ក្រសួង​មហាផ្ទៃ​ព្រមាន​គណបក្ស​ថ្មី ដែល​តែងតាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា

រូបឯកសារ៖ លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​និយាយ​ជាមួយ​​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/វីអូអេ)

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ព្រមាន​គណបក្ស​កម្លាំង​ជាតិ ដែល​បាន​សម្រេច​តែង​តាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​របស់​គណបក្ស ដោយ​ថា ​ការ​តែង​តាំង​នោះ​ខុស​នឹង​ច្បាប់ ហើយ​គណបក្ស​មួយ​នេះ​អាច​ប្រឈម​នឹង​ការ​មិន​អាច​ចូលរួម​បោះ​ឆ្នោត​បាន។

រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា​ការ​តែង​តាំង​លោក រ៉ុង ឈុន ដែល​ជា​អតីត​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ ជា​ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ តាម​រយៈ​សមាជ​របស់​ខ្លួន មិន​ស្រប​តាម​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ដោយ​សារ​តែ​លោក រ៉ុង ឈុន កំពុង​ស្ថិត​ក្រោម​ការ​អនុវត្ត​ទោស និង​ការ​ត្រួត​ពិនិត្យ​របស់​តុលា​ការ។ លោក​បន្ត​ថា​លោក រ៉ុង ឈុន​ នៅ​មិន​ទាន់​មាន​នីតិ​សម្បទា​ពេញ​លេញ​ណា​មួយ​ឡើយ​ចំពោះ​ការ​ក្លាយ​ជា​ថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​នយោបាយ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា៖ «អ៊ីចឹង​ទេ​ករណី​លោក រ៉ុង ឈុន នេះ​ស្ថិត​នៅ​ក្នុង​ជា​បុគ្គល​មួយ​រូប​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នៅ​ឡើយ​ទេ។ គាត់​មិន​ទាន់​មាន​នីតិ​សម្បទា​គ្រប់​គ្រាន់​ដើម្បី​ចូល​រួម​ឱ្យ​គណ​បក្ស​ឱ្យ​គេ​បោះ​ឆ្នោត​ ឬ​ឈរ​ឈ្មោះ​ជា​អី​មួយ​នៅ​ក្នុង​គណ​បក្ស​ក្តី​ នៅ​ក្នុង​ជួរ​អី​ក្តី​ ឬ​ក៏​ដឹក​នាំ​គណ​បក្ស​ណា​មួយ​ទេ»។

រូបឯកសារ៖ លោក រ៉ុង ឈុន ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អំពីការលាលែងពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក រ៉ុង ឈុន អតីត​មេដឹកនាំ​សហជីព និង​ជា​អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​នៅ​ឆ្នាំ​២០២០​ ​ពី​បទ​ញុះញង់ ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​លើ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរី​ភាព​វិញ​នៅ​ឆ្នាំ​២០២១ តាម​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​សម្រេច​ព្យួរ​ទោស​សេស​សល់​របស់​លោក។

លោក រ៉ុង ឈុន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​នៃ​ការ​ធ្វើ​នយោបាយ​របស់​លោក ដែល​លោក​ថា​លោក​មិន​ត្រូវ​បាន​ហាម​ឃាត់​ឡើយ។

លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ​នៅ​ក្នុង​ទាំង​៥​ចំណុច​នៃ​ការ​អនុវត្ត​វិធាន​តុលាការ​ហ្នឹង វា​មិន​បាន​ហាម​ឃាត់ នៅ​ក្នុង​បំរាម​ហ្នឹង​មិន​បាន​ហាម​ឃាត់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ទេ»។

លោក រ៉ុង ឈុន បញ្ជាក់​បន្ថែម​ទៀត​ថា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣ គណ​បក្ស​ភ្លើង​ទៀន​បាន​ធ្វើ​សមាជ​មួយ​នៅ​ក្នុង​ខេត្ត​សៀម​រាប គ្រា​នោះ​លោក​ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ហើយ​ក្រសួង​មហាផ្ទៃ​ថែម​ទាំង​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ដោយ​ទទួល​ស្គាល់​រូប​លោក​ជា​អនុ​ប្រធាន​ផង​ដែរ ដោយ​មិន​មាន​ការ​លើក​ឡើង​ថា​រូប​លោក​នៅ​មិន​ទាន់​មាន​នីតិ​សម្បទា​គ្រប់​គ្រាន់​នោះ​ទេ។

លោក​ថ្លែង​ថា៖ «គណ​បក្ស​ភ្លើង​ទៀន​បាន​ធ្វើ​កំណត់​ហេតុ និង​របាយការណ៍​ក៏​ដូច​ជា​រចនា​សម្ព័ន្ធ​ដាក់​ជូន​ក្រសួង​មហា​ផ្ទៃ​ បន្ទាប់​មក​ក្រសួង​មហាផ្ទៃ​បាន​ចេញ​ស.ជ.ណ ទទួល​រ៉ុង ឈុន ជា​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន។ តែ​មក​ដល់​ពេល​នេះ​បែរ​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ថា​ខ្ញុំ​អត់​មាន​នីតិ​សម្បទា​ ខ្ញុំ​មិន​បាន​អនុវត្ត​ទៅ​តាម​សាល​ក្រាម​ ឬ​វិធាន​តុលាការ​ដាក់​ឱ្យ​អនុវត្ត​ វា​អត់​មាន​អ្វី​ដែល​យើង​មើល​ចំណុច​ទាំង​អស់​នោះ​វា​អត់​មាន​បំរាម​ ហើយ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​ ហេតុអី​កាល​ខ្ញុំ​នៅ​គណ​បក្ស​ភ្លើង​ទៀន​អាច​ធ្វើ​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​បាន»។

នៅ​ពេល​សួរ​អំពី​ការ​ធ្វើ​នយោបាយ​របស់​លោក រ៉ុង ឈុន នៅ​ពេល​លោក​ធ្វើ​ជាអនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន លោក ខៀវ សុភ័គ មិន​បាន​ឆ្លើយ​ចំៗ​នោះ​ទេ ប៉ុន្តែ​លោកស្នើឱ្យ​គណ​បក្ស​កម្លាំង​ជាតិ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​តែង​តាំង​ថ្នាក់​ដឹក​នាំ ជៀស​វាង​ការ​មិន​ទទួល​ស្គាល់​ពី​ក្រសួង​មហា​ផ្ទៃ និង​មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​អនាគត​បាន។

លោក​ថ្លែង​ថា៖ «កន្លង​មក​រូប​ភាព​ខុស​ច្បាប់​បាន​ន័យ​ថា​អ្វីៗ​ក៏​ដោយ​យើង​មិន​មែន​ថា​ខុស​ច្បាប់​ទេ​ គេ​ដឹង​ដែរ​តែ​គេ​មិន​ទាន់​ធ្វើ​អី មែន​ទែន​ទាល់​តែ​គេ​មិន​ទទួល​ឧទាហរណ៍​ថា​គេ​មិន​ទទួល​ពាក្យ​សុំ​តាំង​ថា​មាន​អី​ទាល់​ខ្លួន​ឯង​ខុស​មិន​ព្រម​ធ្វើ​ទេ។ ឥឡូវ​ក្រសួង​មហា​ផ្ទៃ​ប្រាប់​ហើយ​សុំ​ពិចារណា​ឡើង​វិញ​ វា​គ្មាន​អី​ទេ​បើ​មិន​ពិចារណា​ឡើង​វិញ​យើង​មិន​ទទួល​ជា​ផ្លូវ​ច្បាប់​មិន​ទទួល​ស្គាល់​របស់​គាត់​ហ្នឹង​ទៅ មិន​ទទួល​ស្គាល់​សមាជ​គាត់ មិន​ទទួល​អី​ពី​គណ​បក្ស​គាត់ វា​ចប់​ទៅ​ហើយ​ អត់​បោះ​ឆ្នោត​បោះ​អី​វា​មិន​បាន»។

កាល​ពី​កន្លង​ទៅ ក្រសួង​យុត្តិធម៌​ធ្លាប់​បាន​បញ្ជាក់​ថា​លោក រ៉ុង ឈុន មិន​ទាន់​មាន​នីតិ​សម្បទា​ឡើង​វិញ​ដោយ​ពេញ​លក្ខណៈ​ច្បាប់​ឡើយ ដោយ​សារ​ពុំ​ទាន់​ផុត​រយៈ​ពេល​៥​ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​អនុវត្ត​ទោស​រួច ហើយ​ក៏​ពុំ​មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​សម្រាប់​ស្នើ​សុំ​ឲ្យ​មាន​នីតិ​សម្បទា​ឡើង​វិញ​តាម​ផ្លូវ​តុលាការ ស្រប​តាម​មាត្រា​៥៣៤ និង​មាត្រា​៥៣៥​នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ។

លោក ខៀវ សុភ័គ ស្នើ​គណ​បក្ស​កម្លាំង​ជាតិ​គួរ​ពិចារណា និងកែ​សម្រួលឡើង​វិញ​ មុន​នឹង​សម្រេច​ផ្ញើ​របាយការណ៍​ពី​សមាជ​របស់​គណ​បក្ស​ខ្លួន​មក​កាន់​ក្រសួង​មហា​ផ្ទៃ។

សម្រាប់​លោក រ៉ុង ឈុន វិញ លោក​អះអាង​ថា​លោក​នឹង​មិន​មាន​ការ​ដក​ថយ​នោះ​ទេ​ ដោយ​សារ​តែ​រូប​លោក​មិន​បាន​អនុវត្ត​អ្វី​ដែល​ខុស​នឹង​ច្បាប់។ ប៉ុន្តែ​លោក​ថាលោក​នឹង​រង់​ចាំ​ការ​សម្រេច​រួម​របស់​គណ​បក្ស។

លោក​ថ្លែង​ថា៖ «ហើយ​ជំហរ​គណ​បក្ស​ក៏​មិន​ដក​ថយ​ដែរ ពី​ព្រោះ​វា​អត់​មាន​អ្វី​ខុស​ ប៉ុន្តែ​ខ្ញុំ​នឹង​សម្រេច​ទៅ​តាម​គណ​បក្ស​ប្រសិន​បើ​គណ​បក្ស​សម្រេច​បែប​ម៉េច​ អាហ្នឹង​ខ្ញុំ​សម្រេច​ទៅ​តាម​សេចក្តី​សម្រេច​របស់​គណ​បក្ស​កម្លាំង​ជាតិ។ ប៉ុន្តែ​បើ​តាម​ខ្ញុំ​ដឹង​គណ​បក្ស​កម្លាំង​ជាតិ​មិន​ដក​ថយ​ទេ​ពីព្រោះ​វា​អត់​មាន​អ្វី​ដែល​ត្រូវ​ខុស​ច្បាប់»។

លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ប្រាប់​វីអូអេ​ថា ការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហាផ្ទៃ​មក​លើ​លោក​រ៉ុង ឈុន មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់​ពេញ​លេញ​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា កាល​ពី​ពេល​ដែល​លោក​រ៉ុង ឈុន ស្ថិត​នៅ​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន​ លោក រ៉ុង ឈុន មាន​តួនាទី​ជា​អនុប្រធាន​បក្ស ហើយ​បាន​ដឹក​នាំ​បក្ស​ដោយ​មិន​មាន​បញ្ហា​អ្វី​មួយ​ឡើយ។ លោក ស៊ុន ចន្ធី បាន​ចោទ​សំណួរ​សួរ​ថា ការ​ផ្តល់​តួនាទី​ដល់​លោក​រ៉ុង ឈុន ជា​ទី​ប្រឹក្សា​គណ​បក្ស​គឺ​ខុស​ច្បាប់​ ហេតុអ្វី​បាន​លោក​រ៉ុង ឈុន មិន​ខុស​ច្បាប់​ដូច​គ្នា​កាល​ពេល​ដែល​លោក​មាន​តួនាទី​ជា​អនុប្រធាន​គណ​បក្ស​ភ្លើង​ទៀន។

យ៉ាង​ណា​មិញ លោក ស៊ុន ចន្ធី បញ្ជាក់​ថា លោក​នឹង​រង់​ចាំ​ការ​ឆ្លើយ​តប​របស់​ក្រសួង​មហាផ្ទៃ​ជា​លាយ​លក្ខណ៍​អក្សរ​ ក្រោយ​គណ​បក្ស​កម្លាំង​ជាតិ​បាន​ផ្ញើ​របាយការណ៍​ស្តី​ពីសមាជ​របស់​ខ្លួន។

លោក​ថ្លែង​ថា៖ «យើង​រង់​ចាំ​មើល​ការ​ឆ្លើយ​តប​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ក្រសួង​មហា​ផ្ទៃ​នៅ​ពេល​ដែល​គណ​បក្ស​កម្លាំង​ជាតិ​បាន​រៀប​ចំ​ដាក់​របាយការណ៍​ស្តី​ពី​លទ្ធផល​សមាជ​លើ​ដំបូង​របស់​គណ​បក្ស​កម្លាំង​ជាតិ​ជូន​ទៅ​ក្រសួង​មហាផ្ទៃ​សិន។ ដូច្នេះ​ពេល​នេះ​យើង​មិន​ទាន់​អាច​ឆ្លើយ​តប​បែប​ណា​មួយ​ទេ​ដោយ​សារ​តែ​គណ​បក្ស​កម្លាំង​ជាតិ​មិន​ទាន់​ផ្តល់​របាយការណ៍​ពី​លទ្ធផល​សមាជ​របស់​ខ្លួន​ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ​នៅ​ឡើយ​ទេ»។

បើ​តាម​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​១៨​ថ្មី​បាន​ចែង​ថា​ប្រធាន​និង​អនុ​ប្រធាន​នៃ​គណ​បក្ស​នយោបាយ និង​សមាស​ភាព​នៃ​គណៈ​កម្មាធិការ​នាយក​ ឬ​គណៈ​កម្មាធិការ​អចិ​ន្រ្តៃយ៍​ ឬ​អង្គ​ការ​សម​មូល​នឹង​គណៈ​កម្មាធិការ​នាយក​ ឬ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​នៃ​គណបក្ស​នយោបាយ​មិន​ត្រូវ​ជា​បុគ្គល​ដែល​ជា​ទណ្ឌិត​ជាប់​ទោស ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម​ ដោយ​គ្មាន​ការ​ព្យួរ​ទោស​ឡើយ។

គួរ​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ លោក រ៉ុង ឈុន បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​គណ​បក្ស​ភ្លើង​ទៀន និង​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណ​បក្ស​កម្លាំង​ជាតិ​ដែល​ទើប​បង្កើត​ថ្មី។ លោក​បញ្ជាក់​ថា​ការ​ចូលរួម​ជាមួយ​គណបក្ស​ថ្មី ដោយសារ​តែ​គណ​បក្ស​ភ្លើង​ទៀន​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នានា​បាន ហើយ​គណបក្ស​ថ្មី​ជា​អ្នក​ប្រជាធិបតេយ្យ​និយម​ដូច​គ្នា៕