សហ​ព្រះរាជអាជ្ញា​បរទេស​មាន​ភស្តុតាង​បន្ថែម​សម្រាប់​សំណុំ​រឿង​០០៣

លោក Nicholas Koumjian សហព្រះរាជអាជ្ញា​អន្តរជាតិ​នៃសាលាក្តីខ្មែរក្រហម​

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតលើការ​បង្ខំ​ឲ្យ​រៀប​ការ​នៅ​ក្នុង​សំណុំ​រឿង​០០៣ ​បន្ថែម​ពី​លើកិច្ច​ស៊ើប​អង្កេត​ដែល​កំពុង​តែ​ដំណើរ​ការ​ស្រាប់។​

លោក​នីកូឡាស គុមជាន​ (Nicholas Koumjian) ​សហ​ព្រះរាជ​អាជ្ញា​អាមេរិកាំងបញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ទៅ​កាន់ការិយាល័យ​ចៅ​ក្រម​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​ពុធ​ថា​ មាន​ភស្តុតាង​ថ្មីៗ​បន្ថែម​ទៀត​ដែល​បង្ហាញ​ថា ​ពួក​ខ្មែរ​ក្រហម​បាន​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​រៀប​ការ​ជា​ហ្វូង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។ ​លោក​បន្ថែម​ថា៖​ «មាន​ឱកាស​ជា​ច្រើន​ដែល​ក្រុម​គូ​ស្រករ​ដែល​រហូត​ដល់​ចំនួន​២០​គូ​ត្រូវ​បង្ខំ​ឲ្យ​រៀប​ការ​ក្នុង​ពេល​តែ​មួយ»។​

សហ​ព្រះ​រាជ​អាជ្ញានីកូឡាស គុមជាន​បាន​រក​ឃើញ​ថា៖​«ក្រុម​ស្ត្រី​ត្រូវ​បញ្ជូន​ពី​ភូមិ​ភាគ​ឬ​តំបន់​ផ្សេងៗ​ដើម្បី​ឲ្យ​មក​រៀប​ការ​ដោយ​បង្ខំ​ជាមួយ​កម្មាភិបាល​យោធា​ខ្មែរ​ក្រហម»។​

លោក​សហព្រះ​រាជ​អាជ្ញា​អាមេរិកាំង​ចាត់​ទុក​បញ្ហា​នេះ​ថា​ជា«អំពើ​ហិង្សា​ផ្លូវ​ភេទ»​ ហើយ​បាន​ស្នើ​ឲ្យចៅ​ក្រម​ស៊ើប​អង្កេត​«ពិចារណា»​លើ​ឧក្រិដ្ឋ​កម្ម​បន្ថែម​ស្តីពី​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំនេះ។​

ជាមួយ​គ្នា​នេះ​លោក​នីកូឡាស គុមជាន​បានប្រកាស​ថា​ កិច្ច​ស៊ើប​អង្កេត​នៅ​ក្នុង​សំណុំ​រឿង​០០៣​នៅ​តែ​បន្ត​ ហើយ​«មាន​ភស្តុតាង​ថ្មីៗ​បន្ថែម​ទៀត​ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់»។​

ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំគឺ​ជា​អំពើ​ឧក្រិដ្ឋមួយ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២។​ សំណុំ​រឿង​នេះមាន​ជនជា​ប់​ចោទ​នួន ជា ​និង​ខៀវ សំផន​ ដែល​ជា​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​តែ​ពីរ​នាក់​គត់​ដែល​ស្ថិត​ក្រោម​ការ​កាត់​ទោស។​

​លោក​ស្រី​ស៊ីន សូវ៉ន ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួយ​រូប​មកពី​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ អំពើ​ហិង្សា​ផ្លូវ​ភេទ​តាម​រយៈ​ការបង្ខំ​ឲ្យ​រៀប​ការ​កើត​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម។​

លោក​ស្រី​គូស​បញ្ជាក់​ថា ​ក្រុម​មេធាវី​បាន​ទទូច​ឲ្យ​ដាក់​ការ​កាត់​ទោស​លើ​បញ្ហា​នេះទាំង​ក្នុង​សំណុំ​រឿង​០០១​រហូត​ដល់​សំណុំ​រឿង​០០៤។​

«សំណុំ​រឿង​០០៣​ សំណុំ​រឿង​០០៤​ក៏មាន​ករណី​រៀប​ការ​ដោយ​បង្ខំ។ ​ហើយ​យើង​ស្នើ​ឲ្យ​មានការ​ចោទ​បន្ថែម​ទាក់​ទង​ទៅ​នឹង​ការ​រំលោភ​ថែម​ទៀត។​ យើង​ឃើញ​ថា ​សំណុំ​រឿង​០០៣​មាន​(ការ​រៀប​ការ​ដោយ​បង្ខំ) ​ប៉ុន្តែ​មាន​តិចតួច​ជាង​សំណុំ​រឿង​០០៤»។​

​វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំការ​បំភ្លឺ​ពី​មន្ត្រី​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

សំណុំ​រឿង​០០៣​មាន​ជនជាប់​សង្ស័យដែល​គេ​ដឹង​ក្រៅ​ផ្លូវការ​ចំនួន​ពីរ​នាក់​គឺអតីត​មេ​បញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរ​ក្រហមមាស​ មុត ​និង​ស៊ូ ម៉េត ​អតីត​មេ​បញ្ជាការ​កងទ័ព​អាកាស។​ នេះ​គឺជា​សំណុំ​រឿង​យ៉ាងចម្រោង​ចម្រាស់​ដែល​មិនមាន​ការគាំទ្រ​ពី​ភាគីជាតិ​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ទេ​ ដោយសារ​តែ​រដ្ឋាភិបាល​បាន​ប្រឆាំង​ចំពោះ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿងបន្ថែម​នេះ។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ធ្លាប់​បាន​ចោទ​ប្រកាន់ជន​សង្ស័យ​វ័យ​ចាស់​ជរា​ទាំង​ពីរ​ទាក់ទិន​ទៅ​នឹងការ​បោស​សម្អាតផ្ទៃ​ក្នុង​កង​ទ័ព ​ការ​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​ដោយគ្មាន​ច្បាប់ ​ការ​ធ្វើ​ទារុណ​កម្ម ​ការ​សម្លាប់​ចោល ​និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ។​ ជន​រង​គ្រោះ​នៅ​ក្នុង​សំណុំ​រឿង​នេះ​រួម​មាន​កម្មករ​ អ្នក​នេសាទ ​ជន​ដែល​ត្រូវ​គេ​ចោទ​ថា​ ជា​ជន​ក្បត់បដិវត្តន៍។​ ​ព្រម​ទាំង​មាន​ជន​រង​គ្រោះ​ជា​ជន​បរទេស​លោក​ខាង​លិច ​ជនជាតិ​ថៃ ​ជនជាតិ​វៀតណាម​ ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ដែន​សមុទ្រ​ ឬ​ត្រូវ​ចាប់​ខ្លួន​ពី​តំបន់​ព្រំដែន។​

យោង​តាម​សហ​ព្រះ​រាជ​អាជ្ញា​បរទេស​ឲ្យ​ដឹង​ថា​ ​អំពើ​ឧក្រិដ្ឋ​ទាំង​នេះ​បាន​កើត​ឡើង​នៅ​ទីតាំង​សម្លាប់​ស្ទឹងតូច​ ស្រុក​ពញ្ញាក្រែក ​ខេត្ត​កំពង់ចាម​ ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​ខេត្ត​កំពង់​ឆ្នាំង ​មន្ទីរ​សន្តិសុខ​កង​ពល​លេខ​៨០១​ នៅ​ខេត្ត រតនគីរី ​ការដ្ឋាន​វាយថ្ម​ស្ទឹង​ហាវ ​នៅ​ខេត្ត​ព្រះ​សីហនុ ​ទីតាំង​សម្លាប់​មនុស្ស​និង​មន្ទីរ​សន្តិសុខ​វត្តអង្គតាញាន​ ឬ​វត្តក្រោម​ក្នុង​ខេត្ត​ព្រះសីហនុ ​មន្ទីរ​សន្តិសុខ​ស-២១ ​និង​មន្ទីរ​សន្តិសុខ​ស-២២ ​នៅ​ភ្នំពេញ ​រួម​ទាំង​ទី​តាំង​ឧក្រិដ្ឋ​កម្ម​នៅ​ការដ្ឋាន​ដាំ​ធូរេន​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះសីហនុ ​និង​ការដ្ឋាន​ការងារ​នៅ​ក្នុងស្រុក​និង​ខេត្ត​ដដែល​នេះ៕