​បទ​សម្ភាសន៍​ជាមួយ គង់ ឌីវីន៖ ជ័យ​លាភីលេខ២​នៃ​កម្មវិធីព័ត៌មាន​វិទ្យា​លំដាប់ពិភពលោក២០១៥

គង់ ឌីវីន ម្ចាស់​មេដាយ​ប្រាក់​ក្នុងការ​ប្រកួត​កម្មវិធី​កុំព្យូទ័រ​លំដាប់​អន្តរជាតិឆ្នាំ​២០១៥ នៅ​បន្ទប់ផ្សាយ​ VOA ភ្នំពេញ កាល​ពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/ VOA Khmer)

យុវជន​ខ្មែរ​មួយ​រួបបានក្លាយ​ជាជ័យលាភី​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​ការ​ប្រកួត​ផ្នែក​ព័ត៌មាន​វិទ្យាថ្នាក់​ពិភព​លោក​​ដែល​មាន​ឈ្មោះ​ថា​ Microsoft Office Specialist World Champion 2015​ នៅ​រដ្ឋ​តិចសាស់​ សហ​រដ្ឋ​អាមេរិក​ កាល​ពីដើម​ខែ​សីហា​​កន្លង​ទៅ។

កំណត់​និពន្ធយុវជន​ខ្មែរ​មួយ​រួបបានក្លាយ​ជាជ័យលាភី​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​ការ​ប្រកួត​ផ្នែក​ព័ត៌មាន​វិទ្យាថ្នាក់​ពិភព​លោកដែល​មាន​ឈ្មោះ​ថា​ Microsoft Office Specialist World Champion 2015​ នៅ​រដ្ឋ​តិចសាស់​ សហ​រដ្ឋ​អាមេរិក​ កាល​ពីដើម​ខែ​សីហាកន្លង​ទៅ។ ​នាង ​នូវ ពៅលក្ខិណា​នៃ​ VOA ​បាន​ធ្វើ​បទ​សម្ភាសន៍​អំពី​ការ​ប្រកួត​នេះ​ជាមួយ​យុវជន​ គង់​ ឌីវីន​ ដែល​ជាជ័យ​លាភី​ក្នុង​ការ​ប្រកួត​ប្រជែង​លំដាប់​ពិភព​លោក​នេះ។

សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​ត​ទៅ៖

Your browser doesn’t support HTML5

បទ​សម្ភាសន៍ជាមួយ គង់ ឌីវីន៖ ជ័យលាភី​ចំណាត់ថ្នាក់​លេខ​២នៃ​កម្មវិធី Microsoft Office Specialist World Champion 2015​

VOA៖​ សួ​ស្តី​ ឌីវីន!​ សូម​ស្វាគមន៍​ និង​អរគុណ​សម្រាប់​ការ​ផ្តល់​បទ​សម្ភាសន៍​ផ្ទាល់​នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​ VOA ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។​

គង់ ឌីវីន៖​ ​សួស្តី!​

VOA៖​ ជា​ដំបូង​ សូមលោកជួយ​ណែ​នាំត្រួសៗ​បន្តិច​អំ​ពី​ខ្លួន​ឯង​ និង​អំពី​កម្មវិធី​ដែល​លោកទើបតែ​ត្រឡប់មក​ពីប្រកួត​នៅ​សហ​រដ្ឋ​អាមេរិក​ បន្តិច​បាន​ទេ​ចា៎?

គង់ ឌីវីន៖ ខ្ញុំ​បាទ​ឈ្មោះ​គង់ ឌីវីន​ជា​និស្សិត​ឆ្នាំ​ទី៤​ផ្នែក​ព័ត៌មាន​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ​ និង​ជា​និស្សិត​ឆ្នាំ​ទី៤​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។ ​កម្មវិធី​ ដែល​ខ្ញុំ​ទើប​តែ​មក​ពី​ការ​ប្រកួត​នេះ​ឈ្មោះ​ថា​ Microsoft Office Specialist World Champion 2015 ​រៀប​ចំ​ដោយ​ក្រុមហ៊ុន​ Certiport​ ដែល​មាន​បេក្ខជន​ជាង​៨០​ម៉ឺន​នាក់​សម្រាប់​ការ​ប្រកួត​ហ្នឹង​ មក​ពី​១០៥​ប្រទេស។ ​ប៉ុន្តែ​អ្នក​ដែល​ទៅ​ដល់​អាមេរិកគឺ​មាន​១៤៥​នាក់​ទេ។​ វា​គឺ​ជា​ការ​ប្រកួត​ IT ​ធំ​ជាង​គេ​លើ​ពិភព​លោក។​

VOA៖ ​តើ​ការ​ប្រកួត​ប្រជែង​ហ្នឹង ​វា​មាន​លក្ខណៈ​ដូច​ម្តេច​ដែរ?​ ហើយ​មាន​ការ​លំបាក​យ៉ាង​ណា​ខ្លះ?​

គង់ ឌីវីន៖​ ដំណាក់​កាល​នៃ​ការ​ប្រឡង​គឺ​ទី១​គឺ​សាលា​គេ​រើស​បេក្ខជន​១៥​នាក់​លើ​៣​មុខ​វិជ្ជាWord, Excel, Power Point​ ដើម្បី​ឲ្យក្រុមហ៊ុន​រើស​យក​ម្នាក់​ក្នុង​មួយ​មុខ​វិជ្ជា​ដើម្បី​ទៅ​ប្រឡង​ថ្នាក់​ជាតិ។ ​បន្ទាប់​មក​បាន​គេ​យក​ម្នាក់​ក្នុង​មួយ​មុខវិជ្ជា​សរុប​ទៅ​៣​នាក់​ដើម្បី​យក​ទៅ​ប្រកួត​នៅ​សហ​រដ្ឋ​អាមេរិក។​ ​ ដល់​ពេល​ទៅ​ដល់​អាមេរិក​ គេ​ចែក​ចេញ​ជា​៦​ផ្នែក។ ​ក្នុង​ម្នាក់​ប្រឡង​មួយ​ផ្នែក​គឺ​បេក្ខជន​ទាំង​១៤៥​នាក់។​ ហើយ​គឺ​គេ​ឲ្យលក្ខណៈ​ Project Base​ ដូចជា ​Word ​គេ​ឲ្យជា​ Document Excel ​គេ​ឲ្យជា​ Worksheet Power Point ​គេ​ឲ្យជា ​Presentation Slide ​ដើម្បី​ឲ្យបេក្ខជន​បង្កើត​ឡើង​វិញ​ឲ្យបាន​ដូច ​ហើយ​រហ័ស។​ គឺ​គេ​យក ​Project​ មួយ​ចេញ​ពី​ក្រុម​ហ៊ុន​គឺ​ Slide ​របស់​ក្រុម​ហ៊ុន​ដែល​មាន​លក្ខណៈ​ពិបាក ស៊ាំញ៉ាំ​ដើម្បី​ឲ្យបេក្ខជន​ទាំង​អស់​ធ្វើឡើង​វិញ​ក្នុង​រយៈ​ពេល​៥០​នាទី។​

ការ​លំបាក​ទី១​គឺ​សំណួរ​របស់​គេ​គឺ​មាន​លក្ខណៈ​ពិបាក​យល់​បន្តិច​សម្រាប់​ខ្មែរ​ ពី​ព្រោះ​វា​មាន​ពាក្យ​បច្ចេកទេស ​និង​ពាក្យ​ខ្លះ​មាន​លាក់​បង្កប់​ន័យ​មួយ​ចំនួន​ ដែល​យើង​ត្រូវ​ព្យាយាម​យល់​ដើម្បី​ធ្វើ​ឲ្យបាន​ត្រឹម​ត្រូវ​តាម​ Guideline​ របស់​គេ។ ​ហើយ​មួយ​ទៀត​គឺ​ បេក្ខជន​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​ក៏​មាន​សមត្ថភាព​ធ្វើ​បាន​រហ័ស​មែន​ទែន​ គឺ​ត្រូវ​ទាម​ទារ​ឲ្យយើង​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ ហើយ​ធ្វើ​លឿន​ថែម​ទៀត​ដើម្បី​ទទួល​បាន​ជ័យ​ជំនះ។​

VOA៖ ​បើ​តាម​ដឹង​ នេះមិន​មែ​ន​ជា​លើកទី​មួយ​ទេ​ ដែល​ឌីវីន​បាន​ទៅ​ប្រកួត​កម្មវិធី​នេះ។ ប៉ុន្តែ​ឌីវីន​មិន​បាន​ទទួល​ជោគ​ជ័យ​ទេ​ នៅ​ពេល​ប្រកួត​លើក​មុន។​ តើ​ឌីវីន​សង្កេត​ឃើញ​ថា​ កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​ឌីវីន​ទទួល​បាន​ជោគ​ជ័យ?​

គង់ ឌីវីន៖ ​បើប្រៀបធៀប​ទៅ​ឆ្នាំ​មុន​ដែល​ខ្ញុំ​បរាជ័យ ​ហើយ​ឆ្នាំ​នេះ​ទទួល​បាន​ជោគ​ជ័យ​គឺ​ដោយសារ​តែ​យើង​ទទួល​បាន​បទ​ពិសោធន៍​ពី​ឆ្នាំ​មុន​ ពី​របៀប​នៃ​ការ​ប្រឡង​ ពី​ការ​ធ្វើ​ និង​របៀប​សួរ​សំណួរ​ ធ្វើ​ម៉េច​ឲ្យបាន​ដូច​គេ​ ទទួល​បាន​ពិន្ទុ​ល្អ។ ​ដូច្នេះ​យើងអាច​ត្រៀម​ខ្លួន​បាន​ល្អ​ជាង​មុន អាច​ស្រាវ​ជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ Resource ​ផ្សេងៗតាម​ប្រព័ន្ធអ៊ីនធើណិត​យក​មក​សិក្សា​រៀន​សូត្រ​បន្ថែម។​

ការ​ដែល​ជំរុញឲ្យខ្ញុំ​ប្រឡង​លើក​ទី២​នេះ​គឺ​ដោយសារ​តែ​លើក​ទី​មួយ​ខ្ញុំ​បរាជ័យ។​ ខ្ញុំ​ទទួល​ការ​បាក់ទឹក​ចិត្ត​ និង​មើល​ឃើញ​ប្រទេស​គេ​ដែល​ជាប់​ជ័យ​លាភីគឺ​គេ​មាន​មោទន​ភាព​ ធ្វើ​ឲ្យខ្ញុំ​ចង់​បាន​ជោគ​ជ័យ​ដូច​គេ​ ចង់​នាំ​មោទន​ភាព​មក​ប្រទេស​ដូច​គេ។​ ហើយ​ក៏​ធ្វើ​ឲ្យខ្ញុំ​ខិត​ខំប្រឹង​ប្រែង​ឡើង​វិញ ​មក​ដល់​គឺ​ខិត​ខំ​ធ្វើ ​អនុវត្ត​ដដែលៗ​ដើម្បី​ឲ្យយើង​ធ្វើ​បាន​រហ័ស​ ហើយ​នឹង​ព្យាយាម​រៀន​ពី​ Tip and Trick ​ផ្សេងៗ​ចេញ​ពី​ YouTube និង​Online Materials​មួយ​ចំនួន​ដើម្បី​ឲ្យទៅ​ប្រកួត​ឲ្យឈ្នះ ​ដើម្បី​នាំ​កិត្តិយស​មក​ប្រទេស​វិញ​ដូច​គេ​ដែរ។​

VOA៖​ អញ្ចឹង​ជួ​យ​រៀប​រាប់​អារម្មណ៍​របស់​ឌីវីន​បន្តិច​មក​ នៅ​ពេល​ខ្លួន​បាន​ទទួល​លទ្ធផល​នេះ។​

គង់ ឌីវីន៖ មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​មែន​ទែន ​ហើយ​វា​ជាអ្វី​ដែល​យើង​អត់​បាន​រំពឹង​ទុក​ពី​ព្រោះ​បេក្ខជន​ដែល​បាន​លេខ​៣​គឺ​គាត់​ធ្វើ​បាន​ហើយ​មុន​ម៉ោង​ មុន​យើង។ ​ដូច្នេះ​ពេល​ចេញ​លទ្ធផល​មក​គឺ​យើង​អស់​សង្ឃឹម​បាត់​ទៅហើយ។ ​ក៏​ប៉ុន្តែ​ស្រាប់​តែ​មាន​ឈ្មោះ​យើង​ Cambodia ​នៅលើ​អេក្រង់​ដ៏ធំ​របស់​គេ​ហ្នឹង​ គឺ​ធ្វើ​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ និង​រំភើប​មែន​ទែន។​

VOA៖​ សម្រាប់​ឌីវីនដែល​ជា​អ្នក​ស្រឡាញ់​បច្ចេក​វិទ្យា​ តើ​យល់​ថា​ ឧបករណ៍​អេឡិចត្រូនិច​ និង​អ៊ីនធើណិត​បាន​ចូល​រួម​ចំណែក​អ្វី​ខ្លះ​ដល់ជោគជ័យ​របស់​ខ្លួន?​

គង់ ឌីវីន៖ ​ការ​ដែល​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច​ជាមួយ​និង​ប្រព័ន្ធ​អ៊ីនធើណិត​គឺ​ចូល​រួម​យ៉ាង​ច្រើន​ក្នុង​ការ​យក​ជ័យ​ជំនះ​មួយ​នេះ ​ពីព្រោះ​ហេតុ​អី?​ ផ្នែក​ព័ត៌មាន​វិទ្យា​នេះ​គឺ​មាន​មេរៀន​មួយ​ចំនួន ​សឹង​តែ​ទាំង​អស់​គឺនៅលើ​អ៊ីនធើណិត​ ព្រោះភាគ​ច្រើន​អត់​មាន​ជា​សៀវភៅ​ ជាអី ដែល​បោះ​ពុម្ព​ជា​ភាសាខ្មែរ​ទេ។​ ដូច្នេះ​គឺ​មេរៀនទាំង​អស់​គឺ​យើង​មើល​ជា​ E-Book ជា​ Video Youtube ​និង​ Online Courses​ មួយ​ចំនួន។​

VOA៖ ​តើឌីវីន​គិត​ថា​ ជ័យ​ជម្នះ​បាន​រួម​ចំណែក​អ្វី​ខ្លះ​ដល់សាម៉ី​ខ្លួន​ អាជីព​ការងារ​នា​ពេល​អនាគត ​និង​សម្រាប់​ប្រទេស​កម្ពុជា?​

គង់ ឌីវីន៖ ​ការ​ឈ្នះ​នេះ​គឺ ធ្វើ​ឲ្យខ្ញុំ​ទទួល​បាន​ផល​ប្រយោជន៍​មួយ​ចំនួន ​ដូច​ជា​ផ្នែក ​Microsoft​ Office ​នេះ​គឺ​ជា​ការងារ​មួយ​ដែល​ចាំ​បាច់​ក្នុង​ការងារ​ផ្សេងៗ ​ដូច្នេះ​ការ​ផ្សាយ​រក​ការងារ​មួយចំនួន​ គេ​តែង​តែ​បញ្ចូល​ថា ​អ្នក​ហ្នឹង​ត្រូវ​ចេះ​ Microsoft Office ​ដូច្នេះ​វា​ជំរុញឲ្យខ្ញុំ​រក​ការងារ​ធ្វើ​បាន​ល្អ​ជាង​មុន។ ​ហើយ​ទៀតសោត ​វា​ក៏​ជាផ្នែក​មួយ​ដែល​ជំរុញឲ្យ​កូន​ខ្មែរ​យើង​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទៅ​ប្រកួត​ប្រជែង​នៅក្រៅ​ប្រទេស​ផ្នែក​ព័ត៌មាន​វិទ្យា​ជាមួយ​ប្រទេស​ដទៃ​ទៀត។​

VOA៖ ​សូម​អរគុណ​ឌីវីន​ យ៉ាង​ខ្លាំង​ដែល​បាន​ចែក​រំលែក​បទ​ពិសោធន៍​អំពី​ការ​ប្រកួត​នេះ​ ដល់​ប្រិយមិត្ត​ VOA ​ជាពិសេសយុវជន​កម្ពុជា​ ដែល​កំពុង​តែ​ខិត​ខំ​បង្កើត​ស្នាដៃ​ផ្សេងៗ ​ឬ​ក៏​ការ​ប្រកួត​នានា​ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​យើង។​

គង់ ឌីវីន៖ ​បាទ ជម្រាប​លា៕