កំណត់និពន្ធ៖ កំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធនយោបាយកម្ពុជា នឹងមិនរំពឹងថា កើតចេញពីថ្នាក់ដឹកនាំកំពូលទេ នេះបើយោងតាមលោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី។ គិតមកត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជារយៈពេល៣០ឆ្នាំគត់។ ក្នុងឱកាសខួប៣០ឆ្នាំនៃការគ្រប់គ្រងរបស់លោក ហ៊ុន សែន អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញរបាយការណ៍មួយពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ នាង ទែន សុខស្រីនិត នៃ VOA បានសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក ប្រេដ អាដាមស៍ អំពីខ្លឹមសារបាយការណ៍នេះ និងទស្សនវិស័យឆ្ពោះទៅរកកំណែទម្រង់ប្រព័ន្ធនយោបាយកម្ពុជា។ សូមស្តាប់ឬអានបទសម្ភាសន៍ដូចតទៅ៖
Your browser doesn’t support HTML5
VOA: សួស្តី លោក ប្រេដ អាដាមស៍។
Brad Adams: បាទ សួស្តី រីករាយណាស់ដែលបាននិយាយជាមួយអ្នក។
VOA: អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទើបតែបានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា «៣០ឆ្នាំនៃលោក ហ៊ុន សែន» ហើយ មកត្រឹមថ្ងៃទី១៤ ខែមករា គឺជាខួបទី៣០ឆ្នាំនៃការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដូច្នេះតើលោកអាចពន្យល់បានដែរឬទេថា តើរបាយការណ៍នេះធ្វើឡើងក្នុងគោលបំណងអ្វីខ្លះ?
Brad Adams: បាទ មិនមានមនុស្សច្រើននាក់ទេក្នុងពិភពលោក ដែលបានកាន់អំណាចរយៈពេល៣០ឆ្នាំបាន។ លោក ហ៊ុន សែន ទំនងបានក្លាយខ្លួនជាមេដឹកនាំទី៦ ដែលកាន់តំណែងយូរបង្អស់ក្នុងពិភពលោក។ មានតែមនុស្ស៥នាក់ប៉ុណ្ណោះ ដែលបានកាន់អំណាចអស់រយៈពេលយូរជាងលោក ហ៊ុន សែន។ នេះជារឿងមិនធម្មតាទេ។ ហើយខ្ញុំធ្លាប់ធ្វើការនៅកម្ពុជាជាច្រើនឆ្នាំ និងមិត្តរួមការងារមួយចំនួន បានមើលឃើញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែយ៉ាប់យឺនទៅៗ។ កម្ពុជាត្រូវបានរំពឹងថា នឹងមានការលើកកម្ពស់សិទ្ធិមនុស្ស កសាងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ អភិបាលកិច្ចល្អ និងរដ្ឋាភិបាលដែលមានតម្លាភាព។ ប៉ុន្តែ អ្វីទាំងអស់នេះបានបរាជ័យ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន»។
ដូច្នេះ វាសំខាន់ក្នុងការវិភាគប្រវត្តិសិទ្ធិមនុស្សរបស់លោក ហ៊ុន សែន និងគណបក្សរបស់លោក ព្រមទាំងមនុស្សដែលលោកគ្រប់គ្រង មានដូចជា យោធា ប៉ូលិស ក្រុមអាវុធហត្ថ តុលាការ ដើម្បីផ្តល់ជាព្រឹត្តិការណ៍ជាក់ស្តែង និងការវាយតម្លៃលើព្រឹត្តិការណ៍ទាំងនោះ។
VOA: លោកបាននិយាយថា របាយការណ៍នោះពិនិត្យមើលប្រវត្តិសិទ្ធិមនុស្សក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ ដូច្នេះ សូមលោករៀបរាប់ប្រវត្តិនេះបន្តិច?
Brad Adams: បាទ យើងបានមើលទាំងពេលលោកកាន់អំណាច និងប្រវត្តិរបស់លោក ហ៊ុន សែន អំពីកុមារភាពរបស់លោកនៅខេត្តកំពង់ចាម និងអំឡុងពេលលោកធ្វើការឲ្យខ្មែរក្រហម ការធ្វើដំណើរជុំវិញពិភពលោករបស់លោកក្នុងឋានៈជាប្រមុខដឹកនាំប្រទេសកម្ពុជា។ លោក គឺជាអតីតអ្នកតស៊ូប្រយុទ្ធឲ្យខ្មែរក្រហម។ លោកធ្លាប់ធ្វើជាមេបញ្ជាការខ្មែរក្រហមម្នាក់នៅក្នុងខេត្តកំពង់ចាម ដែលមានហេតុការណ៍អាក្រក់មួយចំនួនបានកើតឡើង ដែលយើងបានចាត់ទុកថាជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដូចដែលសាលាក្តីខ្មែរក្រហមបានចោទប្រកាន់មេដឹកនាំខ្មែរក្រហម។ លោក ហ៊ុន សែន ធ្លាប់មានឋានន្តរសក្តិមធ្យមមួយ នៅតំបន់មួយក្នុងខេត្តកំពង់ចាម ដែលនៅទីនោះមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រួមមាន ការសម្លាប់យ៉ាងរង្គាលមកលើប្រជាជនស៊ីវិល និងជនជាតិភាគតិចចាម។ ខ្ញុំគិតថា ការស្រាវជ្រាវនេះអាចនឹងមានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាជនកម្ពុជា។ យើងមិនចោទប្រកាន់លោក ហ៊ុន សែន ពីបទឧក្រិដ្ឋក្នុងរបបខ្មែរក្រហមទេ ប៉ុន្តែលោក មានតួនាទីជាអាជ្ញាធរ នៅកន្លែងដែលមានហេតុការណ៍អាក្រក់បានកើតឡើង ដូច្នេះ វាគួរតែមានការស៊ើបអង្កេតបន្ថែម។ របាយការណ៍នោះ ក៏និយាយពីការជ្រៀតជ្រែករបស់លោក ហ៊ុន សែន ក្នុងការងាររបស់សាលាក្តីខ្មែរក្រហម ហើយលោកបាននិយាយជាសាធារណៈថា នឹងមិនមានការកាត់ក្តីបន្ថែមទៀតទេ ក្រៅពី នួន ជា និង ខៀវ សំផន ដែលកំពុងតែត្រូវបានកាត់ក្តី។ ហើយយើងយល់ថា វាមិនត្រឹមត្រូវទេ។ វាគួរតែមានភស្តុតាងកំណត់ ថាអ្នកណានឹងត្រូវនាំមកកាត់ទោស។ ផលវិបាកមួយគឺថា លោក ហ៊ុន សែន បានរារាំងការស៊ើបអង្កេត និងការកាត់ក្តីបន្ថែម និងគ្មានការស៊ើបអង្កេតអំពីអ្វីដែលកើតឡើងនៅខេត្តកំពង់ចាម ដែលលោក ហ៊ុន សែន បម្រើទ័ពនៅទីនោះ និងនៅតំបន់ភាគខាងកើត ដែលមានលោក ហេង សំរិន និងលោក ជា ស៊ីម បានបម្រើទ័ពនៅទីនោះក្នុងអំឡុងរបបខ្មែរក្រហមទេ។ ហើយមានការចោទប្រកាន់មកលើលោក ហេង សំរិន និងលោក ជា ស៊ីម ក្នុងការទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងរបបខ្មែរក្រហមអស់រយៈពេលជាយូរណាស់មកហើយ។
របាយការណ៍ក៏ពិនិត្យមើលគម្រោង «ក៥» របស់រដ្ឋាភិបាលកម្ពុជា នៅពេលដែលលោក ហ៊ុន សែន ទើបតែបានឡើងជានាយករដ្ឋមន្រ្តីនៅក្នុងអំឡុងទសវត្សរ៍៨០។ អាជ្ញាធរ និងកងទ័ពវៀតណាមបានសហការជាមួយនឹងកងទ័ពកម្ពុជា ដើម្បីបង្កើតរបាំងការពារតាមបណ្តោយព្រំដែនថៃ។ នេះគឺជាគម្រោង «ក៥»។ ពិតណាស់ កម្ពុជាមានសិទ្ធិក្នុងការការពារខ្លួនពីខ្មែរក្រហម ហើយយើងគាំទ្រ ដែលថាខ្មែរក្រហមត្រូវតែបរាជ័យ។ ប៉ុន្តែ គម្រោងនេះគឺពាក់ព័ន្ធនឹងការធ្វើការងារដោយបង្ខំ ដោយបង្ខំឲ្យប្រជាជនកម្ពុជារាប់ពាន់នាក់ទៅព្រំដែន ដើម្បីសាងសង់របាំងនោះ នៅក្នុងតំបន់ដែលមានគ្រាប់មីន ហើយមានមនុស្សស្លាប់ និងពិការដោយសារការផ្ទុះមីន។ ហើយមានមនុស្សជាច្រើននាក់ទៀតបានស្លាប់ពីជំងឺគ្រុនចាញ់ ព្រោះគ្មានការការពារគ្រប់គ្រាន់។ គ្មានការថែទាំសុខភាព គ្មានម្ហូបគ្រប់គ្រាន់ និងការរហ្វឹកហ្វឺនឲ្យបានគ្រប់គ្រាន់ទេ។ ហើយគម្រោងក៥នេះ ពិតជាមិនបានទទួលការគាំទ្រទាល់តែសោះនៅកម្ពុជា។ មានមន្ត្រីថ្នាក់កំពូលម្នាក់ដែលធ្វើការជិតស្និទ្ធនឹងលោក ហ៊ុន សែន និយាយថា គម្រោងនេះគ្មានប្រជាប្រិយភាពទេ ហើយវាស្ទើរតែធ្វើឲ្យអន្តរាយដល់គណបក្សប្រជាជនកម្ពុជា ដោយសារប្រជាជនបានខឹងសម្បារខ្លាំង ហើយលោក ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តី ដែលត្រូវទទួលខុសត្រូវក្នុងរឿងនេះ ព្រោះលោកគឺជាអ្នកអនុវត្ត និងបញ្ជាឲ្យគម្រោងនេះដំណើរការ ហើយមិនបានយកចិត្តទុកដាក់ការពារប្រជាជន។
VOA: ទោះបីជាលោកមានប្រវត្តិអនុវត្តសិទ្ធិមនុស្សមិនល្អក្តី ប៉ុន្មានទសវត្សរ៍កន្លងមកនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងតំបន់ ហើយអត្រាភាពក្រីក្រចុះទាប ហើយលោក ហ៊ុន សែន ត្រូវបានគេទទួលស្គាល់ពីរឿងនេះ។ ដូច្នេះ តើរបាយការណ៍នេះបកស្រាយយ៉ាងដូចម្តេចដែរចំពោះរឿងនេះ?
Brad Adams: យើងមិនបានវិភាគផ្នែកសេដ្ឋកិច្ចនៅក្នុងរបាយការណ៍នេះទេ ប៉ុន្តែ កម្ពុជាគឺស្ថិតក្នុងចំណោមប្រទេសដ៏ពុករលួយបំផុត។ អតីតប្រធានធនាគារពិភពលោក លោក James D. Wolfensohn បានមកកម្ពុជាក្នុងឆ្នាំ២០០៥ ហើយត្រូវបានសួរថា តើអ្វីជាកត្តាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជា? លោកឆ្លើយថា មានកត្តា៣ គឺពុករលួយ ពុករលួយ និងពុករលួយ។ ពួកយើងដឹងថា លោក ហ៊ុន សែន មានទ្រព្យសម្បតិ្តដ៏ច្រើនសន្ធឹកសន្ធាប់។ សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់លោកគឺស្មើប្រហែលនឹងមហាសេដ្ឋី។ មនុស្សដែលនៅក្បែរលោកក៏បានក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ។ ប្រសិនបើអ្នកបើកឡានជុំវិញទីក្រុងភ្នំពេញ អ្នកនឹងឃើញវីឡាធំៗបន្តកន្ទុយគ្នារបស់អ្នកនៅក្នុងជួររដ្ឋាភិបាល ក្នុងយោធា និងក្នុងជួរនគរបាល ដែលមានប្រាក់ខែតិចតួច។ សំណួរសួរថា តើពួកគេបានលុយមកពីណាដើម្បីសាងសង់វីឡាដ៏ធំ និងឡានទំនើប និងលុយទៅដើរលេងបរទេស? ចម្លើយគឺថា រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែនគឺពុករលួយខ្លាំង។ ឥឡូវសេដ្ឋកិច្ចកម្ពុជាបានរីកចម្រើន។ សំណួរសួរថា តើដោយសារតែគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ឬមិនមែន? ខ្ញុំគិតថា មានភស្តុតាងច្រើនណាស់ ដែលបង្ហាញថា មិនមែនដោយសារគោលនយោបាយរដ្ឋាភិបាលទេ។ ហើយដោយសារតែអំពើពុករលួយ ទើបកម្ពុជាមានឧបសគ្គខាងទីផ្សារសេដ្ឋកិច្ចការងារកាន់តែកើនឡើង។ កម្ពុជាពិតជាសំណាង ដែលស្ថិតនៅក្នុងតំបន់ដ៏ល្អមួយដែលទំហំសេដ្ឋកិច្ចរីកលូតលាស់ធំខ្លាំង អមជាមួយនឹងសេដ្ឋកិច្ចចិន និងប្រទេសមានអំណាចសេដ្ឋកិច្ចក្នុងតំបន់ផ្សេងៗទៀត។ ប៉ុន្តែ កំណើនសេដ្ឋកិច្ចនោះមិនបានដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជាទេ។ ប្រជាជនក្រីក្រនៅតែក្រ មានអ្នកមិនមានអាហារហូបចុកគ្រប់គ្រាន់ និងមិនមានកន្លែងស្នាក់នៅសមរម្យច្រើនណាស់។ មានតំបន់ជាច្រើនក្នុងប្រទេសដែលសាលារៀនមិនដំណើរការឲ្យបានត្រឹមត្រូវ គ្មានគ្រូបង្រៀនគ្រប់គ្រាន់ និងមណ្ឌលសុខភាពគ្រប់គ្រាន់។ តែ លោក ហ៊ុន សែន និងមនុស្សជុំវិញលោក កំពុងរស់នៅយ៉ាងហ៊ឺហា មានលុយច្រើនចាយមិនអស់ក្នុងមួយជីវិតរបស់គេ។ ដូច្នេះ សម្រាប់ខ្ញុំ នេះមិនមែនជាជោគជ័យខាងសេដ្ឋកិច្ចទេ តែជាបរាជ័យសេដ្ឋកិច្ចទៅវិញទេ។
VOA: នៅក្នុងរបាយការណ៍នេះ លោកក៏វិភាគលើឥទ្ធិពលនៃម្ចាស់ជំនួយ និងរដ្ឋាភិបាលរបស់ប្រទេសមានអំណាច។ យើងដឹងថា ឥទ្ធិពលនៃម្ចាស់ជំនួយ និងរដ្ឋាភិបាលនៃប្រទេសមានអំណាច ចាប់ផ្តើមឡើងនៅកម្ពុជាក្នុងអំឡុងទសវត្សរ៍៩០ នៅពេលដែលអ៊ុនតាក់ (UNTAC) បានធ្វើឲ្យកម្ពុជាមានប្រព័ន្ធបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងកសាងកម្ពុជាឡើងវិញ។ ហើយតាំងពីពេលនោះមក យើងសង្កេតឃើញថា ថវិការាប់លានដុល្លារត្រូវបានផ្តល់ឲ្យកម្ពុជា ប៉ុន្តែរយៈពេល២ទសវត្សរ៍ក្រោយមក យើងឃើញនៅមានអំពើពុករលួយកាន់តែខ្លាំង និងនិទណ្ឌភាព ដូចដែលរបាយការណ៍បានលើកឡើង។ តើលោកអាចពន្យល់បានទេថា មូលហេតុអ្វីបានជាតួនាទីនៃម្ចាស់ជំនួយ និងឥទ្ធិពលរដ្ឋាភិបាលនៃប្រទេសមានអំណាចបានក្លាយជាអសកម្មនៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន?
Brad Adams: ខ្ញុំគិតថា កាលណោះ កម្ពុជាបានក្លាយជាស្នូលនៃភូមិសាស្ត្រនយោបាយ ក្នុងពេលចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។ កម្ពុជាបានក្លាយជាចំណងមួយដែលត្រូវស្រាយ។ ម្ខាងគឺសហភាពសូវៀត និងវៀតណាម ហើយម្ខាងទៀតគឺចិន សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ដែលមិនត្រូវគ្នា ដោយសារតែពួកគេគាំទ្រក្រុមខុសៗគ្នានៃសង្គ្រាមនៅកម្ពុជា។ ពួកគេចង់មានទំនាក់ទំនងល្អលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ចជាដើម។ អាស្រ័យហេតុនេះ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា។ សហគមន៍អន្តរជាតិបានបណ្តាក់ទុនយ៉ាងច្រើនមកលើ UNTAC។ ម្ចាស់ជំនួយជាច្រើនបានឲ្យថវិកាជាច្រើន ដើម្បីកសាងកម្ពុជាឡើងវិញ ហើយគេគិតថា កិច្ចការរបស់ពួកគេចប់ហើយ។ ដូច្នេះ គេឃើញមានទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងវៀតណាមឡើងវិញ និងរវាងសហភាពសូវៀត និងចិន។ ការធ្វើដូចនេះ គឺដើម្បីមិនឲ្យមានការចោទប្រកាន់ថាប្រទេសខ្លះបានគាំទ្រខ្មែរក្រហម។ ក្រោយមក លោក ហ៊ុន សែន បានបដិសេធមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតឆ្នាំ១៩៩៣។ គណបក្សប្រជាជនចាញ់ ហើយមិនព្រមទទួលស្គាល់។ ហើយលោក ហ៊ុន សែន បានគំរាមវាយប្រហារអង្គការសហប្រជាជាតិ (UN) បើ UN ព្យាយាមអនុម័តលទ្ធផលនោះ។ លោកបានបង្កើតចលនាមួយដោយក្រឡៃថា ខេត្តចំនួន៧នឹងផ្តាច់ខ្លួនពីកម្ពុជា បើលទ្ធផលបោះឆ្នោតត្រូវបានអនុម័ត។ លោក ហ៊ុន សែន បានបើកផ្លូវឲ្យខ្លួនឯងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីទី២។ ហើយលោកបានធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧ ដើម្បីផ្តួលទ្រង់រណរិទ្ធិ ហើយបានរៀបចំការបោះឆ្នោតឆ្នាំ១៩៩៨ ដែលមានអំពើហិង្សា និងការបំភិតបំភ័យជាច្រើន។ លោកបានបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគ្រប់គ្រងដោយដៃជើងរបស់គណបក្សប្រជាជន។ ឥឡូវ រដ្ឋាភិបាលរបស់ប្រទេសជាម្ចាស់ជំនួយនិយាយថា កម្ពុជាមិនមែនជានយោបាយស្នូលខាងភូមិសាស្ត្រទៀតទេ។ យើងនឹងបន្តផ្តល់ប្រាក់ជំនួយដល់កម្ពុជា ដោយសារតែយើងមានអារម្មណ៍ថាបានធ្វើខុសមកលើស្ថានភាពនៅកម្ពុជា។ ប៉ុន្តែ យើងនឹងមិនបណ្តាក់ទុនច្រើនលើការផ្លាស់ប្តូររបបនយោបាយរបស់កម្ពុជាឲ្យមានភាពប្រសើរឡើងទេ។ វាមិនមានសារៈសំខាន់សម្រាប់យើងទៀតទេ។ យើងនឹងងាកទៅផ្តោតលើអ្វីដែលសំខាន់។ ហើយ រដ្ឋាភិបាលនៃប្រទេសជំនួយជាច្រើន បានដឹងថា ការប្រឆាំងនឹងលោក ហ៊ុន សែន គឺគ្មានលទ្ធផល ដែលពួកគេនិយាយដោយសម្ងាត់ថា លោក ហ៊ុន សែន គឺជាមេដឹកនាំដ៏អាក្រក់ម្នាក់ ពុករលួយ និងមិនជឿលើលទ្ធិប្រជាធិបតេយ្យ និងជាអ្នករំលោភសិទ្ធិមនុស្ស។ នេះគឺជាអ្វីដែលអ្នកការទូត និងមន្ត្រីរដ្ឋាភិបាលមកពីគ្រប់ប្រទេសនិយាយប្រាប់ខ្ញុំ។ ពួកគេសុទ្ធតែមានគំនិតអវិជ្ជមានចំពោះលោក ហ៊ុន សែន។ ប៉ុន្តែ ពួកគេមិនគ្រោងនឹងចំណាយពេលវេលាប្រឆាំងនឹងលោក ហ៊ុន សែន ឬក៏ព្យាយាមផ្លាស់ប្តូរលោក ហ៊ុន សែន ទេ ព្រោះលោក ហ៊ុន សែន មិនបានបង្ហាញឆន្ទះក្នុងការផ្លាស់ប្តូរ ហើយលោកមានឥរិយាបថប្រឆាំងនឹងប្រទេសណា ឬអ្នកការទូតណា ដែលព្យាយាមជម្នះជាមួយលោកទាក់ទងនឹងរឿងសិទ្ធិមនុស្ស។
VOA: និយាយពីការផ្លាស់ប្តូរនេះ យើងសង្កេតឃើញ មានការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងអំឡុងពេលបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជាស្ទើរតែចាញ់ឆ្នោតប្រជែងជាមួយនឹងគណបក្សប្រឆាំងសង្គ្រោះជាតិ។ មានការសន្និដ្ឋានថា លោក ហ៊ុន សែន និងគណបក្សរបស់លោក អាចនឹងពិបាកទទួលបានការគាំទ្រនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះ ប្រសិនបើគ្មានកំណែទម្រង់ដ៏ជាក់លាក់ ហើយរបាយការណ៍នេះក៏វិភាគលើបញ្ហាកំណែទម្រង់នេះដែរ។ ដូច្នេះ យោងតាមការផ្លាស់ប្តូរនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ តើលោកគិតថា លោក ហ៊ុន សែន និងគណបក្សរបស់លោក នឹងស្តាប់ពីកង្វល់របស់ប្រជាពលរដ្ឋកម្ពុជា ហើយព្យាយាមធ្វើកំណែទម្រង់ដ៏ជាក់លាក់មួយ ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតអាណត្តិក្រោយដែរឬទេ?
Brad Adams: ទេ ខ្ញុំគិតផ្ទុយពីនេះ។ អ្នកនិយាយត្រូវ ដែលថា លទ្ធផលការបោះឆ្នោតអាណត្តិមុនមានការភ្ញាក់ផ្អើល។ មានបាតុកម្មធំៗតាមផ្លូវ មានសំពាធជាច្រើនទាមទារឲ្យមានកំណែទម្រង់ ប៉ុន្តែគណបក្សកាន់អំណាច កំពុងតែបង្ហាញសញ្ញាថា ខ្លួននឹងព្យាយាមរារាំងកំណែទម្រង់។ ហើយថ្មីៗនេះ លោក ប៊ិន ឈិន ប្រធានក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជា ថា គណបក្សរបស់លោកចង់កាត់បន្ថយរយៈពេលសម្រាប់ដំណើរការឃោសនាការបោះឆ្នោត ហាមឃាត់បាតុកម្មនៅតាមទីសាធារណៈ និងការជួបជុំគ្នាមុនការបោះឆ្នោត និងមុនយុទ្ធនាការបោះឆ្នោត។ ពួកគេក៏មិនគោរពសន្យាធ្វើកំណែទម្រង់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរ ហើយនេះបង្ហាញយ៉ាងច្បាស់ថា គណៈកម្មាការរៀបចំការបោះឆ្នោត នឹងឋិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ជាជាងបង្កើតគណៈកម្មាការមួយដែលមិនបម្រើប្រយោជន៍ឲ្យគណបក្សនយោបាយ ដែលមានសមាជិកជាបុគ្គលឯករាជ្យ។ ពួកគេបន្តកាត់ទោសសមាជិកគណបក្សប្រឆាំង ដោយបង្កើតទោសក្លែងក្លាយ ដូចជាការបង្កហិង្សានៅកន្លែងធ្វើបាតុកម្មជាដើម។ ខ្ញុំមើលមិនឃើញថា គណបក្សប្រជាជនកម្ពុជាកំពុងតែធ្វើកំណែទម្រង់ទេ។ ខ្ញុំយល់ថា គណបក្សប្រជាជនកម្ពុជានឹងព្យាយាមនិយាយថា ខ្លួនកំពុងធ្វើកំណែទម្រង់ ទាំងមិនបានធ្វើកំណែទម្រង់អ្វីផង ព្រោះខ្លួនដឹងថា កាលណាមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងមានស្ថាប័នឃ្លាំមើលការបោះឆ្នោតដោយឯករាជ្យ នោះមានន័យថា គណបក្សរបស់ខ្លួននឹងចាញ់ឆ្នោត»។
VOA: ដោយសង្កេតឃើញនូវឥរិយាបទព្រងើយកន្តើយបែបនេះពីរដ្ឋាភិបាល តើលោកយល់ឃើញយ៉ាងដូចម្តេចចំពោះលទ្ធភាពរបស់កម្ពុជាឆ្ពោះទៅរកការផ្លាស់ប្តូរដ៏ប្រសើរជាងនេះ?
Brad Adams: ខ្ញុំមានទុទិដ្ឋិនិយមអំពីការផ្លាស់ប្តូររបស់ថ្នាក់ដឹកនាំកំពូល ពីព្រោះ ខ្ញុំគិតថាលោក ហ៊ុន សែន នឹងមិនផ្លាស់ប្តូរទេ ដែលនេះជាប្រធានបទមួយនៃរបាយកាណ៍របស់យើង។ លោក ហ៊ុន សែន បានរំលោភសិទ្ធិមនុស្ស តាំងពីឡើងកាន់តំណែងអស់រយៈពេល៣០ឆ្នាំមកនេះ។ លោកគ្រប់គ្រងប៉ូលិសរដ្ឋ។ ប្រជាពលរដ្ឋគ្មានសិទ្ធិជាមូលដ្ឋាន គ្មានសេរីភាព គ្មានសិទ្ធិបញ្ចេញមតិ។ មានអ្នកទោសនយោបាយក្នុងប្រទេស មិនមានការបោះឆ្នោតត្រឹមត្រូវ ហើយលោកបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងទសវត្សរ៍៩០ ដូចជា ការស្លាប់របស់ក្រុមការងារ UNTAC ការបន្ទុះគ្រាប់បែកថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ប្រឆាំងនឹងលោក សម រង្សី រដ្ឋប្រហារឆ្នាំ១៩៩៧ ការសម្លាប់មនុស្សក្នុងអំឡុងការបោះឆ្នោតក្នុងទសវត្សរ៍៩០។ ហើយនៅទសវត្សរ៍ចុងក្រោយនេះ យើងឃើញមានការរំលោភដីធ្លី ការសម្លាប់អ្នកកាសែត និងមេដឹកនាំសហជីព។ ខ្ញុំមិនគិតថា យើងអាចរំពឹងបានការផ្លាស់ប្តូរពីលោក ហ៊ុន សែន ទេ។ ច្បាស់ណាស់ យើងទាំងអស់គ្នារំពឹងថាគាត់នឹងផ្លាស់ប្តូរ ប៉ុន្តែ មិនមានសញ្ញាអ្វីទាល់តែសោះដែលថា លោក ហ៊ុន សែន កំពុងតែផ្លាស់ប្តូរ។ តែអ្វីដែលយើងអាចរំពឹងបាននោះ គឺការផ្លាស់ប្តូរពីថ្នាក់ក្រោម។ ចំនួនយុវជនកម្ពុជាវ័យក្មេង ដែលបានទៅបោះឆ្នោត ការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងបញ្ហានយោបាយ និងភាពសោមនស្សរីករាយចង់បានលទ្ធិប្រជាធិបតេយ្យដ៏ពេញលេញសម្រាប់ប្រទេសរបស់ខ្លួន អាចនឹងមានឥទ្ធិពលជាការផ្លាស់ប្តូរ។ ហើយវាបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ មនុស្សជាច្រើនបាននិយាយថា «យុវជនកម្ពុជាភាគច្រើនចង់តែរកលុយឲ្យបានច្រើនតែប៉ុណ្ណោះ។ ពួកគេមិនខ្វល់ពីលទ្ធិប្រជាធិបតេយ្យអីនោះទេ»។ ការបោះឆ្នោតឆ្នាំ២០១៣ បានបញ្ជាក់ថាអ្វីដែលពួកគេនិយាយ គឺខុស។ ពួកគេគឺខុស។ ខ្ញុំបានប្រកែកថា ពួកគេបានគិតខុស។ ខ្ញុំគិតថា ប្រជាពលរដ្ឋកម្ពុជា ខ្វាយខ្វល់ខ្លាំងអំពីលទ្ធិប្រជាធិបតេយ្យ។ ពួកគេមិនព្រមឈរមើល ហើយទទួលយកនូវលទ្ធិអត្តាធិបតេយ្យ ឬក៏បក្សពួកឯកបក្សនៃរបបផ្តាច់ការនោះទេ។ ពួកគេនឹងតស៊ូដើម្បីសិទ្ធិរបស់ពួកគេ។
VOA: អរគុណលោកដែលផ្តល់បទសម្ភាសន៍ជាមួយវីអូអេថ្ងៃនេះ។
Brad Adams: វាជាការរីករាយរបស់ខ្ញុំ សូមអរគុណច្រើន។
VOA: សូមជម្រាបលា។
Brad Adams: បាទ សូមជម្រាបលា។