ក្រសួង​មហាផ្ទៃ​សម្រេច​​មិន​ចុះ​ឈ្មោះ​គណបក្ស​បេះដូង​ជាតិ ក្រោម​ហេតុ​ផល​មាន​ភាព​មិន​ប្រក្រតី​ស្នាម​មេដៃ

រូបឯកសារ៖ លោក​ ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​ នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។​ (ឡេង ឡែន/វីអូអេ)

ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ជា​ផ្លូវ​ការ​មិន​ចុះ​ឈ្មោះ​គណបក្ស​បេះ​ដូង​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​មន្រ្តី​បក្ស​ប្រឆាំង ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លើ​ភាព​មិន​ប្រក្រតី​ស្នាម​មេដៃ។

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០២១ ក្រសួង​មហា​ផ្ទៃបាន​ចោទ​ថា​ គណ​បក្ស​មួយ​នេះក្លែង​បន្លំ​ស្នាម​មេដៃ​សមា​ជិក​គណ​បក្ស និង​មាន «ចេតនា​ទុច្ចរិត»។ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បានតំណាង​គណបក្ស​មួយ​នេះ​មិន​សុខ​ចិត្ត រួច​ប្តឹង​ផ្តល់​ទៅតុលាការ​កំពូល​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២១ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេ​ច​តម្កល់​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ស្តីពី​ការ​បដិ​សេធ​ការ​សុំ​ចុះ​បញ្ជី​គណ​បក្ស​នេះ។ នេះ​បើ​តាម​តំណាង​គណបក្ស​បេះដូង​ជាតិ។

កាល​ពីថ្ងៃទី​ ២ ខែ​មីនា ឆ្នាំ​ ២០២២ នេះ ក្រសួង​មហាផ្ទៃ​បាន​ចេញ​ប្រកាស​លុប​ឈ្មោះ​ «គណបក្ស​បេះដូង​ជាតិ»​ ចេញ​ពី​បញ្ជី​បង្កើត​គណបក្ស​នយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ​ តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់ស្តីពី​គណ​បក្ស​នយោ​បាយ​។

នៅ​ក្នុង​សេចក្តី​សម្រេច​មួយ​ ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២ ០២១ ក្រសួង​មហាផ្ទៃ​បាន​អនុញ្ញាតឲ្យ​បង្កើត​គណ​បក្ស​បេះ​ដូង​ជាតិ ហើយ​បង្គាប់​ឲ្យ​គណបក្ស​រៀបចំ​បែប​បទ និង​បំពេញ​លក្ខខណ្ឌ​ស្នើ​សុំ​ចុះ​បញ្ជីទៅ​តាម​ច្បាប់។

គណ​បក្ស​បេះដូង​ជាតិ​ត្រូវ​បាន​គេសង្ស័យ​ថា​ មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​អ្នក​នយោ​បាយ​ដែល​ស្និទ្ធ​នឹង​មេដឹក​នាំ​បក្ស​ជំទាស់​លោក​ សម រង្ស៊ី។

លោក សៀម​ ភ្លុក​ តំណាង​គណ​បក្ស​បេះ​ដូង​ជាតិ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​មិន​ចុះ​បញ្ជី​គណបក្ស​របស់​លោក គឺពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហាផ្ទៃ​ទាក់ទងបញ្ហា​ស្នាម​មេដៃ​។ ហើយ​ការ​ចោទ​នោះ​លោកថា ​វាគ្រាន់​តែ​ជា «លេស​» ដើម្បី​មិន​ឲ្យ​គណ​បក្ស​បេះដូង​ជាតិ​ចូលរួម​ការប្រកួត​ប្រជែងបោះ​ឆ្នោត​ខាង​មុខ​តែ​ប៉ុណ្ណោះ​។ ​

លោកអះអាង​ថា ​នីតិវិធី​ផ្សេង​ៗ​ក្នុង​ការ​ចុះ​បញ្ជី គឺ​គណ​បក្ស​បាន​កែ​តម្រូវ​ទៅ​តាម​ក្រសួង​មហាផ្ទៃចំនួន​ ៣​ ដង និងត្រឹម​ត្រូវ​ហើយ ប៉ុន្តែ​បែរ​ជា​ខុសរឿង​ស្នាម​មេដៃ ដែលលោក​ថា​ ក្រសួង​មហាផ្ទៃ​មិន​បាន​បង្ហាញ​ភស្តុតាង។ លោក​បន្ថែម​ថា ​បញ្ហា​នេះ​ពាក់​ព័ន្ធ​បញ្ហា​នយោ​បាយ​ច្រើន​ជាង។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ដែល​ជា​តំណាង​គណ​បក្ស​បេះ​ដូង​ជាតិ​នៅ​តែ​សង្ឃឹម​ជឿ​ជាក់​ថា ​វា​មិន​មាន​រឿង​ហ្នឹង​កើត​ឡើង​ទេ។ នេះ​ជា​ការ​ចោទ​ប្រកាន់​ជា​ការ​មូល​បង្កាច់​របស់​ក្រសួង​ទេ។ ហើយ​បើ​កើត​មែន​ដោយ​សារ​ការ​ធ្វេស​ប្រហែស ឬ​ភ័ន្ត​ច្រឡំ​យ៉ាង​ម៉េច ​វា​អត់​មាន​ប៉ះពាល់​ដល់​ផលប្រយោជន៍​សង្គម បុគ្គល​ណា​ ដែល​ត្រូវ​ទទួល​ចាត់​ការ​បណ្តឹង​បែប​ហ្នឹង​ដែរ​»។

លោក​បន្ត​ថា​ តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅសកម្ម​ជនរបស់​គណ​បក្ស​ជា​ង ២០ ​នាក់​ ពាក់​ព័ន្ធ​ស្នាម​មេ​ដៃ ប៉ុន្តែ​មិន​ទាន់​មាន​ការជំនុំ​ជម្រះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា​ ការ​ចោទ​ប្រកាន់​នេះ គឺ​ការ​រំលោភ​សិទ្ធិ និង​បំបិទ​សិទ្ធិ​សេរីភាព​ធ្ងន់​ធ្ងរ​ណាស់​ដល់ប្រជា​ពល​រដ្ឋ។

លោ​ក​បញ្ជាក់​ថា៖ «ការ​សម្តែង​មតិ​តាម​រយៈស្នាម​មេ​ដាយ ឬភាព​ផ្សេងៗ​ ហើយ​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ចិត្ត​ប្តឹង​យ៉ាង​ហ្នឹង វា​ជា​ការ​រំលោភ​ជា​ការ​គំរាម​កំហែង បំបិទ​សិទ្ធិសេរីភាព។ ​នៅ​ក្នុង​សង្គម​ប្រជាធិ​ប​តេយ្យ​នេះ ជា​ការ​រំលោភ​សិទ្ធិ​ធំ ហើយ​ធ្ងន់​ធ្ងរ​ណាស់​សម្រាប់​សេរីភាព​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»។

លោក​ឲ្យ​ដឹងថា ឆន្ទៈ​ធ្វើ​នយោ​បាយ​របស់​លោកនៅ​តែ​មាន​ជាមួយ​គណ​បក្ស​ប្រឆាំងដែល​មាន​និន្នាការ​ផ្ទុយពី​គណ​បក្ស​កាន់​អំណាច ​ប៉ុន្តែ​លោកមិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ ​ចំពោះ​ការ​ចូល​រួមជីវ​ភាព​នយោ​បាយ​ជាមួយ​គណ​បក្ស​ណា​មួយ​នោះ​។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អាត្ថា​ធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ខៀវ សុភ័គ ​បាន​នៅ​ឡើយ​ទេ។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល ​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ លោក ​ កន សាវាង្ស​ មើល​ឃើញ​ថា ​បញ្ហា​នេះ​ហាក់​បី​ដូច​ជា​មាន​ការ​ខ្វះ​ចន្លោះ ដែល​ក្រសួង​មហា​ផ្ទៃ​គួរ​តែ​ពិនិត្យ​លើ​ឯកសារ​និង​ដោះស្រាយទល់​មុខ​គ្នា​ជាមួយ​គណ​បក្ស​ ដើម្បីកែ​តម្រូវ​នូវ​ចំណុច​ខ្វះ​ខាត​នានា​និង​ដើម្បីកុំ​ឲ្យ​មាន​ការ​លើក​ឡើង​ថា ​មាន​ទំនោរ ឬ​លម្អៀង​ផ្នែក​នយោ​បាយ​។

លោកថ្លែង​ថា​៖ «តើ​ក្រសួង​បាន​ពិនិត្យ​មើល​លើ​ការ​តម្រូវ​លើ​ចំណុច​ហ្នឹង ហើយ​ឬនៅ? ប្រសិន​បើ​ចំណុច​ហ្នឹង​មិន​មាន​ការ​កែ​តម្រូវ ឬ​ចំណុច​ហ្នឹង​មិន​បាន​ដោះ​ស្រាយ​ដោយ​គណ​បក្ស​នយោ​បាយ​បែប​ហ្នឹង​ យើង​គួរ​តែ​មាន​នីតិវិធី​យ៉ាង​ម៉េច ឬ​ជជែក​យ៉ាង​ម៉េច ​ដើម្បី​ផ្តល់​ឲ្យ​មាន​ការ​តទល់​គ្នា​ក្នុង​ចំណុច​នេះ​ថា​ ការ​សិក្សា​ជាក់​ស្តែងពិនិត្យ​ឃើញ​ថា ស្នាម​មេដៃ​ដូច​គ្នាមួយ​ពីរ ​បី ​អ៊ីចឹង​ទៅ...​។ ហើយ​បើ​សិន​ជា​មិន​មាន​ទេ​ ហើយ​អនុវត្ត​ការ​បដិសេធ​អ៊ីចឹង​តែ​ម្តង អាហ្នឹង​ខ្ញុំ​យល់​ឃើញ​ថា ​វា​ហាក់​បីជា​មាន​ការ​លម្អៀង​ផ្នែក​នយោ​បាយ​ហើយ​។​ អាហ្នឹង​ចង់​មិន​ចង់ គឺ​ការ​លើក​ឡើង​បែប​ហ្នឹង​ គឺ​វាចៀស​មិន​ផុត​ទេ»។

​លោក​បន្ត​ថា​ ប្រសិន​បើ​គណ​បក្ស​នយោ​បាយ​មាន​កំហុស​ឆ្គង​មែន​ ក្រសួង​មហាផ្ទៃគួរ​តែ​បង្ហាញ​ភស្តុ​តាង ដើម្បី​ឲ្យ​ភាគី​គណបក្ស​នយោ​បាយ​អស់​ចិត្ត​៕