អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីថ្នាក់តំបន់ អំពីទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី ហៅកាត់ថា (MBHR Asia) ដើម្បីលើកកម្ពស់សិទ្ធិ និងការពារពលករទេសន្តរប្រវេសន៍ ឬពលករចំណាកស្រុក។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះនៅរាជធានីភ្នំពេញ អ្នកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំប្រទេសកម្ពុជាលើកឡើងថា មានពលករចំណាកស្រុកកម្ពុជាមានចំនួន ១,៣៦ លាននាក់ ក្នុងប្រទេសចំនួន ៧ ហើយក្នុងចំណោមនោះ មាន ១,២៦ លាននាក់ កំពុងរស់នៅក្នុងប្រទេសថៃ។
អ្នកស្រីបន្ថែមថា នៅឆ្នាំ ២០២៣ ពលករចំណាកស្រុកកម្ពុជាបានផ្ញើរប្រាក់ចំនួនប្រមាណជា ២,៩ ពាន់លានដុល្លារអាមេរិកត្រឡប់មកប្រទេសខ្លួនវិញ ដែលស្មើនឹង៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។
បើទោះការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសបាននាំមកវិញនូវចំណូល ការផ្ទេរជំនាញ ហើយរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសដើមក៏ដោយ ក៏ពលករចំណាកស្រុកមានភាពងាយរងគ្រោះពីការកេងប្រវ័ញ្ច ដោយពលករម្នាក់ក្នុងចំណោមពលករជាមធ្យម ៤ នាក់ បានក្លាយជាជនរងគ្រោះនៃការងារដែលចាប់បង្ខំ។ នេះបើតាមអ្នកស្រី Kristin Parco។
អ្នកស្រី Kristin Parco បន្ថែមទៀតថា ដោយសារហេតុផលនៃភាពរងគ្រោះខាងលើនេះ អង្គការអន្តរជាតិទេសន្តរប្រវេសន៍នឹងអនុវត្តកម្មវិធីថ្នាក់តំបន់ អំពីទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី ដែលគាំទ្រដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលប្រទេសស៊ុយអែត ដើម្បីលើកកម្ពស់ការទទួលខុសត្រូវរបស់សាជីវកម្ម និងសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
អ្នកស្រីថ្លែងថា៖ «កម្មវិធី MBHR Asia មានគោលបំណងជំរុញការគោរពឱ្យបានពេញលេញនូវសិទ្ធិមនុស្ស និងសិទ្ធិការងាររបស់ពលករចំណាកស្រុក ជាពិសេសស្រ្តី និងពលករចំណាកស្រុកដែលក្នុង ស្ថានភាពនៃភាពរងគ្រោះនៅក្នុងខ្សែសង្វាក់ផលិតកម្មក្នុងតំបន់អាស៊ី។ កម្មវិធីនេះនឹងជួយជំរុញការអនុវត្តនានានូវក្របខណ្ឌនៃការការពារ ការគោរព និងការទូទាត់សំណងនៃគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ លើការធ្វើជំនួញ និងបញ្ហាសិទ្ធិមនុស្ស»។
អ្នកស្រីបន្ថែមថា គម្រោងនេះនឹងអនុវត្តទៅតាមសារាចរណែនាំស្តីពីការអនុវត្តដោយត្រឹមត្រូវនៃសាជីវកម្មប្រកបដោយចីរភាពរបស់សហភាពអឺរ៉ុប (EU Corporate Sustainability Due Diligence) ដែលតាមមន្ត្រីរបស់សហភាពអឺរ៉ុបថា ផ្តោតលើការពារសិទ្ធិមនុស្ស ផលប៉ះពាល់ខាងសង្គម និងបរិស្ថាន និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនសាជីវកម្ម និងវិស័យឯកជន ទាក់ទងនឹងការអនុវត្តរបស់ពួកគេក្នុងដំណើរការផលិតកម្ម។
គម្រោងកម្មវិធីថ្នាក់តំបន់ អំពីទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី គឺជាកម្មវិធីថ្នាក់តំបន់ដែលគាំទ្រដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែតដែលនឹងដំណើរការពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ នៅទូទាំងប្រទេសកម្ពុជា ម៉ាឡេស៊ី នេប៉ាល់ ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ គម្រោងនេះមានគោលបំណងលើកកម្ពស់ទំនួលខុសត្រូវរបស់ក្រុមហ៊ុនក្នុងការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍ លើកកម្ពស់ និងពង្រីកច្រកទេសន្តរប្រទេសន៍ការងារជាប្រក្រតីដែលធានាដល់ការជ្រើសរើសប្រកបដោយក្រមសីលធម៌ សម្រួលដល់ការចល័តកម្លាំងពលកម្ម និងការងារសមរម្យ។
លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្លែងថា សហភាពអឺរ៉ុបបានផ្តល់ការគំាទ្រ គម្រោង MBHR Asia នេះ ដើម្បីឱ្យមានការធ្វើការចំណាកស្រុកដោយសុវត្ថិភាព ក្នុងតំបន់អាស៊ាន ឬក៏ដោយផ្ទាល់នៅកម្ពុជា។
បើតាមលោក Bryan គម្រោងនេះ បានកើតឡើង ចំពេលសហភាពអឺរ៉ុបបានបង្កើតឱ្យមានសារាចរណែនាំស្តីពីការអនុវត្តដោយត្រឹមត្រូវនៃសាជីវកម្មប្រកបដោយចីរភាពរបស់សហភាពអឺរ៉ុប ដែលប្រទេសសមាជិកក្នុងសហភាពអឺរ៉ុបត្រូវអនុវត្តតាម ហើយវាក៏នឹងតម្រូវឱ្យអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុននៅសហភាពអឺរ៉ុបគោរពតាម រួមមានទាំងអ្នកវិនិយោគ ឬវិស័យឯកជននៅកម្ពុជា។
លោកថ្លែងថា៖ «សារាចរណែនាំនេះ មិនត្រឹមតែអនុវត្តទៅលើក្រុមហ៊ុនសហភាពអឺរ៉ុបនោះទេ ប៉ុន្តែវាក៏នឹងត្រូវអនុវត្តទៅលើអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនសហភាពអឺរ៉ុបដែលចុះបញ្ជីនៅអឺរ៉ុប ដែលនេះមានន័យថា វានឹងមានឥទិ្ធពលខ្លាំងលើប្រទេសនានាដូចជាកម្ពុជា និងវិស័យឯកជនដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ដែលផ្គត់ផ្គង់ឱ្យសហភាពអឺរ៉ុប»។
ដោយឡែកអ្នកស្រី កៅ សុគន្ធផារ៉ាឌី មន្ត្រីគម្រោងថ្នាក់ជាតិផ្នែកបរិយាប័ន្នសង្គម និងបម្លាស់ទីការងារនៃអង្គការទេសន្តរប្រវេសន៍ (IOM) នៅកម្ពុជា ថ្លែងថា ប្រទេសថៃនឹងក្លាយជាតំបន់ផ្តោតសំខាន់ នៅក្នុងការអនុវត្តគម្រោង MBHR Asia ដំណាក់កាលដំបូងៗ ដោយសារមានពលករខ្មែរជាង១លាននាក់រស់នៅទីនោះ ហើយគម្រោងនេះក៏នឹងមើលទៅលើទៅជនបរទេសដែលចូលមកធ្វើការនៅកម្ពុជា។
អ្នកស្រីថ្លែងថា៖ «ដូចនៅក្នុងគម្រោងនេះ គឺសម្រាប់ ៧ ប្រទេស ហើយអធ្យាស្រ័យដែលខ្ញុំលើកឡើងតែប្រទេសថៃ តែគ្រាន់ថា ភាគច្រើនពលករយើងក្នុង ១,២ លាន នៅក្នុង ១,៣ លាន គឺធ្វើការនៅថៃ អ៊ីចឹងហើយ ខ្ញុំលើកឡើងភាគច្រើនបរិបទប្រទេសថៃ។ តែយ៉ាងណា គម្រោងមិនពង្រីកទីតាំងត្រឹមថៃ ឬក៏តែប្រទេសថៃទេ គឺយើងនឹងព្យាយាមទៅដល់ corridors [ច្រករបៀង] ប្រទេសម៉ាឡេស៊ីផ្សេងទៀត ហើយនិងប្រទេសពាក់ព័ន្ធ តែគ្រាន់ថា ព្យាយាម ចាប់ផើ្តមដំបូងពង្រឹងជាមួយcorridors [ច្រករបៀង] ប្រទេសថៃ»។
អ្នកស្រីបន្ថែមថា សម្រាប់ដំណាក់កាលដំបូងនៃការអនុវត្តគម្រោងនេះ អង្គការ IOM នៅកម្ពុជា និងនៅប្រទេសថៃ នឹងសហការគ្នាធ្វើការជាមួយវិស័យឯកជននៅថៃ ឱ្យវិស័យឯកជនអនុលោមទៅតាមគោលការណ៍នៃការជ្រើសរើស និងការការពារពលករឱ្យបានកាន់តែប្រសើរជាងមុន។ អ្នកស្រីថា ការធ្វើដូច្នេះក៏នឹងអនុវត្តនៅកម្ពុជា ដែលអ្នកផ្គត់ផ្គង់នឹងទទួលបានការកសាងសមត្ថភាព ជុំវិញការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ ខណៈកម្ពុជាកំពុងក្លាយជាប្រទេសដែលទទួលយកពលករបរទេស ដូចជាពលករឥណ្ឌាជាដើម។
រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហ៊ូ វុទ្ធី យល់ថា គម្រោង MBHR Asia នឹងចូលរួមពង្រឹង និងពង្រីកផ្លូវទេសន្តរប្រវេសន៍ការងារដោយប្រក្រតី ធានាដល់ការជ្រើសរើសប្រកបដោយក្រមសីលធម៌ សម្រួលដល់ចល័តភាពពលកម្ម និងផ្តល់ជូនពលរដ្ឋនូវការងារសមរម្យតាមរយៈគោលដៅសំខាន់មួយគឺការការពារ ការដោះស្រាយផលប៉ះពាល់នានា និងការគោរសិទ្ធិពលករទេសន្តរប្រវេសន៍។
បើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់អង្គការទេសន្តរប្រវេសន៍ (IOM) នៅកម្ពុជា ទោះបីពលករចំណាកស្រុកបានរួមចំណែកច្រើនដល់ការផ្ញើលុយកាក់ចូលមកប្រទេសវិញក្តី ក៏ពលករទេសន្តរប្រវេសន៍នៅតែទំនងជាជួបប្រទះការរំលោភសិទ្ធិមនុស្ស និងការងារដល់ទៅបីដងក្នុងអំឡុងពេលជ្រើសរើស ការដាក់ឱ្យបម្រើការងារ និងជីវិតនៅក្រៅប្រទេស។ ទាំងនេះរួមមានការបោកបញ្ឆោត ការរើសអើង ការជាប់បំណុល ការបង្ខិតបង្ខំ ប្រាក់ឈ្នួលមិនស្មើគ្នា ឬមិនមានប្រាក់ឈ្នួល ការខ្វះលទ្ធភាពទទួលបានសំណង និងការរឹតត្បិតសេរីភាពនៃចលនា៕