បទសម្ភាសន៍​ ​VOA៖ ​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​មាន​សុទិដ្ឋិនិយម​​អំពី​នយោបាយ ​និង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា

រូបឯកសារ៖ គណៈប្រតិភូកម្ពុជា និង​ជប៉ុន ជួបពិភាក្សា​គ្នានៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣។ ( REUTERS/Toshifumi Kitamura/Pool)

[កំណត់និពន្ធ៖ ​អស់​ពេល​មួយ​ឆ្នាំ​ហើយ ​ដែល​លោក ​Hidehisa Haronouchi ​បាន​បំពេញ​បេសក​កម្ម​នៅ​ភ្នំពេញ ​ក្នុងនាមជាឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ក្នុង​កាល​វេលា​ដ៏​សំខាន់​នៃ​វត្តមាន​ជប៉ុន​ក្នុង​ការ​ជួយ​ផ្ដល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ​និង​បច្ចេកទេស​ដល់​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ចំ​ពេល​ដែល​ការ​វិវត្ត​នយោបាយ​នៅប្រទេស​កម្ពុជានា​ពេល​ថ្មីៗ​នេះ​បាន​ប្រព្រឹត្ត​ឡើង​ចុះ​យ៉ាង​លឿន​រហ័ស។ ​ក្នុង​ការ​ឆ្លើយ​ឆ្លង​តាម​សារ​អេឡិច​ត្រូនិក​មួយ​ជាមួយ​លោក ​អូន ​ឆេងប៉រ​ នៃ VOA លោក​ឯក​អគ្គរាជ​ទូត ​Hidehisa ​Horinouchi ​បាន​និយាយ​អំពី​វត្ត​មាន​ជប៉ុន​នៅ​កម្ពុជា ​បញ្ហានយោបាយ​នៃ​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​មួយ​នេះ ​និង​ការ​បន្ត​ផ្ដល់​ជំនួយ​បោះ​ឆ្នោត។ តទៅនេះ​គឺជា​ខ្លឹមសារ​នៃ​បទសម្ភាសន៍​នេះ​ទាំងស្រុង​ជា​ភាសាខ្មែរ។]

Your browser doesn’t support HTML5

បទសម្ភាសន៍​ ​VOA៖ ​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​មាន​សុទិដ្ឋិនិយមអំពី​នយោបាយ ​និង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា

VOA៖ ​តើ​ជប៉ុន​យល់​យ៉ាង​ណា​ដែរ​ទៅ​លើ​ចំណង​ទាក់​ទង ​និង​តួនាទី​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ​តាំង​ពី​ព្រឹត្តិ​ការណ៍​នៃកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន?​

Hidehisa ​Horinouchi៖​ ទំនាក់​ទំនង​រវាង​ជប៉ុន ​និង​កម្ពុជា​បាន​អភិវឌ្ឍ​នៅ​លើ​វិស័យ​ជា​ច្រើន​ ចម្រុះ​គ្នា ​តាំង​ពី​ឆ្នាំ​១៩៩១មក។ ​ផ្អែក​លើ​ចំណង​មិត្តភាព​ជា​យូរ​លង់​រវាង​ប្រទេស​យើង​ទាំង​ពីរ​ នៅ​ឆ្នាំ​២០១៣ ​នាយក​រដ្ឋ​មន្ត្រី ​Shinzo​ Abe ​និង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​សម្រេច​ដំឡើង​កម្រិត​ឋានានុក្រម​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​ទាំង​សងខាង​ប្រទេសទៅ​ជា​«ភាព​ជា​ដៃគូយុទ្ធសាស្ត្រ» ​ហើយ​ក៏​បាន​ធ្វើ​ផង​ដែរ​ ក្នុង​ការ​សម្រប​សម្រួល ​និង​ចាប់​ដៃ​ជា​សហ​ប្រតិបត្តិការ​លើ​បញ្ហា​តំបន់ ក៏​ដូច​ជា​បញ្ហា​អន្តរជាតិ​នានា​ផង​ដែរ។​

ក្នុង​ក្រប​ខណ្ឌ​នៃ​ភាព​ជាដៃ​គូ​ខាង​លើ ​ជប៉ុន ​និង​កម្ពុជា​បាន​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ជា​ច្រើន​ រួម​មានកំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត ​ការ​កសាង​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត ​រួម​មាន​ផ្លូវ​ថ្នល់​ ស្ពាន​ កំពង់ផែ​ជា​ដើម​ ក៏​ដូច​ជា​ការ​បោស​សម្អាត​គ្រាប់​មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​ព្រម​ទាំង​ការ​លើក​កម្ពស់​ការ​វិនិយោគ។​

យើង​សង្ឃឹម​ជឿ​ជាក់​ថា ​ការ​បើក​ឱ្យ​ដំណើរ​ការ​កាល​ពី​ខែ​កញ្ញា​នូវ​ការ​ហោះ​ហើរ​ត្រង់​ដែល​ភ្ជាប់​ប្រទេស​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា ​និង​ការ​ត្រៀម​បើក​ការិយាល័យ​កុង​ស៊ុល​ជប៉ុន​មួយ​កន្លែង​ទៀត​ក្នុង​ខេត្ត​សៀមរាប​ ​នៅខែ​មករា​ឆ្នាំ​២០១៨​ខាង​មុខ ​នឹង​ផ្ដល់​ជា​កម្លាំង​រុញ​ច្រាន​ឱ្យ​មាន​សន្ទុះ​នៃ​ទំនាក់​ទំនង​ផ្នែក​សេដ្ឋ​កិច្ច ​និង​ការ​ផ្លាស់​ប្ដូរ​ទំនាក់​ទំនងរវាង​ប្រជាជន​ ​និង​ប្រជាជន ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​កាន់​តែខ្លាំង​ក្លា​ថែម​ទៀត។​

ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅថ្មីៗ​នេះ ​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ ​ហើយ​បាន​លូត​លាស់មាន​គុណ​វុឌ្ឍិ​ជាប់​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កាល​ពី​ឆ្នាំ​ទៅ​មិញ។ យើង​ស្ថិត​ក្នុង​មតិ​ទស្សនៈ​ដូច្នេះ​ថា​ ការ​រីក​ចម្រើនលូត​លាស់​នេះ​សម្រេច​ទៅ​បាន​ អាស្រ័យ​ទទួល​បាន​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​អភិវឌ្ឍ​ប្រទេស ​ក្នុង​ឥរិយាបថ​បើក​ទូលាយជាមួយ​សហគមន៍​អន្តរជាតិ ​និង​ក្រោម​របប​ដឹក​នាំ​តាម​បែប​ប្រជា​ធិបតេយ្យ។​

VOA៖ ​ទំនាក់​ទំនង​ចិន ​និង​កម្ពុជា​មាន​លក្ខណៈ​ជិតស្និទ្ធ​ណាស់​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​តើលោក​យល់យ៉ាង​ដែរ​ទៅ​លើ​ទំនាក់​ទំនង​ខ្មែរ​ចិន? ​ហើយ​តើ​អ្វី​ទៅ​ជា​តួ​នាទី​របស់​ជប៉ុន​ក្នុង​ការ​ធ្វើ​តុល្យ​កម្ម​ជាមួយ​វត្តមាន​ចិន​នៅ​កម្ពុជា?​

Hidehisa Horinouchi៖ ​ពួក​យើង​(ជប៉ុន) ​មិន​ស្ថិត​ក្នុង​តួនាទី​ណាមួយ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​លើ​ទំនាក់​ទំនងរបស់​កម្ពុជា​ជាមួយ​ប្រទេស​នានា​ផ្សេង​ទៀត​នោះ​ទេ។ ​យើង​គ្រាន់​តែ​សង្ឃឹម​ថា ​រាល់​ជំនួយ​ពី​សំណាក់​ម្ចាស់​ជំនួយ​នីមួយៗ​នឹង​ផ្ដល់​ជា​វិភាគទាន​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។​

ជំនួយ​ផ្លូវ​ការ​សម្រាប់​ការ​អភិវឌ្ឍ​ (ODA) ​របស់​ជប៉ុន ​បាន​និង​កំពុង​គ្រប​ដណ្ដប់​លើ​បញ្ហា​នានា​នៃ​ការ​អភិវឌ្ឍ​នៅ​ទី​នេះ​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​ការ​ផ្គត់​ផ្គង់​ទឹក​ សុខ​ភាព​មាតា​និង​កុមារ​ ការ​អប់រំ​សិក្សាធិការ​ វិស័យ​គមនាគមន៍​ កសិកម្ម ​ការ​បោស​សម្អាត​ផ្ទៃដី​គ្រប​ដណ្ដប់​ដោយ​គ្រាប់​មីន ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​បរិយាកាស​វិនិយោគ ​និង​ការ​លើក​កម្ពស់នៃ​គុណ​ភាព​ប្រព័ន្ធ​ច្បាប់ ​ដែល​រួម​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត ​និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​លើ​វិស័យ​ជា​ច្រើន។

ជប៉ុន​បាន​ផ្ដល់​ជា​វិភាគ​ទាន​ក្នុង​ការងារ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ផ្នែក​សង្គម​សេដ្ឋកិច្ច​ តាមរយៈចំណងសហការជាមួយតួអង្គ​អភិវឌ្ឍជា​ច្រើន​ ដោយ​ប្រើ​ប្រាស់​នូវ​បច្ចេក​វិទ្យា ​និង​បទ​ពិសោធន៍​របស់​ជប៉ុន​ជាប្រយោជន៍​ដល់​ការងារ​ជំនួយ​នានា។ ​នេះហើយ​គឺ​ជា​គុណ​តម្លៃ​ដ៏​វិសេស​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​របស់​ប្រទេស​ជប៉ុន។​

ជា​ឧទាហរណ៍ ​ស្ពាន​គីហ្សូណា ​និង​ស្ពាន​ត្សឺបាសា ​(អ្នក​លឿង) ​ត្រូវ​បាន​កសាង​ឡើង​ក្រោម​ជំនួយ​របស់​ប្រទេស​ជប៉ុន​ដើម្បី​ជា​និម្មិត​រូប​នៃ​ចំណង​មិត្តភាព​រវាង​ជប៉ុន ​និង​កម្ពុជា ​ហើយ​ត្រូវ​បាន​បោះពុម្ព​លើ​សន្លឹក​ធន​ប័ត្រ​៥០០៛របស់​កម្ពុជាទៀត​ផង។​

កម្ពុជា​បាន​សម្រេច​កំណើន​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់​ក្នុង​អត្រា​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ ៧% ​និង​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាងលឿន​រហ័ស ​ក្នុង​រយៈកាល​២០ឆ្នាំ​ចុង​ក្រោយ​នេះ។ ​យើង​មាន​មោទនភាព​ដែល​ជប៉ុន​បាន​ដើរ​តួនាទី​ចូល​រួម​ចំណែកក្នុងការ​សម្រេច​បាន​សមិទ្ធ​ផល​ទាំង​អស់​នេះ។​

យ៉ាង​ណា​ក្ដី ​កម្ពុជា​ក៏​កំពុង​ពើប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ថ្មីៗ​មួយ​ចំនួន​ រួម​មាន​ការ​រន្ថើន​ឡើង​នៃ​បញ្ហា​បណ្ដាល​មក​ពី​ការធ្វើ​នគរូបនីយកម្ម​នៅ​ទី​ក្រុង​ភ្នំពេញ ​និង​ភាព​ខុស​គ្នា​ដាច់​ស្រឡះ​រវាង​តំបន់​ទីក្រុង​ ទីប្រជុំជន​ និង​តំបន់​ជន​បទ​ចុង​កាត់មាត់ញក។ ​ជប៉ុន​បន្ត​អនុវត្ត​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការងារ​អភិវឌ្ឍ ​ក្នុង​បន្ទាត់​ក្រប​ខណ្ឌ​នៃ​គោល​នយោបាយអភិវឌ្ឍ​ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជាខ្លួន​ឯង។

លោក ​Hidehisa ​Horinouchi ​ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំកម្ពុជា ក្នុង​រូប​ថត​មួយ​ដែល​ត្រូវ​បាន​ចែក​ផ្សាយ​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ២០១៧ ​ដោយ​ស្ថាន​ទូត​ជប៉ុន​នៅភ្នំពេញ។ ​(រូបថត៖​ ស្ថាន​ទូត​ជប៉ុន)

VOA៖ ​បញ្ហា​នៃ​ការ​បង្ក្រាប​ផ្នែក​នយោបាយ​នា​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​កម្ពុជា ​ដែល​រួម​មាន​ការ​រំលាយ​បក្សប្រឆាំង​ធំ​បំផុត​របស់​ប្រទេស​ បាន​នាំ​ឱ្យ​អ្នក​រិះ​គន់​ជា​ច្រើន​គោះ​ជួង​ប្រកាស​អាសន្ន​អំពី​អាយុ​ជីវិត​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​ប្រទេស​មួយ​នេះ។ ​ចុះ​ជប៉ុន​យល់​យ៉ាង​ណា​ទៅ​វិញ?

Hidehisa ​Horinouchi៖ ​យើង​មាន​ក្ដី​បារម្ភ​ដែល​វា​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​ជំទាស់​មួយ​ដែល​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​ក្នុង​ចំនួន​មួយ ​កាល​ពី​ពេល​បោះ​ឆ្នោត​កន្លង​ទៅ។ ​យើង​បាន​បញ្ចេញ​នូវ​ក្ដី​បារម្ភ​របស់​យើង​ជាបន្តបន្ទាប់​ ប្រាប់​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា។​ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​មេដឹកនាំ​នៃ​គណបក្ស​ជំទាស់ ​កាល​ពី​ខែ​កញ្ញា​ ​ឯកឧត្តម ​Iwao ​HORII ​អនុ​រដ្ឋ​មន្ត្រីក្រសួង​កិច្ចការ​បរទេស​របស់​ជប៉ុន ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​កាល​ពី​ខែ​តុលា។ ​លោក​អនុ​រដ្ឋមន្ត្រី ​HORII​ បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​របស់​លោក​អំពី​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ក្នុងស្ថាន​ការណ៍​នយោបាយ​កម្ពុជា ​និង​ស្នើ​ឱ្យ​មាន​ដំណោះ​ស្រាយ​លើ​រាល់​បញ្ហា​ដោយ​កិច្ច​ខិត​ខំ​របស់​ប្រជាជន​កម្ពុជា​ខ្លួន​ឯង។​

នៅ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម ​ប្រាក់ ​សុខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិ​ការអន្តរជាតិ ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ​លោក​រដ្ឋ​មន្ត្រី ​NAKANE ​បាន​បង្ហាញ​ផង​ដែរ​នូវ​ក្ដី​បារម្ភ​ ​អំពី​ការ​រំលាយ​ក្រុម​ជំទាស់​មួយដែលទទួលបាន​ការ​គាំទ្រពី​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​កុះករ​ ក្នុង​ការ​បោះឆ្នោត​នា​ពេល​កន្លង​ទៅ ​ហើយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​នូវ​ការ​ធានា​ថា ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​មាគ៌ា​មួយ ​ដែល​នឹង​ឆ្លុះ​បញ្ចាំង​យ៉ាង​សមរម្យ ​អំពី​ឆន្ទៈ​របស់​ប្រជាជន។​

វា​មាន​សារៈ​សំខាន់​សម្រាប់​ភាគី​ពាក់ព័ន្ធ​នានា ​រួម​មាន​ទាំង​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ជំទាស់ ​ក្នុង​ការ​បង្កើតនូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នានា​ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ក្នុង​មាគ៌ា​មួយ ​ដែល​នឹង​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់ប្រជាជន​កម្ពុជា។​ ជាមួយ​នឹង​ចំណាប់​អារម្មណ៍​ជា​ពន់​ពេក ​ជប៉ុន​នឹង​បន្ត​តាម​ដាន​យ៉ាង​ជិត​ដិត​ទៅ​លើ​ដំណើរ​វិវឌ្ឍ​ទៅ​នៃ​ស្ថាន​ការណ៍ ​ហើយ​នឹង​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​ដែល​ចាំបាច់​ដល់​ភាគី​ពាក់​ព័ន្ធ​នានា។

VOA៖ ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ម្ចាស់​ជំនួយ​នានារួម​មាន​ សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក ​បាន​សម្រេច​ផ្អាក​ការ​ផ្ដល់​ជំនួយ​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)។ ​តើ​ជប៉ុន​ដែល​នៅ​បន្ត​ផ្ដល់​ជំនួយ​ដល់ គ.ជ.ប. មាន​ជំហរ​យ៉ាង​ដូច​ម្ដេច​ដែរ?

Hidehisa Horinouchi៖ ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​ត្រូវ​បាន​រៀប​ចំកាល​ពី​ខែ​មិថុនា​កន្លង​ទៅ ​ជំនួយ​របស់​ប្រទេសជប៉ុន​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រតិបត្តិ​ការ​ចុះឈ្មោះ ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ​និង​រាប់​សន្លឹក​ឆ្នោ​ត​ បាន​ផ្ដល់​ជាវិភាគ​ទាន​ដល់​ការ​លើក​កម្ពស់​នៃ​ជំនឿ​ទុក​ចិត្ត​ទៅ​លើ​ដំណើរ​ការ​បោះ​ឆ្នោត។​

វា​ស្ថិត​ក្នុង​សារៈ​សំខាន់​ក្រៃលែង ​ដែល​ត្រូវ​មាន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​នៃ​ប្រជា​ជន​កម្ពុជា។​ ប្រទេស​ជប៉ុន​នឹង​បន្ត​តាម​ដាន​ដំណើរ​វិវត្ត​នៃ​ស្ថាន​ការណ៍​យ៉ាង​ជិត​ដិត ​ជាមួយ​នឹង​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​បំផុត។ ​យើង​នឹង​បន្ត​ការ​សន្ទនា​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​នៅ​បន្ត​ផ្ដល់​ជំនួយ​ដល់​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។​

ក្នុង​នាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត ​ដែល​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជា​បន្ត​បន្ទាប់​ ដើម្បី​ធានា​ឱ្យ​មាន​ការកសាង​សន្តិភាព ​និង​ដំណើរ​ការ​កសាង​ជាតិ​របស់​កម្ពុជា​ជប៉ុន​សង្ឃឹម​យ៉ាង​ពិតៗ​ថា ​ប្រជាជន​កម្ពុជា​ខ្លួន​ឯង​នឹង​ត្រួស​ត្រាយ​ផ្លូវ​មួយ​ដែល​ល្អ​ប្រសើរ​បំផុត​ ឆ្ពោះ​ទៅ​កាន់​អនាគត ​និង​ការ​អភិវឌ្ឍ​របស់​ខ្លួន​ដោយ​ខ្លួន​គេ៕