កំណត់និពន្ធ៖ បទពិសោធន៍របស់ប្រទេសជាច្រើន បង្ហាញថា គុណភាពស្ថាប័នមានសារៈសំខាន់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ នៅកម្ពុជាសព្វថ្ងៃ មានការពិភាក្សាច្រើនអំពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពស្ថាប័នរដ្ឋ និងកិច្ចសហការរវាងស្ថាប័ននីមួយៗ ដែលជាគន្លឹះក្នុងការតាក់តែង និងអនុវត្តគោលនយោបាយឲ្យប្រសិទ្ធិភាព ដើម្បីផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ ក្នុងកម្មវិធីស្វែងយល់អំពីសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងសាកលលោកជាមួយលោក ហេង ឌីណា សម្រាប់សប្តាហ៍នេះ លោកនឹងបកស្រាយជុំវិញស្ថាប័ននិងការកសាងសមត្ថភាពស្ថាប័ននេះ។
សូមស្តាប់ភាគ១នៃប្រធានបទនេះដូចតទៅ៖
Your browser doesn’t support HTML5
VOA៖ តើស្ថាប័នសំដៅលើអ្វីខ្លះ?
លោក ហេង ឌីណា៖ ស្ថាប័នជាទូទៅសំដៅលើអង្គភាព ឬរចនាសម្ព័ន ដែលបង្កើតឡើងក្នុងគោលដៅជាក់លាក់មួយ ហើយអាចជាស្ថាប័នរដ្ឋ ឬឯកជន។ ភាគច្រើន យើងពិភាក្សាអំពីអង្គភាពរដ្ឋាភិបាល និងសេវាសាធារណៈ។ ក៏ប៉ុន្តែ បើយើងនិយាយអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថាប័នសំដៅលើសពីរចនាសម្ព័ន្ធនៃអង្គភាពរដ្ឋទៅទៀត ពោលគឺរួមបញ្ចូលទាំងច្បាប់ របៀបគ្រប់គ្រង រដ្ឋបាល និងកត្តាលើកទឹកចិត្ត ដែលមានសារៈសំខាន់ ដល់បុគ្គល ឬក្រុមមនុស្ស។ ឧទាហណ៍ ស្ថាប័នដូចជាប្រព័ន្ធតុលាការ អជ្ញាធរ និងច្បាប់ដីធ្លី និងច្បាប់ផ្សេងៗ ដែលការពារកម្មសិទ្ធឯជនបានល្អជួយឲ្យប្រទេសមួយរីកចំរើន ពោលគឺ បើអ្នកខំធ្វើការ នោះអ្នកគួរតែទទួលបានផលលាភពីការងារនោះ។
គ្មានបុគ្គល ឬរដ្ឋអំណាចណាអាចមករំលោភបំពាន ឆក់យកស្រែចម្ការ ឬទ្រព្យសម្បត្តិដែលបុគ្គល ឬពាណិជ្ជករ ដែលខំប្រឹងប្រែងដាំដុះ និងកសាងនោះទេ។ស្ថាប័នដែលផ្តល់ទំនុកចិត្តលើកម្មសិទ្ធិ និងផលលាភបែបនេះ ហើយដែលធ្វើឲ្យប្រជាជន និងអ្នកវិនិយោគខំប្រឹងប្រែងបង្កបង្កើនផល និងច្នៃបង្កើត ដែលជួយឲ្យមានការរីកចំរើន។ ក្នុងន័យម្យ៉ាងទៀត ស្ថាប័នរដ្ឋក៏ឆ្លុះបញ្ចាំងពីរបៀប ដែលធនធានត្រូវបានគ្រប់គ្រង និងបែងចែក ដើម្បីប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលល្អ ដើម្បីផ្តល់តម្រូវការជាមូលដ្ឋាន និងសេវាសាធារណៈរបស់ប្រជាជន។
VOA៖ តើអ្វីទៅជាស្ថាប័ននយោបាយ ហើយអ្វីទៅជាស្ថាប័នសេដ្ឋកិច្ច?
លោក ហេង ឌីណា៖ ស្ថាប័ននយោបាយសំដៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការបែងចែកអំណាចនយោបាយ ដូចជាការបោះឆ្នោតតាមបែបប្រជាធិតេយ្យ និងរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភា ឬក៏រដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងនោះ។ ចំណែកឯ ស្ថាប័នសេដ្ឋកិច្ចសំដៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃគោលនយោបាយ និងច្បាប់ដែលពាក់ព័ន្ធនឹងការការពារសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ ការពង្រឹងច្បាប់ពាណិជ្ជកម្ម ការសម្រួលដល់ដំណើរការបង្កើតក្រុមហ៊ុនថ្មីៗ និងការបង្កើតទីផ្សារដ៏ប្រកួតប្រជែង។ តាមការស្រាវជ្រាវ និងបទពិសោធន៍របស់ប្រទេសជាច្រើន បង្ហាញថា ស្ថាប័នដែលមានសមត្ថភាពទន់ខ្សោយ ដូចជាប្រព័ន្ធច្បាប់ច្របូកច្របល់ ប្រព័ន្ធតុលាការមិនមានប្រសិទ្ធិភាព ការពារកម្មសិទ្ធឯកជនមិនបានល្អ និងលក្ខន្តិកៈចុះឈ្មោះសាជីវកម្មដែលស្មុគស្មាញជាដើមអាចបង្កើតជាផលវិបាកដល់ប្រជាពលរដ្ឋ និងពាណិជ្ជករ ហើយរារាំងដល់ការអភិវឌ្ឍន៍។
VOA៖ តើការកសាង និងពង្រឹងសមត្ថភាពស្ថាប័នមានសារៈសំខាន់អ្វីខ្លះដល់ប្រទេសជាតិមួយ?
លោក ហេង ឌីណា៖ អ្នកដឹកនាំជាបុគ្គល ទោះបីជាបុគ្គលដែលមានសមត្ថភាពក៏ដោយ ក៏អាចនៅមានកម្រិត ដែលជាហេតុអាចបណ្តាលឲ្យប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរដល់ប្រទេសជាតិ។ ដោយឡែក ស្ថាប័នឆ្លុះបង្ហាញពីការធ្វើការងារជាក្រុម ច្បាប់ដែលអនុម័តរួមគ្នា និងកត្តាលើកទឹកចិត្តដល់បុគ្គលឲ្យខំបណ្តាក់ទុន និងបង្កើតគំនិតច្នៃប្រឌិតថ្មី ហើយប្រមូលយកការចូលរួម គំនិតយោបល់ និងផ្តល់តុល្យភាពនៃអំណាច និងការសម្រេចចិត្ត។ ក្នុងន័យនេះ ស្ថាប័នដែលមានគុណភាពល្អអាចជួយលើកកម្ពស់សេ្ថរភាពនយោបាយ នីតិរដ្ឋ ការតាក់តែង និងអនុវត្តគោលនយោបាយដ៏មានប្រសិទ្ធិភាព និង ការផ្ទេរអំណាចពីជំនាន់មួយទៅជំនាន់មួយដោយរលូន។ ក៏ប៉ុន្តែ កិច្ចការទាំងអស់នេះមិនងាយនឹងសម្រេចបានទេ ប្រសិនបើជាប្រទេសមួយពឹងផ្អែកលើបុគ្គលម្នាក់ ឬមួយក្រុមតូច។ ការស្រាវជ្រាវជាច្រើនបានរកឃើញថា កត្តាដែលកំណត់ភាពខុសប្លែកគ្នានៃភាពរុងរឿង និងប្រទេសក្រីក្រ គឺដោយសារតែភាពខុសគ្នានៃសមត្ថភាព ស្ថាប័នសេដ្ឋកិច្ច។ ហេតុដូច្នេះ ដើម្បីដោះស្រាយបញ្ហាដែលរារំាងការអភិវឌ្ឍន៍ គឺយើងត្រូវពង្រឹងសមត្ថភាពស្ថាប័នទាំងអស់នេះ។
VOA៖ សូមលោកលើកជាឧទាហរណ៍ខ្លះៗមកបកស្រាយទាក់ទិននឹងស្ថាប័នខ្វះសមត្ថភាពនេះ។
លោក ហេង ឌីណា៖ ឧទាហរណ៍ ទោះបីជាមានជំនួយដ៏ច្រើនក្តី ក៏ប្រទេសក្រីក្រជាច្រើននៅតែប្រឈមនឹងភាពក្រីក្រដដែល ហើយនេះគឺដោយសារតែប្រទេសទាំងនេះមានស្ថាប័នរដ្ឋ ដែលខ្វះសមត្ថភាពក្នុងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធិភាព ដូចជាប្រើប្រាស់ថវិកាជំនួយខុសគោលដៅដើម្បីពង្រឹងគុណភាពអប់រំ និងពង្រឹងវិស័យសុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍នោះ។ សម្រាប់ប្រទេសខ្លះទៀត បើទោះបីជាមានគោលនយោបាយល្អយ៉ាងណាក្តី បើស្ថាប័នអនុវត្តគោលនយោបាយខ្វះសមត្ថភាពនោះ វានឹងរារាំងដល់ការអភិវឌ្ឍន៍ ពោលគឺ មានតែគោលនយោបាយតែគ្មានការអនុវត្ត ឬលទ្ធផលដែលចង់បាន។ មានប្រទេសជាច្រើន ដូចជានៅតំបន់អាហ្វ្រិក ដែលខ្វះស្ថាប័នដែលមានសមត្ថភាពល្អក្នុងការប្រើប្រាស់ធនធាន ដូចជាប្រេង និងធនធានធម្មជាតិ ដើម្បីអភិវឌ្ឍវិស័យសុខាភិបាល ការអប់រំ ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្សារភ្ជាប់ប្រទេសរបស់ខ្លួនជាមួយនឹងទីផ្សារសាកលលោក។ ហើយបញ្ហានេះបានបណ្តាលឲ្យប្រទេសនេះនៅតែមិនរីកចំរើន ហើយថែមទាំងធ្លាក់ក្នុងបញ្ហាមួយ ដែលគេហៅថា បណ្តាសាធនធាន។ពោលគឺ មានធនធានធម្មជាតិច្រើន តែនៅតែក្រ។ នៅតាមប្រទេសកំពុងអភិវឌ្ឍជាច្រើន ធនធានមិនត្រូវបានប្រើប្រាស់ដោយមានប្រសិទ្ធិភាពទេ ដែលបណ្តាលមកពីការខ្វះខាត ឬការពន្យាពេលនៃការបង្កើតរចនាសម្ព័ន្ធស្ថាប័នដ៏សមស្របសម្រាប់ការគ្រប់គ្រងការបែងចែក និងការប្រើប្រាស់ធនធាន។
ក្នុងន័យនេះ ស្ថាប័នជាកត្តាកំណត់នៃជោគវាសនារបស់ប្រទេសជាតិ។ បទពិសោធន៍របស់ប្រទេស ដែលទទួលបានជោគជ័យ បង្ហាញថា ជោគជ័យគឺកើតឡើង នៅពេលដែលស្ថាប័ននយោបាយ និងស្ថាប័នសេដ្ឋកិច្ច បង្កើតឲ្យមានកត្តាលើកទឹកចិត្ត និងផ្តល់ផលលាភដល់មនុស្សគ្រប់គ្នា ឲ្យនាំគ្នាបណ្តាក់ទុន និងបង្កបង្កើនផលក្នុងការកសាងអនាគតរបស់ប្រទេសជាតិ។ ផ្ទុយទៅវិញ ប្រទេសជាតិមួយបរាជ័យ នៅពេលដែលស្ថាប័នមានលក្ខណៈ«កេងប្រវ័ញ្ច» ដែលការពារអំណាចសេដ្ឋកិច្ច និងនយោបាយ ទុកឲ្យតែបុគ្គលមានអំណាច និងបក្សពួកមួយចំនួនតូច ដែលកេងប្រយោជន៍ពីប្រជាពលរដ្ឋមួយភាគធំ និងធនធានរបស់ប្រទេសជាតិ។
VOA៖ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងការរីកចំរើន តើស្ថាប័នណាខ្លះ ដែលចាំបាច់ត្រូវមានសមត្ថភាពរឹងមាំ? សូមលោកផ្តល់ជាឧទាហរណ៍ខ្លះៗ។
លោក ហេង ឌីណា៖ ដំបូង យើងត្រូវការស្ថាប័ននយោបាយ ដើម្បីធានាឲ្យបាននូវសេ្ថរភាពនយោបាយ និងស្ថាប័ននេះត្រូវតែមានភាពចំហរ និងការរួមបញ្ចូល ដែលមិនពឹងផ្អែកតែលើបុគ្គលមួយចំនួនតូច។ ស្ថាប័ននយោបាយទាំងនេះរួមមាន រដ្ឋធម្មនុញ្ញ ប្រព័ន្ធបោះឆ្នោត យន្តការរបស់គណបក្សនយោបាយ និងស្ថាប័នយោធារឹងមាំ។ តាមពិតទៅ ស្ថាប័ននយោបាយទំាំងនេះគឺជាកត្តាសំខាន់ ដែលកំណត់សមាសភាពរបស់ស្ថាប័នសេដ្ឋកិច្ច។ បន្ថែមលើនេះ ប្រទេសជាតិមួយត្រូវការចាំបាច់នូវស្ថាប័នបច្ចេកទេសដ៏ខ្លាំងក្លា ដូចជាខាងវិស័យអប់រំ សុខាភិបាល យុត្ថិធម៌ ហិរញ្ញវត្ថុ គោលនយោបាយការបរទេស និងសារព័ត៌មាន។ ហើយស្ថាប័នទាំងនេះអាចជួយកំណត់សមាសភាពនៃនីតិរដ្ឋ ការការពារសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ និងការផ្តល់យុត្តិធម៌ ដល់សង្គម និងការធ្វើសារជីវកម្ម។ តាមពិត ប្រទេសជាតិមួយអាចត្រូវការស្ថាប័នច្រើនជាងនេះ ដើម្បីលើកកម្ពស់ស្ថេរភាពនយោបាយ នីតិរដ្ឋ ការតាក់តែង និងអនុវត្តគោលនយោបាយដ៏មានប្រសិទ្ធិភាព។ទោះជាយ៉ាងណាក្តី ស្ថាប័នដែលបានលើកឡើងទាំងនេះគឺជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍។
VOA៖ តើលោកយល់ថា កម្ពុជាអាចបន្តអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួនបានទេ បើពឹងផ្អែកលើសមត្ថភាពស្ថាប័នក្នុងបរិបទបច្ចុប្បន្ននេះ?
លោក ហេង ឌីណា៖ សមត្ថភាពស្ថាប័នកម្ពុជាមានការរីកចំរើនមួយកម្រិត បើក្នុងទសវត្សរ៍ចុងក្រោយនេះ។ប៉ុន្តែ កម្ពុជាត្រូវការស្ថាប័នដែលមានសមត្ថភាពរឹងមាំជាងនេះ ដើម្បីបោះជំហានការអភិវឌ្ឍន៍ទៅមុខទៀត។ កត្តាសន្តិភាពនយោបាយ និងកម្លាំងពលកម្មវ័យក្មេង ដែលមានសព្វថ្ងែ គឺមិនគ្រប់គ្រាន់សម្រាប់ឲ្យកម្ពុជាឈានដល់ដំណាក់អភិវឌ្ឍន៍យូរអង្វែងទេ។ ខ្ញុំយល់ថា កម្ពុជាកំពុងតែឋិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលចាំបាច់ត្រូវការកសាង និងពង្រឹងគុណភាពស្ថាប័នបន្ថែមច្រើនទៀតសម្រាប់កំណើន សេដ្ឋកិច្ច និងសេ្ថរភាពដ៏យូរអង្វែងមួយ។ បើទោះជាកម្ពុជាយើងមានកំណើនសេដ្ឋកិច្ចល្អដ៏គួរឲ្យកត់សម្គាល់ក្នុងអំឡុងមួយទសវត្សរ៍កន្លងទៅនេះក្តី ក៏កម្ពុជាយើងមានកិច្ចការជាច្រើន ដែលយើងត្រូវធ្វើ ដើម្បីជំរុញឲ្យមានតុល្យភាព និងបរិស្ថាននយោបាយមួយ ដែលផ្តល់ការយកចិត្តទុកដាក់ និងសម្រួលដល់ការកសាងសមត្ថភាពស្ថាប័ន។
VOA៖ មុននេះ លោកបានលើកឡើងពីសមត្ថភាពស្ថាប័ននៅមានកម្រិត។ តើចំណុចនេះមានន័យយ៉ាងដូចម្តេច?
លោក ហេង ឌីណា៖ សមត្ថភាពស្ថាប័នដែលមានកម្រិត គឺមានន័យថា ក្រសួងខ្វះសមត្ថភាព និងការខ្វះខាតនូវកិច្ចសហប្រតិបត្តិការរវាងក្រសួងនីមួយៗ ដែលពាក់ព័ន្ធគ្នាទៅវិញទៅមកនេះ។ ហើយបញ្ហានេះអាចប៉ះពាល់ដល់សក្តានុពលរបស់ប្រទេសកម្ពុជាយើងជាបន្តបន្ទាប់។ តាមពិតទៅ កម្ពុជាយើងមានគោលនយោបាយដ៏ល្អជាច្រើន ក៏ប៉ុន្តែ ការអនុវត្តគោលនយោបាយទាំងនោះឲ្យមានប្រសិទ្ធិភាព និងតាមគោលដៅដែលចង់បាននោះនៅតែជាកត្តាប្រឈមធំមួយរបស់យើងនៅឡើយ។
VOA: សម្រាប់កម្ពុជាសព្វថ្ងៃនេះ តើស្ថាប័នរដ្ឋមានស្ថានភាពយ៉ាងដូចម្តេចដែរ?
លោក ហេង ឌីណា៖ សមត្ថភាពស្ថាប័នកម្ពុជាមានការរីកចំរើនមួយកម្រិត បន្ទាប់ពីសេ្ថរភាពនយោបាយពេញលេញក្នុងទសវត្សរ៍ចុងក្រោយនេះ។
សព្វថ្ងៃនេះ យើងជួបនឹងបញ្ហាពីរ៖ ទីមួយ គឺគុណភាពស្ថាប័នមានកម្រិត ដោយសារតែការខ្វះធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ។ ហើយទីពីរគឺ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៅខ្សោយ ដូចជាការសហការរវាងក្រសួងនីមួយៗ។ ហើយបញ្ហាទាំងពីរនេះមានភាពប្រទាក់ក្រឡាគ្នា ហើយអាចប៉ះពាល់ដល់គុណភាពសេវាសាធារណៈសំខាន់។ ក្នុងន័យនេះ យើងកំពុងតែប្រឈមនឹងគម្លាតរវាងគោលនយោបាយដែលយើងមាន និងការអនុវត្តគោលជាក់ស្តែង។ តាមយោបល់របស់ខ្ញុំ នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលយើងត្រូវតែដោះស្រាយ។ ឧទាហរណ៍ កំណែទម្រង់គឺកំពុងធ្លាក់ទៅលើអ្នក ដែលអនុវត្តគោលនយោបាយថ្នាក់ក្រោមដូចទឹកភ្លៀង ប៉ុន្តែសូម្បីតែការតាមដាន និងការវាយតម្លៃនៅមូលដ្ឋាននៃក្រសួងនីមួយៗនៅមិនទាន់មានគ្រប់គ្រាន់ និងរលូននៅឡើយទេ។
កត្តាលើកទឹកចិត្តនៃប្រព័ន្ធគ្រប់គ្រងនាពេលបច្ចុប្បន្ននេះមិនបានជំរុញឲ្យមានការខំប្រឹងប្រែងពេញលេញ និងការផ្តល់ព័ត៌មានអំពីបញ្ហាក្នុងតំបន់ទៅដល់ថ្នាក់ដឹកនាំថ្នាក់លើ ដែលអាចបណ្តាលឲ្យមេដឹកនាំថ្នាក់លើមិនបានស្វែងយល់ និងដឹងពីស្ថានភាពជាក់ស្តែងឲ្យបានជាក់លាក់ ហើយកាន់តែឃ្លាតឆ្ងាយពីជីវិតពិត និងបញ្ហារបស់ប្រជាជន។
ខ្ញុំសូមលើកឧទាហរណ៍ពីរនៃកត្តាប្រឈមនៃសមត្ថភាពរបស់ស្ថាប័នរបស់យើងមាន៖
១) ខណៈដែលយើងកំពុងតែរអ៊ូរទាំអំពីការខ្វះខាតថវិកា យើងនៅតែមានបញ្ហា ក្នុងការប្រើប្រាស់ថវិកាដែលមាន និងដែលបានគ្រោងសម្រាប់ចំណាយ។
២) ខណៈដែលយើងកំពុងតែរអ៊ូរទាំងពីការខ្វះគ្រូបង្រៀនតាមស្រុកខ្លះ ស្រុកមួយទៀតមានគ្រូលើសចំនួន។ យើងមានគ្រូបង្រៀនលើសពី៨០នាក់នៅតាមស្រុកតែមួយ និងលើសពី១៥០នាក់ដែលធ្វើការនៅក្បែរស្រុកនោះ។
នេះឆ្លុះបញ្ចាំងថា កម្ពុជាចាំបាច់ត្រូវការកសាង និងពង្រឹងគុណភាព ស្ថាប័ន ក៏ដូចជាសមត្ថភាពសហការរវាងស្ថាប័នសំខាន់ៗ បន្ថែមច្រើនទៀតដើម្បីប្រើប្រាស់ធនធាន ដែលយើងមាន និងដើម្បីគៀងគរធនធានបន្ថែម ។
VOA៖ តើលោកអាចបកស្រាយបន្ថែមបានទេ ថាតើកត្តាប្រឈមទាំងពីរដែលលោកបានលើកឡើងខាងលើនេះកើតឡើងនៅក្នុងបរិបទកម្ពុជាយើងដោយរបៀបណា?លោក ហេង ឌីណា៖ កម្ពុជាយើងឆ្លងកាត់ប្រវត្តិសាស្រ្តលំបាក ដែលធ្វើឲ្យបាត់បង់ធនធានមនុស្សនាសម័យសង្គ្រាម និងខាតពេលវេលាសម្រាប់អភិវឌ្ឍស្ថាប័ន។
ខ្ញុំចង់លើកយកពីរចំណុច ដើម្បីឲ្យយើងទាំងអស់គ្នាពិចារណា៖
១) បញ្ហារបស់យើងគឺមិនមានភាពស្មុគស្មាញណាស់ណាទេ ហើយបុគ្គលិកដែលមានសមត្ថភាព និងដែលជាអ្នកអនុវត្តគោលនយោបាយ ឬប៉ះពាល់ដោយសារតែបញ្ហាទាំងនេះ ភាគច្រើនដឹងថាត្រូវដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធិភាពតាមរបៀបណា។ ប៉ុន្តែ អ្នកទាំងនោះមិនមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេច ឬពុំទទួលការទុកចិត្តពីថ្នាក់លើ ហើយមតិយោបល់របស់ពួកគាត់មិនត្រូវបានទទួលស្គាល់។ សំណួរ៖តើហេតុអ្វីបានជាអញ្ចឹង?
២) ទីពីរ គឺការទទួលខុសត្រូវ។ ស្ថាប័នរបស់យើងត្រូវពង្រឹងស្មារតី និងការទទួលខុសត្រូវឲ្យបានខ្ពស់។ មនុស្សមួយភាគមិនត្រូវបានចាត់ឲ្យទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនឡើយ ហើយនេះគឺជាឧទាហរណ៍ការខ្វះការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ។ យើងត្រូវតែពង្រឹងការទទួលខុសត្រូវរបស់ស្ថាប័ន តាមរយៈបង្កើត និងពង្រឹងយន្តការតាមដាន និងវាយតម្លៃសកម្មភាពនៃថ្នាក់ដឹកនាំស្ថាប័ន ក្រសួង ខេត្ត និងក្រុង។
VOA: នាងខ្ញុំឆ្ងល់ថាតើ ពីមុនមកកម្ពុជាយើងធ្លាប់មានស្ថាប័នដែលមានគុណភាពដែរឬទេ?
លោក ហេង ឌីណា៖ បាទ មាន។ហើយនេះជាសំណួរមួយ ដែលយើងត្រូវសួរ និងស្វែងរកចម្លើយទាំងអស់គ្នា ដើម្បីទាយយកមេរៀន និងបទពិសោធន៍។ អាជ្ញាធរផ្គត់ផ្គង់ទឹកនៅទីក្រុងភ្នំពេញ គឺជាឧទាហរណ៍ដ៏ល្អដែលបង្ហាញ ពីមេដឹកនាំដ៏ប្តេជ្ញាចិត្តម្នាក់ ដែលខិតខំបង្កើតប្រព័ន្ធស្ថាប័នដ៏មានគុណភាពល្អមួយ ក្នុងការផ្តល់សេវាសាធារណៈដ៏ល្អ។ ករណីនៃការកសាងស្ថាប័នដ៏ជោគជ័យកាលពីទសវត្សរ៍ឆ្នាំ៩០ និងឆ្នាំ២០០០របស់អាជ្ញាធរផ្គត់ផ្គង់ទឹក និងជោគជ័យនៃកំណែទម្រង់របស់ក្រសួងមួយចំនួនតូចគួរតែផ្តល់ការជឿទុកចិត្ត និងគំរូដល់យើងទាំងអស់គ្នា ដើម្បីដើរឆ្ពោះទៅមុខហើយឲ្យយើងគិតរួមគ្នា និងនិយាយពិភាក្សាគ្នាអំពីដំណើរការ និងពង្រឹងសមត្ថភាពរបស់ស្ថាប័នយើង។ ខ្ញុំជឿថា កម្ពុជាយើងអាចធ្វើបាន នៅពេលដែលយើងមានឆន្ទៈនយោបាយ និងការដាក់មនុស្ស ដែលមានសមត្ថភាព និងឆន្ទៈជាថ្នាក់ដឹកនាំនៃស្ថាប័នទាំងនោះ។
VOA: តើយើងគួរតែចាប់ផ្តើមពង្រឹងសមត្ថភាពស្ថាប័នពីត្រង់ចំណុចណា និងដោយរបៀបណា?
លោក ហេង ឌីណា៖ តើកម្ពុជាអាចកសាងស្ថាប័នរបស់ខ្លួនដោយរបៀបណា ហើយថាតើស្ថាប័នមួយណាដែលគួរតែចាប់ផ្តើមមុនគេ? ទាំងនេះគឺជាសំណួរដ៏សំខាន់ ហើយតាមពិត យើងគ្មានរូបមន្តរួមមួយសម្រាប់ដំណើរការ និងដំណាក់កាលនៃការកសាងស្ថាប័នដ៏មានប្រសិទ្ធិភាពទេ។ បទពិសោធរបស់ប្រទេស ដែលជោគជ័យក៏មានភាពខុសគ្នាដែរ។ វាអាស្រ័យលើបរិបទនៃប្រទេសនីមួយៗ។ ក៏ប៉ុន្តែ ក្នុងបរិបទកម្ពុជាបច្ចុប្បន្ន និងសម្រាប់ចំណុចដ៏សំខាន់នៃការកសាងស្ថាប័ន ខ្ញុំសូមលើកយកចំណុចមួយ ដែលអាចជាគន្លឹះជួយដោះស្រាយបញ្ហាជាច្រើន ដែលជំពាក់ជំពិនគ្នា ហើយហាក់ដូចជាគ្មានដំណោះស្រាយ៖
កម្ពុជាយើងត្រូវដឹកនាំស្ថាប័ន ក្រសួង ខេត្ត និងក្រុងដែលមានសមត្ថភាព និងការទទួលខុសត្រូវឲ្យបំពេញការងារចំគោលដៅ។ សព្វថ្ងៃយើងពឹងផ្អែកលើបុគ្គល មិនមែនប្រព័ន្ធនោះទេ។ ចំណុចចាប់ផ្តើមដ៏សំខាន់ និងដើម្បីកាត់ផ្តាច់បញ្ហាអនុវត្តគោលនយោបាយដ៏ជំពាក់ជំពិនគ្នា នោះគឺការតែងតាំងរដ្ឋមន្ត្រី និងអភិបាលខេត្ត ដែលមានសមត្ថភាព និងក្នុងចំនួនគ្រប់គ្រាន់ឲ្យបំពេញការងារនៅតាមក្រសួង និងខេត្តសំខាន់ៗ។ បើសិនជាយើងសម្លឹងមើលបទពិសោធន៍របស់ប្រទេសសិង្ហបុរី ជប៉ុន ឬកូរ៉េ ការតែងតាំង និងផ្តល់ការទុកចិត្តដល់បុគ្គលដ៏មានសមត្ថភាពឲ្យដឹកនាំស្ថាប័នសំខាន់ៗ គឺជាកត្តាដ៏សំខាន់ក្នុងការចាប់ផ្តើមកសាងសមត្ថភាពស្ថាប័នសំខាន់ៗ។
ហើយរដ្ឋមន្ត្រីទាំងនោះគួរតែអាចឲ្យតែងតាំង និងជ្រើសរើសសមាជិកថ្នាក់ដឹកនាំក្នុងស្ថាប័ន ឧទាហរណ៍ ដូចជាតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង ។ ការធ្វើបែបនេះជួយជំរុញឲ្យមានការទទួលខុសត្រូវរបស់ពួកគាត់បានច្បាស់លាស់។ ពោលគឺជៀសវាងចង្អុលគ្នា ឬលើកលេសហេតុផលផ្សេងៗ ពេលមានបញ្ហា ឬអាក់ខានមិនបានអនុវត្តគោលនយោបាយ។
VOA៖ តើបុគ្គលនៅក្នុងជួរថ្នាក់ដឹកនាំគួរតែមានគុណសម្បត្តិអ្វីខ្លះ?
លោក ហេង ឌីណា៖ ជាទូទៅ បុគ្គលសម្រាប់ថ្នាក់ដឹកនាំស្ថាប័នទាំងនេះត្រូវតែមានគុណសម្បត្តិបី៖ ទីមួយគឺ សមត្ថភាពខាងវិជ្ជាជីវៈ ឆន្ទៈក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍ និងសកម្មភាពក្នុងការផ្តល់សេវាសាធារណៈទាំងនោះ។ ជាការពិត ភាពស្មោះស្ម័គ្រនឹងគណបក្យ ជាជិវិតនយោបាយពិតដែលមិនអាចប្រកែកបាន។ ប៉ុន្តែ គេមិនត្រូវមើលរំលងបុគ្គល ដែលគួរក្លាយជាថ្នាក់ដឹកនាំស្ថាប័នដែលត្រូវមានគុណសម្បត្តិទាំងបីនេះ អាចជួយស្វែងរកដំណោះស្រាយតាមរយៈការកសាងសមត្ថភាពស្ថាប័នរបស់ខ្លួន។
តាមបទពិសោធនៅបណ្តាប្រទេសមួយចំនួន មេដឹកនាំថ្នាក់កំពូលអាចនឹងប្រើប្រាស់ពេលវេលា ធនធាន និងអំណាចនយោបាយរបស់ខ្លួន ដើម្បីផ្តោតលើការអភិវឌ្ឍន៍ និងភាពក្រិត្យក្រមរបស់យោធា និងកងកម្លាំងប៉ូលិស ដែលដើរតួនាទីសំខាន់ក្នុងការរក្សា និងការពារសន្តិភាព និងស្ថេរភាពរបស់ប្រទេសជាតិដ៏យូរអង្វែង។
VOA: លោកបានលើកឡើងពីការថ្នាក់ដឹកនាំស្ថាប័ន ក្រសួង ខេត្ត និងក្រុង ដែលមានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់បំពេញការងារក្នុងស្ថាប័នរដ្ឋឲ្យកាន់តែច្រើន។ តើមានកត្តាអ្វីខ្លះក្នុងការចាប់ផ្តើមកិច្ចការនេះ ដើម្បីកសាងសមត្ថភាពស្ថាប័ននៅកម្ពុជាយើង?
លោក ហេង ឌីណា៖ តាមពិត មានកត្តាជាច្រើនដែលត្រូវការដើម្បីកសាង និងអភិវឌ្ឍន៍ស្ថាប័នរបស់យើងឲ្យមានភាពប្រសើរឡើង ក៏ប៉ុន្តែ ការណ៍ដែលយើងមានបុគ្គល ដែលមានសមត្ថភាពធ្វើការចំគោលដៅ អាចជួយដល់យើងច្រើន ជាពិសេសក្នុងការបង្កើតដំណើរការ នីតិវិធី ឬប្រព័ន្ធដ៏មានប្រសិទ្ធិភាពនៅតាមស្ថាប័នទាំងនោះ ដើម្បីទាក់ទាញបុគ្គលដែលមានសមត្ថភាពឲ្យចូលបម្រើស្ថាប័នរដ្ឋបន្ថែមទៀត។
បន្ថែមលើនេះ ខ្ញុំចង់លើកចំណុចបីសំខាន់ៗមកនិយាយ អំពីការកសាងសមត្ថភាពស្ថាប័ននេះ។
១) គុណូបធិបតេយ្យ៖ ពោលគឺអ្នកមានសមត្ថភាព និងខំប្រឹងបំពេញការងារគួរតែទទួលបានការលើកទឹកចិត្ត និងការលើកតម្កើង។ ថ្នាក់ដឹកនាំស្ថាប័ន ក្រសួង ខេត្តនិងក្រុងត្រូវតែចាប់យក និងអនុវត្តគោលការណ៍ដែលផ្អែកលើគុណតម្លៃ ។ បើសិនជាបុគ្គលម្នាក់មានសមត្ថភាព ដែលត្រូវតាមតម្រូវការរបស់ស្ថាប័ន នោះយើងគួរតែជ្រើសយកគាត់មកបំពេញការងារក្នុងស្ថាប័ននោះ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធិភាពដល់ប្រជាពលរដ្ឋ។
២) ភាពស្មើគ្នា៖ ច្បាប់ វិន័យ និងបទបញ្ជាត្រូវតែជាអ្នកសម្រេច មិនមែនបុគ្គលទេ។
៣) ការចងក្រងឯកសារ និងការបន្តវេន តាមរយៈការហ្វឹកហ្វឺននៅក្នុងស្ថាប័ន៖ មានន័យថា យើងត្រូវតែរក្សាទុកនូវឯកសារឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យបាននូវការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចិរភាព។
នៅពេលយើងមានស្ថាប័នដែលមានប្រសិទ្ធភាព ដែលមានសមត្ថភាព និងការទទួលខុសត្រូវបំពេញការងារដែលចំវិជ្ជាជីវៈ ទើបកម្ពុជាយើងអាចមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមបានដោយភាពជឿជាក់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៅមុខទៀត៕