ឧកញ៉ា​ ថោង សារ៉ាត់ ​រត់​គេច​ខ្លួន​ពេល​ប៉ូលិស​ឃាត់​ខ្លួន​អង្គរក្ស​បួន​នាក់

បុណ្យ​សព​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ​ (ផ្តល់​ឲ្យ​ដោយ​គ្រួសារ​ជន​រង​គ្រោះ)

មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បន្ត​សាក​សួរ​ជន​សង្ស័យ​បន្ថែម​ទៀតពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា ​អ៊ឹង ម៉េង​ជឺ​ ដែល​ធ្វើ​ឱ្យកក្រើក​ក្នុង​ទីក្រុង​ភ្នំពេញ។​

រហូត​មកដល់​ពេល​នេះ​ក្រុម​សមត្ថកិច្ចបាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤​នាក់​ហើយ ​ដែល​សុទ្ធ​សឹង​ជា​អង្គរក្ស​ផ្ទាល់​ របស់​លោក​ឧកញ៉ា ​ថោង សារ៉ាត់។

ជន​សង្ស័យ​ទាំង​បួន​នាក់​កំពុង​ឃុំ​ខ្លួន​នៅ​ស្នង​ការ​ប៉ូលិស​ក្រុង​ភ្នំពេញ។​

មន្ត្រី​ប៉ូលិស​បាន​បញ្ជាក់​ថា​ជន​សង្ស័យ​ទាំង​បួន​នាក់​ដែល​ក្រុមសមត្ថកិច្ចបាន​ឃាត់​ខ្លួន​រួម​មាន​លោក​ ទៀង វាសនា​ អាយុ​៤៤​ឆ្នាំ​ កុយ ចាន់​ថុល​ អាយុ​២៩​ឆ្នាំ​ មាស សម្បត្តិ​ អាយុ​ ២៧ ឆ្នាំ​ និង​ លី សៅ​ ដែល​ក្រុមសមត្ថកិច្ចបាន​ឃាត់​ខ្លួនចុង​ក្រោយ​គេនៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

លោក​ អ៊ិន បូរ៉ា​ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ថា​ក្រុម​សមត្ថកិច្ចបាន​រក​ឃើញ​ចម្លើយ​វិជ្ជមាន​មួយ​ចំនួន​ហើយ​ដែល​ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ជាប់ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ។​

លោក​និយាយ​ថា៖ ​«នៅ​កំពុង​សាក​សួរ​ដដែល​យើង​បាន​វិជ្ជមាន​ច្រើន»។​

លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ អាយុ​៥៣​ឆ្នាំ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាញ់​និង​កាំ​ភ្លើង​ខ្លី​ចំនួន​៨​គ្រាប់​កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​បណ្តាល​ឱ្យ​ជនរង​គ្រោះ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​ក្នុង​ខណៈ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រថ​យន្ត​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​តូប​លក់ផ្លែ​ឈើ​មួយ​នៅ​ជិត​ម្តុំ​អាង​ទឹក​អូឡាំពិក។​

ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ​ ត្រូវ​បាន​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​បាន​បង្ហោះ​រូប​ជន​សង្ស័យ​បាន​ចុះ​ពី​លើ​ម៉ូតូ​មក​បាញ់​ជនរង​គ្រោះ​នៅ​ចម្ងាយ​យ៉ាង​យ៉ាង​កៀក​បំផុត​រួច​ហើយ​បាន​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព។​

ក្រោយ​ពី​ឃាតកម្ម​បាន​មួយ​សប្តាហ៍​ក្រុមសមត្ថកិច្ចបាន​ឃុំ​ខ្លួន​អង្គរក្ស​លោក​ឧកញ៉ា​ ថោង សារ៉ាត់​ចំនួន​បួន​នាក់​ជា​បន្តបន្ទាប់ដើម្បី​ស៊ើប​អង្កេត​បន្ត។ ​ក៏ប៉ុន្តែ​លោក​ឧកញ៉ា ថោង សារ៉ាត់​ សមត្ថកិច្ច​មិន​បាន​ឃុំ​ខ្លួន​ទេ​ក្រោយ​ពី​បាន​កោះ​ហៅ​មក​សាក​សួរ​កាល​ពី​ថ្ងៃ​អង្គារ។​

អ្នក​ស្រី​ កែវ សារី​ ដែល​អះអាង​ថា​ត្រូវ​ជាម្តាយ​ និង​ លោក​ ថោង ចំរើន​ ត្រូវ​ជា​ឪពុក​ លោក​ឧកញ៉ា ថោង សារ៉ាត់​បាន​ចេញ​មុខ​មក​ការពារ​ជំនួស​កូន​អ្នកថា​មាន​ភាព​ស្អាត​ស្អំ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​ទេ។​

ថ្លែងក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ពុធ​នេះ​ទាំង​លោក​ចំរើន​ និង​ អ្នក​ស្រី សារី​ ដែល​និយាយ​ភាសារ​ខ្មែរ​មិន​ច្បាស់​បាន​និយាយ​ថា​លោក ថោង សារ៉ាត់​ បាន​រត់​គេច​ទៅ​លាក់​ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព​ហើយ​ដោយ​សារ​ខ្លាច​ក្រែង​សមត្ថកិច្ចចាប់​ខ្លួនទាំង​គ្មាន​កំហុស។​

អ្នក​ស្រី​សារី​ និង​ លោក​ចំរើន​ និយាយ​ថា៖​ «គេច​ខ្លួន​បាត់​ហើយ​ អត់​នៅ​ផ្ទះ​ទេ។​ ធ្វើ​ផ្តេស​ផ្តាស​ខ្ញុំ​អត់​ព្រម​ថ្ងៃ​ណា​តុលាការ​ហោះ​កូន​ខ្ញុំ​ទៅ​ អត់​ទាន់​ហៅ​ទៅ​ទេ។ ​តុលាការ​ដកសិទ្ធិ​មនុស្ស​កូន​ខ្ញុំ»។​

លោក​ឧកញ៉ា ​ថោង សារ៉ាត់​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​បាន​ប្រាប់​វីអូអេ​តាម​រយៈ​ទូរស័ព្ទ​ថា​លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ ទេ។​

លោក​មាន​ប្រសាសន៍​ថា​លោក​មិន​ដែល​ស្គាល់​ មិន​ដែល​មាន​ទំនាស់​ និង​ មិន​ដែល​រក​ស៊ី​ជាមួយ​ជនរង​គ្រោះ​ផងដែរ។ ​លោក​បាន​បញ្ជាក់​ថា​ ចំណែក​ឯ​ភិន​ភាគ​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​បាន​បង្ហាញ​ពី​សកម្មភាព​ឃាតករ​បាញ់​សម្លាប់​ទៅ​លើ​ជន​រងគ្រោះ​ក៏មិន​មាន​លក្ខណៈ​ដូច​គ្នា​និង​អង្គរក្ស​របស់​លោក​ដែរ។​

លោក​ ជួន សុវណ្ណ​ ស្នងការប៉ូលិស​ក្រុង​ភ្នំពេញ​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល៕