បទ​សម្ភាសន៍​ជាមួយ​អ្នកគ្រូ នាង ផល្លា បេក្ខនារី​ពានរង្វាន់​គ្រូ​ឆ្នើម​ពិភពលោក

អ្នក​គ្រូ ផល្លា គ្រូ​បង្រៀន​កុមារ​ពិការ​ភ្នែក ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់ ហើយ​អ្នក​គ្រូ​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​១០នាក់​ចុង​ក្រោយ​សម្រាប់​ពាន​រង្វាន់​គ្រូបង្រៀន​ឆ្នើម​ក្នុង​សាកលលោក (Global Teacher Prize) ​របស់​មូលនិធិ Varkey។ (ផ្តល់​ដោយ​អង្គការ​គ្រួសារ​ថ្មី)

កំណត់​និពន្ធ៖ កុមារ​ពិការ​ភ្នែក និង​គថ្លង់​ក៏​មាន​សមត្ថភាព​រៀន​សូត្រ និង​អនាគត​ដូច​គ្នា​នឹង​កុមារ​កម្ពុជា​ធម្មតា​ដែរ​ឲ្យ​តែ​ពួក​គេ​ទទួល​បាន​ឱកាស​អប់រំ​ល្អ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នក​គ្រូ នាង ផល្លា ដែល​ជា​គ្រូ​បង្រៀន​កុមារ​ពិការ​ភ្នែក និង​គថ្លង់​ដំបូង​បង្អស់​នៅ​កម្ពុជា​ឲ្យ​អង្គការ​គ្រួសារ​ថ្មី ចាប់​តាំង​ពី​ឆ្នាំ១៩៩៣​មក។ ថ្មីៗ​នេះ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​គ្រូ ផល្លា ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់ ហើយ​អ្នក​គ្រូ​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​១០នាក់​ចុង​ក្រោយ​សម្រាប់​ពាន​រង្វាន់​គ្រូបង្រៀន​ឆ្នើម​ក្នុង​សាកលលោក (Global Teacher Prize) ​របស់​មូលនិធិ Varkey។

ប្រិយមិត្តអាចបោះឆ្នោត​បេក្ខភាព​អ្នកគ្រូ នាង ផល្លា តាមអ៊ីនធឺណិត​ត្រង់​នេះhttp://goo.gl/yXY3D1​

នាង ទែន សុខស្រីនិត នៃ​ VOA ​បាន​សន្ទនា​ជាមួយ​អ្នក​គ្រូ នាង ផល្លា តាម​ទូរស័ព្ទ​អំពី​ប្រវត្តិ​នៃ​ការ​បង្រៀន​របស់​អ្នក​គ្រូ និង​អំពី​ចំណាប់​អារម្មណ៍​របស់​អ្នក​គ្រូ​ដែល​បាន​ជាប់​ជា​បេក្ខជន​ចុង​ក្រោយ​ម្នាក់។ សូចអានឬចុចស្តាប់ខាងក្រោម៖

Your browser doesn’t support HTML5

បទ​សម្ភាសន៍​ជាមួយ​អ្នកគ្រូ នាង ផល្លា បេក្ខនារី​ពានរង្វាន់​គ្រូ​ឆ្នើម​ពិភពលោក

VOA៖ សូម​ជម្រាប​សួរ​អ្នក​គ្រូ ផល្លា។

អ្នក​គ្រូ ផល្លា៖ ច៎ាស សូម​ជម្រាប​សួរ​ប្អូន។

VOA៖ ជា​កិច្ច​ចាប់​ផ្តើម​នាង​ខ្ញុំ​ចង់​ឲ្យ​អ្នក​គ្រូ​រៀបរាប់​ពី​ប្រវត្តិ​បង្រៀន​កុមារ​ពិការ​នៅ​មជ្ឈមណ្ឌល​គ្រួសារ​ថ្មី​ជូន​លោក​អ្នក​ស្តាប់​បន្តិច?

អ្នក​គ្រូ ផល្លា៖ ច៎ាស នាង​ខ្ញុំ​ឈ្មោះ នាង ផល្លា ជា​គ្រូ​បង្រៀន​កុមារ​ពិការ​ភ្នែក​នៅ​ក្នុង​អង្គការ​គ្រួសារ​ថ្មី។ នាង​ខ្ញុំ​ចាប់​ផ្តើម​ប្រឡូក​ក្នុង​វិស័យ​អប់រំ​កុមារ​ពិការ​ភ្នែក​នៅ​ប្រទេស​កម្ពុជា​យើង​តាំង​ពី​ឆ្នាំ​១៩៩៣។ ជំហាន​ដំបូង​គឺ​យើង​ចាប់​ផ្តើម​ដើរ​រក​សិស្ស ប៉ុន្តែ ខ្ញុំ​សូម​ជម្រាប​ប្រវត្តិ​បន្តិច។ មុន​នឹង​ចាប់​ផ្តើម​បើក​សាលា​កុមារ​ពិការ​ភ្នែក​នេះ គឺ​យើង​មាន​អង្គការ​គ្រួសារ​ថ្មី ដែល​មាន​លោក Benoît Duchateau-Arminjon ជា​ប្រធាន​របស់​អង្គការ​គ្រួសារ​ថ្មី។ ក្នុង​ពេល​នោះ គាត់​មាន​ក្មេង​កំព្រា​ដែល​មក​ពី​ជំរុំ​ជន​ភៀស​ខ្លួន​ខ្មែរ​ថៃ។ ដូច្នេះ​មាន​ក្មេង​កំព្រា​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​របស់​អង្គការ​គ្រួសារ​ថ្មី។ ពេល​ថ្ងៃ​ពួក​គាត់​ទៅ​រៀន​ទាំង​អស់​គ្នា ហើយ​នៅ​សល់​តែ​ក្មេង​ពិការ​ភ្នែក​ម្នាក់ ដែល​គាត់​មាន​ឈ្មោះ​ថា វណ្ណា។ វណ្ណា បាន​ចោទ​សួរ នៅ​ពេល​ដែល​លោក Benoit ទៅ​មណ្ឌល ថា​តើ​ហេតុអ្វី​បាន​ជា​គាត់​មិន​មាន​សាលារៀន​ដើម្បី​ទៅ​រៀន​ដូច​គេ។ ក្មេង​ទូទៅ​បាន​ទៅ​សាលារៀន​ទាំង​អស់​គ្នា ហើយ​នៅ​សល់​តែ​គាត់​មួយ​ដែល​មិន​បាន​ទទួល​ការ​អប់​រំ។ ដូច្នេះ ប្រធាន​អង្គការ​គ្រួសារ​ថ្មី គឺ​លោក Benoît Duchateau-Arminjon គាត់​ក៏​មាន​គំនិត​ចាប់​ផ្តើម​ដើរ​ស្វែង​រក​ថវិកា ដើម្បី​មក​ដំណើរ​ការ​អង្គការ​គ្រួសារ​ថ្មី​នេះ។ ពេល​នោះ​គាត់​ក៏​ចាប់​ផ្តើម​ដើរ​រក​អ្នក​ជំនាញ ហើយ​ក៏​គាត់​បាន​ជួប​ខ្ញុំ។ ពេល​នោះ​គឺ​ខ្ញុំ​នៅ​ធ្វើ​ការ​ឲ្យ​អ៊ុនតាក់​នៅ​ឡើយ​កាល​ពី​ឆ្នាំ​១៩៩១​មក។ បន្ទាប់​ពី​រក​ខ្ញុំ​ឃើញ គាត់​ចាប់​ផ្តើម​ឲ្យ​ខ្ញុំ​ធ្វើការ​ជាមួយ​គាត់។ ប៉ុន្តែ រយៈពេល​ដែល​គាត់​បាន​រក​ឃើញ​ខ្ញុំ​នោះ​មាន​រយៈពេល​យូរ​ដែរ ពីព្រោះ​ថា​នៅ​ឆ្នាំ​១៩៩១ យើង​មិន​មាន​មធ្យោបាយ​ទាក់​ទង​គ្នា​ទេ។ យើង​ត្រូវ​ដើរ​រក​តាម​ការ​សួរ​នាំ​ស្វែង​រក​ប្រវត្តិរូប​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជា​អ្នក​មក​ពី​ជំរុំ​ដែរ។ ដូច្នេះ គាត់​ក៏​រក​ខ្ញុំ​ឃើញ ហើយ​គាត់​ក៏​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​សុខ​ចិត្ត​លះបង់​ការងារ​ដែល​ខ្ញុំ​ធ្វើ​ជាមួយ​អ៊ុនតាក់ ដើម្បី​មក​ធ្វើ​ការងារ និង​ផ្តល់​ការ​អប់រំ​ដល់​អ្នក​ពិការ​ភ្នែក​ទេ? ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​បោះ​បង់​ចោល​ការងារ​ជាមួយ​នឹង​អ៊ុនតាក់ ហើយ​ក៏​សម្រេច​ចិត្ត​ចាប់​អាជីព​ជា​គ្រូ​បង្រៀន​កុមារ​ពិការ​ភ្នែក​នៅ​កម្ពុជា​យើង​តែ​ម្តង។ នេះ​គឺ​ដោយ​សារ​តែ​ខ្ញុំ​នឹក​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា​យើង​កន្លង​មក គឺ​យើង​មិន​ដែល​មាន​កម្ម​វិធី​សិក្សា​សម្រាប់​កុមារ​ពិការ​ភ្នែក​ទេ។ ដូច្នេះ នេះ​ជា​ជំហាន​ដំបូង។ ហើយ​នៅ​ឆ្នាំ​១៩៩៣​ជា​ឱកាស​ល្អ​ដែល​អង្គការ​គ្រួសារ​ថ្មី​បាន​ចាប់​ផ្តើម​បង្កើត​ការ​អប់រំ​សម្រាប់​កុមារ​ពិការ​ភ្នែក ដែល​មាន​ខ្ញុំ​ជា​អ្នក​ដំណើរការ និង​លោក Benoît Duchateau-Arminjon ជា​អ្នក​ស្វែក​រក​ថវិកា។ ដូច្នេះ យើង​ចាប់​ផ្តើម​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ។

VOA៖ ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ តើ​អង្គការ​គ្រួសារ​ថ្មី​បាន​ពង្រីក​គម្រោង​អប់រំ​កុមារ​ពិការ​ភ្នែក​ចំនួន​ប៉ុន្មាន​ដែរ?

អ្នក​គ្រូ ផល្លា៖ ចា៎ស និយាយ​ពី​ចំនួន​យើង​មាន​តួលេខ​ច្រើន។ យើង​ចាប់​ផ្តើម​ដំបូង​នៅ​ឆ្នាំ​១៩៩៣ ដោយ​បង្កើត​ជា​សាលា​ពិការ​ភ្នែក​ទី​មួយ​នៅ​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ។ បន្ទាប់​មក យើង​ចាប់​ផ្តើម​ពង្រីក​សាលា​ពិការ​ភ្នែក​នៅ​បាត់ដំបង ហើយ​ក្រោយ​មក​នៅ​សៀមរាប និង​កំពង់ចាម។ ដល់​ឆ្នាំ​១៩៩៧ យើង​ចាប់​ផ្តើម​ពង្រីក​កម្មវិធី​អប់រំ​កុមារ​គថ្លង់​ទៀត។ ដំបូង​យើង​ចាប់​ផ្តើម​ធ្វើការ​តែ​ជាមួយ​កុមារ​ពិការ​ភ្នែក​ទេ តែ​ដល់​ឆ្នាំ១៩៩៧ គឺ​យើង​ចាប់​ផ្តើម​ដំណើរ​ការ​ការ​អប់រំ​កុមារ​គថ្លង់​មួយ​ទៀត។ ដូច្នេះ សព្វថ្ងៃ​អង្គការ​គ្រួសារ​ថ្មី​ធ្វើ​ការ​អប់រំ​កុមារ​ពិការ​ភ្នែក​និង​កុមារ​គថ្លង់។ ប៉ុន្តែ ខ្ញុំ​សូម​ជម្រាប​ជូន​ថា អង្គការ​គ្រួសារ​ថ្មី​មិន​មែន​តែ​ផ្នែក​ពិការ​ភ្នែក និង​គថ្លង់​ទេ។ អង្គការ​គ្រួសារ​ថ្មី​ក៏​បាន​ធ្វើការ​លើ​វិស័យ​៣ធំៗ ដែល​មាន​ដូច​ជា វិស័យ​គាំពារ​កុមារា​ភាព​កុមារ​ដែល​មាន​កុមារ​កំព្រា​នៅ​តាម​មណ្ឌល។ យើង​មាន​ផ្តល់​ការ​អប់រំ​ដល់​កុមារ​ពិការ​ភ្នែក និង​គថ្លង់ និង​វិស័យ​អភិវឌ្ឍ និង​អភិរក្ស​សិល្បៈ​ខ្មែរ​យើង។ ដោយ​ឡែក ខ្ញុំ​សូម​ជម្រាប​ជូន​ថា ខ្ញុំ​ធ្វើការ​តែ​ផ្នែក​អប់រំ​កុមារ​ពិការ​ភ្នែក និង​គថ្លង់។

អ្នក​គ្រូ ផល្លា គ្រូ​បង្រៀន​កុមារ​ពិការ​ភ្នែក ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់ ហើយ​អ្នក​គ្រូ​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​១០នាក់​ចុង​ក្រោយ​សម្រាប់​ពាន​រង្វាន់​គ្រូបង្រៀន​ឆ្នើម​ក្នុង​សាកលលោក (Global Teacher Prize) ​របស់​មូលនិធិ Varkey។ (ផ្តល់​ដោយ​អង្គការ​គ្រួសារ​ថ្មី)

VOA៖ ច៎ាស ទាក់​ទង​នឹង​បទ​ពិសោធន៍​អប់រំ​កុមារ​ពិការ​ភ្នែក និង​គថ្លង់​នេះ តើ​អ្នក​គ្រូ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ដូច​ម្តេច​ដែរ​តាំង​ពី​ឆ្នាំ១៩៩៣​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ?

អ្នក​គ្រូ ផល្លា៖ ជា​ជំហាន​ដំបូង​គឺ​ថា ពួក​គាត់​មិន​ដែល​ទទួល​បាន​ការ​អប់រំ ហើយ​សូម្បី​តែ​អ្នក​ជិត​ខាង និង​ក្រុម​គ្រួសារ​គាត់​ក៏​មិន​ដឹង​ថា កុមារ​ពិការ​ភ្នែក​អាច​ទទួល​បាន​ការ​អប់រំ​បាន។ ពេល​ដែល​គាត់​ចូល​មក​រៀន​ក្នុង​សាលារៀន​នេះ យើង​ផ្តល់​ជូន​ដល់​គាត់​ដូច​ជា ការ​ណែ​នាំ​ផ្លូវ​ដែល​ហៅ​ថា Orientation Mobility ពីព្រោះ​ពួក​គាត់​ពិការ​ភ្នែក ហើយ​យើង​ចង់​ឲ្យ​បង្រៀន​គាត់​ឲ្យ​គាត់​ចេះ​ជួយ​ខ្លួន​ឯង និង​ចេះ​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង។ បន្ទាប់​មក​ពេល​គាត់​ស្គាល់​ទីតាំង ថ្នាក់​រៀន ឬ​កន្លែង​ញុំា​បាយ បង្គន់ បន្ទប់​ទឹក​ហើយ នោះ​យើង​ចាប់​ផ្តើម​បង្រៀន​អក្សរ​ដល់​ពួក​គាត់ ដែល​យើង​ប្រើ​អក្សរ Braille ជា​អក្សរ​ចំណុច​ពូកៗ​សម្រាប់​កុមារ​ពិការ​ភ្នែក។ ហើយ​អក្សរ​សម្រាប់​អ្នក​ពិការ​ភ្នែក​នេះ គឺ​ខ្ញុំ​ជា​អ្នក​ចាប់​ផ្តើម​បង្កើត​ឡើង​សម្រាប់​ប្រទេស​ខ្មែរ​យើង ដែល​មាន​បុគ្គលិក​មួយ​ចំនួន​ចូលរួម​សហការ​ជាមួយ​គ្នា ដើម្បី​បង្កើត​ជា​អក្សរ​ខ្មែរ​ដល់​អ្នក​ពិការ​ភ្នែក។ ខ្ញុំ​នឹក​ឃើញ​ថា បើ​សិន​ជា​ពួក​គាត់​ទទួល​បាន​ការ​អប់រំ ទោះ​ជា​គាត់​មើល​មិន​ឃើញ​ក្តី ប៉ុន្តែ​គាត់​មាន​អក្សរ​សម្រាប់​រៀន ដូច្នេះ គាត់​នឹង​ចូល​រៀន​ដូច​នឹង​សិស្ស​ធម្មតា​នៅ​សាលារដ្ឋ​បាន។ បច្ចុប្បន្ន យើង​មាន​សិស្ស​ពិការ​ភ្នែក​រៀន​នៅ​ពេញ​មួយ​ថ្ងៃ​នៅ​ក្នុង​សាលា​របស់​អង្គការ​គ្រួសារ​ថ្មី គឺ​ចាប់​ពី​ថ្នាក់​មតេ្តយ្យ​រហូត​ដល់​ថ្នាក់​ទី២ គឺ​យើង​រៀន​ពេញ​មួយ​ថ្ងៃ។ ចាប់​ពី​ថ្នាក់​ទី៣​ឡើង​ទៅ យើង​ដាក់​បញ្ចូល​គាត់​ទៅ​ក្នុង​សាលារៀន​មួយ​ពេល ហើយ​មួយ​ពេល​ទៀត​គឺ​នៅ​សាលា​គ្រួសារ​ថ្មី។ ហើយ​ចំណែក​សិស្ស​គថ្លង់ គឺ​គាត់​រៀន​ពី​ថ្នាក់​មតេ្តយ្យ​រហូត​ដល់​ថ្នាក់​ទី៤​នៅ​សាលា​គ្រួសារ​ថ្មី។ ចាប់​ពី​ថ្នាក់​ទី៥​ឡើង​ទៅ យើង​ដាក់​បញ្ចូល​គាត់​ទៅ​សាលា​រដ្ឋ។ ដូច្នេះ សិស្ស​ពិការ​ភ្នែក និង​សិស្ស​គថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី គឺ​រៀន​នៅ​ក្នុង​អង្គការ​ផង និង​ទៅ​រៀន​រួម​ជាមួយ​នឹង​សិស្ស​ធម្មតា​ផង ហើយ​ការ​ប្រឡង​គឺ​តាម​ថ្នាក់​ជាតិ​ទាំង​អស់​ច៎ាស។

VOA៖ ទាក់​ទង​នឹង​បទ​ពិសោធន៍​បង្រៀន​ផ្ទាល់ តើ​អ្នក​គ្រូ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ឪពុក​ម្តាយ​របស់​កុមារ​ដែល​ពិការ​ភ្នែក និង​គថ្លង់​ដែរ​ឬ​ទេ ហើយ​ថា​តើ​ពួក​គាត់​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ដូច​ម្តេច​ដែរ​ចំពោះ​កិច្ចការ​បង្រៀន​អប់រំ​របស់​អ្នក​គ្រូ​ដល់​កូនៗ​របស់​គាត់?

អ្នក​គ្រូ ផល្លា៖ ច៎ាស សំណួរ​នេះ​គឺ​ល្អ​មែន​ទែន​ច៎ាស។ ជា​ជំហាន​ដំបូង ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ជួប​ជាមួយ​ពួក​គាត់ មាន​មាតាបិតា​សិស្ស​មួយ​ចំនួន​គាត់​មិន​ជឿ​ថា កូន​គាត់​អាច​ទទួល​បាន​ការ​អប់រំ​បាន​ទេ។ គាត់​និយាយ​ថា បើ​មើល​មិន​ឃើញ​អញ្ចឹង រៀន​ធ្វើ​អី? ខ្ញុំថា «‍អត់​ទេ។ គាត់​ពិការ​មែន​ពិត ក៏​គាត់​អាច​ទទួល​បាន​ការ​អប់រំ​ដូច​យើង​ដែរ»។ ដូច​ជា​អ្នក​ធម្មតា​អញ្ចឹង។ គាត់​ងើប​ដើរ​បាន​ដប់​ជំហាន យ៉ាង​ហោច​ណាស់​ក៏​អ្នក​ពិការ​អាច​ងើប​ដើរ​បាន​២ ឬ​៣​ជំហាន​ដែរ។ ប៉ុន្តែ ទាល់​តែ​យើង​ផ្តល់​ការ​អប់រំ​ដល់​គាត់។ នៅ​ពេល​ដែល​យើង​បង្រៀន​គាត់ គឺ​គាត់​ទទួល​យក។ គួ្រសារ​គាត់​មួយ​ចំនួន​ថា៖ គាត់​ស្រឡាញ់​កូន​គាត់។ គាត់​មិន​ចង់​ឲ្យ​កូន​គាត់​មក​រៀន​ទេ។ ពេល​កូន​គាត់​ញុំា​បាយ ឬ​ពេល​ងូត​ទឹក គាត់​ជួយ​កូន​គាត់​ទាំង​អស់។ គាត់​ខ្លាច​កូន​គាត់​ដួល​ប៉ះ​ពាល់​អី ឬ​ក៏​ញុំា​បាយ​ជ្រុះ ដូច្នេះ គាត់​បញ្ចុក​កូន​គាត់ ហើយ​ងូត​ទឹក​ឲ្យ​កូន​គាត់ ស្លៀក​ពាក់​ហើយ ដាក់​ឲ្យ​កូន​គាត់​អង្គុយ​មួយ​កន្លែង។ គាត់​មិន​ហ៊ាន​បង្រៀន​កូន​របស់​គាត់​ឲ្យ​ធ្វើ​ខ្លួន​ឯង​ទេ។ ពេល​ដែល​មក​សាលារៀន​គឺ​ខ្ញុំ​បង្រៀន​ទាំង​អស់ តាំង​ពី​ញុំា​បាយ ស្លៀក​ពាក់ ងូត​ទឹក សម្អាត​ខ្លួន តាំង​ពី​អ្វីៗ​ទាំង​អស់។ យើង​បង្រៀន​គាត់។ យឺតៗ​ចុះ ប៉ុន្តែ យើង​នៅ​តែ​បង្រៀន​គាត់ ដើម្បី​ឲ្យ​គាត់​ចេះ​ជួយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត។ បន្ទាប់​មក​បាន​យើង​ផ្តល់​ចំណេះ​ដឹង​ដល់​គាត់។ ដូច្នេះ ពេល​ដែល​គាត់​ទទួល​បាន​ការ​សិក្សា គឺ​យើង​មាន​កម្មវិធី​ដូច​នឹង​ក្រសួង​អប់រំ ដែល​យើង​យក​ពី​ក្រសួង​អប់រំ​មក។ គ្រាន់​តែ​ថា សិស្ស​ពិការ​ភ្នែក យើង​បក​ប្រែ​ជា​អក្សរ Braille សម្រាប់​គាត់។ ហើយ​សម្រាប់​សិស្ស​គថ្លង់ យើង​បក​ប្រែ​ជា​សញ្ញា​គថ្លង់​ឲ្យ​គាត់។ ប៉ុន្តែ នៅ​ក្នុង​សាលា​អង្គការ​គ្រួសារ​ថ្មី យើង​មាន​បន្ថែម​មុខ​វិជ្ជា​ពិសេស​ពី​សាលា​រដ្ឋ ដូច​ថា យើង​បន្ថែម​កម្មវិធី Orientation និង Mobility ជូន​គាត់ ដូច​ជា​ការ​ណែ​នាំ​ផ្លូវ​ដល់​អ្នក​ពិការ​ភ្នែក និង​ការ​ជួយ​ដោយ​ខ្លួន​ឯង ដែល​យើង​ហៅ​ថា តម្រង់​ទិស។ ហើយ​មួយ​ទៀត​យើង​បញ្ចូល​ភាសា​អង់គ្លេស កុំព្យូទ័រ និង​ភ្លេង​ជូន​គាត់​សម្រាប់​សិស្ស​ពិការ​ភ្នែក ហើយ​សម្រាប់​សិស្ស​គថ្លង់ យើង​បញ្ចូល​ផ្នែក​សិល្បៈ ភាសា​អង់គ្លេស កុំព្យូទ័រ ដូច​គ្នា​ដែរ។ ហើយ​មួយ​ទៀត សម្រាប់​សិស្ស​គថ្លង់ ការ​ស្តាប់​របស់​គាត់​មាន​កម្រិត។ ដូច្នេះ អង្គការ​គ្រួសារ​ថ្មី​បាន​ផ្តល់​ជូន​គាត់​ម៉ាស៊ីន​ត្រចៀក ដើម្បី​ឲ្យ​គាត់​រៀន​និយាយ និង​ស្តាប់​ឮ។

អ្នក​គ្រូ ផល្លា គ្រូ​បង្រៀន​កុមារ​ពិការ​ភ្នែក ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់ ហើយ​អ្នក​គ្រូ​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​១០នាក់​ចុង​ក្រោយ​សម្រាប់​ពាន​រង្វាន់​គ្រូបង្រៀន​ឆ្នើម​ក្នុង​សាកលលោក (Global Teacher Prize) ​របស់​មូលនិធិ Varkey។ (ផ្តល់​ដោយ​អង្គការ​គ្រួសារ​ថ្មី)

VOA៖ នាង​ខ្ញុំ​ចង់​ដឹង​បន្ថែម រហូត​មក​ដល់​សព្វថ្ងៃ​នេះ តើ​អ្នក​គ្រូ​យល់​ថា​ការ​ជោគ​ជ័យ​ក្នុង​ការ​អប់រំ​កុមារ​ពិការ​ភ្នែក និង​គថ្លង់​ដល់​កម្រិត​ណា ហើយ​ថា​តើ​ពួក​គាត់​បាន​ចេញ​ទៅ​ប្រឡូក​នៅ​ក្នុង​សង្គម និង​មាន​ការងារ​ធ្វើ​ដល់​កម្រិត​ណា​ដែរ​អ្នក​គ្រូ?

អ្នក​គ្រូ ផល្លា៖ អរគុណ​ច្រើន សំណួរ​នេះ​គឺ​ល្អ​មែន​ទែន​ច៎ាស។ មក​ដល់​ពេល​នេះ ខ្ញុំ​ទទួល​បាន​ជោគ​ជ័យ​ធំ​មែន​ទែន។ ហើយ​យើង​មាន​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​អប់រំ ក្រសួង​សង្គម​កិច្ច និង​ក្រសួង​ពាក់​ព័ន្ធ​ផ្សេងៗ និង​ជាពិសេស គឺ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ពិការ​ភ្នែក និង​សិស្ស​ពិការ​ទូទៅ។ នៅ​ពេល​ដែល​ពួក​គាត់​រៀន​ចប់ មាន​ចំណេះ​ដឹង គាត់​អាច​ចូល​ធ្វើ​ការងារ​នៅ​តាម​ក្រសួង និង​តាម​ស្ថាប័ន​ផ្សេងៗ​ដែល​គាត់​អាច​ធ្វើ​បាន។ ដូច្នេះ នេះ​ជា​ជោគ​ជ័យ​របស់​សិស្ស​ពិការ​ភ្នែក និង​គថ្លង់ ដែល​គាត់​បាន​ចូល​ជា​ក្របខ័ណ្ឌ​រដ្ឋ។ យើង​មាន​ដូច​ជា សិស្ស​ពិការ​ភ្នែក​ធ្វើការ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ យើង​មាន​សិស្ស​ពិការ​ភ្នែក​មួយ​ចំនួន​ចូល​ក្នុង​ក្រសួង​អប់រំ។ មាន​សិស្ស​មួយ​ចំនួន​ចូល​ធ្វើ​ការងារ​នៅ​ក្រសួង​សង្គម​កិច្ច និង​ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​យើង​មាន​សិស្ស​ពិការ​ភ្នែក​ចំនួន​ពីរ​នាក់ ដែល​គាត់​បាន​ប្រឡង​ជាប់​នៅ​ក្រសួង​ការ​បរទេស។ ហើយ​យើង​មាន​សិស្ស​មួយ​ចំនួន​ទៀត គាត់​បាន​ការងារ​ធ្វើ ដូច​ជា​គ្រូ​បង្រៀន​កុំព្យូទ័រ គ្រូ​ភាសា​អង់គ្លេស និង​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​នៅ​តាម​ស្ថាប័នៗ​មួយ​ចំនួន​ទៀត។

VOA៖ ច៎ាស ថ្មីៗ​នេះ នាង​ខ្ញុំ​ដឹង​ថា អ្នក​គ្រូ​ត្រូវ​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​សម្រាប់​ពាន​រង្វាន់​គ្រូ​បង្រៀន​ឆ្នើម​ក្នុង​សាកល​លោក។ តើ​អ្នក​គ្រូ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ដូច​ម្តេច​ដែរ​ទាក់​ទង​នឹង​សមិទ្ធផល​របស់​អ្នក​គ្រូ​ក្នុង​ការ​អប់រំ​កុមារ​ពិការ​ភ្នែក និង​គថ្លង់​នេះ?

អ្នក​គ្រូ ផល្លា៖ ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​គឺ​ថា ពេល​ដែល​ខ្ញុំ​បាន​ជាប់​នៅ​ក្នុង​ចំណោម​១០​នាក់​នោះ នេះ​ជា​មោទនភាព​របស់​ខ្ញុំ​ផ្ទាល់ ហើយ​ជា​មោទនភាព​របស់​ប្រទេស​កម្ពុជា និង​ជា​មោទនភាព​នៃ​កិច្ចការ​របស់​អ្នក​គ្រូ​លោក​គ្រូ​បង្រៀន​សិស្ស​ពិការ​ភ្នែក និង​គថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី​ទាំង​អស់ ក៏​ដូច​ជា​លោក​គ្រូ​អ្នក​គ្រូ​ដែល​បង្រៀន​សិស្ស​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ ហើយ​មួយ​ទៀត​នោះ​គឺ​ថា ខ្ញុំ​មហា​សែន​រំភើប ដែល​បាន​ពិភព​លោក​ទទួល​ស្គាល់​នូវ​ការងារ​របស់​ខ្ញុំ និង​ការងារ​របស់​អង្គការ​គ្រួសារ​ថ្មី ដែល​បាន​ផ្តល់​ការ​អប់រំ​ដល់​កុមារ​ពិការ​ភ្នែក និង​គថ្លង់​នេះ​តែ​ម្តង។ កន្លង​មក ខ្ញុំ​ផ្ទាល់​តែ​ម្តង​មិន​ដែល​គិត​ថា​បាន​កិត្តិយស និង​កេរ្ត៍​ឈ្មោះ​ដែល​ជាប់​នៅ​ក្នុង​ចំណោម​បេក្ខជន​ចុង​ក្រោយ​១០​នាក់​នេះ​ទេ។ ខ្ញុំ​មិន​នឹក​ស្មាន ហើយ​មិន​ដែល​គិត​ទេ។ ហើយ​មួយ​ទៀត​ដែរ​សំខាន់​បំផុត​សម្រាប់​ខ្ញុំ​នោះ​គឺ​ថា បើ​សិន​ជា​ខ្ញុំ​បាន​ជាប់ គឺ​ថវិកា​នោះ​មិន​មែន​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ទេ។ ខ្ញុំ​មិន​ចង់​បាន​ល្បី​ឈ្មោះ​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​ទេ។ កេរ្ត៍​ឈ្មោះ​នេះ​គឺ​សម្រាប់​លោក​គ្រូ​អ្នក​គ្រូ សម្រាប់​អង្គការ​គ្រួសារ​ថ្មី ក៏​ដូច​ជា​លោក​គ្រូ​អ្នក​គ្រូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល។ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ដើម្បី​រក​ជំនួយ​ដើម្បី​បម្រើ​ការងារ និង​ផ្តល់​ជូន​អង្គការ​គ្រួសារ​ថ្មី ដើម្បី​ពង្រីក​កម្មវិធី​បង្រៀន​កុមារ​ពិការ​ភ្នែក និង​កុមារ​គថ្លង់​បន្ថែម​ទៀត។

VOA៖ ជា​ចុង​ក្រោយ តើ​អ្នក​គ្រូ​មាន​ជា​សារ ឬ​ជា​ការ​លើក​ទឹក​ចិត្ត​អ្វី​ខ្លះ​ដល់​កុមារ​ពិការ​ភ្នែក និង​គថ្លង់ ឬ​ក៏​ទៅ​ដល់​អ្នក​គ្រូ​លោក​គ្រូ​បង្រៀន​ណា​ដែល​គាត់​មាន​ចំណាប់​អារម្មណ៍​ធ្វើ​កិច្ច​ការ​ដូច​អ្នក​គ្រូ?

អ្នក​គ្រូ ផល្លា៖ ខ្ញុំ​សូម​អំពាវ​នាវ​ទៅ​ដល់​អាណាព្យាបាល​របស់​សិស្ស​ពិការ​ភ្នែក និង​គថ្លង់​កុំ​ឲ្យ​អស់​សង្ឃឹម​ថា​កូន​គាត់​មិន​អាច​ទទួល​បាន​ការ​អប់រំ​នោះ។ ពួក​គាត់​អាច​ទទួល​បាន​ការ​អប់រំ​ដូច​គ្នា​នឹង​ក្មេង​ទូទៅ និង​សិស្ស​ធម្មតា​ដែរ។ ហើយ​ខ្ញុំ​សូម​ជំរុញ​ឲ្យ​សិស្ស​ពិការ​ភ្នែក​ទាំង​អស់ និង​សិស្ស​គថ្លង់ ឲ្យ​ខំ​ប្រឹង​ប្រែង​ដើម្បី​អនាគត​ខ្លួន​ឯង ដើម្បី​ទទួល​បាន​ការ​អប់រំ ឲ្យ​គាត់​មាន​ចំណេះ​ដឹង រស់​នៅ​ដោយ​ឯករាជ្យ​ខ្លួន​ឯង ដោយ​ម្ចាស់​ការ​ខ្លួន​ឯង ទទួល​បាន​ការងារ​ធ្វើ​ដែរ​ល្អ។

VOA៖ ច៎ាស អរគុណ​ច្រើន​អ្នក​គ្រូ។ សូម​ជម្រាប​លា។

អ្នក​គ្រូ ផល្លា៖ អរគុណ​ដែល​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​សម្ភាស​ច៎ាស។ សូម​ជម្រាប​លា៕

ប្រិយមិត្តអាចបោះឆ្នោត​បេក្ខភាព​អ្នកគ្រូ នាង ផល្លា តាមអ៊ីនធឺណិត​ត្រង់​នេះ