អង្គការសិទ្ធិមនុស្ស Human Rights Watch និងអង្គការអន្តរជាតិចំនួន ៥៤ ផ្សេងទៀត រួមគ្នាអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងប្រទេសឥណ្ឌូនេស៊ីនិងបារាំងដែលជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្ដីពីសន្តិភាពនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩១ ឲ្យជួបប្រជុំគ្នាឡើងវិញដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ប្រទេសកម្ពុជានេះ។ នេះបើយោងតាមលិខិតរួមគ្នាមួយរបស់អង្គការទាំង ៥៥ ដែល VOA ទទួលបាននៅថ្ងៃច័ន្ទនេះ។
លិខិតរួមគ្នានេះបានធ្វើឡើងចំខួបលើកទី ២៦ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងចំពេលដែលគណបក្សសង្គ្រោះជាតិប្រឈមនឹងការត្រូវរំលាយចោលក្រោយពីលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សនេះត្រូវបានរដ្ឋាភិបាលចោទប្រកាន់ពីបទក្បត់ជាតិ។
លិខិតដែលសរសេរទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងប្រធានាធិបតីបារាំងលោក Emmanuel Macron ចុះថ្ងៃទី ២៣ ខែតុលានេះ បានស្នើឲ្យមានការចាត់វិធានការជាបន្ទាន់ដើម្បីធានាថា «ទស្សនវិស័យនៃប្រទេសកម្ពុជាបែបប្រជាធិបតេយ្យមួយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង [សន្តិភាព] ទីក្រុងប៉ារីសមិនត្រូវបានគេបំភ្លេចចោលនោះទេ»។
លោក Phil Robertson នាយករងទទួលបន្ទុកកិច្ចការអាស៊ីនៃអង្គការ Human Rights Watch បានថ្លែងថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំផ្លាញកាតព្វកិច្ចផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពហុបក្សដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយការចង់រំលាយគណបក្សសង្គ្រោះជាតិ បំផ្លាញសារព័ត៌មានឯករាជ្យ និងគំរាមកំហែងអង្គការក្រៅរដ្ឋាភិបាលណាដែលហ៊ានតវ៉ាដើម្បីសិទ្ធិមនុស្ស»។
លិខិតដដែលនោះបានបញ្ជាក់ក្នុងន័យដើមថា៖ «ការបោះឆ្នោតថ្នាក់ជាតិដែលគ្រោងនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ នឹងមិនស្របច្បាប់នោះទេ ប្រសិនបើស្ថានការណ៍បច្ចុប្បន្ននៅតែបន្ត ហើយជំហានដោះស្រាយដ៏សំខាន់គឺត្រូវការជាចាំបាច់ដើម្បីឲ្យការបោះឆ្នោតនេះមានលក្ខណៈត្រឹមត្រូវ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»៕