អតីត​មន្ត្រី​បក្ស​ប្រឆាំង​លោក អឿ ណារិទ្ធ និយាយ​ពី​«ការ​គំរាម​កំហែង» ក្រោយ​នគរបាល​ដោះលែង

​លោក ​អឿ ណារិទ្ធ ​អតីត​ជំនួយ​ការ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក)

លោក អឿ ណារិទ្ធ ជា​អតីត​ជំនួយការ​អនុប្រធាន​បក្ស​សង្គ្រោះជាតិ​ពីររូប គឺលោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខហួរ។ លោក​ត្រូវបាន​នគរបាល​ចាប់ខ្លួន​នៅមុខ​មន្ទីរពេទ្យ​កាល់ម៉ែត្រ កាលពី​ម៉ោង១រសៀល ថ្ងៃសៅរ៍​កន្លងទៅ ដើម្បី​សួរនាំ​ករណី​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ឯកជន ដែល​លោកថា បាន​បញ្ចប់​តាំងពី​ឆ្នាំ២០១២ មកម្ល៉េះ។

អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ គឺ​លោក ​អឿ ណារិទ្ធ​ បាន​និយាយ​ថា ​ខ្លួន​ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​ ដើម្បី​សួរ​នាំ​ករណី​លុយ​កាក់​ឯក​ជន​ផង ​និង​ករណី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ផង។​

លោក ​អឿ ណារិទ្ធ ​ជា​អតីត​ជំនួយ​ការ​អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ គឺ​លោក ​អេង ឆៃ​អ៊ាង ​និង​លោក​ស្រី មូរ សុខហួរ។ ​លោក​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​នៅ​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ កាល​ពី​ម៉ោង​១​រសៀល ​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​ដើម្បី​សួរ​នាំ​ករណី​ទំនាក់​ទំនង​ហិរញ្ញ​វត្ថុ​ឯកជន ​ដែល​លោក​និយាយ​ថា បាន​បញ្ចប់​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ។​

អតីត​មន្ត្រី​បក្ស​ជំទាស់​រូបនេះ​បាន​ប្រាប់​VOA​ថា៖ ​«រឿង​នេះ​វា​មាន​តាំង​ពី​២០១២​ ឯ​ណោះ។​ វា​អត់​មាន​ទាក់ទង​អ្វី​នឹង​រឿង​នេះ​ទេ​ណា៎។​ ខ្ញុំ​គិត​ថា​ រឿង​នេះ​វា​ចប់​ហើយ។​ វា​អត់​មាន​អ្វី​ទេ។​ យើង​ដោះ​ស្រាយ​គ្នា​រួច​អស់ហើយ»។​

លោក ​អឿ ណារិទ្ធ ​បន្ថែម​ថា ​នៅ​ពេល​រូប​លោក​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ សមត្ថកិច្ច​បាន​ដក​ហូត​សម្ភារៈ​ផ្ទាល់​ខ្លួន​របស់​លោក ​រួម​ទាំង​ទូរស័ព្ទ​ដៃ​ទំនាក់​ទំនង​របស់​លោក​ផង។​

«ខ្ញុំ​គិត​ចុះ​គិត​ឡើងៗ​ខ្ញុំ​មិន​ហ៊ាន​ប្រថុយ​ទេ ​ ព្រោះ​អី​ខ្ញុំ​ខ្លាច​បាត់បង់​[ទិន្នន័យ]​ធនាគារ​អី​ខ្ញុំ។​ លេខ​កូដ​ធនាគារ ​លេខ​អី​នៅ​ក្នុង​ទូរស័ព្ទ​ខ្ញុំ​ទាំងអស់ ​ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​បោក​អា​ទូរស័ព្ទ​នោះ​ទៅ»។​

ក្រោយ​ពី​លោក​បាន​បោក​ទូរស័ព្ទ​ដៃ​ចោល ​ សមត្ថកិច្ច​ក៏​បាន​ចាប់​ក្រៀក​ និង​ព្យាយាម​ចោទ​ថា​ លោក​បំបាត់​ភស្តុតាង​តែ​លោក​បាន​បដិសេធ។ ​ សមត្ថ​កិច្ច​ក៏​បាន​សួរនាំ​លោក​អំពី​អាជីវកម្ម​ហាង​កាហ្វេ​របស់​លោក ​ដែល​បើក​នៅ​ក្បែរ​ផ្សារ​ធំ​ថ្មី ​និង​មូលនិធិ​ដែល​លោក​ជួយ​រៃ​អង្គាស ​ដើម្បី​ទំនុក​បម្រុង​សកម្មជន​នយោបាយ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ។​

សមត្ថកិច្ច​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ក៏​បាន​ពិនិត្យ​មើល​កុំព្យូទ័រ​យួរដៃ​របស់​លោក​ ហើយ​សួរនាំ​លោក​អំពី​ការ​ជួបជុំ​ជាមួយ​អតីត​មន្ត្រី​ និង​សកម្ម​ជន​បក្ស​ជំទាស់​នៅ​ហាង​កាហ្វេ​របស់​លោក​ ដែល​លោក​ថា​ គ្រាន់​ជា​ការ​ចែក​រំលែក​ចំណេះ​ដឹង។ ​រហូត​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ច័ន្ទ ​ទើប​មាន​ការ​ដោះលែង​មក​វិញ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​អឿ ណារិទ្ធ។​

«គេ​ឱ្យ​ធ្វើ​កិច្ច​សន្យា​ ផ្ដិត​មេដៃ ​កុំឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ កុំ​ឱ្យ​មាន​ការ​ជួបជុំ​ ឬ​ក៏​ប្រមូល​ផ្ដុំ​យុវជន​ ឬ​ក៏​ជាមួយ​អតីត​អ្នក​ជាប់​ឃុំ​អ៊ីចឹង​ទៅ​ណា៎។ ​គេ​ប្រាប់​អ៊ីចឹង។ ...​ គេ​ថា​ គេនឹង​តាម​ដាន​ទៀត​អ៊ី​ចឹង​ណា៎។ ​តាមដាន​មើល​សកម្មភាព​យើង។ ​មើលយើង​ធ្វើ​អ្វី​អ៊ីចឹង»។​

លោក​ អឿ ណារិទ្ធ​ចាត់​ទុក​ថា ​ការ​នាំ​ខ្លួន​ទៅ​សួរ​នាំ​នេះ​ជា​ការ​«គំរាម​កំហែង»​មួយ។​

«និយាយ​ទៅ ​ការ​គំរាម​កំហែង​ ឬក៏​ការ​ប្រយ័ត្ន​ប្រយែង​ផ្នែក​សន្ដិសុខ​របស់​គេ។ បើ​យើង ​យើង​ថា​ គំរាម​កំហែង​ ព្រោះ​យើង​គិត​ថា ​អត់មាន​អី​ដែល​ទាក់ទង​នឹង​រឿង​នយោបាយ តែ​យើង​ក៏​ធ្លាប់​នៅ​ក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចាប់​នេះ​យើង​គិត​ថា​ជា​ការ​គំរាម​កំហែង​មួយ​ទៅ»។​

លោក​វរៈសេនីយ៍ឯក​ សាន សុខសីហា ​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ប្រាប់​ VOA​ ថា ​ការ​ឃាត់​ខ្លួន​លោក ​អឿ ណារិទ្ធ​ គឺ​មាន​ពិត​ប្រាកដ​មែន។​

«ជាក់​ស្ដែង​ដំបូង​ ដូច​ជា​ទាក់ទង​នឹង​បញ្ហា​លុយ​កាក់​មួយ​ចំនួន​ដល់​ពេល​ក្រោយ​មក​ទៅ​ តាម​ការ​ហៅ​គាត់​មក​សាក​សួរ​បំភ្លឺ​ទៅ ​ដូចជា​មិន​មាន​ចំណុច​ចោទ​ប្រកាន់​អ្វី​ទេ​ ក៏​សមត្ថ​កិច្ច​ធ្វើ​ការ​ដោះ​លែង​ទៅ»។​

អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​រូប​នេះ ប្រាប់​ VOA ​យ៉ាង​ដូច្នេះ​ថា៖ ​«អឺ​នេះ ​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​ ដូច​ជា​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​លុយ​កាក់ ​តែ​មិន​ដឹង​ពាក់ព័ន្ធ​នឹង​បណ្ដឹង ​ប្រហែល​ជា​ពាក់ព័ន្ធ​នឹង​រឿង​ខ្ចី​លុយ​ ឬ​ក៏​យ៉ាង​ម៉េច​អ៊ីចឹង​ទៅណា៎។ ​ ប៉ុន្តែ​ដល់​ទៅ​ក្រោយ​មក ក៏​មាន​ការ​ដោះ​ស្រាយ​រវាង​គាត់ ​និង​ភាគី​អីនោះ​រួច​រាល់ ​ ក៏វា​ចប់​សព្វ​គ្រប់​ទៅ»។

មន្ត្រី​នគរបាល​រូប​នេះ ​មិន​បាន​បញ្ជាក់​លម្អិត​អ្វី​លើស​ពី​នេះ​ នោះ​ទេ។​

ការ​ឃាត់​ខ្លួន​លោក​ អឿ ណារិទ្ធ​ យក​ទៅសួរនាំ​និង​ក្រោយ​មក​ដោះលែង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ព្រម​ពេល​លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បាន​ប្រកាស​កាល​ពី​ថ្ងៃសៅរ៍​ថា​ លោក​មាន​គម្រោង​វិល​ចូល​ស្រុក​សាជា​ថ្មី ​បន្ទាប់​ពី​ការ​ប៉ុនប៉ង​វិល​ចូល​ស្រុក​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៩ ​មិន​ទទួល​ជោគ​ជ័យ។

អតីត​មន្ត្រី​បក្ស​ជំទាស់​រូប​នេះ ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្ដង​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ​ឆ្នាំ​២០១៤​ ក្រោយ​ករណី​ហិង្សា​ប្រតាយប្រតប់គ្នា​រវាង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​កង​កម្លាំង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ​ នៅ​ចំណុច​ស្ពាន​នាគ​ក្បែរ​វត្តភ្នំ។ ​លោក​ត្រូវ​បាន​ដោះលែង​មួយ​សប្ដាហ៍​ក្រោយ​មក ​តែ​ត្រូវ​ជាប់​បណ្ដឹង​ក្ដីក្ដាំ​នៅ​តុលាការ​ពី​បទ​កុបកម្ម។​

យ៉ាង​ណាក្ដី ​ ខណៈ​ដែល​នយោបាយ​ឡើង​កម្ដៅ ​នា​ខែ​កក្កដា ​ឆ្នាំ​២០១៥​ សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ចេញ​ដីកា​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ​សម្រេច​ផ្ដន្ទាទោស​រូប​លោក​ និង​សកម្មជន​ដទៃ​ទៀត​ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​កុបកម្ម​នេះ ដាក់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ ទៅ​២០​ឆ្នាំ។ ​លោក​ទទួល​សេរីភាព​ ក្រោយ​មាន​ព្រះរាជ​ទាន​លើក​លែង​ទោស​នៅ​ខែ​សីហា ​ឆ្នាំ​២០១៨។​

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ឱ្យ​ដឹង​ថា ករណី​នាំ​ខ្លួន​លោក​ អឿ ណារិទ្ធ​ ទៅ​ឃុំ​ឃាំង​សួរនាំ​ហើយ​លែង​មក​វិញ​នេះ​ និង​ការ​ចាប់​ខ្លួន​សកម្ម​ជន​ អ្នក​តស៊ូ​មតិ​ដទៃ​បាន​បង្ក​ជា​ការ​«ព្រួយ​បារម្ភ»​អំពី​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។​

«តាម​ពិត​ទៅ​ ការ​ដែល​ហៅ​ទៅ​សួរ​នេះ​ នាំ​ឱ្យ​គេ​មាន​ការ​សង្ស័យ​ថា ​ជា​ការ​សួរ​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​នយោបាយ​របស់​គាត់​ណា៎​ ពី​ព្រោះ​កន្លង​មក​គាត់​ជា​អតីត​សកម្មជន​របស់​អតីត​បក្ស​ប្រឆាំង​ហ្នឹង»។​

ចាប់​តាំង​ពី​ដំណាច់​ខែ​កក្កដា​មក ​សកម្មជន​ជិត​៣០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​មួយ​ចំនួន​នៃ​ពួក​គេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់»​ ដែល​បង្ក​ឱ្យ​អង្គការ​សហ​ប្រជាជាតិ ​សហ​រដ្ឋ​អាមេរិក ​និង​សហ​ភាព​អឺរ៉ុប​ សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ ​ តែ​រដ្ឋាភិបាល​កម្ពុជា​បាន​តប​ថា​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ៕