កំណត់និពន្ធ៖ សំណុំរឿងដែលប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធនឹងការរឹបអូសដីធ្លីនៅក្នុងប្រទេសកម្ពុជាដែលមេធាវីនៃអង្គការ Global Diligence បានដាក់ប្តឹងត្រូវបានតុលាការទទួលយកហើយ ហើយកំពុងតែពិនិត្យមើលថានឹងត្រូវធ្វើការអង្កេតជាបឋមឬយ៉ាងណា។
នៅក្នុងអំឡុងពេលនេះលោក Richard Rogers មេធាវីដែលតំណាងឱ្យពលរដ្ឋរងគ្រោះនៅក្នុងប្រទេសកម្ពុជាកំពុងតែធ្វើដំណើរទៅប្រទេសធំៗមួយចំនួនដើម្បីស្វែងរកការគាំទ្រឱ្យតុលាការចាត់ការសំណុំរឿងនេះ។
លោក ម៉ែន គឹមសេង នៃVOAបានជួបសម្ភាសលោក Richard Rogers ក្នុងពេលដែលលោកអញ្ជើញ មករដ្ឋធានីវ៉ាស៊ីនតោនកាលពីពាក់កណ្តាលខែមករា។
VOA៖ សូមជម្រាបសួរលោករីឆាដ!
រីឆាដ រ៉ូជឺ ៖ សូមជម្រាបសួរ!
VOA៖ សូមអរគុណណាស់ដែលបានអញ្ជើញមកការិយាល័យ VOA ដើម្បីពិភាក្សាពីសំណុំរឿងប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
រីឆាដ រ៉ូជឺ ៖ ជាការរីករាយណាស់។
VOA៖ លោកបានដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិកាលពីចុងឆ្នាំមុន។ តើមកដល់ពេលនេះសំណុំរឿងនេះយ៉ាងម៉េចហើយ?
រីឆាដ រ៉ូជឺ ៖ សំណុំរឿងនោះបានដាក់កាលពីថ្ងៃទី៧ខែតុលាការទៅការិយាល័យរដ្ឋអាជ្ញា។ ពួកគេបានបញ្ជាក់ថាបានទទួលរួចហើយនិងកំពុងតែពិនិត្យមើលបញ្ហានេះ។ ប្រហែលជាពួកគេត្រូវការពេលវេលាមួយចំនួនដើម្បីពិនិត្យមើលភស្តុតាងដើម្បីធ្វើការសម្រេចចិត្តបឋមថាតើពួកគេនឹងបើកការអង្កេតបឋមឬទេ។
VOA៖ តើពេលណាទើបយើងដឹងថាគេបើកការអង្កេតឬអត់?
រីឆាដ រ៉ូជឺ ៖ ខ្ញុំមិនដឹងទេ។ មិនមានចម្លើយជាក់លាក់លើបញ្ហានេះទេព្រោះ មិនអាចដាក់កាលកំណត់ឱ្យប្រត្យក្សលើពួកគេទេ។ ប៉ុន្តែយើងសង្ឃឹមថាពួកគេនឹងធ្វើការសម្រេចចិត្តបឋមនៅឆ្នាំនេះឬដើមឆ្នាំក្រោយ។ ហើយវាមានពីរដំណាក់កាល គឺទីមួយថាតើពួកគេនឹងបើកការអង្កេតបឋមឬទេ ហើយដំណាក់កាលទីពីរគឺការស៊ើបអង្កេតផ្លូវការពេញលេញ ហើយដំណើរការនោះ ប្រហែលជានឹងត្រូវចំណាយពេលច្រើនទៀត។
VOA៖ តើក្នុងសំណុំរឿងនេះលោកតំណាងឱ្យពលរដ្ឋរងគ្រោះប៉ុន្មាននាក់ដែរ?
រីឆាដ រ៉ូជឺ ៖ ខ្ញុំដាក់ពាក្យប្តឹងតំណាងឱ្យជនរងគ្រោះចំនួន១០នាក់ដែលផ្តល់សិទ្ធិតំណាងជាមេធាវីដល់ខ្ញុំ។ ប៉ុន្តែខ្ញុំក៏ដាក់ពាក្យប្តឹងជួសមុខឱ្យជនរងគ្រោះទាំងអស់នៃឧក្រិដ្ឋកម្មដែលមាននៅក្នុងបណ្តឹងរបស់ខ្ញុំ។
VOA៖ តើទាក់ទងនឹងឧក្រិដ្ឋកម្មអ្វីខ្លះ?
រីឆាដ រ៉ូជឺ ៖ ចំណុចសំខាន់នៃបណ្តឹងនេះគឺទាក់ទងនឹងការរឹបអូសយកដីធ្លី។ នេះរួមមានការជម្លៀសពលរដ្ឋដោយបង្ខំ ការធ្វើឃាត ការចាប់ឃុំឃាំងមនុស្សដោយខុសច្បាប់ ការធ្វើទុក្ខបុកម្នេញ និងសកម្មភាពព្រៃផ្សៃដទៃទៀតដែលគេបានប្រព្រឹត្ត។ នេះជាចំណុចសំខាន់ក្នុងការផ្តល់អំណះអំណាង។ ប៉ុន្តែក៏មានផ្នែកមួយទៀតដែរក្នុងនោះគឺឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងដើម្បីជាផលប្រយោជន៍ ដល់ក្រុមអ្នកមានអំណាចក្នុងគោលបំណងរក្សាអំណាចតាមគ្រប់រូបភាពទាំងអស់។ ហើយទាំងអស់នេះមានជាប់ទាក់ទងនឹងបទល្មើសរឹបអូសយកដីធ្លី។ ប៉ុន្តែទាំងនេះក៏ រួមមានបទល្មើសដែលធ្វើឃាតលើមេដឹកនាំសហជីព ការបាញ់មកលើបាតុករអហិង្សា ការចាប់ឃុំខ្លួនសកម្មជនដោយខុសច្បាប់ និងការធ្វើទុក្ខបុកម្នេញជនទាំងឡាយណាដែលហ៊ានតតាំងនឹងអំណាចរបស់ក្រុមដឹកនាំប្រទេស។
VOA៖ ដូច្នេះដំណើររឿងទាំងនេះចាប់ផ្តើមពីឆ្នាំ២០០២រហូតដល់ពេលឥឡូវនេះឬយ៉ាងណា?
រីឆាដ រ៉ូជឺ ៖ បាទ យុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិចាប់ផ្តើមពីខែកក្កដាឆ្នាំ២០០២ ដូច្នេះយើងមិនអាចបញ្ចូលឧក្រិដ្ឋកម្មដែលកើតមានឡើងនៅមុនពេលនោះទេក្រៅតែពីការលើកជូនជាបរិបទមួយប៉ុណ្ណោះ។
VOA៖ អ្នកច្បាប់បានផ្តល់អំណៈអំណាងថាល្គឹកណាដែលយន្តការក្នុងប្រទេសឬថ្នាក់ជាតិបានប្រើប្រាស់អស់ហើយទើបអាចឈានទៅដល់យន្តការក្រៅស្រុក។ តើលោកគិតថាយន្តការទាំងអស់នោះត្រូវបានប្រើប្រាស់អស់ហើយឬនៅ?
រីឆាដ រ៉ូជឺ ៖ អ្វីដែលយើងត្រូវបង្ហាញនោះ គឺតុលាការជាតិមិនមានចេតនាឬមិនមានសមត្ថភាពក្នុងការដោះស្រាយសំណុំរឿងដូចនេះដោយខ្លួនគេបានទេ។ ហើយករណីនេះច្បាស់ណាស់ថានៅ ក្នុងប្រទេសកម្ពុជាតុលាការ ស្ថិតនៅក្រោមអ្នកមានអំណាចប្រើប្រាស់។ ហើយគឺពួកអ្នកដឹកនាំដែលជាអ្នកប្រព្រឹត្តបទល្មើសទាំងនេះដូច្នេះវាគ្មានវិធីណាដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះនៅក្នុងប្រទេសកម្ពុជាទេ។
VOA៖ ខ្ញុំបានទទួលព័ត៌មានខ្លះដែរពី សំណុំរឿងនេះប៉ុន្តែលោកអាចប្រាប់យើងខ្ញុំបន្ថែមទេថាលោកបានធ្វើអ្វីខ្លះចាប់តាំងពីខែតុលាឆ្នាំមុនបន្ទាប់ពីបានដាក់ពាក្យប្តឹងហើយ?
រីឆាដ រ៉ូជឺ ៖ អ្វីដែលសំខាន់គឺបង្ហាញក្រុមរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឱ្យដឹងថាសហគមន៍អន្តរជាតិនិងជនរងគ្រោះកម្ពុជាមិនព្រមឈរមើលពលរដ្ឋកម្ពុជាលះបង់ចុះញ៉មនឹងមហិច្ចតាអំណាចនិងការលោភលន់របស់អ្នកមានអំណាចទេ។ ដូច្នេះអ្វីដែលយើងបានធ្វើគឺយើងបានទៅជួបពិភាក្សាជាមួយនឹងសកម្មជនសង្គមស៊ីវិលនិងអ្នកនយោបាយដើម្បីសុំឱ្យពួកគេគាំទ្រការប្តឹងនេះ។ ហើយរហូតមកដល់ពេលនេះ យើងទទួលបានការគាំទ្រច្រើនណាស់ពីសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស អង្គការ Global Witness ពីក្រុមអ្នកនយោបាយសេរីនិយមអន្តរជាតិ និងអង្គការសង្គមស៊ីវិលចំនួន៤០ដែលធ្វើការខាងផ្នែកដីធ្លីនៅ ជុំវិញពិភពលោកបានផ្ញើលិខិតទៅរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិទទូចសុំឱ្យលោកស្រីចាត់ការលើបណ្តឹងនេះ។
VOA៖ តើលោកអាចប្រាប់បានទេថាក្នុងពេលអតីតកាលលិខិតនិងការគាំទ្រដែលលោកទើបតែលើកអម្បាញ់មិញ នេះបានបន្ថែមលើភាពបន្ទាន់និងចាំបាច់ដើម្បីឱ្យតុលាការនេះចាត់ការទេ?
រីឆាដ រ៉ូជឺ ៖ អ្វីដែលយើងត្រូវដឹងគឺថាតុលាការឧក្រិដ្ឋកម្មអន្តរជាតិមានធនធានកំណត់ ហើយត្រូវដោះស្រាយបញ្ហាជាច្រើននៅ ក្នុងពិភពលោក ដូច្នេះអ្វីដែលយើងចង់ធ្វើគឺបញ្ចុះបញ្ចូលលោកស្រី រដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិថាលោកស្រី ត្រូវតែផ្តល់អាទិភាពដល់សំណុំរឿងមួយនេះ ហើយតុលាការឧក្រិដ្ឋកម្មអន្តរជាតិត្រូវយកចិត្តទុកដាក់ដល់ទស្សនៈរបស់អង្គការសង្គមស៊ីវិលនិងសហគមន៍ អន្តរជាតិផងដែរ។ ដូច្នេះវាជាការសំខាន់ណាស់ដែលយើងត្រូវប្រមូលផ្តុំការគាំទ្រពីអ្នកទាំងនោះដើម្បីបង្ហាញ រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិថានេះគឺជាសំណុំរឿងដែលគេយកចិត្តទុកដាក់។
VOA៖ តើលោកចង់ប្តឹងអ្នកណាគេក្នុងសំណុំរឿងនេះ? តើលោកចង់សំដៅលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឬទេ?
រីឆាដ រ៉ូជឺ ៖ អត់ទេ។ យើងអត់ដាក់ឈ្មោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថាជាគោលដៅប្តឹងទេ។ យើងបានគូសបង្ហាញនូវប្រព័ន្ធមួយដែលត្រួតត្រាដោយក្រុមកាន់អំណាចហើយគឺប្រព័ន្ធនោះជាអ្នកអនុវត្តគោលនយោបាយហើយប្រព្រឹត្តឧក្រិដ្ឋកម្មទាំងអស់នេះ។ ក្រុមកាន់អំណាចគឺមានច្រើនជាងលោកហ៊ុន សែន។ វារួមមានមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល មេបញ្ជាការជាន់ខ្ពស់យោធា ប៉ូលិស កងរាជអាវុធហត្ថ និងអ្នកជំនួញធំៗដែលមានទំនាក់ទំនងនឹងរដ្ឋាភិបាល។ ដូច្នេះគឺយើងបានលាតត្រដាងនូវប្រព័ន្ធមួយ ហើយវាជាកិច្ចការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិតាមរកភស្តុតាងនិងតាមរកជនណាមួយដែលតុលាការចង់នាំយកមកកាត់ទោស។
VOA៖ ប៉ុន្តែនោះគឺជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលទទួលខុសត្រូវរដ្ឋាភិបាលហើយគឺគោលនយោបាយទាំងអស់នោះដែលចេញមកពីរដ្ឋបាលរបស់លោក?
រីឆាដ៖ តាមមើលទៅវាហាក់ដូចជាគោលនយោបាយដែលជំរុញដោយរដ្ឋាភិបាល តុលាការICC ត្រូវតែប្រយ័ត្នប្រយែងក្នុងការស្វែងរកភស្តុតាងយកមកពិនិត្យមើល ហើយពិចារណាថាតើគោលនយោបាយនេះចេញពីត្រឹមកម្រិតណាមក។ ពួកគេប្រហែលជាអាចរកឃើញភស្តុតាងដែលបញ្ជាក់ថាចេញពីកំពូលមក ឬក៏ តុលាការអាចរកឃើញថាផែនការនេះរៀបចំឡើងនិងអនុវត្តដោយអ្នកនៅ ខាងក្រោមដែលមានឋានៈត្រឹមតែមេប៉េអឹម។ យើងបានឮសេចក្តីរាយការណ៍នៅថ្ងៃនេះថាលោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថបានទទួលសារភាពថា លោកទទួលបានការជំរុញទឹកចិត្តដោយហ៊ីត្លែរ។ ដូច្នេះនេះបង្ហាញថារដ្ឋាភិបាលបានដាក់មនុស្សធុននេះឱ្យកាន់អំណាច។
VOA៖ និយាយដល់ចំណុចនេះគឺលោកបានទៅប្រទេសកម្ពុជាដើម្បីប្រមូលភស្តុតាង។ តើអាជ្ញាធរបានសហការនិងផ្តល់ការគាំទ្រកម្រិតណាដែរ?
រីឆាដ រ៉ូជឺ ៖ ខ្ញុំបានសរសេរលិខិតទៅ មនុស្សជាច្រើននៅ ក្នុងរដ្ឋាភិបាលហើយខ្ញុំមិនទទួលបានការឆ្លើយតបទេ។ ខ្ញុំក៏អត់មានអ្វីភ្ញាក់ផ្អើលដែរ។ ប៉ុន្តែជាចំហរពួកគេឆ្លើយថាពួកគេនឹងមិនសហការទេ។ នេះក៏ គ្មានអ្នកណាភ្ញាក់ផ្អើលដែរ។ យ៉ាងណាក៏ដោយខ្ញុំមានរបាយការណ៍រាប់រយដែលចេញផ្សាយដោយអង្គការសិទ្ធិមនុស្សទាំងនៅក្នុងប្រទេសកម្ពុជានិងអន្តរជាតិ ក៏ដូចជាមកពីការិយាល័យរបស់អង្គការសហប្រជាជាតិនិងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ ដូច្នេះខ្ញុំមានភស្តុតាងច្រើនដែលត្រូវស្រង់យក។
VOA៖ តើលោកមានធ្វើការបញ្ជាក់បន្ថែមទេថាពួកគេគឺជាជនរងគ្រោះពិតប្រាកដ មិនមែនជាអ្នកដែលមកទន្រ្ទានចូលដីរដ្ឋ?
រីឆាដ រ៉ូជឺ ៖ នេះគឺជាសំណួរផ្នែកច្បាប់ដ៏ ស្មុគស្មាញប៉ុន្តែពលរដ្ឋភាគច្រើនមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីតាំងទីលំនៅប្រសិនបើគេបណ្តេញអ្នកទាំងនោះចេញគឺត្រូវតែមាននីតិវិធីតុលាការត្រឹមត្រូវមួយដែលមានការផ្តល់សំណង ការបើកសវនាការ និងជំនួយផ្នែកផ្លូវច្បាប់ដើម្បីឱ្យពួកគេអាចការពារខ្លួននៅពីមុខតុលាការ។ ហើយប្រសិនបើអត់មានអញ្ចឹងទេនោះគឺជាការបណ្តេញចេញទាំងបង្ខំដោយខុសច្បាប់ទោះបីជាអ្នកទាំងនោះមានប្លង់កម្មសិទ្ធិដីធ្លី ឬគ្មាន។
VOA៖ សំណុំរឿងដូចនេះដែលធ្លាប់មានឈានទៅដល់ការនាំយកអ្នកដែលពាក់ព័ន្ធ យកមកកាត់ទោសឬទេ?
រីឆាដ រ៉ូជឺ ៖ ICC គឺជាតុលាការថ្មីដែលទើបបង្កើតបាន១២ឆ្នាំ។ ហើយទើបតែបើកការស៊ើបអង្កេតពេញលេញ បានចំនួន៩ករណីហើយកាត់ទោសមនុស្សពីរនាក់។ ដូច្នេះមិនមានសំណុំរឿងច្រើនដែលអាចយកមកប្រៀបធៀបបាន។ ប៉ុន្តែក្នុងករណីប្រទេសកេនយ៉ា មានការចោទប្រកាន់ទាក់ទងនឹងការផ្ទេរពលរដ្ឋដោយបង្ខំ។ ដូច្នេះពួកគេបានសម្រេចរួចហើយថានេះគឺជាការចោទប្រកាន់មួយដែលពួកគេនឹងត្រូវតែពិនិត្យមើលហើយការផ្ទេរមនុស្សដោយបង្ខំ គឺជាបទល្មើសដែលមានចែងយ៉ាងច្បាស់នៅក្នុងលក្ខន្តិកៈរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
VOA៖ ដូច្នេះតើកូនក្តី របស់លោកមានក្តីសង្ឃឹមប៉ុណ្ណាដែរពីសំណុំរឿងនេះ?
រីឆាដ រ៉ូជឺ ៖ ខ្ញុំគិតថាយើងត្រូវតែមានភាពប្រាកដប្រជាព្រោះ តុលាការ ICC មានសំណុំរឿងច្រើនណាស់ដែលពួកគេត្រូវពិនិត្យមើល មានសង្គ្រាមបង្ហូរឈាមនៅទូទាំងពិភពលោក ដូច្នេះពួកគេត្រូវតែជ្រើសរើសប្រកបដោយការប្រុងប្រយ័ត្ន។ មិនមានអ្វី ដែលធានាថាគេត្រូវតែសម្រេចយកសំណុំរឿងនេះទេដោយសារតែពួកគេមិនមានធនធានគ្រប់គ្រាន់។ ប៉ុន្តែយើងមានសង្ឃឹមណាស់ថានឹងឈានដល់ដំណាក់កាលទីមួយ។ គិតត្រឹមឆ្នាំក្រោយពួកគេនឹងបើកការអង្កេតបឋមលើសំណុំរឿងនេះហើយបន្ទាប់មកយើងនឹងដឹងថាពួកគេចង់ចាត់ការបន្តទៀតឬទេ។
VOA៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទើបតែប្រារព្ធឆ្នាំទី៣០នៃការចូលកាន់អំណាចរបស់គាត់បានន័យថាលោកបានកាន់អំណាចតាំងពីរដ្ឋាភិបាលមួយដែលមានការទទួលស្គាល់តិចតួចរហូតដល់បានការទទួលស្គាល់នៅទូទាំងពិភពលោក។ តើតុលាការនេះមានយុត្តាធិការយ៉ាងណាក្នុងការនាំយកអ្នកដែលនៅកាន់អំណាចមកកាត់ទោស?
រីឆាដ រ៉ូជឺ ៖ គ្មានអ្នកណាម្នាក់រួចផុតពីការនាំយកមកកាត់ទោសដោយ តុលាការ ICC ទេល្គឹកណាតុលាការនេះមានយុត្តាធិការលើប្រទេសនោះ។ តុលាការនេះពិតជាមានយុត្តាធិការលើប្រទេសកម្ពុជាព្រោះកម្ពុជាបានចុះ ហត្ថលេខាលើលក្ខន្តិកៈក្រុងរ៉ូម ដូច្នេះវាមិនជាបញ្ហាអ្វីទេថាអ្នកនោះមានតំណែងប៉ុណ្ណា។ មានប្រមុខរដ្ឋជាច្រើនធ្លាប់ត្រូវតុលាការ ICC នាំយកមកកាត់ទោស។ យើងមានករណីលោកអាល់បាស្ហៀ នៃប្រទេសស៊ូដង់ មានកាដាហ្វីនៃប្រទេសលីប៊ី ដូច្នេះមានឧទាហរណ៍ច្រើនណាស់ដែលតុលាការ ICC តាមរកភស្តុតាងជាក់ស្តែងដែលមាន។ ពួកគេនឹងនាំមនុស្សនោះ មកកាត់ទោស។
VOA៖ មានសំណួរមួយនេះដែលគេបានសួរគ្នាហើយបានលើកឡើងជាច្រើននៅក្នុងប្រទេសកម្ពុជានោះគឺគេថាលោកដូចជាធ្វើការឱ្យគណបក្សប្រឆាំង។ តើកូនក្តីរបស់លោកគឺជាសមាជិកគណបក្សប្រឆាំងឬទេ? ឬក៏នេះជាករណី ពីរខុសគ្នា?
រីឆាដ រ៉ូជឺ ៖ ខ្ញុំមិនធ្វើការឱ្យគណបក្សប្រឆាំងទេ។ សំណុំរឿងនេះដាក់ប្តឹងតំណាងឱ្យពលរដ្ឋរងគ្រោះចំនួន១០នាក់ដែលសុំឱ្យខ្ញុំតំណាងឱ្យពួកគេនៅចំពោះមុខតុលាការ។ គ្មានជនរងគ្រោះ ណាម្នាក់ធ្វើការឱ្យគណបក្សប្រឆាំងទេហើយមូលនិធិគាំទ្រដល់ការស៊ើបអង្កេតគឺបានមកពីសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកគឺមិនមែនចេញមកពីថវិការបស់គណបក្សនយោបាយទេ។ វាជាការបំបែកការចាប់អារម្មណ៍របស់រដ្ឋាភិបាលទេដែលថានេះគឺជាដំណើរការមួយដែលមានលក្ខណៈនយោបាយ។ ការពិតនេះគឺរឿងរបស់ជនរងគ្រោះហើយអ្វីដែលរដ្ឋាភិបាលគួរតែខ្វល់ខ្វាយគឺថាហេតុអ្វីបានជាមានមនុស្សរហូតដល់៧៧០.០០០នាក់ដែលរងផលប៉ះពាល់ពីការរឹបអូសយកដីធ្លីយ៉ាងអាក្រក់?
VOA៖ ដូច្នេះមានន័យថាលោកនឹងមិនដកថយវិញទេបើទោះបីជាមានដំណោះស្រាយនយោបាយយ៉ាងណាក៏ដោយនៅក្នុងប្រទេសកម្ពុជា?
រីឆាដ រ៉ូជឺ ៖ វាមិនមែនជាបញ្ហាដកថយឬយ៉ាងណាទេពីព្រោះ ឥឡូវនេះតុលាការ ICC មានព័ត៌មានហើយ។ ខ្ញុំមិនគិតថាខ្ញុំអាចដកសំណុំរឿងនេះបានវិញទេនៅក្រោមនីតិវិធី របស់តុលាការ ICC។
VOA៖ ឥឡូវនេះលោកកំពុងតែស្ថិតនៅ សហរដ្ឋអាមេរិកហើយធ្វើដំណើរតាមរដ្ឋនានា។ អាចប្រាប់ខ្ញុំបានទេថាលោកមានគោលបំណងអ្វីខ្លះនៅក្នុងសហរដ្ឋអាមេរិកនេះ?
រីឆាដ រ៉ូជឺ ៖ បាទ មានបំណងពីរ។ ទីមួយគឺដើម្បីជួបជុំជាមួយនឹងសហគមន៍ខ្មែរនៅ សហរដ្ឋអាមេរិកនិងជម្រាបជូនពួកគេអំពីអ្វី ដែលកំពុងកើតមានឡើង ដើម្បី ផ្តល់ព័ត៌មានលម្អិតដល់ពួកគេព្រោះមានក្តី សង្ឃឹមច្រើននៅ ក្នុងចំណោមពលរដ្ឋកម្ពុជា។ គោលបំណងទីពីរគឺដើម្បី ជួបជាមួយនឹងសមាជិកសភានិងអង្គការក្រៅ រដ្ឋាភិបាលនៅ រដ្ឋធានីវ៉ាស៊ីនតោនដើម្បីជម្រាបពួកគេពីដំណើរការសំណុំរឿងនេះនិងដើម្បី ស្វែងរកការគាំទ្រដើម្បី នាំយកយុត្តិធម៌ជូនដល់ជនរងគ្រោះ។
VOA៖ តើលោកទទួលបានការគាំទ្រខ្លះទេ?
រីឆាដ រ៉ូជឺ ៖ ពិតប្រាកដណាស់ ។ មានសមាជិកសភាខ្លះគាំទ្រជាខ្លាំងដល់ដំណើការក្តីនេះ។ យើងសង្ឃឹមថានឹងមានសវនាការសភាមួយដែលខ្ញុំនឹងនិយាយបញ្ហាដែលខ្ញុំបានលើកឡើងនៅក្នុងពាក្យបណ្តឹងនេះ។
VOA៖ លោកបានបញ្ជាក់ពី ខាងដើមពី ឧត្តមសេនីយ៍ម្នាក់ដែលនិយាយថាលោកបានរៀនសូត្រពី ហ៊ីត្លែរ តើអត្ថាធិប្បាយដូច្នេះនិងមនុស្សដូចនេះដែលរដ្ឋាភិបាលដាក់ឱ្យទទួលខុសត្រូវខាងផ្នែកសន្តិសុខ អាចជួយដល់សំណុំរឿងរបស់លោកយ៉ាងម៉េចខ្លះ?
រីឆាដ រ៉ូជឺ ៖ វាកាន់តែធ្វើឱ្យប្រាកដថាមនុស្សប្រភេទណាដែលទទួលខុសត្រូវខាងផ្នែកកងរាជអាវុធហត្ថនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងប្រទេសណាក៏ដោយលើពិភពលោកនេះប្រសិនបើមានអ្នកណាម្នាក់ដែលទទួលបន្ទុកខាងផ្នែកសន្តិសុខហើយនិយាយថាគាត់ត្រូវបានជំរុញទឹកចិត្តដោយហ៊ីត្លែរ ជននោះគឺត្រូវគេបណ្តេញចេញពីរដ្ឋាភិបាលភ្លាម។ ប៉ុន្តែយើងដឹងច្បាស់ណាស់ថាមនុស្សប្រភេទនេះនឹងមិនត្រូវគេបណ្តេញចេញពីតំណែងទេនៅក្នុងប្រទេសកម្ពុជា។ នេះជាការបង្ហាញថាកងរាជអាវុធហត្ថឃោរឃៅកម្រិតណា។ ហើយគឺកងរាជអាវុធហត្ថហ្នឹងហើយដែលបានបាញ់បាតុករកាលពីថ្ងៃទី៣ខែមករា។
VOA៖ តើហេតុអ្វីបានជាគេត្រូវតែលើកយកសំណុំរឿងរបស់កម្ពុជាមកពិនិត្យមើលក្នុងខណៈពេលដែលគេមានសំណុំរឿងច្រើនហើយមានបញ្ហាក្តៅគគុកនៅតំបន់អាហ្វ្រិកនាពេលបច្ចុប្បន្ននេះ?
រីឆាដ រ៉ូជឺ ៖ ខ្ញុំជឿជាក់ថាពួកគេត្រូវតែដោះស្រាយសំណុំរឿងនេះពីព្រោះជនរងគ្រោះ មានច្រើនណាស់។ អង្គការក្រៅរដ្ឋាភិបាលប៉ាន់ស្មានថាមានជនរងគ្រោះរហូតដល់៧៧០.០០០នាក់រងផលប៉ះពាល់ដោយសារការរឹបអូសដីធ្លី។ ចំនួននេះគឺមាន៦ភាគរយនៃពលរដ្ឋកម្ពុជាទាំងអស់។ គ្រាន់តែនៅរាជធានីភ្នំពេញមានមនុស្សចំនួន១៤៥.០០០នាក់រងការបណ្តេញចេញ។ ដូច្នេះចំនួនជនរងគ្រោះ មានច្រើនណាស់។ ហើយកាន់តែមានចំនួនជនរងគ្រោះច្រើនជាងសំណុំរឿងដទៃទៀតដែលតុលាការ ICC មាន។ ខ្ញុំសូមជូនឧទាហរណ៍មួយនៅប្រទេសអ៊ុយក្រែនដែលមានការបាញ់ប្រហារមកលើបាតុករអហិង្សាដែរគឺមានមនុស្សស្លាប់១១៨នាក់ហើយតុលាការ ICC បានបើកការអង្កេតបឋម។ យើងមានចំនួនជនរងគ្រោះ ជាច្រើន ហើយអ្នកទាំងនោះមិនអាចទទួលបានយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាទេហើយវាមានគ្រោះថ្នាក់ថាប្រសិនបើមិនដោះស្រាយទេជនរងគ្រោះ នឹងកាន់តែមានច្រើនទៀត។
VOA៖ ចាប់តាំងពីពេលដែលសំណុំរឿងចាប់ផ្តើមដំណើរការបើប្រៀបធៀបទៅនឹងពេលដំបូងរហូតដល់ឥឡូវនេះ តើមានពន្លឺកាន់តែច្រើនទៀតទេ?
រីឆាដ រ៉ូជឺ ៖ ខ្ញុំគិតថាខ្ញុំមានការសង្ឃឹមកាន់តែច្រើនជាងមុនបើប្រៀបធៀបនឹងពេលដែលខ្ញុំដាក់ពាក្យប្តឹងដោយសារតែចំនួននៃការគាំទ្រដែលយើងទទួលបានពីសហគមន៍អន្តរជាតិដូចជាអង្គការក្រៅរដ្ឋាភិបាលនិងអ្នកនយោបាយ។ ដូច្នេះខ្ញុំគិតថាកត្តាទាំងអស់នេះនឹងផ្តល់ឱ្យក្រុមរដ្ឋអាជ្ញានូវឱកាសជំរុញសំណុំរឿងនេះទៅមុខទៀតហើយផ្តល់អាទិភាពជាងសំណុំរឿងដទៃទៀត។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថាខ្ញុំមិនហ៊ានធានាថានឹងមានជនណាមួយនឹងត្រូវទទួលការចោទប្រកាន់ក្នុងពេលឆាប់ៗខាងមុខនេះទេព្រោះតុលាការ ICC មានធនធានកំណត់ ដែលយើងត្រូវតែយល់ឱ្យប្រាកដប្រជាប៉ុន្តែក៏មានក្តីសង្ឃឹម។
VOA៖ លោកកំពុងប្រយុទ្ធនឹងមនុស្សដែលមានអំណាចជាពិសេសមនុស្សដែលដំណើរការសន្តិសុខរបៀបហ៊ីត្លែរ។ តើលោកព្រួយបារម្ភពីបញ្ហាសន្តិសុខទេហើយតើដែលមានទទួលការគំរាមកំហែងទេ?
រីឆាដ រ៉ូជឺ ៖ អត់ទេ។ ខ្ញុំមិនដែលទទួលការគំរាមកំហែងទេហើយក៏មិនបារម្ភពីសន្តិសុខដែរ។ ខ្ញុំគិតថាវានឹងជាការប្រត្រក្សណាស់ប្រសិនបើមានអ្វី កើតឡើងចំពោះខ្ញុំគឺអ្នកណាគេជាអ្នកទទួលខុសត្រូវ ហើយខ្ញុំមិនគិតថារដ្ឋាភិបាលចង់បានការចាប់អារម្មណ៍ដូច្នេះទេ។ ហើយនឹងការស៊ើបអង្កេតដែលនឹងកើតមានឡើងទេ។
VOA៖ តើលោកនៅតែចង់ទៅប្រទេសកម្ពុជាទៀតមែនទេ?
រីឆាដ រ៉ូជឺ ៖ ខ្ញុំនៅតែចង់ទៅប្រទេសកម្ពុជា។ វាជាប្រទេសមួយដែលខ្ញុំចូលចិត្តខ្លាំងណាស់ក្នុងរយៈពេលប្រាំឆ្នាំដែលរស់នៅទីនោះហើយចង់តែទៅវិញទេ។
VOA៖ បន្ទាប់ពីសហរដ្ឋអាមេរិកតើលោកនឹងទៅស្វែងរកការគាំទ្រនៅទីណាទៀត?
រីឆាដ រ៉ូជឺ ៖ គេប្រាប់យើងថាសភាអឺរ៉ុបនឹងលើកយកបញ្ហានេះមកពិភាក្សានៅថ្ងៃទី២២ខែមករា។ នេះជាចំណាត់ការដ៏វិជ្ជមាន។ យើងនឹងធ្វើការជាមួយនឹងអ្នកនយោបាយជាតិក្នុងប្រទេសនៅសហគមន៍អឺរ៉ុបជាច្រើនដើម្បីចង់ដឹងថាតើពួកគេអាចលើកយកបញ្ហានេះមកនិយាយបានយ៉ាងណា។ ជាការពិតយើងសង្ឃឹមថានឹងមានការធ្វើសវនាការមួយដោយអនុគណៈកម្មការអាស៊ីប៉ាស៊ីហ្វិករបស់សភាជាតិដើម្បីដោះស្រាយបញ្ហានេះ។ ដូច្នេះយើងមានកិច្ចការច្រើនក្នុងពេលខាងមុខ។
VOA៖ លោកបានរៀបរាប់ច្រើនពីការគាំទ្រអន្តរជាតិ។ ចុះពលរដ្ឋកម្ពុជាវិញតើអាចចូលរួមយ៉ាងម៉េចខ្លះ?
រីឆាដ រ៉ូជឺ ៖ ខ្ញុំគិតថាវាជាការសំខាន់ណាស់ដែលរដ្ឋអាជ្ញានៃតុលាការICC មើលឃើញថាពលរដ្ឋកម្ពុជាគាំទ្រសំណុំរឿងនេះ។ យើងដឹងថារដ្ឋាភិបាលនឹងប្រឆាំងប៉ុន្តែចង់បង្ហាញថាប្រជាពលរដ្ឋគាំទ្រដូច្នេះយើងត្រៀមធ្វើញត្តិមួយដែលពលរដ្ឋនៅក្នុងប្រទេសកម្ពុជានិងខ្មែរនៅក្រៅ ប្រទេសអាចចុះហត្ថលេខាបាន។ ដូច្នេះប្រសិនបើពលរដ្ឋកម្ពុជាចង់ជំរុញសំណុំរឿងនេះទៅមុខពួកគេអាចចុះហត្ថលេខាលើញត្តិនេះបាន។
VOA៖ តើញត្តិនេះនឹងចេញនៅពេលណា?
រីឆាដ រ៉ូជឺ ៖ ប្រហែលជាពីរបីសប្តាហ៍ទៀត។
VOA៖ សូមអរគុណលោករីឆាដដែលបានផ្តល់បទសម្ភាសដល់ VOA។
រីឆាដ រ៉ូជឺ ៖ សូមអរគុណ៕