ក្រសួង​មហាផ្ទៃ​​យល់​ព្រម​ឱ្យ​ប្អូន​ប្រុស​លោកកែម ឡី ​បង្កើត​បក្ស

ប្អូនប្រុស​របស់​លោក កែម ឡី គឺលោក កែម រិទ្ធិសិត អាយុ៤៦ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​តាកែវ ជាមួយ​ម្តាយ​របស់​លោក កែម ឡី​។

នាយឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ ​VOA នា​រសៀល​ថ្ងៃសុក្រ​នេះ​ថា ក្រសួង​បាន​ទទួល​លិខិត​ស្នើ​សុំ​របស់​លោក កែម រិទ្ធិសិត និង​សម្រេច​ឲ្យ​លោក​បង្កើត​គណបក្ស​នយោបាយ ប៉ុន្តែ​លោក​ថា លោក កែម រិទ្ធិសិត ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។

ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​ប្អូន​ប្រុសលោក​បណ្ឌិត កែម ឡី បង្កើត​គណបក្ស​នយោបាយ​ទៅ​តាម​ការ​ស្នើ​សុំ តែ​ថា ​ការ​បង្កើត​នោះត្រូវ​អនុវត្ត​ឲ្យ​ស្រប​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ប្អូនប្រុស​របស់​លោក បណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត បាន​ដាក់​លិខិត​ទៅ​ក្រសួ​ង​មហាផ្ទៃស្នើ​សុំ​បង្កើត​គណបក្ស​នយោបាយ ដោយ​មាន​ដាក់​ឈ្មោះ និង​រូបថត​របស់​លោក​បណ្ឌិត កែម ឡី ព្រម​ទាំង​មាន​ភ្ជាប់​ស្នាម​មេដៃ​ចំនួន​៨០។

នាយឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ ​VOA នា​រសៀល​ថ្ងៃសុក្រ​នេះ​ថា ក្រសួង​បាន​ទទួល​លិខិត​ស្នើ​សុំ​របស់​លោក កែម រិទ្ធិសិត និង​សម្រេច​ឲ្យ​លោក​បង្កើត​គណបក្ស​នយោបាយ ប៉ុន្តែ​លោក​ថា លោក កែម រិទ្ធិសិត ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។

លោក​មាន​ប្រសាសន៍​ថា៖ «ក្រសួង​ឆ្លើយ​ត្រឹម​ប៉ុណ្ណឹង មិន​ជំទាស់​ក្នុង​ការ​បង្កើត​គណបក្ស​ទេ ប៉ុន្តែ​សុំ​ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​មាត្រា​១១​ថ្មី តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ»។

មាត្រា​១១​ថ្មី នៃ​ច្បាប់ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែល​បាន​ធ្វើ​វិសោធនកម្ម​កាល​ពី​ចុង​ខែកក្កដា​ ឆ្នាំ​២០១៧​កន្លង​ទៅ ចែង​ថា ឈ្មោះ​របស់​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយយកឈ្មោះ​រូបវ័ន្ត​បុគ្គល​ ឬ​រូបភាព​របស់​រូបវ័ន្ត​បុគ្គល​មក​ដាក់ឡើយ។​

លោក គុជ លី ស្ថាបនិក​មួយរូប​ក្នុងការ​បង្កើត​គណបក្ស​ កែម ឡី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ក្រោយ​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ។ ទោះយ៉ាង​ណា ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ VOA នៅ​ព្រឹក​ថ្ងៃសុក្រ​ដដែល​នេះ លោក គុជ លី ដែល​បាន​ប្រកាស​ថា​នឹង​ធ្វើ​ជា​អនុប្រធានទី​១​គណបក្ស​បង្កើត​ថ្មី​នេះ​ បញ្ជាក់​ថា លោក​នឹង​ផ្លាស់​ប្តូរ​ឈ្មោះ​គណបក្ស​ ប្រសិន​បើ​មាន​ការ​តម្រូវ​ណាមួយ​ពី​ក្រសួង។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា លោក​នឹង​ប្តូរ​ដាក់​ឈ្មោះ​អ្វីនោះទេ។​

លោក គុជ លី បញ្ជាក់ក្នុង​បទ​សម្ភាសន៍ជាមួយ VOA ថា៖ «ខ្ញុំ​ដាក់​នេះ ក្រសួង​នឹង​បដិសេធ​របស់​ខ្ញុំ ប៉ុន្តែ​ដើម្បី​ឲ្យ​ក្លាយ​ជា​គណបក្ស​ស្របច្បាប់ គណបក្ស​មាន​ប្រវត្តិសាស្រ្ត​ថា គណបក្ស​ កែម ឡី យើង​បាន​ត្រៀម​រួច​ហើយ។ ខ្ញុំ​នឹង​ជម្រាប​ជូន​បង​នៅ​ពេល​ដែល​ក្រសួង​សម្រេច​ចេញ ស.ជ.ណ របស់​ក្រសួង ខ្ញុំ​នឹង​ជូន​លោក​មុន​គេ»។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ VOA នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ដែរ​ លោក កែម រិទ្ធិសិត ដែល​ប្រកាស​ថា​ជា​ប្រធាន​គណបក្ស​ កែម ឡី បញ្ជាក់​ថា ការបង្កើត​គណបក្ស​ដាក់​ឈ្មោះ និង​រូប​លោក កែម ឡី គឺ​ដើម្បី​បំពេញ​បំណង​របស់​លោក កែម ឡី ​ពេល​នៅ​រស់។

លោក​លើក​ឡើង​ថា៖ «​ខ្ញុំ​ជា​ប្អូន​ប្រុស​របស់​លោក​បណ្ឌិត កែម ឡី ខ្ញុំ​បាន​ធ្វើ​ការងារ​ជាមួយ​គ្នា​ក្នុង​រយៈពេល​៥​ឆ្នាំ ជា​អ្នក​សិក្សា​ស្រាវជ្រាវ ជួន​កាល​យើង​ទៅ​តែ​២នាក់ ទៅ​ខេត្ត​ឆ្ងាយៗ ដូចជា​ខេត្តព្រះ​វិហារ ពេល​យើង​ទៅ​ធ្វើ​ជា​វាគ្មិន លោក កែម ឡី គាត់​ទៅ​ធ្វើ​ជា​វាគ្មិន ហើយ​ខ្ញុំ​ក៏​ជា​អ្នក​ទីប្រឹក្សា ក៏​ជា​អ្នក​កត់ត្រា​អី តាម​ផ្លូវ​ក៏​យើង​បាន​និយាយគ្នា​ច្រើន​ពី​រឿង​ថា ប្រសិនជា​យើង​មាន​លទ្ធភាព​អាច​នឹង​បង្កើត​គណបក្ស ក៏​យើងធ្វើ។ ហើយ​យើង​ក៏​បាន​ត្រៀម​បម្រុង​ឯកសារ​គ្រប់គ្រាន់ជាមួយ​គ្នា ប៉ុន្តែ​ដោយ​សារ​យើង​អត់​មាន​ពេល​វេលា រហូត​ដល់​ពេល​គាត់ស្លាប់​ទៅ»។

ជំនួស​ឲ្យ​លោក កែម រិទ្ធិសិត ដែល​សុំ​មិន​បកស្រាយ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស កែម ឡី លោក គុជ លី លើកឡើង​ថា គណបក្ស កែម ឡី បង្កើត​ឡើង​ដើម្បី​រក្សា និង​ការពារ​កេរ្តិ៍​ឈ្មោះ កិត្តិយស​របស់​លោក​បណ្ឌិត កែម ឡី។ លោក​បន្ថែម​ថា អតីត​ក្រុមគណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី និង​ភរិយា​របស់​លោក​បណ្ឌិត បាន​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​លោក​បណ្ឌិត ក្នុង​ពេល​កន្លង​មក។​

លោក គុជ លី ​ក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​លោក កែម ឡី ផ្តិត​ស្នាម​មេដៃ​ដើម្បី​ឲ្យ​លោក​អាច​ដឹកនាំ​គណបក្ស​ថ្មី​នេះ​ចូល​រួមការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ។​

លោក​បញ្ជាក់​ថា៖ «ដើម្បី​សម្រេច​បំណង​របស់​លោក​បណ្ឌិត ទី១​សូម​បងប្អូន ចូល​រួម​មេត្តា​ផ្តិត​មេដៃ​៤​ពាន់​នាក់​ឲ្យ​បាន​លឿន នៅ​ពេល​នោះ​បាន​បង្ហាញ​ថា បើសិន​បងប្អូន​បាន​ផ្តិត​មេដៃ​ចូលរួម​គាំទ្រ​បង្កើតគណបក្ស កែម ឡី នេះ ក្នុង​រយៈពេលដែល​ខ្ញុំ​ដាក់​ផែនការ​ទី១​ជា​ផែនការ​យុទ្ធសាស្រ្ត​របស់​ខ្ញុំ​ ក្នុង​រយៈពេលខែ៣ ខ្ញុំ​បាន​គ្រប់គ្រាន់ មាន​ន័យ​ថា​ខ្ញុំអរគុណ​បងប្អូន ទី១​បង្ហាញ​ជា​រូបភាព​មួយ​ថា ខ្ញុំ​នឹង​ដណ្តើម​យក​ជោគជ័យ ២០១៨ និង​២០២៣ ខ្ញុំ​យក​ឲ្យ​បាន»។

ការ​ប្រកាស​បង្កើត​គណបក្ស កែម ឡី នេះ ធ្វើ​ឡើង​ដោយ​មានភាព​ចម្រូង​ចម្រាស់​រវាង​លោក កែម រិទ្ធិសិត និង​អ្នកស្រី ប៊ូ រចនា ភរិយា​របស់​លោក​បណ្ឌិត​ កែម ឡី។

អ្នកស្រី ប៊ូ រចនា ដែល​កំពុងរស់​នៅ​ប្រទេស​អូស្រ្តា​លី​ក្រោយ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ជាមួយ​កូន​ប្រុស​៥​នាក់ ប្រាប់ VOA កាលពី​ថ្ងៃអង្គារ​ថា អ្នកស្រី​មិនពេញ​ចិត្ត​នឹង​ការ​បង្កើត​គណបក្ស​ដោយ​ប្រើប្រាស់​ឈ្មោះ និង​រូប​ស្វាមី​របស់​អ្នកស្រី​នោះ​ទេ។

ភរិយាលោក កែម ឡី អ្នកស្រី ប៊ូ រចនា និងកូនៗ បន្ទាប់ពីបានទៅដល់ប្រទេសអូស្រ្តាលី ក្រោយពីទទួលបានសិទ្ធិជ្រកកោន។ (ទំព័រ​ហ្វេសប៊ុក SK Media Inc.)

អ្នកស្រី​បញ្ជាក់​ថា៖ «បើសិនជា​គាត់​យក​ឈ្មោះ​គាត់ គាត់​ដាក់​ឈ្មោះ​គាត់ ឬ​មួយ​ក៏​ឈ្មោះ​អ្នកណា​នៅ​ក្នុង​គ្រួសារ​គាត់ ក៏​យក​ទៅ​ ប៉ុន្តែ​ឈ្មោះ កែម ឡី នេះ គឺ​គាត់​បាន​ស្លាប់​ទៅ​ហើយ អញ្ចឹង​ទោះ​បី​ស្លាប់ ក៏​គាត់​នៅ​មាន​គ្រួសារ នៅ​មាន​ប្រពន្ធ​ដែរ​ ហេតុអី​បាន​យើង​អត់​សួរ​យោបល់​ពី​ប្រពន្ធ​អី​អញ្ចឹង ចេះ​តែ​យក​ឈ្មោះ​ប្តី​ដែល​បាន​ស្លាប់​ហើយ​យក​ទៅ​បង្កើត​ជា​គណបក្ស​អញ្ចឹង ហើយ​ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ ខ្ញុំ​អត់​សប្បាយ​ចិត្ត​តែម្តង»។

ក្រោយ​ការ​ប្រកាស​បង្កើត​គណបក្ស​ដែល​មាន​ដាក់​ឈ្មោះ និង​រូប​ថត​របស់​លោក​ កែម ឡី គេ​ឃើញ​មាន​ការ​រិះគន់​ និង​បង្ហាញ​ពី​ការ​មិន​គាំទ្រយ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម Facebook ពិសេសពី​សំណាក់​អ្នក​គោរព​ស្រឡាញ់​លោក កែម ឡី។​

លោក មាស នី ​អ្នកសិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម និង​ជាដៃ​គូ​ការងារ​មួយ​រូបរបស់​លោក​បណ្ឌិត​ កែម ឡី ប្រាប់ VOA ថា លោក​មិន​ធ្លាប់​ឭ​លោក កែម ឡី និយាយ​ពី​បំណងចង់​ធ្វើ​ជា​អ្នក​នយោបាយ ឬ​ចង់​បង្កើត​គណបក្ស​នយោបាយនោះ​ទេ។ លោក​បន្ថែម​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ដោយ​ដាក់​ឈ្មោះ និង​រូប​ថត​របស់​លោក កែម ឡី នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​បណ្ឌិត។​

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

លោក​មាន​ប្រសាសន៍​ថា៖ «ការ​បង្កើត​គណបក្ស​នយោបាយ​ដោយ​ដាក់​ឈ្មោះ​លោក កែម ឡី នៅ​ពេល​នេះ ហាក់​ដូចជា​មិន​សូវ​ជា​បាន​លទ្ធផល​អី​ប៉ុន្មាន ហើយ​ក៏​ប្រហែល​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិ​នាម ក្នុង​នាម​ជា​វិរបុរស ដែល​ពលរដ្ឋ​ធ្លាប់​ឲ្យ​តម្លៃ​ទៅ​លើ​គាត់​ ខ្លាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ និង​កិត្តិយសរបស់​គាត់»។

លោក​កែម ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ ​និង​ជា​អ្នក​វិភាគ​សង្គម​ដែល​តែងតែ​រិះគន់​ការ​ដឹកនាំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ​នៅ​ស្តាម៉ាត​ ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ ​ក្នុង​រាជធានី​ភ្នំពេញ។​ ក្រោយ​ការ​បាញ់​សម្លាប់​ភ្លាមៗ​ ​សមត្ថកិច្ច​ចាប់​បាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ ​ខ្លួន​មាន​ឈ្មោះជួប សំលាប់​ ​ហើយ​ថា​ ​ការ​បាញ់​សម្លាប់​លោក​កែម ឡី គឺដោយ​សារ​អ្នក​វិភាគ​ដ៏​ល្បីល្បាញ​រូប​នេះ​ ​ជំពាក់​លុយ​ខ្លួន​ចំនួន​៣​ពាន់ដុល្លារ​មិន​ព្រម​សង។​ ​ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ​និង​ក្រុ​មគ្រួសារ​របស់​លោក ​កែម ឡី ​មិន​អស់​ចិត្ត​ ​និង​បាន​លើក​ឡើង​ថា​ ​ជួប សំលាប់ បាន​ប្រឌិតការ​ជំពាក់​បំណុល​នេះ​ឡើង៕