណាកស្រុកក្នុងប្រទេស។ លោកនិយាយថា គោលនយោបាយរដ្ឋាភិបាលអឺរ៉ុបនិងតំបន់ផ្សេងៗទៀត មិនបានអភិវឌ្ឍតាមចង្វាក់ផ្លាស់ទីលំនៅដ័ធំរបស់មនុស្សនៅឡើយទេ។
លោក Lacy Swing បាននិយាយថា៖ « ការធ្វើចំណាកស្រុកមិនមែនជាបញ្ហាមួយដែលត្រូវដោះស្រាយនោះទេ។ ភាពជាក់ស្តែងរបស់មនុស្សដែលត្រូវការគ្រប់គ្រងទើបជាបញ្ហាត្រូវដោះស្រាយ...ទ្វីបអឺរ៉ុបមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងលំហូរនៃជនចំណាកស្រុកចំនួនមួយលាននាក់...គឺមិនមែនថាគ្រប់គ្រងមិនបាននោះទេ។ ខ្ញុំមិនមែនមានន័យថា អ្វីដែលដែលកើតឡើងនៅក្នុងទ្វីបអឺរ៉ុបគឺងាយស្រួលនោះឡើយ ប៉ុន្តែពួកគេមានសមត្ថភាពក្នុងការដោះស្រាយប្រសិនបើពួកគេមានសាមគ្គីភាព។ ប៉ុន្តែពួកគេគ្មាន[សាមគ្គីភាព]នោះទេ»។
ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិបានរាយការយ៍ថា កាលពីឆ្នាំទៅមានជនភៀសខ្លួននិងជនចំណាកស្រុកលើសពី១លាននាក់ បានធ្វើដំណើរទៅកាន់អឺរ៉ុបតាមសមុទ្រ។ ក្នុងនោះប្រហែល៨០ភាគរយបានចូលទៅដល់ប្រទេសក្រិក ហើយអ្នកផ្សេងទៀតដែលនៅសល់បានមកដល់ប្រទេសអ៊ីតាលី និងប្រទេសម៉ាល់ត៍ (Malta)។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិបានហៅឆ្នាំ២០១៥ ជាឆ្នាំដែលប្រល័យបំផុត ហើយបានប៉ាន់ប្រមាណថាមានប្រជាជនប្រមាណ ៣.៧៧០ នាក់បានបាត់បង់ជីវិត ដោយសារការផ្សងគ្រោះថ្នាក់ឆ្លងសមុទ្រមេឌីទែរ៉ាណេ (Mediterranean Sea)។
កាលពីឆ្នាំទៅ សហភាពអឺរ៉ុបបានយល់ព្រមបែងចែកឡើងវិញនូវជនភៀសខ្លួនចំនួន១៦០.០០០នាក់ ទៅកាន់ប្រទេសជាសមាជិកទាំង២៨។ ប៉ុន្តែ លោក Lacy Swing នៃអង្គការ IOm ប្រាប់ VOAថា ជាក់ស្តែងមានមនុស្សចំនួនតិចជាង១.០០០នាក់ ដែលត្រូវបានតាំងទីលំនៅថ្មី។
លោក Lacy Swing និយាយថា៖ «យើងទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសក្រិច ដើម្បីចាប់ផ្តើមរៀបចំតាំងទីលំនៅថ្មី ចេញពីក្រិចទៅកាន់ប្រទេសមួយចំនួនបញ្ចូលទាំងតំបន់ណ័រឌីក(Nordics)។ ខ្ញុំមិនដឹងចំនួនប្រជាជនពិតប្រាកដ ដែលយើងនឹងផ្លាស់ពីទីនោះទេ។ យើងសង្ឃឹមថា វាកំពុងតែអនុវត្តហើយ។ យើងបានត្រៀមលក្ខណៈធ្វើវាហើយ។ យើងបានពិនិត្យសុខភាពនិងផ្លាស់ទីលំនៅឲ្យមនុស្សលើសពី៣០០.០០០នាក់ ជារៀងរាល់ឆ្នាំ។ ដូច្នេះ យើងទម្លាប់នឹងធ្វើវាហើយ។ ចំពោះយើង វាជាសំនួរអំពីប្រតិបត្តិការប៉ុណ្ណោះ។ យើងត្រៀមលក្ខណៈរួចហើយ»។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិរាយការណ៍ថា មានជនភៀសខ្លួននិងជនចំណាកស្រុកលើសពី២៣.០០០នាក់ បានធ្វើដំណើរទៅដល់ប្រទេសក្រិចនិងប្រទេសអ៊ីតាលីនៅក្នុងខែនេះ។ លោក Swingនិយាយថា វាអាចមានការលំបាកជាងមុនសម្រាប់ជនអន្តោប្រវេសន៍ដែលធ្វើដំណើរទៅទ្វីបអឺរ៉ុបក្នុងឆ្នាំនេះ ព្រោះការរឹតបណ្តឹងខាងផ្លូវច្បាប់កំពុងត្រូវបានអនុវត្ត។
ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា វាជារឿងមិនសមហេតុផលឡើយក្នុងការហាមឃាត់មនុស្សដែលអស់សង្ឃឹមមិនឲ្យមកទីនេះ និងព្យាករអំពីលំហូរជនចំណាកស្រុកជាច្រើនបន្តចូលមកទ្វីបអឺរ៉ុបក្នុងឆ្នាំនេះដែរ៕
ប្រែសម្រួលដោយ វិញ សុជាតា