អង្គការអន្តរជាតិធំៗចំនួន៥ នៅថ្ងៃអាទិត្យនេះ បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលជាបន្ទាន់នូវបទចោទប្រកាន់ ប្រឆាំងមន្ត្រីបច្ចុប្បន្ននិងអតីតមន្ត្រីនៃសមាគមអាដហុកចំនួន៥នាក់ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី កាលពីជាងមួយឆ្នាំមុន ដោយបានហៅការចោទប្រកាន់នេះ ថាមានចរិតនយោបាយ។
មន្ត្រីទាំង៥រូបនៃអង្គការក្រៅរដ្ឋាភិបាលមួយនេះ រួមមាន លោក ណៃ វង់ដា លោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ដែលអ្នកទាំង៤ គឺជាបុគ្គលិកបច្ចុប្បន្ននៃសមាគមអាដហុក និងលោក នី ចរិយា ជាអតីតបុគ្គលិកនៃសមាគមនេះដែរ ហើយដែលបច្ចុប្បន្នគឺជាអគ្គលេខាធិការរងម្នាក់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការអំពាវនាវរបស់អង្គការអន្តរជាតិធំៗទាំង៥ នេះ ធ្វើឡើង តែមួយថ្ងៃមុនពេលមន្ត្រី៣រូបក្នុងចំណោមអ្នកទាំង៥ ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឱ្យចូលខ្លួន ដើម្បីចាប់ផ្ដើមសវនាការលើសំណុំរឿងក្ដីរបស់ពួកគេនៅថ្ងៃច័ន្ទ ទី២៧ ខែសីហានេះ។
អង្គការអន្តរជាតិធំៗទាំង៥នេះ រួមមាន អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Human Rights Watch ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (Southeast Asia Press Alliance) បណ្តាញអាស៊ាន សម្រាប់ការបោះឆ្នោតដោយសេរី (Asian Network for Free Elections) និងអង្គការ CIVICUS។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch បានមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នារបស់អង្គការទាំង៥នេះថា «សំណុំរឿងពាក់ព័ន្ធនឹងមន្ត្រីអាហុកទាំង៥នាក់នេះ គឺជាសញ្ញាសម្គាល់នៃការយាយីខាងផ្លូវច្បាប់ដ៏មិនសមហេតុផល ដែលសកម្មជននិងអ្នកការពារសិទ្ធិមនុស្ស ត្រូវប្រឈមមុខ នៅពេលដែលពួកគេតស៊ូដើម្បីយុត្តិធម៌និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា»។
មន្ត្រីនៃអង្គការ Human Rights Watch រូបនេះ បន្តថា «រដ្ឋាភិបាលកម្ពុជា ដែលឥឡូវបានប្រែក្លាយប្រទេសនេះ ឱ្យទៅជារដ្ឋឯកបក្សនោះ ហាក់ដូចជាមានបំណងបំផ្លាញសង្គមស៊ីវិលចោល»។
សំណុំរឿងពាក់ព័ន្ធនឹងអ្នកទាំង៥នាក់នេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើននិងការថ្កោលទោសពីអន្តរជាតិ ហើយពួកគេទាំង៥នាក់ ថែមទាំងត្រូវបានជ្រើសតាំង សម្រាប់ជ័យលាភីពានរង្វាន់ Martin Ennals Award ដែលគេស្គាល់ថា ជារង្វាន់សន្តិភាពសម្រាប់អ្នកការពារសិទ្ធិមនុស្ស កាលពីខែមេសា ឆ្នាំ២០១៧ ថែមទៀតផង។
លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះថា «ករណីនេះ គឺគ្រាន់តែប៉ុនចំណិតត្រសក់ប៉ុណ្ណោះក្នុងប្រទេសកម្ពុជា ដែលនៅទីនោះ ការងារធ្វើជាអ្នកការពារសិទ្ធិមនុស្ស ត្រូវប្រឈមមុខនឹងហានិភ័យដ៏ខ្ពស់»។
លោក Santiagoដែលជាសមាជិកសភាម៉ាឡេស៊ីម្នាក់ផងដែរនោះ បានបន្តថា «អាជ្ញាធរ គួរតែបញ្ចប់ការប៉ុនប៉ងជាប្រព័ន្ធរបស់ខ្លួន ក្នុងការបំបិទមាត់សកម្មជននិងអង្គការសង្គមស៊ីវិលជាបន្ទាន់»៕