ក្រសួង​មហា​ផ្ទៃ​កំពុង​ស្រាវជ្រាវ​រក​ជន​ដែល​បាន​បង្ហោះ​សារ​ពហិការ​ការ​បោះ​ឆ្នោត

រូបបដាដែលបង្ហាញពីគោលជំហររបស់ពលរដ្ឋមួយរូប ក្នុងការមិនចូលរួម​ទៅបោះឆ្នោត ដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក។ (រូបដកស្រង់ចេញពីទំព័រហ្វេសប៊ុក)

ខណៈ​បណ្តាញ​សង្គម​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បញ្ចេញ​មតិ​ដ៏​មាន​ប្រជាប្រិយ​ភាព ​គេ​ឃើញ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​បង្ហោះ​ពី​ការ​មិន​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ ហើយ​ក្រសួង​មហា​ផ្ទៃ​កំពុង​ស្រាវជ្រាវ​រក​អ្នក​បង្ហោះ​សារ​ទាំង​នោះ​ដែល​រដ្ឋាភិបាលថា ​ជា​ការឃោសនា​ខុស​ ដើម្បី​យក​ទៅ​អប់រំ​ ​មុន​ឈាន​ទៅ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ​រីឯ​សារអំពី​ការ​ចូលរួម​បោះឆ្នោត​ជា​ការ​ឃោសនា​ស្រប​ច្បាប់។

ក្រសួង​មហា​ផ្ទៃ​កំពុង​ស្រាវជ្រាវ​ និង​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​បាន​បង្ហោះ​សារ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ជាតិ​ នា​ពេល​ខាង​មុខ​ ​នៅ​លើ​បណ្តាញ​សង្គម​ ​និង​អ៊ីនធឺណេត។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ។

លោក​នាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ក្រុម​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​គណនី​ដែល​ថត​បង្ហោះ​សារ​បង្ហាញ​ពី​គោល​បំណង​មិន​ទៅ​បោះ​ឆ្នោត​ទាំង​នោះ​ ​ដើម្បី​ចាត់​វិធាន​ការ​ក្នុង​ពេល​ឆាប់ៗ។​

លោកបញ្ជា​ក់​ថា៖​

«បើ​មិន​ទៅ​ ​មិន​ទៅៗ​ ​តែ​កុំ​ប្រាប់។​ ​កុំ​ប្រាប់​គេ​ថា ​ខ្ញុំ​អត់​ទៅ​ទេ។​ ខ្ញុំ​មិន​ទៅ​បោះ​ឆ្នោត។​ អាហ្នឹង​ជាការ​ឃោសនា​មួយ​ហើយ។​ ​ប៉ុន្តែ​ខ្ញុំ​ទៅ​បោះ​ឆ្នោត​ក៏​ជាការ​ឃោសនា​មួយ​ដែរ។​ ការ​ឃោសនា​ហ្នឹង​វាអត់​មាន​ចែង​ថា​ ខុស​ច្បាប់​ទេ។​ ​ប៉ុន្តែ​ការ​ឃោសនា​មិន​ទៅ​បោះ​ឆ្នោត ​ច្បាប់​គេ​ហាម ​រារាំង​គេ! មិន​ទៅ​ក៏​ដោយ ​ទុក​ក្នុង​ចិត្ត​ខ្លួន​ឯង​ទៅ!​ ​ព្រោះ​ការ​បោះ​ឆ្នោត​គឺជា​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់​ បើ​អីចឹងម៉េច​នឹង​យុត្តិធម៌​ បើ​យើង​មិន​ទៅ ​ហើយ​ប្រាប់​គេ​មិន​ទៅ​អីចឹង?»​

លោក​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ​ ​បន្ថែម​ថា​ ​ជា​ជំហាន​ដំបូង​ ​សមត្ថកិច្ច​នឹង​ឃាត់​ខ្លួនដើម្បី​យក​ទៅ​អប់រំ​ឲ្យ​អ្នក​បង្ហោះសារ​ទាំង​នោះ​បាន​យល់​ ​និង​បញ្ឈប់​រាល់​សកម្មភាព​របស់​ពួក​គេ។ ​ប៉ុន្តែ​លោក​ថា ​សមត្ថកិច្ច​នឹង​ផាក​ពិន័យ​ជា​ប្រាក់​ ​ព្រម​ទាំង​ឈាន​ដល់​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ផ្សេងៗ​ ​ក្នុង​ករណី​មិន​រាងចាល។

រូបឯកសារ៖ លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

លោក​មាន​ប្រសាសន៍​ថា៖​

«វិធានការ​ផ្លូវ​ច្បាប់​គឺការ​ផាក​ពិន័យ​ហ្នឹង​តើ។​ ​ក្រែង​លោ​មាន​ទោស​ព្រហ្មទណ្ឌ​អី​ទៀត ​អាហ្នឹង​យើង​គិត​ផ្សេង។​ ​ដំបូង​បំផុត​គឺ​ពិន័យ​ជា​ប្រាក់»។​

ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​ក្រសួង​សំខាន់ៗ​ចំនួន​បី​ កាល​ពី​សប្តាហ៍​មុន​ ​បាន​ចេញ​ប្រកាស​រួម​ដើម្បី​តាម​ដាន​ ​និង​ចាត់​វិធាន​ការ​លើ​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ​នានា​តាម​បណ្តាញ​អ៊ីនធឺណេត​ ​ដែល​ក្រសួង​ហៅ​ថា​ ជា​ចេតនា​បង្កជា​ចលាចល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ​ ​និង​សណ្តាប់​ធ្នាប់​សង្គម​ ​គ្រប់រូប​ភាព​ ​និង​ទម្រង់​ក្នុង​ប្រទេស​កម្ពុជា។​

បន្ទាប់ពី​មាន​ការ​អំពាវនាវ​របស់​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្សសង្គ្រោះជាតិ ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត ​គេ​ឃើញ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហោះ​បដារ​ ​ក៏​ដូចជា​សារលើ​គណនី​ហ្វេសប៊ុក​របស់​ពួក​គេ​ដោយ​មាន​អត្ថន័យ​ថា​ ​«ខ្ញុំ​នឹង​មិន​ទៅ​បោះ​ឆ្នោត​ទេ​ ​ព្រោះ​គ្មាន​គណ​បក្សដែល​ខ្ញុំ​ចូល​ចិត្ត»​ ​ឃ្លា​ថា​ ​«ដេក​ផ្ទះ​ឈ្នះ​ដាច់»​ ​រួម​ទាំង​ការ​ថត​ម្រាម​ចង្អុល​ដៃ ដោយ​មាន​សរសេរ​សារ​ ​«ម្រាម​ដៃ​ស្អាត»​ ​ជា​ដើម។

ខណៈ​ការ​បោះ​ឆ្នោត​កំពុង​ខិត​ជិត​ចូល​មក​ដល់​ ​វោហារ​សាស្រ្ត​របស់​អ្នក​នយោបាយ​ ​ទាំង​អ្នក​នយោ​បាយ​គណបក្ស​កាន់​អំណាច​ ​និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ ​ដែល​ថ្លែង​ពី​ការ​ទៅ​ ​ឬ​មិន​ទៅ​ចូល​រួម​បោះ​ឆ្នោត​ ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ថា ​ទៅ​បោះ​ឆ្នោត​ ​ឬ​អត់។​

លោក​ សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្សប្រឆាំង​ ​និង​ក្រុម​ជំទាស់​ ​ដែល​កំពុង​ស្ថិត​នៅ​បរទេស​ ​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត​ ​ប្រសិន​បើ​មិន​មាន​ការ​ចូល​រួម​ពី​គណបក្សសង្គ្រោះជាតិ ​ដោយ​លោក​ថា​ ​ការ​បោះ​ឆ្នោត​ខាង​មុខ​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ ​សម្រាប់​បង្គ្រប់​កិច្ច​ឲ្យ​គណ​បក្សកាន់​អំណាច​ដឹក​នាំ​ប្រទេស​តាម​របៀប​ផ្តាច់​ការ។​

ចំណែក​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​ ​និង​ទើប​ប្រកាស​ថា​ ​នឹង​បន្ត​កាន់​អំណាច​ត្រឹម​រយៈ​ពេល​១០ឆ្នាំ​ទៀត​នោះ ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ ​ដោយ​ភ្ជាប់​នឹង​ការ​ព្រមាន​ជា​បន្ត​បន្ទាប់​ថា​ ​ប្រសិន​បើ​អ្នក​មិន​ទៅ​បោះ​ឆ្នោត ​ហើយ​បែរ​យក​ទឹក​ខ្មៅ​ ​ឬ​ថ្នាំ​លាប​សក់​មក​លាប​លើ​ម្រាម​ដៃ​បន្លំ​ថា​ ​បាន​ទៅ​បោះ​ឆ្នោត​ នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​មាន​ទោស។​

យ៉ាង​ណា​ក៏​ដោយ​ ​ក្រុម​សង្គម​ស៊ីវិល​ដែល​ជា​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ​និង​អ្នក​ជំនាញ​ខាង​ច្បាប់ ​បាន​បញ្ជា​ក់​ថា ​ ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​សម្រច​ថា ​ទៅ​បោះ​ឆ្នោត​ ​ឬ​អត់​ ​ដោយ​មិន​ត្រូវ​មាន​ការ​ចាប់​បង្ខំ ​មិន​ត្រូវ​មាន​សម្ពាធ ​និង​មិន​ត្រូវ​មាន​ការ​គំរាម​កំហែង​ណា​មួយ​នោះ​ទេ។​

លោក​ ​កន សាវាង្ស​ ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ហៅ​កាត់​ថា ​ខុមហ្វ្រែល​ បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​បង្ហោះ​សារ​ដែល​បង្ហាញ​ពីការ​ទៅ​បោះ​ឆ្នោត​ ​ឬ​អត់​គឺជា​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​ ​មិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់​នោះ​ទេ។ ​លោក​បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​ពិចារណា​ដោយ​គោរព​លើ​សកម្មភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សម្តែង​មតិ​ និង​ការ​យល់​ឃើញ​របស់​ពួក​គេ ​ជា​ជាង​ប្រើ​វិធាន​ការ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

លោកបញ្ជា​ក់​ថា៖​

«វា​អត់​មាន​អី​ខុស​ច្បាប់​ទេ!​ ​មែន​ទែន ​វាជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ។​ ​ហើយ​បើជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ​វាអត់​មាន​អី​ខុស​ទេ​ ​ព្រោះ​ច្បាប់​បោះ​ឆ្នោត​ ​វា​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​បោះ​ឆ្នោត។ ​អីចឹង​ ​ច្បាប់​បោះ​ឆ្នោត​ក្នុង​មាត្រា​ទី​១៤២​ ​គេ​និយាយ​អំពី​ការ​រារាំង ​ការ​បំភិត​បំភ័យ​អី​ផ្សេងៗ។​ ​វាអត់​បាន​និយាយ​ពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ។​ ​អីចឹង​ចុង​ក្រោយ​គឺ​ថា​ វា​អត់​មាន​អី​ខុស»។​

ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​កំពុង​ត្រូវ​បាន​ស្ថាប័ន​ជាតិ​ ​និង​អន្តរជាតិ​ធំៗ​មួយ​ចំនួន​មើល​ឃើញ​ថា ​ជាការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាពសេរី​ ​និង​យុត្តិធម៌​ ​បន្ទាប់ពី​គណបក្សប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ​ដោយ​ចោទ​ថា​ ​គណបក្សនេះ​បាន​ឃុបឃិតជា​មួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តូល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។

យ៉ាង​ណា​ក៏​ដោយ​ ទាំង​ ​គ.ជ.ប.​និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​សុទ្ធ​តែ​បាន​លើក​ឡើង​ថា​ ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក បើ​ទោះ​ជា​មិន​មាន​វត្ត​មាន​របស់​គណបក្សសង្គ្រោះជាតិ​ ​មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​របស់​ក្រុម​សង្គម​ស៊ី​វិល​ ​និង​មិន​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ពីបណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕