ក្រសួងមហាផ្ទៃថា នឹងមានវិធានការផ្លូវច្បាប់លើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើសមាគមនោះមិនផ្តល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២ របស់ខ្លួនឱ្យមកក្រសួង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៦ ខែមករានេះ។
ក្រៅពីនេះ ក្រសួងមហាផ្ទៃក៏បានក្រើនរំឭកដល់សមាគមឱ្យធ្វើសកម្មភាពស្របទៅតាមច្បាប់និងលក្ខន្តិកៈរបស់ខ្លួន ដែលបានកម្កល់ទុកនៅក្រសួងមហាផ្ទៃ ខណៈថាកាលពីកន្លងទៅ សមាគមនេះបានដឹកនាំធ្វើបាតុកម្មដោយខុសច្បាប់និងបំពាននូវអ្វីដែលបានសម្រេចជាមួយសាលារាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងដដែលលើកឡើងតាមន័យដើមថា៖ «សមាគមត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនី ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២ ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនបំណាច់ខែកុម្ភៈ ឆ្នាំ ២០២៣ ជាកំណត់។ក្នុងករណីសមាគមមិនអនុវត្តតាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។
ការព្រមានចាត់វិធានការតាមផ្លូវច្បាប់របស់ក្រសួងមហាផ្ទៃ ធ្វើឡើង បន្ទាប់ពីក្រសួងនេះ បានអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែក្បួនធម្មយាត្រាដែលអាចមានរយៈពេល ១០ ថ្ងៃនៅខែកុម្ភៈខាងមុខ។
គម្រោងការដង្ហែធម្មយាត្រានោះ នឹងចេញដំណើរពីរូបសំណាកយាយពេញក្នុងទីក្រុងភ្នំពេញ ទៅកាន់បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ាឃ្លាំងមឿង ក្នុងខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សីលធម៌សង្គម ដែលសមាគមយល់ថា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅពេលមានការយាយីតាមផ្លូវច្បាប់លើសកម្មជនសង្គម និងនយោបាយ និងការប្រើពាក្យអសុរោះពីសំណាក់ថា្នក់ដឹកនាំនយោបាយជាដើម៕