អង្គការអន្តរជាតិថ្កោលទោសការបញ្ជូន​ជនភៀសខ្លួនខ្មែរពីថៃថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

រូបឯកសារ៖ រថយន្ត​ប៉ូលិស​ដឹកអ្នកទោស​ពី​សាលា​ដំបូង​ក្រុង​ភ្នំពេញ ទៅ​កាន់​ពន្ធនាគារ នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)

ក្រុមអង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សថ្កោលទោសអាជ្ញាធរថៃ និងកម្ពុជាពាក់ព័ន្ធនឹងការចាប់បញ្ជូនជនភៀសខ្លួនខ្មែរ ៦ នាក់ពីប្រទេសថៃ ដាក់ឃុំក្នុងពន្ធនាគារកម្ពុជាទាំងបង្ខំ ថាជាការរំលោភច្បាប់អន្តរជាតិ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ការថ្កោលទោសរបស់អង្គការអន្តរជាតិធ្វើឡើង បន្ទាប់ពីអាជ្ញាធរថៃ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានចាប់ខ្លួនមនុស្ស ៧ នាក់ ពីខេត្តប៉ាធុមថានី ប្រទេសថៃ បញ្ជូនមកកម្ពុជា។ មនុស្ស ៦ នាក់ដែលជាសកម្មជនគណបក្សប្រឆាំង និងជាជនភៀសខ្លួនទាំងនោះ ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារពីបទ «ក្បត់ជាតិ»។ ក្នុងនោះកុមារម្នាក់ដែលជាចៅប្រុសរបស់ជនភៀសខ្លួន ត្រូវបានដោះលែងឱ្យទៅគ្រួសារវិញ ពេលមកដល់ប្រទេសកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ APHR ចេញនៅថ្ងៃទី ២៩ ខែវិច្ឆិកា លើកឡើងថា ការនិរទេសនេះបង្ហាញថា អាជ្ញាធរថៃកំពុងរំលោភលើច្បាប់អន្តរជាតិក្នុងការចាប់ជនភៀសខ្លួនបញ្ជូនឱ្យទៅប្រឈមនឹងការបៀតបៀន ចំណែករដ្ឋាភិបាលកម្ពុជាកំពុងបង្ហាញអំពីការពង្រឹងយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងការបំបិទសំឡេងប្រឆាំង ដោយមានសហការប្រតិបត្តិការជាមួយរដ្ឋជិតខាង។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ការនិរទេសនេះឆ្លុះបញ្ចាំងពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភនៃការគាបសង្កត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរបបផ្តាច់ការសហការគ្នាកាន់តែខ្លាំងឡើងដើម្បីកំណត់គោលដៅ និងបំបិទមាត់អ្នករិះគន់ឆ្លងព្រំដែន។

ក្រុមសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្សបញ្ជាក់តាមន័យដើមថា៖ «ការនិរទេសសកម្មជនទាំងនេះដោយបង្ខំ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាបញ្ហាប្រឈមផ្ទាល់ចំពោះភាពជឿជាក់របស់អាស៊ាន។ APHR ជំរុញឱ្យមេដឹកនាំអាស៊ានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋាននៅក្នុងតំបន់»។

នៅថ្ងៃជាមួយគ្នានោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ក៏បានចេញសេចក្តីថ្លែងការណ៍ដោយលើកឡើងថា ការចាប់បញ្ជូនសកម្មជនគណបក្សប្រឆាំងចំនួន ៦ នាក់ និងកុមារតូចម្នាក់មកកម្ពុជាវិញដោយបង្ខំនេះ ធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃការកាត់ក្តី និងការធ្វើបាបនៅកម្ពុជា។

អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះបន្ថែមតាមន័យដើមថា៖ «អាជ្ញាធរកម្ពុជាគួរតែទម្លាក់ចោលការចោទប្រកាន់ដែលមានហេតុផលនយោបាយ ប្រឆាំងនឹងជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនេះជាបន្ទាន់ ហើយដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់វីអូអេនៅថ្ងៃចន្ទថា អង្គការអន្តរជាតិទាំងនេះគួរសិក្សាច្បាប់អន្តរជាតិឡើងវិញពាក់ព័ន្ធនឹងសិទ្ធិ និងសេរីភាពបញ្ចេញមតិ។ លោកថា កម្ពុជាកំពុងអនុវត្តច្បាប់លើជនប្រព្រឹត្តល្មើសទៅតាមច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិ ដោយមិនមានបិទសិទ្ធិសេរីភាព និងធ្វើទុក្ខបុកម្នេញលើជនណាឡើយ។

លោកបញ្ជាក់ថា៖ «ច្បាប់ទាំងអស់ហ្នឹងគេចែងថា ជនគ្រប់រូបមិនត្រូវប្រើប្រាស់សិទ្ធិសេរីភាពឱ្យបំពានច្បាប់ បំពានលើសិទ្ធិរបស់អ្នកដទៃ បំពានសណ្តាប់ធ្នាប់សាធារណៈ សីលធម៌របស់សង្គម -ល- គេហាម។ ដូច្នេះការអនុវត្តច្បាប់គឺជាកាតព្វកិច្ចរបស់រដ្ឋទាំងអស់ក្នុងពិភពលោកនេះ ដែលអនុវត្តដូចៗគ្នា។ អ៊ីចឹងឱ្យអង្គការទាំងអស់ហ្នឹងគាត់សិក្សាឡើងវិញ»។

សកម្មជនទាំង ៦ នាក់ដែលត្រូវបានចាប់បញ្ជូនមកកម្ពុជារួមមាន លោក ប៉ែន ច័ន្ទសង្គ្រាម អ្នកស្រី ហុង អាន លោក មាន ចាន់សុថុន អ្នកស្រី យ៉ិន ចន្ធូ អ្នកស្រី សឺង គន្ធា និងលោកស្រី វ៉ន ច័ន្ទរចនា។ ពួកគេបានភៀសខ្លួនទៅប្រទេសថៃអំឡុងឆ្នាំ ២០២២ និងត្រូវបានទទួលស្គាល់ជាជនភៀសខ្លួនពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch លើកឡើងថា ជនភៀសខ្លួនក្នុងប្រទេសថៃប្រឈមនឹងហានិភ័យពីការបង្ខំដោយរំលោភលើសិទ្ធិរបស់ពួកគេ និងរំលោភច្បាប់អន្តរជាតិ។

អង្គការនេះបន្ថែមថា រដ្ឋាភិបាលរបស់ប្រទេសថៃបានរំលោភលើកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ខ្លួន ក្នុងនាមជាប្រទេសភាគីនៃច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម ដែលត្រូវមានកាតព្វកិច្ចគោរពគោលការណ៍ដែលហាមឃាត់ប្រទេសមិនឱ្យបញ្ជូននរណាម្នាក់ត្រឡប់ទៅកន្លែងដែលពួកគេប្រឈមមុខនឹងហានិភ័យនៃការធ្វើទុក្ខបុកម្នេញ ការធ្វើទារុណកម្ម ឬការគំរាមកំហែងដល់អាយុជីវិត។

ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ មិនឆ្លើយតបនឹងសំណួររបស់វីអូអេ​តាម​សារ​អេឡិចត្រូនិក ឬអ៊ីមែល គិតត្រឹមល្ងាចថ្ងៃចន្ទ។

បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីចុងឆ្នាំ ២០១៧ មក ប្រទេសថៃក្លាយទីតាំងដែលសកម្មជនសង្គម និងនយោបាយខ្មែរភៀសខ្លួនពីកម្ពុជាទៅជ្រកកោន ដើម្បីគេចពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិលើកឡើងថា ថៃលែងជាប្រទេសមានសុវត្ថិភាពសម្រាប់សកម្មជនសង្គម និងនយោបាយ ក្រោយរដ្ឋាភិបាលប្រទេសនេះចាប់បញ្ជូនជនភៀសខ្លួនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់៕