អង្គការសង្គមស៊ីវិល និងអង្គការរដ្ឋាភិបាលនានានៅទូទាំងពិភពលោកកំពុងរៀបចំប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅថ្ងៃសុក្រស្អែកនេះ។
ទិវានារីអន្តរជាតិគឺជាការប្រារព្ធជាង១០០ឆ្នាំ នៃជោគជ័យរបស់ស្ត្រីទាំងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយនៅទូទាំងពិភពលោក ហើយស្របពេលជាមួយគ្នានេះដែរ ការប្រារព្ធទិវានេះឡើងក៏ជាការអំពាវនាវឲ្យមានសមភាពយេនឌ័រផងដែរ។
ទិវានេះប្រារព្ធឡើងនៅថ្ងៃទី ៨ ខែមិនា ជារៀងរាល់ឆ្នាំ និងជាទិវាមួយដែលគ្រប់ស្ថាប័នអង្គភាពទាំងអស់ចូលរួមប្រារព្ធ ដែលក្នុងនោះមានតាំងពីរដ្ឋាភិបាល អង្គការស្ត្រី ក្រុមហ៊ុនអាជីវកម្ម និងអង្គការសប្បុរសធម៌ជាដើម។ នៅតាមទីក្រុងនានានៅជុំវិញពិភពលោក ទិវានេះត្រូវបានប្រារព្ធឡើងដោយការជួបជុំគ្នា ការធ្វើសន្និសីទ ការរៀបចំគម្រោងសិល្បៈវប្បធម៌ និងការធ្វើបាឋកថាជាដើម។
ប្រវត្តិនៃទិវានេះចាប់ផ្ដើមដំបូងនៅឆ្នាំ ១៩០៨ នៅពេលដែលកម្មករកាត់ដេរជាស្ត្រីប្រហែល ១ម៉ឺន៥ពាន់នាក់ ធ្វើកូដកម្មដើរតាមដងផ្លូវនានានៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក ទាមទារឲ្យមានម៉ោងធ្វើការតិច ប្រាក់ខែប្រសើរជាងមុន និងសិទ្ធិបោះឆ្នោត។ នៅក្នុងឆ្នាំ ១៩១០ ស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Clara Zetkin បានស្នើឲ្យមានការប្រកាសទិវានារីនៅឯសន្និសីទអន្តរជាតិមួយ ដែលមានការចូលរួមពីស្ត្រី ១០០ នាក់។ គំនិតនេះត្រូវបានគាំទ្រជាឯកច្ឆន្ទ។
នៅក្នុងឆ្នាំ ១៩១១ ទិវានេះត្រូវបានប្រារព្ធជាលើកដំបូងបង្អស់នៅក្នុងប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងស្វីស។ ស្ត្រី និងបុរសជាង១លាននាក់ បានចូលរួមការតវ៉ាគាំទ្រឲ្យស្ត្រីមានសិទ្ធិធ្វើការ មានសិទ្ធិបោះឆ្នោត មានសិទ្ធិទទួលបានការអប់រំ និងមានសិទ្ធិកាន់តំណែងសាធារណៈ។
អង្គការសហប្រជាជាតិបានទទួលស្គាល់ទិវានារីអន្តរជាតិនេះជាផ្លូវការលើកដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៧៥។ នៅក្នុងឆ្នាំ ២០១១ អតីតប្រធានាធិបតីអាមេរិកលោក Barack Obama ឈានមួយជំហានបន្ថែមពីនេះទៀត ដោយប្រកាសទទួលស្គាល់ខែមិនាថាជាខែប្រវត្តិសាស្ត្ររបស់ស្ត្រី៕