បទសម្ភាសន៍ VOA៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្លែង​ពី​សមិទ្ធផល​នៃ​កិច្ចព្រម​ព្រៀង​ប៉ារីស​និង​បញ្ហា​ប្រឈម​​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​​

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅប្រទេស​កម្ពុជា​បាន​ផ្តល់បទសម្ភាស​ដល់​វីអូអេ​ខេមរភាសា​កាលពីថ្ងៃទី១ ខែតុលា​នៅស្ថានទូតសហរដ្ឋអាមេរិក​ក្នុងរដ្ឋធានី​ភ្នំពេញ​កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ​២០២១ អំពី​ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ (វីអូអេ)

កំណត់និពន្ធ៖​នៅ​ក្នុង​បទសម្ភាសន៍​កាល​ពី​ដើម​ខែ​តុលា​នេះ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា បាន​ពិភាក្សា​ជាមួយ ​VOA​ អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នា​ពេល​៣០​ឆ្នាំ​កន្លង​មក​នេះ។ ​កញ្ញា ​ហ៊ាន សុជាតា​ និង​អ្នកនាង​ខាន់ សុគុំមនោ​ រៀបរៀង​បទសម្ភាសន៍​នេះ​ឲ្យ ​VOA ​ពី​រាជធានី​ភ្នំពេញ​ដូច​តទៅ៖​

Your browser doesn’t support HTML5

ឯកអគ្គរដ្ឋទូត Murphy៖ អាមេរិក​បន្ត​ប្តេជ្ញា​ជួយ​កម្ពុជា​និង​ពលរដ្ឋ​នៅ​ខួប​សន្តិភាព​ទីក្រុង​ប៉ារីស​

VOA៖ ​សូម​អរគុណ​លោក ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ដែល​អនុញ្ញាត​ឲ្យ​ VOA ​បាន​ជួប​សម្ភាសជុំវិញ​ប្រធានបទសន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ ជា​ដំបូង​ នាង​ខ្ញុំ​ចង់​ដឹង​អំពី​ទស្សនៈ​របស់​លោក​ចំពោះការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​នា​ពេល​៣០ឆ្នាំ​កន្លង​មក​នេះ។​

ឯកអគ្គរដ្ឋទូត Murphy៖ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅឆ្នាំ​១៩៩១​កាល​ពី​៣០​ឆ្នាំ​មុន​នៅ​ខែ​តុលា​នេះ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​ដែល​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​នៃ​សេចក្តី​សម្រេច​និងកិច្ច​សហប្រតិបត្តិការ​ការទូតអន្តរជាតិ។កិច្ចព្រមព្រៀង​នេះ​បាន​ប្រមូល​ផ្តុំ​ប្រទេស​ហត្ថលេខី​ចំនួន​ ១៩ ក្នុង​នោះ​មាន​ទាំងសហរដ្ឋ​អាមេរិក​និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​នៅ​កម្ពុជា ឲ្យ​មូល​មតិ​គ្នា​ក្នុង​ការ​បញ្ចប់​ជម្លោះ​និង​សង្គ្រាម​ស៊ីវិល។​កិច្ចព្រមព្រៀង​ទាំងនោះ​គឺជាមូលដ្ឋាន​ក្នុង​ការ​ជួយ​បញ្ចប់​ជម្លោះ​និង​នាំ​ជនភៀស​ខ្លួន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ព្រម​ទាំងផ្តល់​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់កម្ពុជា​នា​ពេល​អនាគត​ដែល​នឹង​មាន​ស្ថិរភាព​និង​វិបុលភាព​ នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ។​បន្ទាប់​ពី​៣០ឆ្នាំ​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​យើង​មើល​ឃើញ​ពី​លទ្ធផលខ្លះ​ហើយ​យើង​ក៏​មើល​ឃើញ​ចំណុច​ខ្វះខាត​ខ្លះដែល​កម្ពុជា​អាច​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ហើយ​មាន​ផ្នែកខ្លះ​និង​គោលការណ៍​ខ្លះ​ទៀត​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ទៀត​ដែល​កម្ពុជា​អាច​ធ្វើ​បាន​ច្រើន​ជាង​នេះ។

VOA៖ ​ដូច​ដែល​លោក​ឯកអគ្គរដ្ឋទូត បាន​ដឹង​ហើយ​ថា​ ស្ថានភាព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ការ​ដើរ​ថយក្រោយ។ តើ​លោក​គិត​ថា​អ្វី​ទៅ​ដែល​កម្ពុជា​គួរ​ធ្វើ​ដើម្បី​ឲ្យ​ស្ថានភាព​នៅកម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​វិញ?

ឯកអគ្គរដ្ឋទូត Murphy៖ សំណួរ​នេះ​ល្អ​មែន​ទែនទាំង​ចំពោះ​ពលរដ្ឋ​កម្ពុជា​និង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ យើង​ព្យាយាម​ពង្រឹង​ចំណង​មិត្តភាព​រវាងគ្នា​ជំរុញ​ផលប្រយោជន៍​នៃ​ទំនាក់ទំនងប្រទេស​ទាំង​ពីរ។ សិទ្ធិ​មនុស្ស​ពិត​ជា​សំខាន់ខ្លាំង​ណាស់។ វា​ជា​បញ្ហា​សាកល​ជា​មូលដ្ឋានមិនមែន​ជា​បញ្ហា​ផ្តាច់​មុខរបស់​ប្រទេស​ណា​មួយ​នោះ​ទេ។ យើង​ដឹង​ថា​កម្ពុជា​យក​ចិត្តទុកដាក់​អំពីសិទ្ធិ​មនុស្ស​ព្រោះ​ថា​កម្ពុជា​ក៏​មាន​រដ្ឋ​ធម្មនុញ្ញ​ដែលចែង​អំពី​សិទ្ធិ​មនុស្ស​ដែរ។ កម្ពុជា​ ក៏​ជា​សមាជិក​អាស៊ាន​ហើយ​ធម្មនុញ្ញ​អាស៊ាន​ក៏​មាន​ចែង​អំពី​គោលការណ៍​និង​គុណ​តម្លៃ​នៃ​សិទ្ធិ​មនុស្ស ព្រម​ទាំង​មាន​យន្តការ​ជំរុញ​សិទ្ធិ​មនុស្ស​ផង។ យើង​ដឹង​ថា​ កម្ពុជា​ធ្លាប់​ផ្តល់​តម្លៃ​និង​ភាព​សំខាន់​ដល់សិទ្ធិ​មនុស្ស។​យើង​ឃើញ​ពី​អតីតកាល​ថា​សិទ្ធិ​មនុស្ស​មាន​សារៈសំខាន់​ចំពោះ​វិបុលភាព​និង​ភាពរីកចម្រើននៃ​ប្រទេស​មួយ​នៅ​ពេល​ដែលពលរដ្ឋ​អាច​បញ្ចេញ​មតិ​នៅ​ពេល​ដែល​មាន​សង្គម​ស៊ីវិល​រឹង​មាំ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហើយ​នៅ​ពេល​ដែល​សេរីភាព​បុគ្គល​និង​សមូហភាព​ត្រូវ​បាន​ការពារ។​ នៅ​ពេល​ដែល​សុខុមាលភាព​របស់​ពលរដ្ឋ​ប្រសើរ​ឡើង​ស្ថិរភាព​និង​វិបុលភាព​របស់​ប្រទេស​នោះ​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ ជា​ការពិត​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​នេះ​មាន​ការ​ដើរ​ថយ​ក្រោយ​ខ្លះ មាន​ការ​បិទ​លម្ហ​សម្រាប់​សង្គម​ស៊ីវិល​ខ្លះ បញ្ហា​ប្រឈមខ្លះ​សម្រាប់​បណ្តាញ​សារព័ត៌មាន​ដែល​ធ្វើការ​ដោយ​ឯករាជ្យ​និង​ពិតជា​មានបញ្ហា​ប្រឈមសម្រាប់​ពលរដ្ឋ​កម្ពុជា​ក្នុងការរិះគន់​និងបញ្ចេញ​សំឡេង​និង​មាន​តំណាង​ក្នុង​ស្ថាប័ន​របស់​រដ្ឋាភិបាល។​ក្នុង​នាម​ជាមិត្ត​របស់​កម្ពុជា​យើង​ជំរុញ​ឲ្យ​មានការ​ស្តារ​ឡើងវិញ​នូវ​ការ​ដើរ​ថយក្រោយ​នោះ​ដើម្បី​វិល​ត្រឡប់​មក​វិថី​មួយ​ដែល​ផ្តល់​នូវ​ការ​រីក​ចម្រើន​និង​ពង្រឹង​គោលការណ៍​គុណតម្លៃ​ និង​ស្ថាប័ន​ទាំង​នេះឡើង​វិញ។

ព័ត៌មាន​ទាក់ទង៖ សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​កម្ពុជា​ថយ​មក​ចំណុច​ចាប់ផ្តើម​រយៈពេល​៣០​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស (ភាគ១)

VOA៖ ​ខ្ញុំដឹង​ថា​លោក​បាន​ឃ្លាំ​មើល​ស្ថានការណ៍​កម្ពុជា​ទាំង​នៅ​កម្ពុជានិង​បាន​ឮ​មតិ​នានា​ពី​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក។​ដូច​ដែល​លោក​បាន​ដឹង​អីចឹង​ថា​សហគមន៍​កម្ពុជា​នៅ​ក្រៅ​ប្រទេស​បាន​ទាមទារ​ប្រទេស​ហត្ថលេខី​ក្នុង​នោះ​ក៏​មានសហរដ្ឋ​អាមេរិក​ផងឲ្យ​ត្រួត​ពិនិត្យការ​អនុវត្ត​សន្ធិសញ្ញា​នេះឡើង​វិញ។ តើ​លោក​គិត​ថា​ សេណារ៉ូយូ​នេះ​អាច​កើ​តឡើងដែរ​ឬ​ទេ?

ឯកអគ្គរដ្ឋទូត Murphy៖ ខួប​លើកទី​៣០នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​អបអរ​សមិទ្ធផល​និង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​អ្វី​ដែល​មិនទាន់​សម្រេច​បាន។ យើង​គិតថា​នេះ​គឺជា​ការ​វិវឌ្ឍ​ដែល​មាន​ដំណើរ​ការ។​ជា​រៀងរាល់​ឆ្នាំកម្ពុជា​តែង​មាន​ថ្ងៃ​ឈប់​សម្រាកដើម្បី​អបអរ​សមិទ្ធផល​នៃ​កិច្ចព្រមព្រៀង​នេះ​និង​ធ្លាប់​ផ្តល់​ឱកាស​ដល់​សង្គម​ស៊ីវិល​ក្នុង​ការ​ប្រារព្ធ​និង​រំលឹក​ដល់​សន្ធិសញ្ញា​នេះ។ ​ក៏ប៉ុន្តែ​វា​គួរឱ្យ​សោកស្តាយ​ដែល​របស់​ទាំងពីរ​នេះ​លែង​មាន​ទៀត​ហើយ។​ ឆ្នាំ​នេះ​ នៅ​ទីក្រុង​ភ្នំពេញ​ស្ថានទូត​អាមេរិក​ផ្តោត​លើ​សកម្មភាព​មួយ​ចំនួន​ដើម្បី​ប្រារព្ធ​ខួប​ទី​៣០​ដ៏​សំខាន់​នេះ។​យើង​នឹង​ធ្វើការ​ជាមួយ​សង្គម​ស៊ីវិល​យើង​នឹង​ធ្វើការ​ជាមួយ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ដើមរួមទាំង​ភាគី​ពាក់ព័ន្ធ​និង​រដ្ឋាភិបាល​កម្ពុជា​ផង។ យើង​គិត​ថា​ នេះ​ជា​ឱកាស​ដ៏​សំខាន់​មួយ​ដែល​យើង​មិន​ចង់​ឃើញ​វា​ខកខាន​ម្តងទៀត​ក្នុង​ការ​អបអរ​សមិទ្ធផល​ដ៏អស្ចារ្យ​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩១។​ ការ​អបអរ​សមិទ្ធផលនេះ​មិន​សំដៅ​ត្រឹម​តែការ​ប្រមូលផ្តុំភាគី​ពាក់​ព័ន្ធនោះ​ទេ​តែ​ក៏​សំដៅ​ដល់​កិច្ច​ការ​សំខាន់​ដែល​នៅសល់​ដែល​ត្រូវធ្វើ​ផងដែរ។​

ក្រុម​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

VOA៖ ​តើ​លោក​ឯកអគ្គរដ្ឋទូត​អាច​បង្ហាញ​បាន​ទេ​ថា​តើ​សហរដ្ឋ​អាមេរិក​នា​ពេល​កន្លង​មក បាន​រួម​ចំណែក​យ៉ាងណា​ខ្លះ​ចំពោះសមិទ្ធផល​នៅ​កម្ពុជា​ចាប់​តាំង​ពី​ការ​ចុះ​ហត្ថលេខា​នៃ​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​មក?​

ឯកអគ្គរដ្ឋទូត Murphy៖ នេះ​ជា​សំណួរ​ដ៏​សំខាន់​ព្រោះ​យើង​គិតថា​ប្រទេស​ហត្ថលេខី​ជាច្រើន​កាល​ពី​ឆ្នាំ​ ១៩៩១បាន​ធ្វើ​ការ​វិនិយោគ​យ៉ាងច្រើន​មក​លើ​ប្រជាជន​កម្ពុជា​ក្នុង​រយៈពេល​៣០​ឆ្នាំ មក​នេះ។ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​ជំនួយ​ដល់​កម្ពុជា​ជាង​៣​ពាន់​លាន​ដុល្លារ ក្នុង​ការដក​ពិសោធន៍​នេះ​ចំពោះ​ប្រជាជន​និង​ប្រទេស​កម្ពុជា​ដូច​នា​ពេល​បច្ចុប្បន្នហើយ​យើង​ក៏​បាន​ព្យាយាម​ជួយ​ស្រប​តាម​ការ​ចង់​បាន​របស់​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ស្ថិរភាព​ សន្តិភាព​វិបុលភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ។​ យើង​បាន​ឃើញ​លទ្ធផល​ជា​ច្រើន។ កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​វិស័យ​សុខភាព​សាធារណៈ​ការ​ឈាន​ទៅ​រក​ការ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ភាព​ជឿន​លឿន​ក្នុង​ការ​ឆ្លើយ​តបប្រឆាំង​នឹង​មេរោគ​អេដស៍​និង​ជំងឺឆ្លង​ដទៃ​ទៀត។​ទាំង​នេះ​សុទ្ធ​តែ​បង្កើត​ឡើង​ដោយ​ភាព​ជាដៃគូ​ជាមួយ​សហរដ្ឋ​អាមេរិក​ហើយ​ភាព​ជាដៃគូ​នេះ​ក៏មាន​ប្រយោជន៍​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​កូវីដ១៩​ផងដែរ។​ កម្ពុជា​ ក៏​មាន​ការ​ជឿនលឿន​ផ្នែក​កសិកម្ម​និង​សន្តិសុខ​ស្បៀង​និង​ការ​អប់រំ​ផងដែរ។ ជំនាញ​ភាសា​អង់គ្លេស​ក៏​បាន​ប្រសើរ​ឡើង។ យើង​មាន​កម្មវិធី​អភិវឌ្ឍន៍​សម្រាប់​ផ្នែក​ទាំង​នេះ។​ អាយុកាល​មធ្យម​របស់​ប្រជាជន​កម្ពុជា​ក៏​វែង​ជាង​មុន យើង​ឃើញ​ថា​អត្រា​មរណភាព​មាតា​និង​ទារក​ធ្លាក់ចុះ​កម្ពុជា​ក៏​កំពុង​ឈាន​ទៅ​ជា​ប្រទេស​ដែល​គ្មាន​មីន។ កម្ពុជា​ធ្លាប់​ស្ថិត​ក្នុង​ចំណោមប្រទេសដែល​មាន​មីន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។ មីន​ ទាំង​នោះ​មិនមែន​ជា​របស់​សហរដ្ឋ​អាមេរិក​ទេ​ប៉ុន្តែខ្ញុំ​គិត​ថា​យើង​ជា​ម្ចាស់​ជំនួយ​និង​ដៃគូ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​ជួយ​ការពារ​ប្រជាជនកម្ពុជា​ឲ្យ​មាន​សុវត្ថិភាព​តាមរយៈ​ការ​ដោះមីន​ការ​ប្រែក្លាយ​ដីនោះ​មក​ជា​ដី​កសិកម្ម​និង​ការ​ការពារ​បុគ្គល​គ្រប់រូប​ពី​គ្រោះថ្នាក់មីន​ហើយ​យើង​ក៏​បាន​ចូលរួម​កម្ចាត់​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ផងដែរ។

អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ថា​យើង​បាន​វិនិយោគ​ជាច្រើន។ ពលរដ្ឋ​កម្ពុជា​មាន​សមិទ្ធផល​ជាច្រើន​ដែល​អាច​បង្ហាញ​បាន។ យើង​នឹង​បន្ត​ជា​ដៃគូ​ដ៏​សំខាន់​មួយ​ហើយ​ខ្ញុំ​គិតថា​វា​នឹង​កាន់​តែ​ប្រទាក់​ក្រឡាគ្នា​គឺ​មិន​គ្រាន់​តែ​នៅ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ​ប៉ុន្តែ​ក៏​ចូល​ដល់​ឆ្នាំ​២០២២​ដែល​ជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។ សហរដ្ឋ​អាមេរិក​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ជាមួយ​នឹង​អាស៊ាន​ដូច្នេះ​តួនាទី​ប្រធាន​នេះ​នឹង​កាន់​តែ​សំខាន់។​

រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង (American Center) ដែល​ជា​មជ្ឈមណ្ឌល​អប់រំមួយស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា កាល​ពីថ្ងៃ​អង្គការ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ទុំ ម្លិះ/VOA)

VOA៖ ​ដូច​ដែល​លោក​បាន​ដឹង​ហើយ​ថា​កម្ពុជា​ក៏​កំពុង​ផ្តោត​ចំណាប់​អារម្មណ៍​ខ្ពស់​ទៅ​កាន់​យុវជន​ដែល​ជា​អនាគត​អ្នកដឹកនាំ​នៅ​កម្ពុជា។​ តើ​លោក​គិតថា​ យុវជន​កម្ពុជា​ជំនាន់​ក្រោយ​គួរ​ធ្វើ​យ៉ាងណា​ឬ​ផ្តោត​សំខាន់​ទៅ​លើ​អ្វី​នា​ពេល​ខាងមុខ?

ឯកអគ្គរដ្ឋទូត Murphy៖ ខ្ញុំ​មាន​អារម្មណ៍​ថាយុវ​ជន​វ័យ​ក្មេង​នៅ​កម្ពុជា​បាន​ផ្តល់កម្លាំង​ចិត្ត​ខ្ញុំ​ណាស់។ នៅ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំបាន​ទៅ ​និយាយ​ទៅ​ខ្ញុំ​មាន​ឱកាស​បាន​ទៅ​លេង​គ្រប់​២៥​ខេត្ត​ហើយ​ខេត្ត​ខ្លះ​ខ្ញុំ​បាន​ទៅ​ច្រើន​ដង​មកហើយខ្ញុំ​បានជួប​ជាមួយ​យុវជន​ខ្មែរ។​ពួក​គេ​មាន​ថាមពល​ណាស់​ពួក​គេ​មាន​គំនិត​បង្កើត​អ្វី​ថ្មីៗ និង​មាន​ភាព​ច្នៃប្រឌិត​ជំនាញ​ភាសា​អង់គ្លេស​របស់​ពួកគេ​ប្រសើរ​ច្រើនពួកគេ​ចេះ​ទំនាក់ទំនង​គ្នា​ពួកគេ​ចាប់​អារម្មណ៍​ទៅ​លើ​បរិស្ថាន​ពួកគេ​ចាប់​អារម្មណ៍​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ពួកគេ​ចាប់​អារម្មណ៍​ទៅ​លើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត រួមទាំង​សហរដ្ឋ​អាមេរិក​ផងដែរ។​ខ្ញុំ​ផ្តល់​ការ​លើកទឹក​ចិត្ត​ទៅ​ដល់​យុវជន​ខ្មែរ​ថា​កុំឲ្យ​គិត​ថា​ខ្លួនឯង​គឺជា​អ្នកដឹកនាំនា​ពេល​អនាគត​តែត្រូវ​គិតថា​ខ្លួន​ឯង​ជា​អ្នក​ដឹកនាំ​នា​ពេល​បច្ចុប្បន្ន។​

យុវជន​នៅ​ជុំវិញ​ពិភព​លោក​មាន​សមត្ថភាព​រួមចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​លើ​ពិភពលោក​បាន។ យើង​មាន​ឧបសគ្គ​ជាច្រើន​ហើយ​យើង​ត្រូវការ​ដំណោះស្រាយ។ យើង​ត្រូវការ​យុវជនដែល​មាន​ជំនាញ​ខាង​បច្ចេកទេស​ចេះ​ប្រើ​បច្ចេកវិទ្យា​យ៉ាង​ស្ទាត់​ជំនាញ​មាន​ការ​ច្នៃប្រឌិត​ខ្លាំង​និង​មាន​ភាព​ស្វាហាប់​ខ្លាំង។​ដូច្នេះ​ការ​លើក​ទឹកចិត្ត​របស់​ខ្ញុំ​ចំពោះ​យុវជន​គឺ​ត្រូវ​គិត​អំពី​ខ្លួនឯង​ក្នុង​នាម​ជា​អ្នកដឹកនាំ​នាពេល​បច្ចុប្បន្ន​ហើយ​ត្រូវ​តែ​ចេះ​ចូលរួម​[ក្នុង​ការ​អភិវឌ្ឍ]។​យើង​ត្រូវ​ការ​មនុស្ស​ល្អចូលរួម​បម្រើ​ការ​ងារ​រាជការ​ក្នុងជួរ​រដ្ឋាភិបាល​និង​ចូលរួមបម្រើ​សេវា​សាធារណៈ​ ​ធ្វើ​ជា​អ្នកអប់រំ​ធ្វើ​ការងារ​ដោយ​ចេះ​ទទួល​ខុសត្រូវ​ក្នុង​នាម​ជា​អ្នកដឹកនាំ​អាជីវកម្ម​មិនមែន​គ្រាន់​តែធ្វើ​ជំនួញ​ដើម្បី​តែ​ប្រាក់​នោះ​ទេ​ប៉ុន្តែ​ធ្វើ​អាជីវកម្ម​ដើម្បី​ជួយ​អភិវឌ្ឍ​ឲ្យ​គង់វង្ស​អនុវត្ត​គោល​នយោបាយ​ការងារ​ឲ្យ​បាន​ល្អ និង​ដើម្បី​ការពារ​ធនធាន​របស់​យើង​ឲ្យ​បាន​ល្អ។

យុវជន​មាន​អ្វីៗ​ជា​ច្រើន​ដែល​ពួកគេ​អាច​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​បាន​ហើយ​ខ្ញុំ​មាន​កម្លាំងចិត្ត​និង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​កាន់តែ​ច្រើនចេញ​ពី​ចំណែក​របស់​ពួកគេ។​តាម​ពិត​ពួកគេ​ភាគច្រើន​នឹង​ឈាន​ចូល​ទៅ​ក្នុង​វិស័យ​អាជីវកម្ម​ណា​មួយ។ សហរដ្ឋ​អាមេរិក​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ។​ទីផ្សារ​សហរដ្ឋ​អាមេរិក ឥឡូវ​នេះ​ជា​ទីផ្សារ​នាំចេញ​ធំជាងគេ​បំផុត​របស់​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​នានា​លើ​ពិភពលោក រហូត​មក​ទល់​ពេលនេះ។​វា​បាន​កើន​ឡើង ២៣ភាគរយកាល​ពី​ឆ្នាំមុន។ វា​ទំនង​ជា​កើន​ឡើង​ដល់​ជិត ៣០​ភាគរយ​នៅ​ឆ្នាំនេះ បើ​ទោះបី​ជា​ជួប​បញ្ហា​ប្រឈម ក៏​ដូច​ជា​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ១៩​ក៏ដោយ។​ដូច្នេះ​ហើយ​មាន​អ្វីៗ​ជាច្រើន​ក្នុង​កិច្ចការងារ​នេះ​ដែល​កម្ពុជា​នឹង​ទាញយក​ប្រយោជន៍​ពី​ទីផ្សារ​អាមេរិក។​អ្វី​ទាំងនេះ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា។​សហរដ្ឋ​អាមេរិក​ក៏​ចង់​ឃើញ​ភាព​ចម្រុងចម្រើន​របស់​កម្ពុជា​ដែល​ភាព​ចម្រុង​ចម្រើន​នេះ​ប្រែក្លាយ​ទៅ​ជា​ការ​ទិញ​ផលិតផល​និង​ប្រើប្រាស់​សេវាកម្ម​របស់​អាមេរិក​ឲ្យ​បាន​ច្រើន​ដើម្បី​យើង​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ស្មើគ្នា។ ដូចនេះ​ ប្រជាជន​យើង​ទទួល​បាន​ផលប្រយោជន៍​ដែរ។ យុវជន​អាច​រួម​ចំណែក​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នោះ​បាន។​

ព័ត៌មាន​ទាក់ទង៖ មរតក​កិច្ចព្រមព្រៀង​ប៉ារីស​បន្ត​ដល់​អ្នកជំនាន់​ក្រោយ​ដោយ​លទ្ធផល​មិន​ទាន់​ពេញលេញ (ភាគ៣)

VOA៖ ​អរគុណ លោក​ឯកអគ្គរដ្ឋទូត។ លោកបាន​ លើកឡើង​ពី​ដើម​ក្នុង​បទសម្ភាសន៍​នេះ​ថា​កម្ពុជា​មាន​លំហ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ។ ចំពោះ​រូប​លោក​ផ្ទាល់​គិតថា​អ្វីទៅ​ជា​ចំណុច​អាទិភាព​ដែល​កម្ពុជា​គួរ​ផ្តោត​សំខាន់?

ឯកអគ្គរដ្ឋទូត Murphy៖ អ្នក​ដឹង​ទេ​នៅ​ពេល​យើង​និយាយ​ដល់​កម្ពុជា​ដល់ភាព​រីកចម្រើន​ដែល​កម្ពុជាសម្រេច​បាននោះ​គឺ​ថា​កាល​ពី​៣០ឆ្នាំ​មុន​កម្ពុជា​គឺជា​រដ្ឋ​មួយ​ដែល​បាក់បែក​ដូច្នេះ​កម្ពុជា​សម្រេច​ជោគជ័យ​បាន​យ៉ាងច្រើន​ក្នុង​អំឡុង​ពេល​ជាង​៣០ឆ្នាំ​មក​នេះ។ កម្ពុជា​មាន​ស្ថិរភាព និង​វិបុលភាព​ហើយ​មាន​ការ​ទទួល​ស្គាល់​ថា​ប្រជាជន​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស។ ពិត​ណាស់​មាន​រឿងមួយ​ចំនួន​ដែល​ត្រូវការ​កែលម្អ​ប៉ុន្តែវា​មិនមែន​ថា​មាន​តែ​សហរដ្ឋ​អាមេរិក​ទេ​ដែល​មាន​ទស្សនៈ​បែប​នេះ។ ដៃគូ​ជា​ច្រើន​ផ្សេង​ទៀត​និង​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ក៏​លើក​ទឹកចិត្ត​កម្ពុជា​ឲ្យ​ផ្តោត​សំខាន់​ទៅ​ចំណុច​ដែល​ត្រូវ​កែ​លម្អ​ទាំង​នោះ​ដែរ​ដើម្បី​ឲ្យ​មាន​ការ​រីកចម្រើន​កាន់តែ​ខ្លាំង។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទើប​តែ​ចេញ​របាយការណ៍​នៅ​ថ្ងៃនេះ (ដើម​ខែ​តុលា)​ ថា​កម្ពុជា​កំពុង​ស្ថិត ក្រោម​ប្រធានបទ​ពិភាក្សា​នៅ​ទីក្រុង​ហ្សឺណែវ​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស។ ពួកគេ​បញ្ចេញ​មតិ​ដោយ​បង្ហាញ​សំឡេង​របស់​ពួកគេ សម្តែងការ​ព្រួយបារម្ភ​អំពី​ការ​កាត់​បន្ថយ​សេរីភាព​ស៊ីវិល​ដែលផ្តល់​យុត្តិធម៌ ទៅ​ដល់បុគ្គល​ជា​ច្រើន​ដែល​សិទ្ធិ​សេរី​ភាព​របស់​ពួកគេ​ត្រូវ​បាន​គេ​បដិសេធ។ ហើយ​មាន​ក្រុម​ពលរដ្ឋ​មួយ​ចំនួន​ត្រូវរង​សម្ពាធ​នៃជំងឺ​កូវីដ១៩ធ្ងន់​ធ្ងរ​លើសលុប។​យើង​ចង់​ឃើញ​ម្នាក់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ចូលរួមចំណែក។ ហើយ​ដើម្បី​ឲ្យ​ពួកគេ​បាន​ចូលរួម​ចំណែក​គឺត្រូវ​ផ្តល់​សំឡេង​ឲ្យ​គេ​និង​ស្តាប់​មតិ​យោបល់​ពួកគេ​បើទោះ​ជាពួកគេរិះគន់​ក៏ដោយ។

យុវជន​ជំនាន់​ក្រោយ​ក៏​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​បង្ក្រាប​ខាងសិទ្ធិ​នយោបាយ​និង​បញ្ចេញ​មតិដែរ។ ក្នុង​រូប​នេះ លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

ប្រជាធិបតេយ្យ​ត្រូវតែ​មាន​ការ​រិះគន់។​ ខ្ញុំ​ជា​មន្ត្រី​សាធារណៈ​ខ្ញុំត្រូវ​ទទួល​ការ​រិះគន់​ប្រសិន​បើខ្ញុំ​ប្រព្រឹត្ត​កំហុស​ឬខ្ញុំមាន​កន្លែងណា​មួយ​ដែល​ត្រូវការ​កែ​តម្រូវ​ឲ្យ​ប្រសើរ​ឡើង។​ដូច្នេះ ខ្ញុំអាចធ្វើ​បាន​ល្អប្រសើរ និង​មាន​តម្លាភាព​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ។ ខ្ញុំគិតថា​សម្រាប់​កម្ពុជា​ឱកាស​បែប​នេះក៏មាន​ដូចគ្នា។

មាន​បុគ្គល​ជាច្រើន​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយសារ​តែ​ពួកគេ​បញ្ចេញ​នូវ​មតិ​យោបល់​របស់​ខ្លួន ដែល​ហេតុនេះ​មិន​ជួយ​ដល់​ប្រទេស​កម្ពុជា​នោះទេ។ វាទាញ​ភាព​ចំរុង​ចម្រើន​ទៅមុខ​របស់​កម្ពុជា​ឲ្យ​ថយ​ក្រោ​យ​មកវិញ​ចេញ​ពី​កំណត់ត្រា​ស្ថិរភាព​និង​សន្តិភាព​ដ៏​រឹងមាំ​ដែល​កម្ពុជា​ធ្លាប់បាន​កសាង។ យើង​ចង់​ឃើញ អ្វី​ល្អៗ​ទាំងនោះ​នៅ​តែ​បន្ត​នេះ​ជា​មូលហេតុ​ដែល​យើងសូម​ផ្តល់​ដំបូន្មាន​និង​កិច្ច​ប្រឹក្សា​ទាំង​នេះ​នៅ​ក្នុង​នាម​ជា​មិត្ត​របស់​កម្ពុជា និង​ប្រជាជន​កម្ពុជា ។

VOA៖ ​ជា​ចុងក្រោយ​ តើ​លោក​មាន​ពាក្យ​ពេចន៍​ឬ​មតិ​យោបល់​យ៉ាងណា​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឬ​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ​ឬទេ?

ឯកអគ្គរដ្ឋទូត Murphy៖ បាទយើង​សូម​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​មាន​ភាព​ធន់​ទ្រាំ​និង​មាន​ការ​រីក​ចម្រើន​ច្រើន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ។ យើង​គិត​ថា​នេះ​វា​បាន​មក​ពី​ការ​ជួយ​ជ្រោមជ្រែង​ដោយ​ភាព​ជាដៃគូ​ដ៏​រឹងមាំ​ពី​សហគមន៍​អន្តរជាតិ​នោះ​ហើយ​គឺ​សោភ័ណភាព​នៃ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីសដែល​យើង​គួរ​ប្រារព្ធ។សន្ធិសញ្ញា​នេះ​គឺជា​ការ​ចូលរួម​គ្នា​រវាង​សហគមន៍​អន្តរជាតិ ក្រុមអ្នកពាក់ព័ន្ធនៅ​កម្ពុជា ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ​តំណាង​អាស៊ាន​អចិន្ត្រៃយ៍​ទាំង៥ ចលនា​ក្រុម​មិនមែន​សម្ព័ន្ធមិត្ត​នៅ​ជុំវិញ​ពិភពលោក​បាន​ជួបជុំ​គ្នា សរុប​ចំនួន ​១៩ រួម​ទាំងកម្ពុជា​និង​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​ជម្លោះ​និង​ចាប់ផ្តើម​ដំណើរការ​ការងារ​ថ្មី និង​ឱកាស​ថ្មី។ មួយវិញ​ទៀត​កម្ពុជា​ត្រូវ​បាន​ផ្ដល់​នូវ​អំណោយ​ដ៏​អស្ចារ្យមួយ​គឺ​ជា​ការ​យកចិត្តទុកដាក់ និង​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ក្នុង​រយៈពេល​ជាង​៣០ឆ្នាំ​មក​នេះ​បន្ថែម​នឹង​ភាពជា​ដៃគូ​ដ៏​សម្បូរបែប​ដើម្បី​ជួយ​សម្រេច​បាន​នូវ​រឿង​ទាំងអស់​នេះ។

ខ្ញុំ​សង្ឃឹម​ថា​យុវវ័យ​នឹង​រៀនពី​ប្រវត្តិ​របស់​ប្រទេស​ពួកគេ។​ប្រវត្តិសាស្ត្រ ​ពិតជា​សំខាន់​ណាស់​ដែល​ជួយ​ឲ្យ​យើង​មិន​ធ្វើ​កំហុស​ដូចគ្នា​ដដែលៗ។ ចូរ​រៀន​អំពី​អំឡុង​ពេល​ឬ​សម័យ​ដែល​មាន​ជម្លោះ​រៀន​អំពី​ឧបសគ្គ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ទសវត្សរ៍​១៩៧០​ជម្លោះ​បន្ត​យាយី​ជាច្រើន​ទសវត្សរ៍​ផ្សេងៗគ្នា​ក៏ដូចជា​រៀន​ពី​របៀប​ដែលមនុស្ស​គ្រប់​រូប​តាំង​ស្មារតីនិង​បន្ត​ភាព​អត់ធន់​យក​ឈ្នះ​ឧបសគ្គ​ក្នុង​ការ​កសាង​ឡើងវិញ និង បង្កើត​លទ្ធផល​ជាដើម។ ចាប់​ឲ្យ​បាន​នូវ​ភាព​រឹងមាំ​ដែល​រៀន​ពី​ព្រឹត្តការណ៍​ទាំង​នោះ​ហើយ​ត្រឡប់​មក​បន្ត​ដំណើរតាម​គន្លង​ដែល​នាំ​អ្នក​ទៅ​រក​ភាព​រីកចម្រើន​បន្ថែមទៀត។​លទ្ធិប្រជាធិបតេយ្យ​មិន​ល្អ​ឥត​ខ្ចោះទេ។

សហរដ្ឋ​អាមេរិក​គឺជា​គំរូ​ក្នុង​រឿងនេះ។ យើង​កំពុង​ពុះពារ​ជានិច្ច​ក្នុង​កិច្ចការ​បន្ត​ដំណើរ​ទៅ​កាន់​ភាព​រីកចម្រើន​ប៉ុន្តែ​យើង​ក៏រៀន​ពី​កំហុស​របស់​យើង។ យើង​មិនមាន​ស្តង់ដា​គំរូ​ដែល​កម្ពុជា​ត្រូវការ​នោះទេ។​កម្ពុជា​ត្រូវការ​ស្តង់ដា​ផ្ទាល់ខ្លួន​ក៏​ប៉ុន្តែ​មូលដ្ឋាន​គ្រឹះ​ចាំបាច់​ត្រូវ​មាន​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ​សេរីភាព​ក្នុង​ការ​ចងក្រង​គ្នា​ជា​ក្រុម-សមាគម។ អ្វី​ទាំង​នោះ​មាន​សារៈសំខាន់​ណាស់​ដូច​ជា​ សិទ្ធិ​ សេរីភាព​ក្នុង​ការ​ចូលរួម​ជាផ្នែក​មួយ​នៃ​រដ្ឋាភិបាល​បើទោះជា​សំឡេង​រិះគន់​ក៏ដោយ​ចុះ។ ហើយ​ជាលទ្ធផល​ គឺ​ថា​កម្ពុជា​និង​ប្រជាជន​របស់​ខ្លួន​នឹង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​រីឯ​សហរដ្ឋ​អាមេរិក​នៅ​តែជា​ដៃគូ​ដ៏រឹងមាំ​ក្នុង​ដំណើរការ​នេះ។ យើង​នៅ​ជាមួយ​ប្រជាជន​កម្ពុជា។ សូម​អរគុណ​បាទ៕

ព័ត៌មាន​ទាក់ទង៖ សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស​បង្កើ​ន​​កម្លាំង​ទាមទារ​ឲ្យ​គោរព​​កិច្ចព្រមព្រៀង​ប៉ារីស​ (ភាគ២)

បទ​សម្ភាសន៍​នេះ ជាផ្នែក​មួយ​នៃកម្រង​សេចក្តីរាយការណ៍​ពិសេស​របស់​វីអូអេ​ក្នុង​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​ការ​អនុវត្តកិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស។ ប្រិយមិត្តអាច​ចូល​អាន​សេចក្តី​រាយការណ៍​ពិេសេ​និងទស្សនា​បទ​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ​នៅ​ក្នុង​ទំព័រ​សេចក្តី​រាយការណ៍​ពិសេសេ​នៅ​ត្រង់​នេះ https://khmer.voanews.com/cambodiappa30