កំណត់និពន្ធ៖ នៅថ្ងៃអង្គារនេះ រដ្ឋសភានៃប្រទេសវៀតណាមធ្វើសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ដោយរួមទាំងការបោះឆ្នោតប្រថាប់ត្រាយល់ព្រមលើបេក្ខភាពលោក Nguyen Phu Trong [ង្វៀង ហ៊្វូជុង] លេខាគណបក្សកុម្មុយនីស្ត ឲ្យក្លាយជាប្រធានាធិបតីផ្លូវការវៀតណាមផងដែរ។ លោក Nguyen Phu Trong [ង្វៀង ហ៊្វូជុង] នឹងជំនួសតំណែងលោក Tran Dai Quang [ជឹន ដៃគ័ង] អតីតប្រធានាធិបតីវៀតណាម ដែលបានទទួលមរណភាពក្នុងអំឡុងពេលកាន់តំណែងកាលពីខែកញ្ញា។ ព្រឹត្តិការណ៍នេះនឹងនាំឱ្យលោក Nguyen Phu Trong [ង្វៀង ហ៊្វូជុង] ក្លាយជាអ្នកទីមួយចាប់តាំងពីជំនាន់លោក Ho Chi Minh [ហូ ជីមិញ] អគ្គលេខាធិការស្ថាបនិករបស់គណបក្សមក ដែលអាចកាន់តំណែងកំពូលទាំងពីររបស់ប្រទេសក្នុងពេលតែមួយ។ លោក អូន ឆេងប៉រ នៃ VOA បានសម្ភាសតាមទូរស័ព្ទជាមួយនឹងបណ្ឌិត Le Hong Hiep [ឡេ ហុងហៀប] អ្នកជំនាញផ្នែកនយោបាយផ្ទៃក្នុងនិងកិច្ចការបរទេសវៀតណាម នៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ប្រទេសសិង្ហបុរី ជុំវិញស្ថានការណ៍នយោបាយវៀតណាមក្នុងពេលអន្តរកាលនេះ។ សូមលោកអ្នកនាងអាន និងស្តាប់បទសម្ភាសន៍នេះដូចតទៅ៖
Your browser doesn’t support HTML5
VOA៖ តើលោកមានការវិភាគបែបណាដែរ ចំពោះការសម្រេចរបស់រដ្ឋសភាវៀតណាម ក្នុងការបោះឆ្នោតជ្រើសតាំងអគ្គលេខាធិការបក្សកុម្មុយនីស្ដ លោក Nguyen Phu Trong ឲ្យកាន់តំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម?
Le Hong Hiep៖ នីតិវិធីក្នុងប្រទេសវៀតណាមគឺដូច្នេះ៖ នៅពេលដែលគេចង់ជ្រើសរើសមេដឹកនាំថ្នាក់ជាតិ គណបក្សនឹងពិគ្រោះ ដើម្បីឧទ្ទេសនាមបេក្ខជនណាម្នាក់ទៅឱ្យរដ្ឋសភា។ ដោយសារតែវៀតណាមជាប្រទេសដែលមានប្រព័ន្ធដឹកនាំរដ្ឋដោយគណបក្សតែមួយ ក្នុងករណីភាគច្រើន រដ្ឋសភានឹងគ្រាន់តែប្រថាប់ត្រាយល់ព្រមលើការសម្រេចរបស់គណបក្សតែប៉ុណ្ណោះ។ ក្នុងករណីនេះ វាច្បាស់ណាស់ហើយ [នៅមុនការបោះឆ្នោតទៅទៀត] សឹងតែ១០០% ដែលថារដ្ឋសភាមុខជាសម្រេចអនុម័តឱ្យលោក Trong ក្លាយជាប្រធានរដ្ឋដូចការស្នើរបស់បក្សជាមិនខានឡើយ។
VOA៖ តើការណ៍ដែលអគ្គលេខាធិការបក្សកុម្មុយនីស្ដ លោក Nguyen Phu Trong ឡើង កាន់តំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម មានអត្ថន័យយ៉ាងដូចម្ដេចទៅលើនយោបាយផ្ទៃក្នុងវៀតណាម?
Le Hong Hiep៖ ខ្ញុំគិតថា ក្នុងពេលឥឡូវនេះ ការចូលទៅកាន់តំណែងនេះមិនជាផ្ដល់បម្រែបម្រួលអ្វីជាដុំកំភួនឡើយ ទៅលើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេស។ បើមើលលើជ្រុងសេដ្ឋកិច្ច គោលនយោបាយនានានឹងបន្តដដែលគ្មានអ្វីផ្លាស់ប្ដូរនោះទេ នៅក្រោយពេលដែលលោក Trong ក្រសោបតំណែងប្រធានាធិបតី។ បើមើលលើជ្រុងនយោបាយ វាអាស្រ័យទៅលើការរៀបចំបែបនេះ ដែលមនុស្សម្នាក់ជាអគ្គលេខាធិការបក្សផងនិងជាប្រធានរដ្ឋផង នឹងបន្តកាន់តំណែងដល់ឆ្នាំ២០២១ដែរឬទេ ពេលដែលបក្សត្រូវរៀបចំសមាជដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី។
មកទល់នឹងពេលនេះ លោក Trong បានបង្ហាញថា លោកព្រមព្រៀងក្នុងការចូលទៅកាន់តំណែងប្រធានាធិបតី បន្ទាប់ពីការទទួលមរណភាពភ្លាមៗរបស់អតីតប្រធានាធិបតី លោក Tran Dai Quang។ នេះបានន័យថា វាមិនទាន់ច្បាស់លាស់នៅឡើយ ថាតើនៅក្នុងសមាជបក្សឆ្នាំ២០២១ នាពេលខាងមុខ បក្សនឹងបន្តរបៀបនេះដែរឬទេ ដែលបុគ្គលតែម្នាក់នឹងកាន់តំណែងជាអគ្គលេខាធិការបក្សផងនិងជាប្រធានរដ្ឋផង ដូចអ្វីដែលលោក Trong កំពុងតែធ្វើនេះ។ ហើយបើគេបន្តរបៀបរបបបែបនេះ ខ្ញុំគិតថា វានឹងបង្កើតជាការផ្លាស់ប្ដូរមួយចំនួនទៅលើស្ថានភាពនយោបាយនិងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក្នុងរយៈពេលយូរ។
ហើយវាក៏អាស្រ័យទៅលើថាតើនរណានឹងអាចទៅជំនួសលោក Trong។ សម្រាប់ឥឡូវនេះ ដែលលោក Trong កាន់តំណែងជាអគ្គលេខាធិការបក្សផងនិងជាប្រធានរដ្ឋផង នឹងមិននាំឱ្យមានការផ្លាស់ប្ដូរជាដុំកំភួនអ្វីដល់ប្រព័ន្ធនយោបាយវៀតណាមឡើយ។
VOA៖ នៅប្រទេសចិន អំណាចនិងឥទ្ធិពលរបស់លោក ស៊ី ជីនពីង ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្ដផងនិងជាប្រធានរដ្ឋផង បាននាំឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញដើម្បីរំលាយការកំណត់អាណត្តិរបស់លោក នឹងបើកលទ្ធភាពឱ្យលោកអាចកាន់អំណាចដោយគ្មានកាលកំណត់។ តើករណីស្រដៀងគ្នានេះអាចកើតមានឡើងនៅវៀតណាមដែរឬទេ?
Le Hong Hiep៖ ខ្ញុំគិតថា វាអាស្រ័យទៅលើអ្វីដែលនឹងកើតឡើងបន្ទាប់ ព្រោះអី លោក Trong តាមថា ត្រូវចូលនិវត្តនៅឆ្នាំ២០២១។ បើសិនជាលោកព្យាយាមបន្តស្ថិតក្នុងអំណាចទៅដល់ក្រោយឆ្នាំ២០២១ ដូចជាតាមរយៈការផ្លាស់ប្ដូរធម្មនុញ្ញរបស់បក្ស ដើម្បីពង្រីកការកំណត់អាណត្តិ ព្រោះនេះជាអាណត្តិទីពីរហើយដែលលោកកាន់តំណែងជាអគ្គលេខាធិការគណបក្សនោះ ហើយបើតាមបទបញ្ញត្តិដែលមានស្រាប់នៅពេលបច្ចុប្បន្នរបស់បក្ស លោកមិនអាចកាន់តំណែងនេះឆ្លងចូលទៅអាណត្តិទីបីនោះទេ។
បើសិនជាលោកព្យាយាមផ្លាស់ប្ដូរបទបញ្ញត្តិរបស់បក្សដើម្បីបន្តកាន់តំណែងក្នុងអាណត្តិបន្តបន្ទាប់ទៀតនោះ ខ្ញុំគិតថា វានឹងជានិន្នាការដែលទំនងជានឹងកើតមាន ហើយលោកនឹងព្យាយាមធ្វើដូចអ្វី លោក ស៊ី ជីនពីង កំពុងតែធ្វើនៅប្រទេសចិន។
យ៉ាងណាក្ដី ខ្ញុំគិតថា លទ្ធភាពដែលអាចចេញជាសេណារីយោបែបនេះមានតិចតួចណាស់។ ខ្ញុំមិនគិតថា លោកនឹងមហិច្ឆិតាធ្វើដូចអ្វីដែលលោក ស៊ី ជីនពីង ធ្វើនៅប្រទេសចិននោះទេ។ នៅប្រទេសវៀតណាម ប្រព័ន្ធនយោបាយមានលក្ខណៈពហុនិយម និងដាក់អត្ថិភាពដល់ការសម្រេចចិត្តក្នុងរូបមន្តព្រមព្រៀងផ្ទៃក្នុងតាមបែបផែនកុងសង់ស៊ីស។ បើទោះជាលោក Trong កំពុងតែកាន់តំណែងកំពូលទាំងពីរក្នុងពេលតែមួយក៏ដោយ ក៏លោកនឹងនៅតែត្រូវពិគ្រោះយោបល់ជាមួយនឹង ការិយាល័យនយោបាយមជ្ឈឹមបក្ស និងគណៈមជ្ឈឹម នៅពេលដែលត្រូវធ្វើសេចក្ដីសម្រេចចិត្តចម្បងៗនានា។
ហើយបើទោះជានៅក្នុងសមាជបន្ទាប់របស់បក្ស លោក Trong អាចនៅបន្ត ឬក៏នរណាផ្សេងត្រូវបានគេបោះឆ្នោតឱ្យទៅជំនួសលោក ដើម្បីកាន់តំណែងកំពូលទាំងពីរ ការអនុវត្តតាមបែបផែនសមូហភាពបែបនេះនឹងនៅរក្សាបន្ត ហើយទាំងលោក Trong ឬអ្នកស្នងតំណែងលោក មិនទំនងជាមានអំណាចខ្លាំងដូចអ្វីដែលលោក ស៊ី ជីនពីង មាននៅប្រទេសចិននោះទេ។
VOA៖ នៅមុនសមាជគណបក្សឆ្នាំ២០១៦ មានការលេចឮអំពីការប្រជែងតស៊ូអំណាចផ្ទៃក្នុងរវាងអគ្គលេខាធិការបក្ស លោក Nguyen Phu Trong និងលោកអតីតនាយករដ្ឋមន្ត្រី Nguyen Tan Dung។ តើលោកយល់ថាការក្រសោបតំណែងកំពូលពីរក្នុងពេលតែមួយរបស់លោក Trong នឹងនាំឱ្យក្រុមប្រជែងផ្សេងៗទៀតនៅក្នុងបក្សចុះខ្សោយដែរឬទេ?
Le Hong Hiep៖ ខ្ញុំគិតថា ទម្រង់អំណាចក្នុងប្រទេសវៀតណាម នាពេលបច្ចុប្បន្ន មានលក្ខណៈប្រមូលពង្រួមច្រើនជាងពីរឆ្នាំកន្លងទៅនេះ។ ដូចដែលលោកបានលើកឡើងអីចឹង ក្រោមរដ្ឋការចាស់ មានការប្រទាញប្រទង់តស៊ូអំណាចរវាង លោក Trong និងលោក Dung។ តែឥឡូវនេះ មិនមានសោះឡើយក្រុមណាផ្សេងទៀត ដែលចង់ប្រជែងជាមួយនឹងលោក Trong និងសហការីរបស់លោក។
ជាមូលដ្ឋាន មិនមានចលនាប្រឆាំងអ្វីជារូបវ័ន្តនៅក្នុងបក្សទៅនឹងការចូលកាន់តំណែងជាប្រធានរដ្ឋរបស់លោក Trong ឡើយ។ តាមពិត គណៈមជ្ឈឹមរបស់បក្ស បានបោះឆ្នោតជាឯកច្ឆន្ទដើម្បីគាំទ្រការឧទ្ទេសនាមលោក Trong ទៅឱ្យសភាអនុម័តជាប្រធានាធិបតី។ ខ្ញុំមិនគិតថា នឹងមានការតស៊ូប្រវាយគ្នាផ្ទៃក្នុងប្រឆាំងនឹងលោក Trong នោះទេ នៅពេលនេះ។
VOA៖ ស្ថានភាពបែបនេះអាចនឹងបន្តឆ្លងផុតទៅដល់សមាជបក្សឆ្នាំ២០២១ដែរឬទេ?
Le Hong Hiep៖ ខ្ញុំគិតថានឹងនៅដដែល។ ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ខ្ញុំយល់ថាលោក Trong នឹងនៅតែអាចប្រមូលគ្រប់គ្រងអំណាចរបស់លោក ហើយនឹងមិនមានការប្រឆាំងចេញពីផ្ទៃក្នុងបក្សទៅនឹងតួនាទីរបស់លោកឡើយ។
VOA៖ តើសាធារណៈមតិរបស់វៀតណាម នឹងមានប្រតិកម្មបែបណាទៅលើការចូលកាន់តំណែងប្រធានរដ្ឋរបស់លោក Trong?
Le Hong Hiep៖ តំណែងថ្នាក់ដឹកនាំជាតិនៅប្រទេសវៀតណាមត្រូវសម្រេចបោះឆ្នោតដោយរដ្ឋសភា ដែលយើងអាចហៅបានថាជាប្រជាធិបតេយ្យដោយប្រយោល មិនមែនជាប្រជាធិបតេយ្យដោយផ្ទាល់នោះទេ។ ហេតុនេះប្រជាពលរដ្ឋវៀតណាមពុំមានសំឡេង ឬការសម្រេចអ្វីជារូបវ័ន្តនោះទេ ទៅលើការបោះឆ្នោតជ្រើសយកលោក Trong។
មនុស្សម្នាជាច្រើននឹងគ្រាន់តែដាក់ខ្សែចក្ខុតាមដានដំណើរវិវត្តន៍នេះ។ ពួកគេពុំចាប់អារម្មណ៍ខ្លាំងទៅលើដំណើរវិវត្តន៍ជាច្រើនផ្សេងទៀតនោះទេ។ ពិតណាស់ ប្រជាជនខ្លះគាត់មុខជានឹងមានក្ដីបារម្ភថា ការប្រមូលគ្រប់គ្រងអំណាចនៅក្នុងគណបក្ស នឹងនាំទៅឱ្យមានការគ្រប់គ្រងបែបដាច់ណាត់ និងតាមបែបបង្ក្រាបចាប់ចងកាន់តែរន្ថើនជាងមុន។
តែអ្នកខ្លះទៀតក៏អាចនឹងមានសុទិដ្ឋិនិយមផងដែរ ថាដំណើរវិវត្តន៍នេះ នឹងនាំឱ្យប្រព័ន្ធនយោបាយរបស់ប្រទេសមានប្រសិទ្ធផលជាងមុន ហើយបក្សក៏អាចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងនាំមកដល់នូវកំណើនសេដ្ឋកិច្ច ដែលនៅទីបំផុតនឹងផ្ដល់ប្រយោជន៍ដល់ប្រជាជន។
VOA៖ បើបក្សអ្នកសម្រេចអីចឹង វាសំខាន់ដែរឬទេ ដែលបេក្ខភាពថ្នាក់ដឹកនាំជាតិដូចជាលោក Trong ចាំបាច់ត្រូវតែមានប្រជាប្រិយភាពបែបបុគ្គលដែរក្នុងចំណោមប្រជាជនវៀតណាម?
Le Hong Hiep៖ បាទ! ខ្ញុំគិតថា ហ្នឹងវាជាប្រការសំខាន់ មិនថានៅប្រទេសណាក៏ដោយ ដែលថាមេដឹកនាំអាចឱ្យគេមើលឃើញនិងគិតថាមានសមត្ថភាពនិងស្អាតស្អំ។ កេរ្តិ៍ឈ្មោះដែលអ្នកមាននឹងជះឥទ្ធិពលទៅលើការយល់ឃើញរបស់ប្រជាជនទៅលើថ្នាក់ដឹកនាំ ក៏ដូចជារដ្ឋាភិបាលនិងបក្សកាន់អំណាច។
នៅវៀតណាមឥឡូវនេះ ខ្ញុំគិតថា មនុស្សជាច្រើន មានការគោរពចំពោះលោក Trong ចំពោះកេរ្តិ៍ឈ្មោះនិងសមត្ថភាពរបស់លោក ក្នុងការអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនាពេលកន្លងមក។ ខ្ញុំយល់ថាប្រជាជនជាច្រើនរំពឹងថា លោកនឹងបន្តយុទ្ធនាការនេះតទៅមុខទៀត បន្ទាប់ពីលោកប្រមូលគ្រប់គ្រងអំណាចរបស់លោក ហើយត្រូវបានឧទ្ទេសនាមឱ្យកាន់តំណែងកំពូលទាំងពីរនៅក្នុងប្រទេស។
VOA៖ អ្នកតាមដាននយោបាយវៀតណាមមួយចំនួន បានហៅលោក Trong ថាជា«ជនប្រកាន់និន្នាការតឹងរ៉ឹង»ក្នុងចំណោមថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត។ មូលហេតុអ្វីដែលនាំឱ្យលោកក្លាយជា «ជនប្រកាន់និន្នាការតឹងរ៉ឹង»?
Le Hong Hiep៖ រឿងនេះគេអាចយល់បាន ព្រោះលោក Trong គឺជាលេខាបក្ស ដែលជាប្រមុខដឹកនាំរបស់បក្ស ម្ល៉ោះហើយការងារចម្បងរបស់លោក គឺរក្សាការពារវិន័យ និងការបន្តវត្តមានរស់រានមានជីវិតរបស់គណបក្ស។
ពេលខ្លះ បើសិនជាមិនមានគោលនយោបាយតាមបែបប្រកាន់និន្នាការតឹងរ៉ឹងនោះទេ លោកមិនអាចដើរតួនាទីជាចំណែករបស់លោកបាននោះទេ។ ជាធម្មតា ក្នុងប្រទេសកុម្មុយនីស្ដភាគច្រើន បុគ្គលជាប្រមុខដឹកនាំរបស់បក្ស នឹងមានចរឹតដឹកនាំតាមបែបផែនអភិរក្សនិយម និងប្រកាន់គោលនយោបាយប្រកាន់តឹងរ៉ឹងជាងអ្នកដទៃទៀត លើបញ្ហានយោបាយ។
ព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រីនឹងមាននិន្នាការសេរីនិយមជាងនេះ ព្រោះត្រូវទទួលកិច្ចការលើកកម្ពស់កំណែទម្រង់សេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ច ដែលត្រូវតែមាននិន្នាការសេរីនិយមជាងបែបនេះ។
VOA៖ លោករំពឹងទេថា គោលនយោបាយការបរទេស និងគោលនយោបាយជាមួយប្រទេសជិតខាងនឹងមានការប្រែប្រួល ក្រោមការដឹកនាំរបស់លោក Trong ជាប្រធានរដ្ឋវៀតណាម?
Le Hong Hiep៖ ខ្ញុំមិនគិតថា នឹងមានអ្វីប្រែប្រួលនោះទេ។ វៀតណាមទំនងជានឹងរក្សាគោលនយោបាយការបរទេសបច្ចុប្បន្នរបស់ខ្លួន។ ខ្ញុំគិតថា នោះគឺជាការព្រមព្រៀងតាមបែបកុងសង់ស៊ីស ក្នុងចំណោមថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម ទៅលើបញ្ហាថាត្រូវប្រាស្រ័យរាប់អានយ៉ាងដូចម្ដេចជាមួយប្រទេសចិននិងសហរដ្ឋអាមេរិក។ នេះមិនមែនជាគោលនយោបាយការបរទេសរបស់លោក Trong នោះទេ តែជាគោលនយោបាយការបរទេសរបស់គណបក្សទាំងមូលតែម្ដង។
ខ្ញុំគិតថា វៀតណាមដែលស្ថិតក្រោមការដឹកនាំរបស់លោក Trong ដែលជាអគ្គលេខាធិការបក្សនិងជាប្រធានរដ្ឋ នឹងបន្តរក្សាគោលនយោបាយការបរទេសដែលមានស្រាប់របស់ខ្លួន៕