លោកស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះដើម្បីចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការលើបញ្ហាជនអន្តោប្រវេសន៍ ដែលកាសែតវ័យចំណាស់មួយរបស់ប្រទេសអូស្ត្រាលីបញ្ជាក់ថាមន្ត្រីរដ្ឋាភិបាលកម្ពុជានឹងជជែកអំពីការនាំជនភៀសខ្លួនអន្តរជាតិពីកោះណូរូ មកកាន់កម្ពុជាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃនៅប្រទេសអូស្ត្រាលី លោកស ខេង នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចសហការលើបញ្ហាអន្តោប្រវេសន៍ជាមួយរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍និងការពារព្រំដែនអូស្ត្រាលី ក្នុងគោលដៅរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការគំរាមកំហែងផ្នែកសន្តិសុខ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែននិងអន្តោប្រវេសន៍ខុសច្បាប់។
កាសែត The Sydney Morning Herald បានផ្សាយថាគណៈប្រតិភូរបស់ប្រទេសកម្ពុជានឹងជួបជាមួយជនភៀសខ្លួននៅកោះណូរូ។ កាសែតរាយការណ៍បន្ថែមថាមានជនភៀសខ្លួនប្រមាណជាប្រាំគ្រួសារនឹងត្រូវទទួលយក។
កាលពីចុងឆ្នាំ២០១៤ប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយក្នុងការបញ្ជូនជនភៀសខ្លួនចំរុះជាតិសាសន៍ចំនួនជាង១.០០០នាក់ឲ្យមកតាំងលំនៅថ្មីនៅប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនោះទទួលរងប្រតិកម្មពីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាច្រើនដោយពួកគេសំអាងលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនល្អ។
ទោះជាបែបនេះក្តីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថាលោកស ខេង នឹងមិនមានកិច្ចចុះហត្ថលេខាឬជជែកបន្ថែមណាមួយលើចំណោទជនអន្តោប្រវេសន៍ទាំងនេះទេ។
«គ្រាន់តែជាទស្សនកិច្ចធម្មតា។អត់មានចុះកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនទេ»។
លោកឧត្តមសេនីយ៍ខៀវ សុភ័គ អះអាងថារហូតមកទល់ពេលនេះនៅមិនទាន់មានជនភៀសខ្លួនណាម្នាក់នៅជំរុំនៃកោះណូរូបានចុះឈ្មោះដើម្បីមកតាំងលំនៅថ្មីនៅកម្ពុជានៅឡើយទេ។
កាលពីពេលថ្មីៗកន្លងទៅមន្ត្រីកម្ពុជាបានទៅជួបជនភៀសខ្លួនដែលកំពុងស្ថិតក្នុងជំរំបណ្តោះអាសន្ននៃសាធារណរដ្ឋNauru ដែលជាដីកោះដ៏តូចមួយក្នុងដែនសមុទ្រប៉ាស៊ីភិកដែលស្ថិតនៅក្រៅប្រទេសអូស្ត្រាលី។ ការជួបពួកគេដើម្បីពន្យល់ពីលក្ខខណ្ឌមួយចំនួនដែលពួកគេត្រូវមកតាំងលំនៅថ្មីនោះ។
ប្រទេសអូស្ត្រាលីបានផ្តល់ប្រាក់ប្រមាណជា៣៥លានដុល្លារអាមេរិកសម្រាប់ការតាំងលំនៅថ្មីរបស់ពួកគេនៅកម្ពុជា។
បើតាមគម្រោងជនភៀសខ្លួននៅកោះណូរូ អាចនឹងត្រូវបញ្ជូនមកកម្ពុជាក្នុងរង្វង់ឆ្នាំ២០១៥នេះ។ ពួកគេនឹងត្រូវដាក់ឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលមួយនៅទីក្រុងភ្នំពេញរយៈពេលមួយឆ្នាំមុននឹងត្រូវផ្តល់ជម្រកអចិន្ត្រៃយ៍នៅទីតាំងផ្សេង។
ភ្នាក់ងារផ្តល់ជំនួយមួយចំនួនដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជាបានរិះគន់កិច្ចព្រមព្រៀងសម្រាប់ការតាំងលំនៅថ្មីនៃជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជាដោយនិយាយថាវាមិនសមរម្យសម្រាប់ប្រទេសមួយដែលទទួលរងការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សនិងមិនមានបទពិសោធន៍ក្នុងការផ្តល់លំនៅសម្រាប់ជនភៀសខ្លួន។
លោកJason Evans នាយកអង្គការទស្សនៈពិភពលោក(World Vision)បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ជូនមកកាន់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃនេះថាមានកិច្ចប្រជុំជាមួយស្ថានទូតអូស្រ្តាលីកាលពីឆ្នាំមុន។ លោកបញ្ជាក់ថាលោកមើលឃើញថា «ការតាំងលំនៅថ្មីនៃជនភៀសខ្លួននៅកម្ពុជាមិនមែនសម្រាប់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទេ ហើយគឺជាការបន្ថែមគំនាបកម្ពុជាដែលមានកម្រិតភាពក្រីក្រនៅខ្ពស់នៅឡើយ»៕