អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ៖ មនុស្ស​ចំនួន​៩៤នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​រឿង​ CLV

រូបឯកសារ៖ ប៉ូលិស​ប្រតិបត្តិការនៅមុខ​សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ​៩៤ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ចុង​ខែ​កក្កដា​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​ឡាវ ​វៀត​ណាម​ CLV-DTA។ ​នេះ​បើ​យោង​តាម​ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី ​២៨​ ខែ​សីហា​ ឆ្នាំ ​២០២៤​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) ​បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះ​លែង​ពួកគេ​ទាំង​នោះ​ជា​បន្ទាន់។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ថា៖ ​«យ៉ាងហោច​ណាស់​មនុស្ស​ ៥៩​ នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ដែល​រួម​មាន​សកម្ម​ជន​បរិស្ថាន ​សិទ្ធិ​មនុស្ស ​និង​សកម្ម​ជន​ផ្សេង​ទៀត ​ព្រម​ទាំង​កុមារ​មួយ​ចំនួន​ទៀត​ នៅ​តែ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ​និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ហាញ​ទស្សនៈ​របស់​ពួក​គេ​ដោយ​សន្តិវិធី។ ​អាជ្ញាធរ​គួរ​តែ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ភ្លាមៗ ​ ដែល​មិន​មាន​ការ​ចោទ​ប្រកាន់​ពី​អន្តរជាតិ»។​

អ្នកស្រី​ Bryony Lau ​នាយិកា​រង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖​ «ការ​ចាប់​ខ្លួន​សកម្ម​ជន​ពាក់ព័ន្ធ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​CLV​ យ៉ាង​ច្រើន ​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ចេតនា​ និង​សម្រប​សម្រួល​ដោយ​អាជ្ញាធរ​កម្ពុជា ​ដើម្បី​បំភិត​បំភ័យ​អ្នក​រិះគន់ ​និង​រារាំង​ពួក​គេ​មិន​ឱ្យ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ឬ​ចែក​រំលែក​ទស្សនៈ​របស់​ពួកគេ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម»។ ​ការ​ឃុំ​ខ្លួន ​និង​ការ​ចោទ​ប្រកាន់​ខុស​ទាំង​នេះ​បង្ហាញ​ពី​ការ​មិន​គោរព​សិទ្ធិ​ពលរដ្ឋ​កម្ពុជា ​និង​កាតព្វ​កិច្ច​អន្តរជាតិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត»។​

ចំណែក​លោក ​Kate Schuetze ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​អាស៊ី​បូព៌ា ​និង​ការិយាល័យ​តំបន់​ប៉ាស៊ីហ្វិក​នៃ​អង្គការ​លើកលែង​ទោស​អន្តរ​ជាតិ​ បាន​លើក​ឡើង​ដែរ​ថា ​ការ​រឹតត្បិត​តាម​តែ​អំពើ​ចិត្ត​លើ​សេរីភាព​នៃ​ការ​ធ្វើ​បាតុកម្ម​ ការ​ជួប​ជុំ​ដោយ​សន្តិ​វិធី​ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ មិន​ត្រូវ​បាន​ចាត់​ទុក​ជា​សុចរិត​ភាព​នៅ​ក្រោម​ច្បាប់​អន្តរ​ជាតិ​នោះ​ទេ។​

លោក​បន្ថែម​ថា៖​ «ការ​បៀតបៀន​សកម្ម​ជន ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។ ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ការ​ឆ្លើយ​តប​ដ៏​ធ្ងន់​ដៃ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឱ្យ​យុវជន ​រួម​ទាំង​កុមារ​មួយ​ចំនួន​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរ​ប្រឆាំង​នឹង​រដ្ឋ។ ​ដៃគូ​របស់​កម្ពុជា​គួរ​តែ​អំពាវនាវ​ជា​សាធារណៈ ​និង​រួម​គ្នា​បញ្ចប់​ការ​ការ​រំលោភ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី»។​

ក្នុង​ព្រឹត្តិ​ការណ៍​ទប់​ស្កាត់​ចលនា​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ ​វៀតណាម ​CLV-DTA ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៅ​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​យុវជន​បី​នាក់​ចំពោះ​ការ​សង្ស័យ​ថា​ បាន​ប៉ុនប៉ង​វាយ​ប្រហារ​មក​លើ​គេហ​ទំព័រ​ក្រសួង-ស្ថាប័ន​រដ្ឋាភិបាល​ និង​បាន​ចូល​រួម​សកម្ម​ភាព​គាំទ្រ​បច្ចេក​ទេស​ក្នុង​ចលនា​បំផុស​បំផុល​ប្រឆាំង​គម្រោង​ដ៏​ចម្រូង​ចម្រាស​នេះ។​

ពលរដ្ឋ​ជាង​ ៦០ ​នាក់​ផ្សេង​ទៀត​ដែល​ជា​សកម្ម​ជន​សង្គម​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សមាគម​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ដែរ តែ​មាន​មួយ​ចំនួន​ត្រូវ​ដោះ​លែង​ ក្រោយ​ធ្វើ​ការ​សុំ​ទោស​ និង​ធ្វើ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ។​ នេះ​បើ​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក៕​ ​