អង្គការ​អន្តរជាតិ​និង​ក្រសួង​ពាក់ព័ន្ធ​​ប្រារព្ធ​ទិវា​កុមារ​ពិភពលោក​ ខណៈ​បញ្ហា​ប្រឈម​ជា​ច្រើន​បន្ត​កើត​មាន​

កុមារ​កំពុង​ថ្លែង​អំពី​តម្រូវ​កា​ររបស់​ពួកគេ​​ក្នុង​​ពិធី​ប្រារព្ធ​ទិវា​កុមារ​ពិភពលោក ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

អង្គការ​អន្តរជាតិ​ដែល​ធ្វើការ​លើ​ការ​ការពារ​កុមារ​ និង​ក្រសួង​ពាក់ព័ន្ធ​ ប្រារព្ធ​ទិវា​កុមារ​ពិភពលោក​នៅ​រាជធានីភ្នំពេញ​ ខណៈ​កុមារ​កម្ពុជា​នៅ​បន្តប្រឈម​បញ្ហា​ជាច្រើន​ ទាំង​ផ្នែក​អាហារូបត្ថម្ភ លទ្ធភាព​ទទួល​បាន​ការអប់រំ​ ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម សុវត្ថិភាពតាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​រំលោភ​សេព​សន្ថវៈ​ជាដើម។​

នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២​ នេះ ​យូនីសេហ្វ​កម្ពុជា​ តំណាង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ ក្រសួង​ពាក់ព័ន្ធ​ និង​វិស័យ​ឯកជន​ បាន​ប្រារព្ធទិវា​កុមារ​ពិភព​លោក ​ដែល​ជា​ខួប​នៃ​ការ​អនុម័ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​កាលពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩។

ប្រធាន​ស្តីទីអង្គការ​យូនីសេហ្វ​ (Unisef) ប្រចាំ​កម្ពុជា លោក ​អានៀរបាន ឆាតឺរជី (Anirban ChatterJee) ប្រាប់ VOA ថា បើ​ទោះបី​ជាស្ថាន​ភាព​របស់​កុមារនៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ជាង​មុន​ បើ​ធៀប​នឹង​កាលពី​១៥​ឆ្នាំមុនក្តី ក៏ពួកគេ​នៅ​តែប្រឈម​នឹង​បញ្ហា​ជាច្រើន ទៅតាម​កម្រិត​នៃ​អាយុ​របស់​ពួក​គេ។

ប្រធាន​ស្តីទីអង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា លោក ​អានៀរបាន ឆាតឺរជី ប្រាប់ VOA ក្នុង​ពិធី​ប្រារព្ធ​ទិវា​កុមារ​ពិភព​លោក ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​និយាយ​ថា៖ ​«វា​ផ្អែក​លើ​កម្រិត​នៃ​អាយុ​របស់​ពួកគេ។ ក្មេង​តូចៗអាយុ​ក្រោម​៥​ឆ្នាំ ពួកគេមិនទទួល​បាន​ការ​ថែរក្សា​សុខ​ភាព និង​អាហារូបត្ថម្ភ។ ក្មេង​ជាច្រើន​ទទួល​បាន បើ​ធៀប​នឹង​១៥​ឆ្នាំមុន ប៉ុន្តែ​ក្មេង​ជាច្រើន​ទៀតនៅ​តែ​មិន​ទទួលបាន។​ ក្មេង​អាយុ​១៤​ឆ្នាំ បានទៅ​រៀន ប៉ុន្តែ​មិន​ប្រាកដ​ថា​អាច​រៀន​បានច្រើន​តា​ម​តម្រូវ​ការ​ទេ។ ​ក្មេង​អាយុ​១៧​ឆ្នាំ ​ឬ​១៨​ឆ្នាំ ពួកគេ​មានចំណេះដឹង ប៉ុន្តែ​មិន​ប្រាកដ​ថា​មាន​ជំនាញ​ក្នុង​ការ​ស្វែង​រក​ការងារ​ដើម្បី​ធ្វើ​ការ​ដែល​គេ​ចង់​ធ្វើសម្រាប់​ការងារ​វិជ្ជាជីវៈ​របស់​ពួកគេនោះ​ទេ»។​

ប្រធានស្តីទី​អង្គការ​យូនីសេហ្វ​កម្ពុជា​រូប​នេះ​បន្ត​ថា ខណៈបញ្ហា​ប្រឈម​របស់កុមារ​នៅ​កម្ពុជាមាន​ភាព​ប្រសើរ​ជាង​មុន ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​បន្ថែម​ការ​យកចិត្ត​ទុកដាក់​លើ​កុមារ ដើម្បី​ធានា​ថា ពួកគេ​ទទួល​បាន​អ្វី​ដែល​ជា​តម្រូវ​ការ​គ្រប់ៗគ្នា និង​ស្មើភាព ទាំង​នៅ​រាជធានី និង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ។

លោក​បន្ថែម​ថា៖ «គ្រប់គ្នា​គួរ​តែ​ទទួល​បាន​ឱកាស​ស្មើៗ​គ្នា​ក្នុង​ការ​លូតលាស់​។ ដូចគ្នា​ដែរ ​ក្មេង​ប្រុស និង​ក្មេង​ស្រី មិន​គួរ​ត្រូវ​បាន​កំណត់ពី​ឱកាស​ដែល​ទទួល​បាន​នោះ​ទេ។ ស្រដៀងគ្នា​នេះ កុមារ​ដែល​មាន​ពិការ​ភាពផ្នែករាងកាយ និង​ការ​រៀនសូត្រ គួរ​តែ​ទទួល​បាន​ឱកាស​ស្មើគ្នា​ក្នុង​ការ​រៀន​សូត្រ និង​ការ​លូត​លាស់ និង​ដើម្បី​រួមចំណែក​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស។​ កុមារ​គឺ​ជា​អនាគត​របស់​ពួក​យើង ប្រសិនបើ​ពួក​យើង​វិនិយោគ​លើ​កុមារ​ក្នុង​ពេល​ឥឡូវ​នេះ កម្ពុជា​នឹង​អាច​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ទៀត»។

ក្រុម​កុមារ និង​យុវជន​កំពុង​បង្ហាញ​អំពី​ស្នាដៃ​នៃ​ការ​បង្កើត​ថ្មី ព្រម​ទាំង​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា បរិស្ថាន និង​សុវត្ថិភាព​ ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​កុមារ​ពិភពលោក ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រុម​កុមារ និង​យុវជន​កំពុង​បង្ហាញ​អំពី​ស្នាដៃ​នៃ​ការ​បង្កើត​ថ្មី ព្រម​ទាំង​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា បរិស្ថាន និង​សុវត្ថិភាព​ ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​កុមារ​ពិភពលោក ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ក្នុង​ការប្រារព្ធ​ទិវា​កុមារ​ពិភព​លោក​នៅ​ថ្ងៃសុក្រនេះ គេ​ឃើញ​មានការ​ថ្លែង​របស់​កុមារ​ពី​តម្រូវ​ការ​របស់​ពួកគេ ព្រមទាំងការបង្ហាញ​ស្នាដៃ​របស់​កុមារ និង​យុវជន​នៃ​កម្មវិធីជំនាន់ថ្មី ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា ​ការ​ការពារ​បរិស្ថាន និង​សុវត្ថិភាព​ចំណីអាហារ​ជាដើម។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ទូទៅ​នៃ​ក្រសួង​អប់រំ​ យុវជន និង​កីឡា លោក ពុធ សាមិត្ត ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​ប្រារព្ធ​ទិវា​កុមារ​ពិភពលោក ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ទូទៅ​នៃ​ក្រសួង​អប់រំ​ យុវជន និង​កីឡា លោក ពុធ សាមិត្ត ប្រាប់​អ្នក​សារព័ត៌មានក្នុង​ពិធីប្រារព្ធ​ទិវា​កុមារ​ពិភព​លោកនេះ​ថា គុណភាពអប់រំ​នៅ​កម្ពុជា​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន បើទោះ​បី​ជា​សិស្ស​ប្រមាណ​ជា​៥០​ភាគ​រយ​មិនបាន​ទទួល​ការ​សិក្សា​តាម​អនឡាញ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លងរីក​រាល​ដាល​ជំងឺ​កូវីដ​១៩ រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​ក៏​ដោយ។​ លោក​បន្ថែម​ថា ក្រសួង​អប់រំ​តែង​ដាក់​ចេញនូវ​អាទិភាព​សម្រាប់​ការអប់រំ ដើម្បី​ជំរុញ​គុណភាព​អប់រំ​កាន់​តែប្រសើរ។

លោក​ថ្លែង​ថា៖ «តាមរយៈ​សន្និបាត​អប់រំ​របស់​យើង យើង​តែងតែ​បានដាក់​ចេញ​នូវ​អាទិភាព​របស់​យើង។​ ដូច​កាល​ពីសន្និបាត​កន្លង​មក​នេះ​ យើង​បាន​ដាក់​ចេញ​នូវ​អាទិភាព​របស់​យើងមាន​៨​ចំណុច។ ហើយ​ក្នុង​ហ្នឹង​មាន​ បរិវត្តកម្ម​អប់រំ​ ការ​អប់រំ​បែប​ STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតសាស្រ្ត) បែប​អីហ្នឹង សុទ្ធ​តែ​ជាអាទិភាព​របស់​យើង​ហើយ»។

រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច និង​យុវនីតិសម្បទា លោក​ សំហេង បុរស ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​ប្រារព្ធ​ទិវាកុមារ​ពិភព​លោក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច និង​យុវនីតិសម្បទា លោក​ សំហេង បុរស លើកឡើង​ដែរថា បញ្ហា​កុមារ​នៅ​កម្ពុជា​នៅ​តែមាន ប៉ុន្តែ​លោក​ថា ភាព​ប្រសើរ​ឡើង​ក៏​កំពុង​មាន​ជា​បន្ត​បន្ទាប់​ផង​ដែរ។ លោក​បន្ថែម​ថា ក្រសួង​សង្គម​កិច្ច​បាន​ផ្តល់​កញ្ចប់​ថវិកា​ផ្តល់​ឲ្យ​ស្រ្តីមាន​ផ្ទៃពោះ និងកុមារ ​ ​ផ្តល់​គម្រោង​ឧបត្ថម្ភ​សាច់​ប្រាក់​សម្រាប់​គ្រួសារក្រីក្រ ​ដោយ​មាន​បន្ថែម​សម្រាប់​គ្រួសារ​ដែល​មាន​កុមារ​ ព្រមទាំងផ្តល់​កញ្ចប់​ថវិកា​ទៅ​តាម​សាលារៀនក្នុងភូមិ​ឃុំក្រីក្រ ​ដើម្បីផ្តល់​អាហារ​ឲ្យ​កុមារ​តាម​សាលារៀនផងដែរ។​

កាលពី​ខែ​សីហា ឆ្នាំ​២០២១ អង្គការ​យូនីសេហ្វ បាន​ចេញ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា ​«វិបត្តិ​អាកាសធាតុ គឺ​ជា​វិបត្តិ​នៃ​សិទ្ធិ​កុមារ» ​បង្ហាញ​ថា កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​វិបត្តិ​អាកាសធាតុ ខណៈដែល​មនុស្ស​វ័យ​ក្មេង​ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដែល​បង្ក​ការ​គំរាម​កំហែង​ដល់​សុខ​ភាព ការ​អប់រំ និង​ការ​ទទួល​បាន​ការ​ការ​ពារ។ របាយការណ៍រក​ឃើញ​ថា កុមារ​នៅ​កម្ពុជា​ប្រឈម​មុខ​ខ្ពស់​នឹង​បញ្ហា​ខ្វះ​ទឹក គ្រោះ​ទឹក​ជំនន់​តាម​ដង​ទន្លេ និង​ជំងឺ​ឆ្លង​តាម​មេរោគ​ចម្លង។

ក្រុម​កុមារ និង​យុវជន​កំពុង​បង្ហាញ​អំពី​ស្នាដៃ​នៃ​ការ​បង្កើត​ថ្មី ព្រម​ទាំង​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា បរិស្ថាន និង​សុវត្ថិភាព​ ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​កុមារ​ពិភពលោក ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រុម​កុមារ និង​យុវជន​កំពុង​បង្ហាញ​អំពី​ស្នាដៃ​នៃ​ការ​បង្កើត​ថ្មី ព្រម​ទាំង​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា បរិស្ថាន និង​សុវត្ថិភាព​ ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​កុមារ​ពិភពលោក ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ការ​សិក្សា​ថ្មី​មួយ​របស់​ក្រសួង​អប់រំ ​យុវជន​និង​កីឡា ​និង​អង្គការ​យូនីសេហ្វ ចេញ​កាល​ពី​ខែ​មេសា ឆ្នាំ​២០២២​ ​បង្ហាញ​ថា​ ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​បណ្តាល​ឲ្យ​មានការ​បាត់​បង់​ការ​រៀន​សូត្រ​យ៉ាង​ច្រើនរបស់​កុមារ​កម្ពុជា។ ដោយ​ប្រៀប​ធៀប​ជាមួយ​ការ​វាយ​តម្លៃ​ដូចគ្នា​នៅ​ឆ្នាំ​២០១៦​ ភាគ​រយ​នៃ​សិស្សានុសិស្ស​ ដែល​មិន​អាច​បង្ហាញ​អំពី​ជំនាញ​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ភាសា​ខ្មែរ​ បាន​កើន​ឡើង​ពី​៣៤%ទៅ​៤៥% ​និង​ផ្នែក​គណិតវិទ្យា​បាន​កើន​ឡើង​ពី​៤៩%​ ទៅ​៧៤%។ ​នេះ​បើ​តាម​ការ​សិក្សា។​

​កាលពី​ខែកញ្ញា ឆ្នាំ​២០២២ អង្គការ​យូនីសេហ្វ​បាន​ចេញ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា​ «ការ​បញ្ឈប់​គ្រោះ​ថ្នាក់​ក្នុង​ប្រទេស​កម្ពុជា»​ ដោយ​បាន​រក​ឃើញ​ថា ​កុមារ​ដែល​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចំនួន​១១% អាយុ​ចន្លោះ​ពី១២ ទៅ ១៧ឆ្នាំ ធ្លាប់​ទទួល​រង​នូវ​ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អនឡាញ​ ក្នុង​ទម្រង់​មួយ​ចំនួន​ជាក់លាក់។

ក្រៅ​ពី​ការ​រក​ឃើញ​ថ្មីៗ​របស់​អង្គការ​យូនីសេហ្វ​ ក៏​មាន​អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ទៀត​បាន​រក​ឃើញ​អំពីកង្វះ​អាហារូបត្ថម្ភ​ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ការ​ប្រើហិង្សា និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារដែល​នៅ​បន្ត​កើត​មាន៕