កិច្ច​ខំប្រឹងប្រែង​ជា​អន្តរជាតិ​ក្នុង​ការបង្កើត​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជួយ​កាត់​បន្ថយ​អសន្តិសុខ​ស្បៀង​នៅ​ទ្វីប​អាហ្វ្រិក

  • Sebastian Mhofu

ផែនទីបង្ហាញ​ពី​ទ្វីបអាហ្រ្វុិក។ កិច្ច​ខំប្រឹងប្រែង​ជា​អន្តរជាតិ​ក្នុង​ការបង្កើត​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជួយ​កាត់​បន្ថយ​អសន្តិសុខ​ស្បៀង​នៅ​ទ្វីប​អាហ្វ្រិក។

ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​នៅ​ទ្វីប​អាហ្រ្វិក ​កំពុង​តែ​ជួប​ប្រជុំ​ពិភាក្សា​ដើម្បី​ស្វែងរក​មធ្យោបាយ​កាត់បន្ថយ​ការខាតបង់​អាហារ​ក្នុងចំណោម​កសិករ​ធុនតូច។ អាហ្រ្វិក​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​អសន្តិសុខ​ស្បៀង​ដែល​មាន​អត្រា​ខ្ពស់​ជាង​ធម្មតា ​បណ្តាល​មក​ពី​គ្រោះ​រាំងស្ងួត​ដោយសារ​បាតុភូតEl Nino។

អង្គការ​សហប្រជាជាតិ​កំពុងតែ​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​នៅ​ទ្វីប​អាហ្រ្វិក ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​កាត់បន្ថយ​ការបាត់បង់​អាហារ​នៅ​ក្នុង​ទ្វីប​នេះ។​ ទីភ្នាក់ងារ​នៃ​អង្គការ​សហប្រជាជាតិ​ជាច្រើន ដូចជា​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​ (FAO) បាន​ចូលរួម​កិច្ច​ប្រជុំ​រយៈពេល​មួយ​សប្តាហ៍​នៅ​ទីក្រុងហារ៉ារ៉េ​ (​Harare)។

លោកស្រី​ Stephanie Gallatova​ មន្រ្តី​នៃ​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​និយាយថា​ មួយ​ភាគ​បី​នៃ​អាហារ​ដែល​បាន​ផលិត​នៅ​លើ​ទ្វីប​នេះ​បាន​បាត់​បង់​ មុន​ពេល​ប្រជាជន​ទទួល​ទាន​ដោយ​សារ​ស្ថានភាព​បរិក្ខារ​ថែរក្សា​ទុក​អាហារ​នៅអន់ថយ​ ហើយ​វា​បណ្តាល​ឲ្យ​អាហារ​រលួយ​និង​ត្រូវ​សត្វ​ស៊ី។​ លោកស្រី​បន្ត​ថា​ អ្នកចូលរួម​ប្រជុំ​បាន​ឲ្យ​អាទិភាព​ទៅ​លើ​ដំណោះស្រាយ​សម្រាប់​កាត់​បន្ថយ​ការ​បាត់បង់។

«ពួកយើង​មិន​សំដៅ​ទៅ​លើ​ផលិតផល​ទាំងអស់​ទេ។ យើង​សំដៅ​លើ​ផលិតផល​ណា​ដែល​រដ្ឋាភិបាល​ផ្តល់​អាទិភាព។​ នៅ​ប្រទេស​ជាច្រើន​នា​ភាគ​ខាង​ត្បូង​ទ្វីប​អាហ្រ្វិក​ ផលិតផល​អាទិភាព​គឺ​ពោត។​ យើង​ក៏​កំពុង​ធ្វើការ​ស្រាវជ្រាវ​ទៅលើ​ផលិតផល​សាកវប្បកម្ម​ ទាំង​ផ្លែឈើ​និង​បន្លែ​ ហើយ​ខ្លះ​ទៀត​ស្រាវជ្រាវ​ទៅ​លើ​ទឹក​ដោះគោ។​ នៅ​ភាគ​ខាង​លិច​អាហ្វ្រិក​ ការ​កាត់​បន្ថយ​ការបាត់បង់​ត្រី​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់។​ បាតុភូត​ El Nino​ បាន​ប៉ះពាល់​ច្រើន​ទៅ​លើ​ការផលិត​អាហារ​និង​ប្រសិទ្ធភាព​ផលិតកម្ម។​ ប៉ុន្តែ​បាតុភូត El Nino​ ក៏​ជា​តួអង្គ​សំខាន់​ដែរ។​ ប្រសិន​បើ​អ្នក​ផលិត​អាហារ​មិន​បាន​ផល​ នោះ​អ្នក​គ្មាន​អ្វី​ត្រូវ​ថែរក្សា​ទេ»។

គ្រោះរាំងស្ងួត​ដែល​បណ្តាល​មកពី​បាតុភូតEl Nino​ បាន​វាយប្រហារ​តំបន់​ជាច្រើនត​នៅ​ឧបទ្វីប​ Horn នៃ​ទ្វីប​អាហ្វ្រិក​ និង​នៅ​តំបន់​ភាគ​ខាង​ត្បូង​អាហ្វ្រិក​។ ក្នុង​សប្តាហ៍​នេះ​ រដ្ឋាភិបាល​ស៊ីមបាវ៉េ​ បាន​ប្រកាស​ថា​ ប្រជាជន​ជាង​៤លាន​នាក់​ត្រូវ​ការ​ការផ្គត់ផ្គង់​អាហារ​ ដោយសារ​តែ​គ្រោះ​រាំងស្ងួត។​ ស្រប​ពេល​នោះ​ដែរ​ អង្គការ​ UNICEF​ និយាយ​ថា​ ពួកគេ​កំពុង​ស្វែង​រក​ថវិកា​យ៉ាងតិច​២១​លាន​ដុល្លារ​ ដើម្បី​បង្វៀង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​កុំ​ឲ្យ​កើត​ឡើង​នៅ​ប្រទេស​នៅ​ភាគ​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក។​

នៅ​ឯ​ផ្សារ​ Mbare Musika​ នៃ​ទីក្រុង​ហារ៉ារ៉េ​ មាន​ផលិតផល​កសិកម្ម​ស្ទើ​តែ​ទាំងអស់​ ដូចជា​ពោត​ ចេក​ ប៉េងប៉ោះ​ និង​គ្រាប់​ធញ្ញជាតិ។​ ប៉ុន្តែ​កសិករ​និយាយ​ថា​ ពួកគេ​បាន​បាត់បង់​ផលិតផល​របស់​ពួកគេ​ មុន​ពេល​ដែល​អតិថិជន​មក​ទិញ​ម្ល៉េះ។​ លោកស្រី Grace Chikwanha កសិករ​ដាំ​ប៉េងប៉ោះ​និយាយ​ថា​ ក្រៅ​ពី​សត្វល្អិត​ កសិផល​របស់​គាត់​ត្រូវ​ហិនហោច​ព្រោះ​គាត់​មិន​បាន​ដឹក​ជញ្ជូន​មក​ទាន់​ពេល។​

«ពេល​ខ្ញុំ​មក​ដល់​ទីនេះ​ ប៉េងប៉ោះ​មាន​តម្លៃ​ថ្លៃ។​ ហើយ​ប្រាកដ​ណាស់​ ខ្ញុំ​ចំណេញ។​ ប៉ុន្តែ​នៅ​ក្នុង​ទីផ្សារ ​គ្មាន​តម្លៃ​ថេរ​សម្រាប់​ប៉េងប៉ោះ​ទេ»។​

លោក​ Robert Delve​ ជា​ទីប្រឹក្សា​បច្ចេកទេស​នៃ​មូលនិធិ​អន្តរជាតិ​ដើម្បី​អភិវឌ្ឍ​កសិកម្ម​(International Fund for Agricultural Development)។ លោក​និយាយ​ថា​ គួរ​តែ​មាន​អ្នក​បង្ហាត់​បង្រៀន​កសិករ​នៅ​តំបន់​ដាច់​ស្រយាល​នៅ​អាហ្វ្រិក ​ឲ្យ​ចេះ​បន្ថែម​តម្លៃ​ទៅ​លើ​ផលិតផល​របស់​ពួកគេ​ ដោយ​អនុវត្ត​ឬ​រៀន​ពី​វិធី​កាត់បន្ថយ​ការខាត​បង់។​

ប៉ុន្តែ​លោក​បន្ត​ថា​ ការ​ឧបត្ថម្ភ​នៃ​មូលនិធិ​អន្តរជាតិ​ដើម្បី​អភិវឌ្ឍ​កសិកម្ម​ទៅ​លើ​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ទាប​និង​ជំនួយ​ផ្ទាល់​បាន​បរាជ័យ។​

«ជាអកុសល​ ប្រសិនបើ​អ្នក​ក្រឡេក​មើល​អ្នក​ឧបត្ថម​ IFAD​ គឺ​ប្រទេស​ម្ចាស់​ជំនួយ​ ​សមាជិក​នៃ​ IFAD ​នៃ​អង្គការ​សហប្រជាជាតិ។​ ពួកគេ​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​ ដូចជាការយល់​ឃើញ​របស់​រដ្ឋាភិបាល​ក្នុ្ងង​ការផ្តល់​ជំនួយ​ ឬ​ក៏​ដូច​ដែលអ្នក​បានឃើញ​ក្នុង​សារព៌ត័មាន​នោះ​គឺ​តម្រូវការ​ឧបត្ថម្ភ​បញ្ហា​អន្តោប្រវេសន៍​នៅ​ទ្វីប​អឺរ៉ុប»។​

នេះ​មានន័យថា​ កម្មវិធី​ផ្សេង​ទៀត​ត្រូវតែ​បន្ថែម​ជំនួយ​ក្នុង​កសិកម្ម​នៅតំបន់​ដាច់ស្រយាល​នៅ​អាហ្វ្រិក។ បើ​មិនដូច្នោះទេ​ បញ្ហាបាត់បង់​អាហារ​នៅតែបន្ត៕

ប្រែសម្រួលដោយ វិញ សុជាតា